ម៉ាថាយ 13:1-58
ម៉ាថាយ 13:1-58 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃដដែលនោះ ព្រះយេស៊ូវបានយាងចេញពីផ្ទះ ទៅគង់នៅមាត់សមុទ្រ។ ពេលនោះ មានមហាជនច្រើនកុះករនាំគ្នាមកចោមរោមព្រះអង្គ ហើយព្រះអង្គក៏យាងចុះទៅគង់ក្នុងទូក រីឯបណ្ដាជនឈរនៅមាត់ច្រាំង។ ព្រះអង្គមានព្រះបន្ទូលទៅគេជារឿងប្រៀបធៀបអំពីសេចក្ដីជាច្រើនថា៖ «មើល៍ មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ ពេលគាត់ព្រោះ មានពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វស្លាបក៏ហើរមកចឹកស៊ីអស់ទៅ។ មានពូជខ្លះទៀតធ្លាក់ទៅលើដីថ្ម មិនសូវមានដី ពូជនោះដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។ ប៉ុន្តែ ពេលថ្ងៃរះឡើង វាក៏ក្រៀមស្វិតអស់ទៅ ព្រោះគ្មានឫស។ ពូជខ្លះទៀតធ្លាក់ទៅក្នុងគុម្ពបន្លា ហើយបន្លាក៏ដុះឡើង ខ្ទប់ពូជនោះជិត។ តែពូជខ្លះទៀតធ្លាក់ទៅលើដីល្អ ហើយឲ្យផល ខ្លះបានមួយជាមួយរយ ខ្លះបានមួយជាហុកសិប ហើយខ្លះទៀតបានមួយជាសាមសិប។ អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!»។ ពេលនោះ ពួកសិស្សចូលមកទូលសួរព្រះអង្គថា៖ «ហេតុអ្វីបានជាព្រះអង្គមានព្រះបន្ទូលទៅគេ ជារឿងប្រៀបធៀបដូច្នេះ?» ទ្រង់មានព្រះបន្ទូលឆ្លើយថា៖ «មកពីព្រះបានប្រទានសេចក្ដីនេះឲ្យអ្នករាល់គ្នាស្គាល់អាថ៌កំបាំងរបស់ព្រះរាជ្យនៃស្ថានសួគ៌ តែទ្រង់មិនបានប្រទានឲ្យអ្នកទាំងនោះស្គាល់ទេ។ ដ្បិតអ្នកណាដែលមាន នឹងត្រូវបន្ថែមឲ្យ ហើយគេនឹងមានជាបរិបូរ តែអ្នកណាដែលគ្មាន សូម្បីតែអ្វីដែលគេមាន ក៏នឹងត្រូវដកយកដែរ។ ហេតុនេះហើយបានជាខ្ញុំនិយាយទៅគេជារឿងប្រៀបធៀប ដ្បិតដែលគេមើល តែមិនឃើញ គេស្ដាប់ តែមិនឮ ហើយក៏មិនយល់ដែរ។ សេចក្ដីទំនាយរបស់ហោរាអេសាយ ពិតជាបានសម្រេចនៅក្នុងអ្នកទាំងនោះមែន ដែលថា "អ្នករាល់គ្នានឹងស្ដាប់មែន តែមិនយល់ ហើយក៏មើល តែមិនឃើញសោះ។ ដ្បិតចិត្តរបស់ប្រជាជននេះបានត្រឡប់ជាស្ពឹក ត្រចៀករបស់គេធ្ងន់ពិបាកនឹងស្ដាប់ ភ្នែកគេបិទក្រែងគេមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀក ហើយយល់នៅក្នុងចិត្ត រួចគេវិលបែរ ហើយយើងប្រោសគេឲ្យបានជា" ។ តែអ្នករាល់គ្នាវិញមានពរហើយ ដ្បិតភ្នែកអ្នករាល់គ្នាមើលឃើញ ត្រចៀកអ្នករាល់គ្នាស្តាប់ឮ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានហោរា និងមនុស្សសុចរិតជាច្រើនចង់ឃើញការដែលអ្នករាល់គ្នាឃើញនេះ តែមិនបានឃើញទេ ក៏ចង់ឮសេចក្តីដែលអ្នករាល់គ្នាឮនេះដែរ តែមិនបានឮឡើយ»។ «ដូច្នេះ ចូរអ្នករាល់គ្នាស្តាប់រឿងប្រៀបធៀបពីអ្នកព្រោះពូជនោះចុះ។ ពេលនរណាម្នាក់ឮព្រះបន្ទូលអំពីព្រះរាជ្យ ហើយមិនយល់ អាកំណាចចូលមកឆក់យកសេចក្តីដែលបានព្រោះនៅក្នុងចិត្តអ្នកនោះទៅ។ នេះហើយជាពូជដែលបានធ្លាក់លើផ្លូវ។ រីឯពូជដែលបានធ្លាក់ទៅលើដីថ្ម នេះគឺជាអ្នកដែលឮព្រះបន្ទូល ហើយក៏ទទួលយកភ្លាមដោយអំណរ តែអ្នកនោះមិនចាក់ឫសទេ គេធន់បានតែមួយរយៈប៉ុណ្ណោះ ហើយពេលមានទុក្ខលំបាក ឬការបៀតបៀនកើតឡើងដោយព្រោះព្រះបន្ទូល អ្នកនោះក៏រសាយចិត្តចេញភ្លាម។ រីឯពូជដែលបានធ្លាក់ទៅក្នុងគុម្ពបន្លា នេះគឺជាអ្នកដែលឮព្រះបន្ទូល តែសេចក្តីខ្វល់ខ្វាយអំពីជីវិតនេះ និងសេចក្តីបញ្ឆោតរបស់ទ្រព្យសម្បត្តិ ខ្ទប់ព្រះបន្ទូលជាប់ មិនឲ្យកើតផលបានឡើយ។ រីឯពូជដែលធ្លាក់ទៅលើដីល្អវិញ នេះគឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់ ក៏បង្កើតផលផ្លែ មួយបានជាមួយរយ មួយជាហុកសិប ហើយមួយទៀតជាសាមសិប»។ ព្រះអង្គមានព្រះបន្ទូលទៅគេ ជារឿងប្រៀបធៀបមួយទៀតថា៖ «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបបាននឹងបុរសម្នាក់ ដែលព្រោះពូជល្អនៅក្នុងស្រែរបស់ខ្លួន ប៉ុន្តែ កាលគ្រប់គ្នាដេកលក់ សត្រូវរបស់គាត់ចូលមកព្រោះស្រងែនៅក្នុងស្រូវសាលី រួចក៏ចេញបាត់ទៅ។ ដូច្នេះ ពេលស្រូវដុះឡើង ហើយដាក់គ្រាប់ នោះស្រងែក៏លេចមកដែរ។ ពួកអ្នកបម្រើចូលមកជម្រាបម្ចាស់ផ្ទះថា "លោកម្ចាស់! តើលោកមិនបានព្រោះពូជល្អក្នុងស្រែរបស់លោកទេឬ? ចុះស្រងែទាំងនេះមកពីណា?" លោកឆ្លើយថា "គឺសត្រូវហើយដែលធ្វើដូច្នេះ"។ ពួកអ្នកបម្រើសួរលោកថា "ដូច្នេះ តើលោកម្ចាស់ចង់ឲ្យយើងខ្ញុំទៅដកវាចេញឬទេ?" តែលោកឆ្លើយថា "កុំអី! ព្រោះពេលអ្នកដកស្រងែ ស្រូវអាចនឹងដោយមកជាមួយ ទុកឲ្យទាំងពីរដុះជាមួយគ្នា រហូតដល់ពេលច្រូតចុះ ហើយនៅពេលច្រូត ខ្ញុំនឹងប្រាប់ពួកអ្នកច្រូតថា ចូរប្រមូលស្រងែជាមុនសិន ហើយចងវាជាកណ្តាប់ ទុកសម្រាប់ដុត រីឯស្រូវសាលី ចូរប្រមូលដាក់ក្នុងជង្រុករបស់ខ្ញុំ"»។ ព្រះអង្គមានព្រះបន្ទូលទៅគេ ជារឿងប្រៀបធៀបមួយទៀតថា៖ «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាគ្រាប់ពូជម៉្យាងដ៏ល្អិតដែលមនុស្សម្នាក់បានយកទៅព្រោះក្នុងចម្ការរបស់ខ្លួន គ្រាប់ពូជនេះតូចជាងគ្រាប់ពូជទាំងអស់ ប៉ុន្តែ ពេលដុះឡើង វាធំជាងរុក្ខជាតិណាទាំងអស់ រួចក្លាយជាដើមឈើមួយដើម ហើយសត្វហើរលើអាកាសមកធ្វើសម្បុកនៅតាមមែករបស់វា»។ ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀបមួយទៀតទៅគេថា៖ «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាដំបែ ដែលស្ត្រីម្នាក់យកទៅលាយនឹងម្សៅបីរង្វាល់ រហូតដល់ម្សៅទាំងអស់ដោរឡើង»។ ព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនេះ ទៅកាន់មហាជនជារឿងប្រៀបធៀប ទ្រង់មិនបានមានព្រះបន្ទូលទៅគេ ក្រៅពីរឿងប្រៀបធៀបឡើយ។ ការនេះត្រូវតែបានសម្រេចតាមសេចក្តីដែលបានថ្លែងទុកមក តាមរយៈហោរាថា៖ «យើងនឹងបើកមាត់និយាយជារឿងប្រៀបធៀប យើងនឹងប្រកាសសេចក្ដីដែលលាក់ទុក តាំងពីដើមកំណើតពិភពលោកមក» ។ បន្ទាប់មក ព្រះអង្គក៏យាងចេញពីមហាជន ហើយចូលទៅក្នុងផ្ទះ។ ពួកសិស្សរបស់ព្រះអង្គបានចូលមកជិតព្រះអង្គទូលថា៖ «សូមពន្យល់រឿងប្រៀបធៀបអំពីស្រងែក្នុងស្រែប្រាប់យើងខ្ញុំផង»។ ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «អ្នកដែលព្រោះពូជល្អ គឺជាកូនមនុស្ស ស្រែ គឺពិភពលោក ហើយពូជល្អ គឺជាពួកកូនរបស់ព្រះរាជ្យ ឯស្រងែ គឺជាពួកកូនរបស់អាកំណាច សត្រូវដែលព្រោះស្រងែនោះ គឺជាអារក្ស ចម្រូត គឺជាគ្រាចុងបំផុត ហើយពួកអ្នកច្រូត គឺជាពួកទេវតា។ ដូច្នេះ គេច្រូតស្រងែ ហើយយកទៅដុតចោលក្នុងភ្លើងយ៉ាងណា នោះគ្រាចុងបំផុតក៏នឹងកើតមានយ៉ាងនោះដែរ។ កូនមនុស្សនឹងចាត់ពួកទេវតារបស់លោកមក ហើយទេវតាទាំងនោះនឹងប្រមូលអស់អ្នក ដែលនាំឲ្យប្រព្រឹត្តអំពើបាប និងអស់អ្នកដែលប្រព្រឹត្តអំពីទុច្ចរិត ចេញពីនគររបស់លោក ហើយពួកទេវតានឹងបោះអ្នកទាំងនោះទៅក្នុងគុកភ្លើង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ។ ពេលនោះ មនុស្សសុចរិតនឹងភ្លឺដូចជាថ្ងៃ នៅក្នុងព្រះរាជ្យនៃព្រះវរបិតារបស់គេ។ អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!» «មួយទៀត ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាកំណប់ កប់ទុកក្នុងចម្ការដែលមនុស្សម្នាក់បានរកឃើញ ហើយកប់ទុកវិញ។ បន្ទាប់មក គាត់ទៅលក់ទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលគាត់មានដោយអំណរ ហើយទិញយកចម្ការនោះ។ មួយទៀត ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាឈ្មួញម្នាក់ កំពុងស្វែងរកកែវមុក្តា ល្អៗ កាលបានឃើញកែវមុក្ដាមួយគ្រាប់ដ៏មានតម្លៃលើសលុប គាត់ក៏ទៅលក់ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មាន ហើយទិញយកកែវមុក្តានោះ»។ «មួយទៀត ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាសំណាញ់ ដែលគេបង់ទៅក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់ប្រភេទ ពេលជាប់ត្រីពេញហើយ គេក៏ទាញសំណាញ់ឡើងមកលើគោក ហើយអង្គុយរើសយកត្រីល្អៗដាក់ក្នុងកញ្ឆេ តែត្រីអាក្រក់ គេបោះចោល។ នៅគ្រាចុងបំផុតក៏នឹងកើតមានដូច្នោះដែរ។ ពួកទេវតានឹងចេញមក ហើយញែកមនុស្សអាក្រក់ចេញពីមនុស្សសុចរិត រួចបោះមនុស្សអាក្រក់ទាំងនោះចូលទៅក្នុងគុកភ្លើង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ»។ «តើអ្នករាល់គ្នាយល់សេចក្តីទាំងនេះ ហើយឬនៅ?» គេទូលឆ្លើយថា៖ «យល់ហើយ ព្រះអម្ចាស់!» ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «ដូច្នេះ អស់ទាំងអាចារ្យណាដែលទទួលការបង្ហាត់បង្រៀនសម្រាប់ព្រះរាជ្យនៃស្ថានសួគ៌ ប្រៀបដូចជាម្ចាស់ផ្ទះដែលបញ្ចេញទ្រព្យរបស់ខ្លួន ទាំងថ្មីទាំងចាស់ ចេញពីឃ្លាំង»។ កាលព្រះយេស៊ូវមានព្រះបន្ទូល ជារឿងប្រៀបធៀបទាំងនេះចប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះ។ លុះយាងមកដល់ស្រុករបស់ព្រះអង្គវិញហើយ ព្រះអង្គបង្រៀនប្រជាជននៅក្នុងសាលាប្រជុំរបស់គេ ធ្វើឲ្យគេនឹកប្លែកក្នុងចិត្ត ហើយនិយាយថា៖ «តើអ្នកនេះបានប្រាជ្ញា និងការអស្ចារ្យទាំងនេះពីណាមក? តើនេះមិនមែនជាកូនរបស់ជាងឈើទេឬ? តើម្តាយរបស់គាត់មិនមែនឈ្មោះម៉ារា ហើយបងប្អូនឈ្មោះយ៉ាកុប យ៉ូសេ ស៊ីម៉ូន និងយូដាសទេឬ? ហើយប្អូនស្រីរបស់គាត់ទាំងប៉ុន្មាន តើមិននៅជាមួយយើងទេឬ? ដូច្នេះ តើអ្នកនេះបានសេចក្តីទាំងនេះពីណាមក?» គេក៏រវាតចិត្តនឹងព្រះអង្គ តែព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ហោរាមិនខ្វះការគោរពរាប់អានទេ លើកលែងតែនៅក្នុងស្រុកកំណើត ឬនៅក្នុងផ្ទះរបស់ខ្លួនប៉ុណ្ណោះ»។ ព្រះអង្គមិនបានធ្វើការអស្ចារ្យច្រើនទេនៅទីនោះ ព្រោះគេមិនជឿ។
ម៉ាថាយ 13:1-58 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ ព្រះយេស៊ូចាកចេញពីផ្ទះ យាងទៅគង់នៅមាត់សមុទ្រ។ មានមហាជនច្រើនកុះករមកចោមរោមព្រះអង្គ ព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយ រីឯបណ្ដាជនឈរនៅមាត់ច្រាំង។ ព្រះអង្គមានព្រះបន្ទូលទៅគេយ៉ាងច្រើន ដោយប្រើប្រស្នាដូចតទៅ៖ «មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់ទៅ។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្ម ពុំសូវមានដី។ គ្រាប់ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។ លុះដល់ថ្ងៃក្ដៅឡើង ពន្លកទាំងនោះក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនជ្រៅ។ គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា។ បន្លាក៏ដុះឡើង រួបរឹតស្រូវមិនឲ្យដុះឡើយ។ គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានជីជាតិល្អ មួយគ្រាប់ឲ្យផលជាមួយរយគ្រាប់ មួយទៀតឲ្យហុកសិប និងមួយទៀតឲ្យសាមសិប។ អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ ពេលនោះ ពួកសិស្សនាំគ្នាចូលមកជិតព្រះអង្គ ទូលសួរថា៖ «ហេតុដូចម្ដេចបានជាព្រះគ្រូមានព្រះបន្ទូលទៅកាន់បណ្ដាជន ដោយប្រើពាក្យប្រស្នាដូច្នេះ?»