ម៉ាថាយ 13:10-13
ម៉ាថាយ 13:10-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ពួកសិស្សចូលមកទូលសួរព្រះអង្គថា៖ «ហេតុអ្វីបានជាព្រះអង្គមានព្រះបន្ទូលទៅគេ ជារឿងប្រៀបធៀបដូច្នេះ?» ទ្រង់មានព្រះបន្ទូលឆ្លើយថា៖ «មកពីព្រះបានប្រទានសេចក្ដីនេះឲ្យអ្នករាល់គ្នាស្គាល់អាថ៌កំបាំងរបស់ព្រះរាជ្យនៃស្ថានសួគ៌ តែទ្រង់មិនបានប្រទានឲ្យអ្នកទាំងនោះស្គាល់ទេ។ ដ្បិតអ្នកណាដែលមាន នឹងត្រូវបន្ថែមឲ្យ ហើយគេនឹងមានជាបរិបូរ តែអ្នកណាដែលគ្មាន សូម្បីតែអ្វីដែលគេមាន ក៏នឹងត្រូវដកយកដែរ។ ហេតុនេះហើយបានជាខ្ញុំនិយាយទៅគេជារឿងប្រៀបធៀប ដ្បិតដែលគេមើល តែមិនឃើញ គេស្ដាប់ តែមិនឮ ហើយក៏មិនយល់ដែរ។
ម៉ាថាយ 13:10-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ពួកសិស្សនាំគ្នាចូលមកជិតព្រះអង្គ ទូលសួរថា៖ «ហេតុដូចម្ដេចបានជាព្រះគ្រូមានព្រះបន្ទូលទៅកាន់បណ្ដាជន ដោយប្រើពាក្យប្រស្នាដូច្នេះ?»។ ព្រះអង្គតបទៅគេវិញថា៖ «មកពីព្រះជាម្ចាស់បានប្រោសប្រទានឲ្យអ្នករាល់គ្នា យល់គម្រោងការដ៏លាក់កំបាំងរបស់ព្រះរាជ្យ*នៃស្ថានបរមសុខ* រីឯអ្នកដទៃវិញ ព្រះអង្គមិនប្រទានឲ្យយល់ឡើយ។ អ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានថែមទៀត ដើម្បីឲ្យអ្នកនោះបានបរិបូណ៌ រីឯអ្នកដែលគ្មាន ព្រះអង្គនឹងហូតយកអ្វីៗដែលអ្នកនោះមានផង។ ហេតុនេះហើយបានជាខ្ញុំនិយាយទៅគេ ដោយប្រើពាក្យប្រស្នា គឺទោះបីគេមើលក៏ពុំឃើញ ទោះបីគេស្ដាប់ក៏ពុំឮ ហើយក៏ពុំយល់ដែរ
ម៉ាថាយ 13:10-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចពួកសិស្សមកឯទ្រង់ទូលសួរថា ហេតុអ្វីបានជាទ្រង់មានបន្ទូលនឹងគេ ជាពាក្យប្រៀបប្រដូចដូច្នេះ ទ្រង់មានបន្ទូលឆ្លើយថា ពីព្រោះបានប្រទានមកអ្នករាល់គ្នា ឲ្យបានស្គាល់ការអាថ៌កំបាំងរបស់នគរស្ថានសួគ៌ តែមិនបានប្រទានឲ្យអ្នកទាំងនោះស្គាល់ទេ ដ្បិតអ្នកណាដែលមាន គេនឹងឲ្យទៅអ្នកនោះ ហើយអ្នកនោះនឹងមានជាបរិបូរឡើង តែអ្នកណាដែលគ្មាន នោះគេនឹងយកទាំងអ្វីៗដែលអ្នកនោះមានចេញផង ហេតុនោះបានជាខ្ញុំនិយាយនឹងគេ ជាពាក្យប្រៀបប្រដូច ដ្បិតដែលគេមើល នោះមិនឃើញវិញ ហើយដែលគេស្តាប់ នោះក៏មិនឮ ហើយមិនយល់ផង