ម៉ាថាយ 13:18-35
ម៉ាថាយ 13:18-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ដូច្នេះ ចូរអ្នករាល់គ្នាស្តាប់រឿងប្រៀបធៀបពីអ្នកព្រោះពូជនោះចុះ។ ពេលនរណាម្នាក់ឮព្រះបន្ទូលអំពីព្រះរាជ្យ ហើយមិនយល់ អាកំណាចចូលមកឆក់យកសេចក្តីដែលបានព្រោះនៅក្នុងចិត្តអ្នកនោះទៅ។ នេះហើយជាពូជដែលបានធ្លាក់លើផ្លូវ។ រីឯពូជដែលបានធ្លាក់ទៅលើដីថ្ម នេះគឺជាអ្នកដែលឮព្រះបន្ទូល ហើយក៏ទទួលយកភ្លាមដោយអំណរ តែអ្នកនោះមិនចាក់ឫសទេ គេធន់បានតែមួយរយៈប៉ុណ្ណោះ ហើយពេលមានទុក្ខលំបាក ឬការបៀតបៀនកើតឡើងដោយព្រោះព្រះបន្ទូល អ្នកនោះក៏រសាយចិត្តចេញភ្លាម។ រីឯពូជដែលបានធ្លាក់ទៅក្នុងគុម្ពបន្លា នេះគឺជាអ្នកដែលឮព្រះបន្ទូល តែសេចក្តីខ្វល់ខ្វាយអំពីជីវិតនេះ និងសេចក្តីបញ្ឆោតរបស់ទ្រព្យសម្បត្តិ ខ្ទប់ព្រះបន្ទូលជាប់ មិនឲ្យកើតផលបានឡើយ។ រីឯពូជដែលធ្លាក់ទៅលើដីល្អវិញ នេះគឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់ ក៏បង្កើតផលផ្លែ មួយបានជាមួយរយ មួយជាហុកសិប ហើយមួយទៀតជាសាមសិប»។ ព្រះអង្គមានព្រះបន្ទូលទៅគេ ជារឿងប្រៀបធៀបមួយទៀតថា៖ «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបបាននឹងបុរសម្នាក់ ដែលព្រោះពូជល្អនៅក្នុងស្រែរបស់ខ្លួន ប៉ុន្តែ កាលគ្រប់គ្នាដេកលក់ សត្រូវរបស់គាត់ចូលមកព្រោះស្រងែនៅក្នុងស្រូវសាលី រួចក៏ចេញបាត់ទៅ។ ដូច្នេះ ពេលស្រូវដុះឡើង ហើយដាក់គ្រាប់ នោះស្រងែក៏លេចមកដែរ។ ពួកអ្នកបម្រើចូលមកជម្រាបម្ចាស់ផ្ទះថា "លោកម្ចាស់! តើលោកមិនបានព្រោះពូជល្អក្នុងស្រែរបស់លោកទេឬ? ចុះស្រងែទាំងនេះមកពីណា?" លោកឆ្លើយថា "គឺសត្រូវហើយដែលធ្វើដូច្នេះ"។ ពួកអ្នកបម្រើសួរលោកថា "ដូច្នេះ តើលោកម្ចាស់ចង់ឲ្យយើងខ្ញុំទៅដកវាចេញឬទេ?" តែលោកឆ្លើយថា "កុំអី! ព្រោះពេលអ្នកដកស្រងែ ស្រូវអាចនឹងដោយមកជាមួយ ទុកឲ្យទាំងពីរដុះជាមួយគ្នា រហូតដល់ពេលច្រូតចុះ ហើយនៅពេលច្រូត ខ្ញុំនឹងប្រាប់ពួកអ្នកច្រូតថា ចូរប្រមូលស្រងែជាមុនសិន ហើយចងវាជាកណ្តាប់ ទុកសម្រាប់ដុត រីឯស្រូវសាលី ចូរប្រមូលដាក់ក្នុងជង្រុករបស់ខ្ញុំ"»។ ព្រះអង្គមានព្រះបន្ទូលទៅគេ ជារឿងប្រៀបធៀបមួយទៀតថា៖ «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាគ្រាប់ពូជម៉្យាងដ៏ល្អិតដែលមនុស្សម្នាក់បានយកទៅព្រោះក្នុងចម្ការរបស់ខ្លួន គ្រាប់ពូជនេះតូចជាងគ្រាប់ពូជទាំងអស់ ប៉ុន្តែ ពេលដុះឡើង វាធំជាងរុក្ខជាតិណាទាំងអស់ រួចក្លាយជាដើមឈើមួយដើម ហើយសត្វហើរលើអាកាសមកធ្វើសម្បុកនៅតាមមែករបស់វា»។ ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀបមួយទៀតទៅគេថា៖ «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាដំបែ ដែលស្ត្រីម្នាក់យកទៅលាយនឹងម្សៅបីរង្វាល់ រហូតដល់ម្សៅទាំងអស់ដោរឡើង»។ ព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនេះ ទៅកាន់មហាជនជារឿងប្រៀបធៀប ទ្រង់មិនបានមានព្រះបន្ទូលទៅគេ ក្រៅពីរឿងប្រៀបធៀបឡើយ។ ការនេះត្រូវតែបានសម្រេចតាមសេចក្តីដែលបានថ្លែងទុកមក តាមរយៈហោរាថា៖ «យើងនឹងបើកមាត់និយាយជារឿងប្រៀបធៀប យើងនឹងប្រកាសសេចក្ដីដែលលាក់ទុក តាំងពីដើមកំណើតពិភពលោកមក» ។
ម៉ាថាយ 13:18-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ សុំស្ដាប់អត្ថន័យនៃប្រស្នាអំពីអ្នកព្រោះស្រូវដូចតទៅ: អ្នកដែលបានឮព្រះបន្ទូលអំពីព្រះរាជ្យ* តែមិនយល់ ប្រៀបបាននឹងអ្នកដែលទទួលគ្រាប់ពូជនៅតាមផ្លូវ ដ្បិតមារកំណាចមកឆក់យកព្រះបន្ទូល ដែលបានធ្លាក់ក្នុងចិត្តគេនោះទៅ។ រីឯអ្នកដែលទទួលគ្រាប់ពូជលើដីមានថ្ម គឺអស់អ្នកដែលបានឮព្រះបន្ទូលហើយក៏ទទួលយកភ្លាមដោយអំណរ ប៉ុន្តែ គេពុំបានទុកឲ្យព្រះបន្ទូលចាក់ឫសនៅក្នុងខ្លួនគេឡើយ គេជាប់ចិត្តតែមួយភ្លែតប៉ុណ្ណោះ លុះដល់មានទុក្ខលំបាក ឬត្រូវគេបៀតបៀន ព្រោះតែព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។ អ្នកដែលទទួលគ្រាប់ពូជក្នុងដីមានបន្លា គឺអ្នកដែលបានឮព្រះបន្ទូល ប៉ុន្តែ ការខ្វល់ខ្វាយអំពីជីវិតក្នុងលោកីយ៍ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ រួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលឡើយ។ រីឯអ្នកដែលទទួលគ្រាប់ពូជក្នុងដីមានជីជាតិល្អ គឺអស់អ្នកដែលបានឮព្រះបន្ទូល ហើយយល់ គេបង្កបង្កើតផល ខ្លះបានមួយជាមួយរយ ខ្លះបានមួយជាហុកសិប និងខ្លះទៀតបានមួយជាសាមសិប»។ ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតទៅគេថា៖ «ព្រះរាជ្យ*នៃស្ថានបរមសុខ*ប្រៀបបាននឹងបុរសម្នាក់ ដែលបានព្រោះគ្រាប់ពូជល្អទៅក្នុងស្រែរបស់គាត់។ ពេលមនុស្សម្នាដេកលក់អស់ មារសត្រូវរបស់គាត់បានមកព្រោះស្រងែនៅក្នុងស្រែនោះដែរ រួចចេញបាត់ទៅ។ ពេលស្រូវដុះឡើងដាក់គ្រាប់ ស្រងែក៏ដុះឡើងដែរ។ ពួកអ្នកបម្រើចូលមកជម្រាបម្ចាស់ស្រែថា: “លោកម្ចាស់! លោកបានព្រោះតែគ្រាប់ពូជល្អក្នុងស្រែសោះ ចុះស្រងែនេះមកពីណា?”។ ម្ចាស់តបវិញថា: “ពិតជាមានមារសត្រូវមកព្រោះហើយ!”។ ពួកអ្នកបម្រើសួរលោកទៀតថា: “តើលោកចង់ឲ្យយើងខ្ញុំទៅដកស្រងែនោះចេញឬ?”។ ម្ចាស់តបថា: “កុំអី! បើអ្នករាល់គ្នាដក ក្រែងលោដោយស្រូវមកជាមួយដែរ ទុកឲ្យវាដុះជាមួយគ្នារហូតដល់ស្រូវទុំចុះ ពេលនោះ ខ្ញុំនឹងប្រាប់ពួកអ្នកច្រូតថា ចូរប្រមូលស្រងែចងជាបាច់ យកទៅដុតចោលជាមុនសិន រួចសឹមប្រមូលស្រូវដាក់ជង្រុកឲ្យខ្ញុំ”»។ ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតទៅគេថា៖ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដាំក្នុងចម្ការរបស់ខ្លួន។ គ្រាប់ពូជនោះតូចជាងគ្រាប់ពូជទាំងអស់ ប៉ុន្តែ ពេលដុះឡើង វាធំជាងដំណាំឯទៀតៗ គឺទៅជាដើមឈើមួយយ៉ាងធំ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យនៅតាមមែករបស់វា»។ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតថា៖ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាមេនំប៉័ង ដែលស្ត្រីម្នាក់យកទៅលាយនឹងម្សៅពីរតៅ ធ្វើឲ្យម្សៅនោះដោរឡើង»។ ព្រះយេស៊ូមានព្រះបន្ទូលអំពីសេចក្ដីទាំងនេះទៅកាន់មហាជន ជាពាក្យប្រស្នាទាំងអស់ គឺព្រះអង្គមិនដែលមានព្រះបន្ទូលទៅគេ ដោយឥតប្រើពាក្យប្រស្នាឡើយ ដើម្បីឲ្យស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈពួកព្យាការី*ថា៖ «យើងនឹងនិយាយទៅគេជាពាក្យប្រស្នា យើងនឹងប្រកាសសេចក្ដីលាក់កំបាំង តាំងពីដើមកំណើតពិភពលោកមក ឲ្យគេដឹង» ។
ម៉ាថាយ 13:18-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ចូរអ្នករាល់គ្នាស្តាប់ពាក្យប្រៀបប្រដូច ពីអ្នកព្រោះពូជនោះ គឺកាលណាបើអ្នកណាស្តាប់ព្រះបន្ទូលពីនគរ តែមិនយល់ នោះអាកំណាចក៏មកឆក់យកសេចក្ដី ដែលបានព្រោះក្នុងចិត្តអ្នកនោះទៅបាត់ នេះគឺជាអ្នកដែលបានទទួលពូជតាមផ្លូវ ហើយអ្នកដែលបានទទួលពូជក្នុងកន្លែងថ្ម នោះគឺជាអ្នកដែលឮព្រះបន្ទូលរួចទទួលភ្លាមដោយអំណរ តែគ្មានចាក់ឫសនៅក្នុងខ្លួន ហើយមិននៅជាប់ជាយូរប៉ុន្មានទេ លុះកាលណាកើតមានសេចក្ដីទុក្ខលំបាក ឬសេចក្ដីបៀតបៀនដោយព្រោះព្រះបន្ទូល នោះគេរសាយចិត្តចេញភ្លាម ហើយអ្នកដែលបានទទួលពូជនៅក្នុងបន្លា នោះគឺជាអ្នកដែលឮព្រះបន្ទូល រួចសេចក្ដីខ្វល់ខ្វាយនៅជីវិតនេះ នឹងសេចក្ដីឆបោករបស់ទ្រព្យសម្បត្តិមកខ្ទប់ព្រះបន្ទូលជាប់ មិនឲ្យពូជនោះកើតផលឡើយ តែអ្នកដែលទទួលពូជក្នុងដីល្អវិញ នោះគឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់ ក៏បង្កើតផលផ្លែ មួយជា១រយ មួយជា៦០ ហើយមួយទៀតជា៣០។ ទ្រង់មានបន្ទូល ដោយពាក្យប្រៀបប្រដូច១ទៀតថា នគរស្ថានសួគ៌ប្រៀបដូចជាថៅកែម្នាក់ ដែលព្រោះពូជល្អនៅស្រែខ្លួន ប៉ុន្តែ កាលមនុស្សទាំងអស់កំពុងតែដេកលក់ នោះសត្រូវរបស់ថៅកែនោះ ក៏មកព្រោះស្រងែនៅក្នុងស្រូវសាលីដែរ រួចចេញបាត់ទៅ លុះពន្លកឡើង ហើយស្រូវចេញ នោះស្រងែក៏លេចមកឲ្យស្គាល់ដែរ ពួកបាវរបស់ថៅកែនោះ គេមកជំរាបថា លោកម្ចាស់ តើលោកមិនបានព្រោះពូជល្អ នៅស្រែរបស់លោកទេឬអី ដូច្នេះ តើស្រងែនេះកើតពីណាមក គាត់ក៏ឆ្លើយថា នោះគឺជាខ្មាំងសត្រូវហើយ ដែលបានធ្វើការនោះ រួចពួកបាវសួរថា ដូច្នេះ តើលោកចង់ឲ្យយើងខ្ញុំទៅដកចេញឬទេ គាត់ឆ្លើយថា កុំ ក្រែងកាលណាដកស្រងែចេញ នោះស្រូវសាលីក៏រលើងទៅដែរ ទុកឲ្យវាដុះជាមួយគ្នា ដរាបដល់ពេលច្រូតចុះ ចាំដល់រដូវចំរូត នោះអញនឹងប្រាប់ពួកចំរូតថា ចូរច្រូតស្រងែសិន ហើយចងជាកណ្តាប់ ទុកសំរាប់ដុត ឯស្រូវសាលី ឲ្យប្រមូលដាក់ក្នុងជង្រុកអញវិញ។ ទ្រង់មានបន្ទូល ជាពាក្យប្រៀបប្រដូច១ទៀតថា នគរស្ថានសួគ៌ប្រៀបដូចគ្រាប់ពូជម្យ៉ាង ដែលមនុស្សម្នាក់បានយកទៅព្រោះក្នុងចំការខ្លួន គ្រាប់នេះល្អិតជាងគ្រាប់ពូជទាំងអស់ពិតមែន តែកាលណាបានដុះឡើង នោះក៏ធំជាងតិណជាតិទាំងអស់ ហើយក៏ត្រឡប់ជាដើមធំ ដល់ម៉្លេះបានជាសត្វហើរលើអាកាស មកទំនៅលើមែកផង។ ទ្រង់មានបន្ទូល ពាក្យប្រៀបប្រដូចនេះ ឲ្យគេទៀតថា នគរស្ថានសួគ៌ប្រៀបដូចជាដំបែ ដែលស្ត្រីម្នាក់ បានយកមកលាយនឹងម្សៅ៣រង្វាល់ ទាល់តែម្សៅនោះបានដោរឡើងគ្រប់ទាំងអស់។ ព្រះយេស៊ូវទ្រង់មានបន្ទូលសេចក្ដីទាំងនេះ ដោយពាក្យប្រៀបធៀបដល់ហ្វូងមនុស្ស ទ្រង់មិនបានមានបន្ទូលនឹងគេ ឥតពាក្យប្រៀបធៀបទេ ដើម្បីឲ្យបានសំរេចតាមទំនាយដែលហោរាបានទាយទុកមកថា «អញនឹងបើកមាត់និយាយ ជាពាក្យប្រៀបប្រដូច អញនឹងសំដែងពីការដែលលាក់កំបាំង តាំងពីកំណើតលោកីយមក»។