។ ព្រះអង្គតបទៅគេវិញថា៖ «មកពីព្រះជាម្ចាស់បានប្រោសប្រទានឲ្យអ្នករាល់គ្នា យល់គម្រោងការដ៏លាក់កំបាំងរបស់ព្រះរាជ្យ*នៃស្ថានបរមសុខ* រីឯអ្នកដទៃវិញ ព្រះអង្គមិនប្រទានឲ្យយល់ឡើយ។ អ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានថែមទៀត ដើម្បីឲ្យអ្នកនោះបានបរិបូណ៌ រីឯអ្នកដែលគ្មាន ព្រះអង្គនឹងហូតយកអ្វីៗដែលអ្នកនោះមានផង។ ហេតុនេះហើយបានជាខ្ញុំនិយាយទៅគេ ដោយប្រើពាក្យប្រស្នា គឺទោះបីគេមើលក៏ពុំឃើញ ទោះបីគេស្ដាប់ក៏ពុំឮ ហើយក៏ពុំយល់ដែរ ដើម្បីឲ្យស្របនឹងសេចក្ដីដែលព្យាការី*អេសាយថ្លែងទុកអំពីពួកគេថា៖ “អ្នករាល់គ្នាស្ដាប់មែន តែពុំឮទេ ហើយក៏ពុំយល់ផង។ អ្នករាល់គ្នាមើលមែន តែមិនឃើញសោះ ដ្បិតចិត្តប្រជារាស្ដ្រនេះរឹងណាស់ ហើយត្រចៀកគេក៏ធ្ងន់។ គេនាំគ្នាបិទភ្នែកមិនឲ្យមើលឃើញ មិនឲ្យត្រចៀកស្ដាប់ឮ មិនឲ្យប្រាជ្ញាយល់ ហើយមិនចង់វិលមកវិញទេ ក្រែងលោយើងប្រោសគេឲ្យជា” ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះភ្នែកអ្នករាល់គ្នាមើលឃើញ ត្រចៀកអ្នករាល់គ្នាស្ដាប់ឮ! ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មានព្យាការី និងមនុស្សសុចរិត*ជាច្រើន មានបំណងចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញទេ គេចង់ឮសេចក្ដីដែលអ្នករាល់គ្នាឮនេះដែរ តែមិនបានឮឡើយ!។ ដូច្នេះ សុំស្ដាប់អត្ថន័យនៃប្រស្នាអំពីអ្នកព្រោះស្រូវដូចតទៅ: អ្នកដែលបានឮព្រះបន្ទូលអំពីព្រះរាជ្យ* តែមិនយល់ ប្រៀបបាននឹងអ្នកដែលទទួលគ្រាប់ពូជនៅតាមផ្លូវ ដ្បិតមារកំណាចមកឆក់យកព្រះបន្ទូល ដែលបានធ្លាក់ក្នុងចិត្តគេនោះទៅ។ រីឯអ្នកដែលទទួលគ្រាប់ពូជលើដីមានថ្ម គឺអស់អ្នកដែលបានឮព្រះបន្ទូលហើយក៏ទទួលយកភ្លាមដោយអំណរ ប៉ុន្តែ គេពុំបានទុកឲ្យព្រះបន្ទូលចាក់ឫសនៅក្នុងខ្លួនគេឡើយ គេជាប់ចិត្តតែមួយភ្លែតប៉ុណ្ណោះ លុះដល់មានទុក្ខលំបាក ឬត្រូវគេបៀតបៀន ព្រោះតែព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។ អ្នកដែលទទួលគ្រាប់ពូជក្នុងដីមានបន្លា គឺអ្នកដែលបានឮព្រះបន្ទូល ប៉ុន្តែ ការខ្វល់ខ្វាយអំពីជីវិតក្នុងលោកីយ៍ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ រួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលឡើយ។ រីឯអ្នកដែលទទួលគ្រាប់ពូជក្នុងដីមានជីជាតិល្អ គឺអស់អ្នកដែលបានឮព្រះបន្ទូល ហើយយល់ គេបង្កបង្កើតផល ខ្លះបានមួយជាមួយរយ ខ្លះបានមួយជាហុកសិប និងខ្លះទៀតបានមួយជាសាមសិប»។ ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតទៅគេថា៖ «ព្រះរាជ្យ*នៃស្ថានបរមសុខ*ប្រៀបបាននឹងបុរសម្នាក់ ដែលបានព្រោះគ្រាប់ពូជល្អទៅក្នុងស្រែរបស់គាត់។ ពេលមនុស្សម្នាដេកលក់អស់ មារសត្រូវរបស់គាត់បានមកព្រោះស្រងែនៅក្នុងស្រែនោះដែរ រួចចេញបាត់ទៅ។ ពេលស្រូវដុះឡើងដាក់គ្រាប់ ស្រងែក៏ដុះឡើងដែរ។ ពួកអ្នកបម្រើចូលមកជម្រាបម្ចាស់ស្រែថា: “លោកម្ចាស់! លោកបានព្រោះតែគ្រាប់ពូជល្អក្នុងស្រែសោះ ចុះស្រងែនេះមកពីណា?”។ ម្ចាស់តបវិញថា: “ពិតជាមានមារសត្រូវមកព្រោះហើយ!”។ ពួកអ្នកបម្រើសួរលោកទៀតថា: “តើលោកចង់ឲ្យយើងខ្ញុំទៅដកស្រងែនោះចេញឬ?”។ ម្ចាស់តបថា: “កុំអី! បើអ្នករាល់គ្នាដក ក្រែងលោដោយស្រូវមកជាមួយដែរ ទុកឲ្យវាដុះជាមួយគ្នារហូតដល់ស្រូវទុំចុះ ពេលនោះ ខ្ញុំនឹងប្រាប់ពួកអ្នកច្រូតថា ចូរប្រមូលស្រងែចងជាបាច់ យកទៅដុតចោលជាមុនសិន រួចសឹមប្រមូលស្រូវដាក់ជង្រុកឲ្យខ្ញុំ”»។ ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតទៅគេថា៖ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដាំក្នុងចម្ការរបស់ខ្លួន។ គ្រាប់ពូជនោះតូចជាងគ្រាប់ពូជទាំងអស់ ប៉ុន្តែ ពេលដុះឡើង វាធំជាងដំណាំឯទៀតៗ គឺទៅជាដើមឈើមួយយ៉ាងធំ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យនៅតាមមែករបស់វា»។ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតថា៖ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាមេនំប៉័ង ដែលស្ត្រីម្នាក់យកទៅលាយនឹងម្សៅពីរតៅ ធ្វើឲ្យម្សៅនោះដោរឡើង»។ ព្រះយេស៊ូមានព្រះបន្ទូលអំពីសេចក្ដីទាំងនេះទៅកាន់មហាជន ជាពាក្យប្រស្នាទាំងអស់ គឺព្រះអង្គមិនដែលមានព្រះបន្ទូលទៅគេ ដោយឥតប្រើពាក្យប្រស្នាឡើយ ដើម្បីឲ្យស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈពួកព្យាការី*ថា៖ «យើងនឹងនិយាយទៅគេជាពាក្យប្រស្នា យើងនឹងប្រកាសសេចក្ដីលាក់កំបាំង តាំងពីដើមកំណើតពិភពលោកមក ឲ្យគេដឹង» ។ ពេលនោះ ព្រះយេស៊ូយាងចេញពីមហាជនចូលទៅក្នុងផ្ទះ។ ពួកសិស្ស*នាំគ្នាចូលមកគាល់ព្រះអង្គ ទូលថា៖ «សូមព្រះគ្រូបកស្រាយប្រស្នាអំពីស្រងែក្នុងស្រែ ឲ្យយើងខ្ញុំបានយល់អត្ថន័យផង»។ ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «អ្នកព្រោះគ្រាប់ពូជល្អគឺបុត្រមនុស្ស* ស្រែគឺពិភពលោក គ្រាប់ពូជល្អគឺអ្នកដែលត្រូវចូលទៅក្នុងព្រះរាជ្យ រីឯស្រងែវិញគឺកូនចៅរបស់មារ*កំណាច។ សត្រូវដែលសាបព្រោះស្រងែគឺមារ រដូវចម្រូតគឺអវសានកាលនៃពិភពលោក ហើយអ្នកច្រូតគឺទេវតា*។ គេច្រូតស្រងែយកទៅដុតក្នុងភ្លើងយ៉ាងណា នៅអវសានកាលនៃពិភពលោក ក៏នឹងកើតមានយ៉ាងនោះដែរ។ បុត្រមនុស្សនឹងចាត់ទេវតារបស់លោកឲ្យមក។ ទេវតាទាំងនោះនឹងប្រមូលពួកអ្នកដែលនាំគេឲ្យប្រព្រឹត្តអំពើបាប និងពួកអ្នកដែលបានប្រព្រឹត្តអំពើទុច្ចរិតយកចេញពីព្រះរាជ្យ បោះទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ ហើយនៅទីនោះមានតែសម្រែកយំសោក ខឹងសង្កៀតធ្មេញ។ រីឯអ្នកសុចរិត*វិញ គេនឹងស្ថិតនៅក្នុងព្រះរាជ្យនៃព្រះបិតារបស់គេ ទាំងបញ្ចេញរស្មីភ្លឺដូចព្រះអាទិត្យ។ អ្នកណាឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ «ព្រះរាជ្យនៃស្ថានបរមសុខ*ប្រៀបបីដូចជាកំណប់ដែលគេកប់ទុកនៅក្នុងស្រែមួយ។ មានបុរសម្នាក់រកកំណប់នោះឃើញ ហើយកប់ទុកវិញ។ គាត់មានចិត្តត្រេកអរជាខ្លាំង ក៏ចេញទៅលក់ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មាន យកប្រាក់ទិញដីស្រែនោះ។ ម្យ៉ាងទៀត ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអ្នកជំនួញម្នាក់ ដែលស្វែងរកទិញពេជ្រល្អៗ។ កាលបានឃើញពេជ្រមួយគ្រាប់ដ៏មានតម្លៃលើសលុបហើយ គាត់ក៏ទៅលក់អ្វីៗទាំងប៉ុន្មានដែលគាត់មាន យកប្រាក់មកទិញពេជ្រនោះ»។ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអួនមួយដែលគេរាយក្នុងសមុទ្រ ហើយជាប់ត្រីគ្រប់យ៉ាង។ ពេលជាប់ត្រីពេញហើយ គេអូសអួននោះឡើងមកលើគោក រួចអង្គុយរើសត្រីល្អៗដាក់ក្នុងកព្ឆោ រីឯត្រីមិនល្អវិញ គេបោះចោល។ នៅអវសានកាលនៃពិភពលោកក៏នឹងកើតមានដូច្នេះដែរ។ ពួកទេវតា*នាំគ្នាមកញែកមនុស្សទុច្ចរិតចេញពីចំណោមមនុស្សសុចរិត រួចបោះមនុស្សទុច្ចរិតទាំងនោះទៅក្នុងភ្លើង ដែលឆេះសន្ធោសន្ធៅ ហើយនៅទីនោះ មានតែសម្រែកយំសោកខឹងសង្កៀតធ្មេញ។ តើអ្នករាល់គ្នាយល់សេចក្ដីទាំងនេះឬទេ?» ពួកសិស្សទូលព្រះអង្គថា៖ «បាទ យល់!»។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «ហេតុនេះហើយបានជាពួកអាចារ្យ ដែលបានទទួលការអប់រំអំពីព្រះរាជ្យនៃស្ថានបរមសុខ* ប្រៀបបានទៅនឹងម្ចាស់ផ្ទះ ដែលយកទ្រព្យ ទាំងចាស់ទាំងថ្មីចេញពីឃ្លាំងរបស់គាត់ដូច្នោះដែរ»។ កាលព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទាំងនេះចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះ ត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ។ ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ*របស់គេ ធ្វើឲ្យគេងឿងឆ្ងល់គ្រប់ៗគ្នា។ គេពោលថា៖ «តើគាត់បានទទួលប្រាជ្ញា និងឫទ្ធានុភាពធ្វើការអស្ចារ្យទាំងនេះមកពីណា?។ អ្នកនេះជាកូនរបស់ជាងឈើ ហើយម្ដាយរបស់គាត់ឈ្មោះនាងម៉ារី បងប្អូនគាត់ឈ្មោះយ៉ាកុប យ៉ូសែប ស៊ីម៉ូន យូដាស ទេតើ! ប្អូនស្រីរបស់គាត់ទាំងប៉ុន្មានរស់នៅក្នុងភូមិជាមួយយើងដែរ។ ដូច្នេះ គាត់ដឹងសេចក្ដីទាំងនេះពីណាមក?»។ ហេតុនេះហើយបានជាគេមិនអាចជឿព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ធម្មតា គេមើលងាយព្យាការីតែក្នុងស្រុកកំណើត និងក្នុងផ្ទះរបស់លោកប៉ុណ្ណោះ!»។ នៅទីនោះ ព្រះយេស៊ូពុំបានធ្វើការអស្ចារ្យច្រើនឡើយ ព្រោះគេគ្មានជំនឿ។
ម៉ាថាយ 13:1-58 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃនោះ ព្រះយេស៊ូវទ្រង់យាងចេញពីផ្ទះ ទៅគង់នៅមាត់សមុទ្រ នោះមានមនុស្សប្រជុំគ្នា មកឯទ្រង់ណែនណាន់ ដល់ម៉្លេះបានជាទ្រង់យាងចុះទៅគង់ក្នុងទូកវិញ ហើយមនុស្សទាំងអស់គ្នាឈរនៅលើមាត់ច្រាំង ទ្រង់មានបន្ទូលទៅគេ ជាពាក្យប្រៀបប្រដូចអំពីរឿងជាច្រើនថា មើល មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ កំពុងដែលគាត់ព្រោះ នោះមានខ្លះធ្លាក់ចុះតាមផ្លូវ ហើយសត្វស្លាបក៏ហើរមកចឹកស៊ីអស់ទៅ មានខ្លះទៀតធ្លាក់ទៅក្នុងកន្លែងថ្ម ដែលមានដីរាក់ពេក ស្រាប់តែដុះឡើងភ្លាម ព្រោះដីមិនជ្រៅទេ ប៉ុន្តែ កាលថ្ងៃរះឡើង នោះក៏ក្រៀមខ្លោចទៅ ពីព្រោះគ្មានឫស ហើយខ្លះទៀតធ្លាក់ទៅកណ្តាលបន្លាៗក៏ដុះឡើងខ្ទប់ជិត តែមានខ្លះទៀតធ្លាក់ទៅក្នុងដីល្អ ហើយបង្កើតផលបាន១ជា១រយ មួយទៀតបាន៦០ ហើយមួយទៀតបាន៣០ អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។ រួចពួកសិស្សមកឯទ្រង់ទូលសួរថា ហេតុអ្វីបានជាទ្រង់មានបន្ទូលនឹងគេ ជាពាក្យប្រៀបប្រដូចដូច្នេះ ទ្រង់មានបន្ទូលឆ្លើយថា ពីព្រោះបានប្រទានមកអ្នករាល់គ្នា ឲ្យបានស្គាល់ការអាថ៌កំបាំងរបស់នគរស្ថានសួគ៌ តែមិនបានប្រទានឲ្យអ្នកទាំងនោះស្គាល់ទេ ដ្បិតអ្នកណាដែលមាន គេនឹងឲ្យទៅអ្នកនោះ ហើយអ្នកនោះនឹងមានជាបរិបូរឡើង តែអ្នកណាដែលគ្មាន នោះគេនឹងយកទាំងអ្វីៗដែលអ្នកនោះមានចេញផង ហេតុនោះបានជាខ្ញុំនិយាយនឹងគេ ជាពាក្យប្រៀបប្រដូច ដ្បិតដែលគេមើល នោះមិនឃើញវិញ ហើយដែលគេស្តាប់ នោះក៏មិនឮ ហើយមិនយល់ផង ពាក្យទំនាយរបស់ហោរាអេសាយបានសំរេច នៅលើអ្នកទាំងនោះហើយ គឺជាសេចក្ដីដែលទាយទុកមកថា «ដែលឯងរាល់គ្នាឮ នោះនឹងឮមែន តែស្ដាប់មិនបាន ហើយដែលឃើញ នោះនឹងឃើញមែន តែមិនយល់សោះ ព្រោះចិត្តរបស់ជនជាតិនេះបានត្រឡប់ជាស្ពឹកវិញ គេឮដោយត្រចៀកធ្ងន់ ហើយធ្មេចភ្នែក ក្រែងមើលឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀក ហើយយល់ក្នុងចិត្ត រួចគេប្រែចិត្ត ហើយអញប្រោសឲ្យគេបានជា» តែអ្នករាល់គ្នាវិញ ភ្នែកអ្នកមានពរហើយ ដ្បិតមើលឃើញ ត្រចៀកអ្នកក៏ដែរ ដ្បិតស្តាប់ឮ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពីដើមមានហោរា នឹងមនុស្សសុចរិតជាច្រើន គេចង់ឃើញការដែលអ្នករាល់គ្នាឃើញ តែមិនមានឃើញសោះ ក៏ចង់ឮសេចក្ដីដែលអ្នករាល់គ្នាឮដែរ តែមិនមានឮឡើយ។ ដូច្នេះ ចូរអ្នករាល់គ្នាស្តាប់ពាក្យប្រៀបប្រដូច ពីអ្នកព្រោះពូជនោះ គឺកាលណាបើអ្នកណាស្តាប់ព្រះបន្ទូលពីនគរ តែមិនយល់ នោះអាកំណាចក៏មកឆក់យកសេចក្ដី ដែលបានព្រោះក្នុងចិត្តអ្នកនោះទៅបាត់ នេះគឺជាអ្នកដែលបានទទួលពូជតាមផ្លូវ ហើយអ្នកដែលបានទទួលពូជក្នុងកន្លែងថ្ម នោះគឺជាអ្នកដែលឮព្រះបន្ទូលរួចទទួលភ្លាមដោយអំណរ តែគ្មានចាក់ឫសនៅក្នុងខ្លួន ហើយមិននៅជាប់ជាយូរប៉ុន្មានទេ លុះកាលណាកើតមានសេចក្ដីទុក្ខលំបាក ឬសេចក្ដីបៀតបៀនដោយព្រោះព្រះបន្ទូល នោះគេរសាយចិត្តចេញភ្លាម ហើយអ្នកដែលបានទទួលពូជនៅក្នុងបន្លា នោះគឺជាអ្នកដែលឮព្រះបន្ទូល រួចសេចក្ដីខ្វល់ខ្វាយនៅជីវិតនេះ នឹងសេចក្ដីឆបោករបស់ទ្រព្យសម្បត្តិមកខ្ទប់ព្រះបន្ទូលជាប់ មិនឲ្យពូជនោះកើតផលឡើយ តែអ្នកដែលទទួលពូជក្នុងដីល្អវិញ នោះគឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់ ក៏បង្កើតផលផ្លែ មួយជា១រយ មួយជា៦០ ហើយមួយទៀតជា៣០។ ទ្រង់មានបន្ទូល ដោយពាក្យប្រៀបប្រដូច១ទៀតថា នគរស្ថានសួគ៌ប្រៀបដូចជាថៅកែម្នាក់ ដែលព្រោះពូជល្អនៅស្រែខ្លួន ប៉ុន្តែ កាលមនុស្សទាំងអស់កំពុងតែដេកលក់ នោះសត្រូវរបស់ថៅកែនោះ ក៏មកព្រោះស្រងែនៅក្នុងស្រូវសាលីដែរ រួចចេញបាត់ទៅ លុះពន្លកឡើង ហើយស្រូវចេញ នោះស្រងែក៏លេចមកឲ្យស្គាល់ដែរ ពួកបាវរបស់ថៅកែនោះ គេមកជំរាបថា លោកម្ចាស់ តើលោកមិនបានព្រោះពូជល្អ នៅស្រែរបស់លោកទេឬអី ដូច្នេះ តើស្រងែនេះកើតពីណាមក គាត់ក៏ឆ្លើយថា នោះគឺជាខ្មាំងសត្រូវហើយ ដែលបានធ្វើការនោះ រួចពួកបាវសួរថា ដូច្នេះ តើលោកចង់ឲ្យយើងខ្ញុំទៅដកចេញឬទេ គាត់ឆ្លើយថា កុំ ក្រែងកាលណាដកស្រងែចេញ នោះស្រូវសាលីក៏រលើងទៅដែរ ទុកឲ្យវាដុះជាមួយគ្នា ដរាបដល់ពេលច្រូតចុះ ចាំដល់រដូវចំរូត នោះអញនឹងប្រាប់ពួកចំរូតថា ចូរច្រូតស្រងែសិន ហើយចងជាកណ្តាប់ ទុកសំរាប់ដុត ឯស្រូវសាលី ឲ្យប្រមូលដាក់ក្នុងជង្រុកអញវិញ។ ទ្រង់មានបន្ទូល ជាពាក្យប្រៀបប្រដូច១ទៀតថា នគរស្ថានសួគ៌ប្រៀបដូចគ្រាប់ពូជម្យ៉ាង ដែលមនុស្សម្នាក់បានយកទៅព្រោះក្នុងចំការខ្លួន គ្រាប់នេះល្អិតជាងគ្រាប់ពូជទាំងអស់ពិតមែន តែកាលណាបានដុះឡើង នោះក៏ធំជាងតិណជាតិទាំងអស់ ហើយក៏ត្រឡប់ជាដើមធំ ដល់ម៉្លេះបានជាសត្វហើរលើអាកាស មកទំនៅលើមែកផង។ ទ្រង់មានបន្ទូល ពាក្យប្រៀបប្រដូចនេះ ឲ្យគេទៀតថា នគរស្ថានសួគ៌ប្រៀបដូចជាដំបែ ដែលស្ត្រីម្នាក់ បានយកមកលាយនឹងម្សៅ៣រង្វាល់ ទាល់តែម្សៅនោះបានដោរឡើងគ្រប់ទាំងអស់។ ព្រះយេស៊ូវទ្រង់មានបន្ទូលសេចក្ដីទាំងនេះ ដោយពាក្យប្រៀបធៀបដល់ហ្វូងមនុស្ស ទ្រង់មិនបានមានបន្ទូលនឹងគេ ឥតពាក្យប្រៀបធៀបទេ ដើម្បីឲ្យបានសំរេចតាមទំនាយដែលហោរាបានទាយទុកមកថា «អញនឹងបើកមាត់និយាយ ជាពាក្យប្រៀបប្រដូច អញនឹងសំដែងពីការដែលលាក់កំបាំង តាំងពីកំណើតលោកីយមក»។ នោះទ្រង់ក៏ឲ្យហ្វូងមនុស្សទៅវិញ រួចយាងចូលទៅក្នុងផ្ទះ ឯពួកសិស្សមកទូលទ្រង់ថា សូមអធិប្បាយឲ្យយើងខ្ញុំយល់ន័យពាក្យប្រៀប ពីស្មៅស្រងែនៅស្រែផង ទ្រង់មានបន្ទូលឆ្លើយថា អ្នកដែលព្រោះពូជល្អ នោះគឺជាកូនមនុស្ស ចំណែកស្រែ នោះគឺជាតួលោកីយ ឯពូជល្អ គឺអស់ទាំងមនុស្សរបស់នគរស្ថានសួគ៌ ហើយស្រងែ គឺជាអស់ទាំងមនុស្សរបស់អាកំណាចវិញ ខ្មាំងសត្រូវដែលប្លមព្រោះស្រងែ នោះគឺជាអារក្ស ចំរូត គឺជាបំផុតកល្ប ហើយពួកច្រូតនោះ គឺជាពួកទេវតា ដូច្នេះ ដែលគេច្រូតស្រងែដុតបន្សុសក្នុងភ្លើងជាយ៉ាងណា នោះដល់បំផុតកល្បក៏នឹងបានដូច្នោះដែរ គឺកូនមនុស្សនឹងចាត់ពួកទេវតា ទៅច្រូតយកអស់ទាំងក្បួន ដែលនាំឲ្យមនុស្សរវាតចិត្ត នឹងពួកអ្នកដែលប្រព្រឹត្តទទឹងច្បាប់ ពីនគរចេញ ហើយនឹងបោះគេចោលទៅក្នុងគុកភ្លើង នៅទីនោះគេនឹងយំ ហើយសង្កៀតធ្មេញ គ្រានោះ ពួកសុចរិតនឹងភ្លឺដូចជាថ្ងៃ នៅក្នុងនគររបស់ព្រះវរបិតានៃគេ អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។ មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាកំណប់កប់ទុកក្នុងចំការ ដែលកាលណាមនុស្សម្នាក់បានឃើញ នោះក៏លាក់ទុក រួចចេញទៅ លក់របស់ទ្រព្យខ្លួនទាំងអស់ដោយអំណរ ដើម្បីនឹងទិញចំការនោះ។ មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាអ្នកឈ្មួញម្នាក់ ដែលរកកែវមុក្តាយ៉ាងល្អ កាលណាបានឃើញ១ដែលមានដំឡៃណាស់ នោះគាត់ទៅលក់របស់ទ្រព្យទាំងអស់ មកទិញកែវមុក្តានោះ។ មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាអួន ដែលគេទំលាក់ទៅក្នុងសមុទ្រ ជាប់បានត្រីគ្រប់មុខ កាលបានពេញហើយ នោះគេទាញឡើងមកលើគោក រួចអង្គុយជ្រើសរើសត្រីល្អៗ ដាក់ក្នុងកញ្ឆេទុក តែត្រីអាក្រក់ៗគេចាក់ចោលចេញ ដល់ទីបំផុតកល្ប នឹងបានដូចគ្នាដែរ គឺពួកទេវតានឹងចេញទៅញែកយកពួកទុច្ចរិតពីពួកសុចរិតចេញ ហើយនឹងបោះគេចោលទៅក្នុងគុកភ្លើង នៅទីនោះ គេនឹងយំ ហើយសង្កៀតធ្មេញ។ ព្រះយេស៊ូវទ្រង់មានបន្ទូលសួរដល់គេថា តើអ្នករាល់គ្នាយល់សេចក្ដីទាំងនេះឬទេ គេទូលឆ្លើយថា យើងខ្ញុំយល់ហើយ ព្រះអម្ចាស់ ទ្រង់ក៏មានបន្ទូលទៅទៀតថា ដូច្នេះ គ្រប់អស់ទាំងអាចារ្យណាដែលមានគេបង្ហាត់បង្រៀន ឲ្យធ្វើជាសិស្សនៃនគរស្ថានសួគ៌ នោះធៀបដូចជាថៅកែម្នាក់ ដែលបញ្ចេញរបស់ទាំងថ្មីទាំងចាស់ពីឃ្លាំងរបស់ខ្លួន។ កាលព្រះយេស៊ូវ ទ្រង់បានមានបន្ទូលពាក្យប្រៀបប្រដូចទាំងនេះស្រេចហើយ នោះទ្រង់ក៏យាងចេញពីទីនោះទៅ លុះទ្រង់ចូលមកក្នុងស្រុកទ្រង់វិញ នោះក៏បង្រៀនគេនៅក្នុងសាលាប្រជុំ ដល់ម៉្លេះបានជាគេនឹកប្លែកក្នុងចិត្ត ហើយនិយាយថា តើអ្នកនេះបានចំណេះ នឹងការឫទ្ធិបារមីទាំងនេះពីណាមក តើមិនមែនជាកូនរបស់ជាងឈើទេឬអី តើម្តាយមិនមែនឈ្មោះម៉ារា ហើយបងប្អូនឈ្មោះយ៉ាកុប យ៉ូសេ ស៊ីម៉ូន ហើយនឹងយូដាសទេឬអី ឯប្អូនស្រី តើមិននៅជាមួយនឹងយើងទេឬអី ដូច្នេះ តើបានសេចក្ដីទាំងនេះពីណាមក គេក៏រវាតចិត្តចេញពីទ្រង់ តែព្រះយេស៊ូវមានបន្ទូលទៅគេថា ហោរាមិនមែនឥតគេរាប់អានទេ លើកតែនៅក្នុងស្រុក ឬក្នុងផ្ទះរបស់ខ្លួនចេញ ទ្រង់មិនបានធ្វើការឫទ្ធិបារមីជាច្រើននៅទីនោះទេ ពីព្រោះគេមិនជឿ។