ម៉ាថាយ 13:1-30

ម៉ាថាយ 13:1-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​ដដែល​នោះ ព្រះ‌យេស៊ូវ​បាន​យាង​ចេញ​ពី​ផ្ទះ ទៅ​គង់​នៅ​មាត់​សមុទ្រ។ ពេល​នោះ មាន​មហា‌ជន​ច្រើន​កុះករ​នាំ​គ្នា​មក​ចោម​រោម​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក រីឯ​បណ្ដា‌ជន​ឈរ​នៅ​មាត់​ច្រាំង។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ធៀប​អំពី​សេចក្ដី​ជា​ច្រើន​ថា៖ «មើល៍ មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ចេញ​ទៅ​ព្រោះ ពេល​គាត់​ព្រោះ មាន​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​ស្លាប​ក៏​ហើរ​មក​ចឹក​ស៊ី​អស់​ទៅ។ មាន​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​ថ្ម មិន​សូវ​មាន​ដី ពូជ​នោះ​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ។ ប៉ុន្តែ ពេល​ថ្ងៃ​រះ​ឡើង វា​ក៏​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​គ្មាន​ឫស។ ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​គុម្ព​បន្លា ហើយ​បន្លា​ក៏​ដុះ​ឡើង ខ្ទប់​ពូជ​នោះ​ជិត។ តែ​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​ល្អ ហើយ​ឲ្យ​ផល ខ្លះ​បាន​មួយ​ជា​មួយ​រយ ខ្លះ​បាន​មួយ​ជា​ហុក‌សិប ហើយ​ខ្លះ​ទៀត​បាន​មួយ​ជា​សាម‌សិប។ អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ!»។ ពេល​នោះ ពួក​សិស្ស​ចូល​មក​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ ជា​រឿង​ប្រៀប​ធៀប​ដូច្នេះ?» ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «មក​ពី​ព្រះ​បាន​ប្រទាន​សេចក្ដី​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​អាថ៌​កំបាំង​របស់​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌ តែ​ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ស្គាល់​ទេ។ ដ្បិត​អ្នក​ណា​ដែល​មាន នឹង​ត្រូវ​បន្ថែម​ឲ្យ ហើយ​គេ​នឹង​មាន​ជា​បរិបូរ តែ​អ្នក​ណា​ដែល​គ្មាន សូម្បី​តែ​អ្វី​ដែល​គេ​មាន ក៏​នឹង​ត្រូវ​ដក​យក​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​ទៅ​គេ​ជា​រឿង​ប្រៀប​ធៀប ដ្បិត​ដែល​គេ​មើល តែ​មិន​ឃើញ គេ​ស្ដាប់ តែ​មិន​ឮ ហើយ​ក៏​មិន​យល់​ដែរ។ សេចក្ដី​ទំនាយ​របស់​ហោរា​អេសាយ ពិត​ជា​បាន​សម្រេច​នៅ​ក្នុង​អ្នក​ទាំង​នោះ​មែន ដែល​ថា "អ្នក​រាល់​គ្នា​នឹង​ស្ដាប់​មែន តែ​មិន​យល់ ហើយ​ក៏​មើល តែ​មិន​ឃើញ​សោះ។ ដ្បិត​ចិត្ត​របស់​ប្រជា‌ជន​នេះ​បាន​ត្រឡប់​ជា​ស្ពឹក ត្រចៀក​របស់​គេ​ធ្ងន់​ពិបាក​នឹង​ស្ដាប់ ភ្នែក​គេ​បិទ​ក្រែង​គេ​មើល​ឃើញ​នឹង​ភ្នែក ស្ដាប់​ឮ​នឹង​ត្រចៀក ហើយ​យល់​នៅ​ក្នុង​ចិត្ត រួច​គេ​វិល​បែរ ហើយ​យើង​ប្រោស​គេ​ឲ្យ​បាន​ជា" ។ តែ​អ្នក​រាល់​គ្នា​វិញ​មាន​ពរ​ហើយ ដ្បិត​ភ្នែក​អ្នក​រាល់​គ្នា​មើល​ឃើញ ត្រចៀក​អ្នក​រាល់​គ្នា​ស្តាប់​ឮ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មាន​ហោរា និង​មនុស្ស​សុចរិត​ជា​ច្រើន​ចង់​ឃើញ​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នេះ តែ​មិន​បាន​ឃើញ​ទេ ក៏​ចង់​ឮ​សេចក្តី​ដែល​អ្នក​រាល់​គ្នា​ឮ​នេះ​ដែរ តែ​មិន​បាន​ឮ​ឡើយ»។ «ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ស្តាប់​រឿង​ប្រៀប​ធៀប​ពី​អ្នក​ព្រោះ​ពូជ​នោះ​ចុះ។ ពេល​នរណា​ម្នាក់​ឮ​ព្រះ‌បន្ទូល​អំពី​ព្រះរាជ្យ ហើយ​មិន​យល់ អា​កំណាច​ចូល​មក​ឆក់​យក​សេចក្តី​ដែល​បាន​ព្រោះ​នៅ​ក្នុង​ចិត្ត​អ្នក​នោះ​ទៅ។ នេះ​ហើយ​ជា​ពូជ​ដែល​បាន​ធ្លាក់​លើ​ផ្លូវ។ រីឯ​ពូជ​ដែល​បាន​ធ្លាក់​ទៅ​លើ​ដី​ថ្ម នេះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល ហើយ​ក៏​ទទួល​យក​ភ្លាម​ដោយ​អំណរ តែ​អ្នក​នោះ​មិន​ចាក់​ឫស​ទេ គេ​ធន់​បាន​តែ​មួយ​រយៈ​ប៉ុណ្ណោះ ហើយ​ពេល​មាន​ទុក្ខ​លំបាក ឬ​ការ​បៀតបៀន​កើត​ឡើង​ដោយ​ព្រោះ​ព្រះ‌បន្ទូល អ្នក​នោះ​ក៏​រសាយ​ចិត្ត​ចេញ​ភ្លាម។ រីឯ​ពូជ​ដែល​បាន​ធ្លាក់​ទៅ​ក្នុង​គុម្ព​បន្លា នេះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល តែ​សេចក្តី​ខ្វល់‌ខ្វាយ​អំពី​ជីវិត​នេះ និង​សេចក្តី​បញ្ឆោត​របស់​ទ្រព្យ​សម្បត្តិ ខ្ទប់​ព្រះ‌បន្ទូល​ជាប់ មិន​ឲ្យ​កើត​ផល​បាន​ឡើយ។ រីឯ​ពូជ​ដែល​ធ្លាក់​ទៅ​លើ​ដី​ល្អ​វិញ នេះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល ហើយ​យល់ ក៏​បង្កើត​ផល​ផ្លែ មួយ​បាន​ជា​មួយ​រយ មួយ​ជា​ហុក‌សិប ហើយ​មួយ​ទៀត​ជា​សាម‌សិប»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ ជា​រឿង​ប្រៀប​ធៀប​មួយ​ទៀត​ថា៖ «ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​ព្រោះ​ពូជ​ល្អ​នៅ​ក្នុង​ស្រែ​របស់​ខ្លួន ប៉ុន្តែ កាល​គ្រប់​គ្នា​ដេក​លក់ សត្រូវ​របស់​គាត់​ចូល​មក​ព្រោះ​ស្រងែ​នៅ​ក្នុង​ស្រូវ​សាលី រួច​ក៏​ចេញ​បាត់​ទៅ។ ដូច្នេះ ពេល​ស្រូវ​ដុះ​ឡើង ហើយ​ដាក់​គ្រាប់ នោះ​ស្រងែ​ក៏​លេច​មក​ដែរ។ ពួក​អ្នក​បម្រើ​ចូល​មក​ជម្រាប​ម្ចាស់​ផ្ទះ​ថា "លោក​ម្ចាស់! តើ​លោក​មិន​បាន​ព្រោះ​ពូជ​ល្អ​ក្នុង​ស្រែ​របស់​លោក​ទេ​ឬ? ចុះ​ស្រងែ​ទាំង​នេះ​មក​ពី​ណា?" លោក​ឆ្លើយ​ថា "គឺ​សត្រូវ​ហើយ​ដែល​ធ្វើ​ដូច្នេះ"។ ពួក​អ្នក​បម្រើ​សួរ​លោក​ថា "ដូច្នេះ តើ​លោក​ម្ចាស់​ចង់​ឲ្យ​យើង​ខ្ញុំ​ទៅ​ដក​វា​ចេញ​ឬ​ទេ?" តែ​លោក​ឆ្លើយ​ថា "កុំ​អី! ព្រោះ​ពេល​អ្នក​ដក​ស្រងែ ស្រូវ​អាច​នឹង​ដោយ​មក​ជា​មួយ ទុក​ឲ្យ​ទាំង​ពីរ​ដុះ​ជា​មួយ​គ្នា រហូត​ដល់​ពេល​ច្រូត​ចុះ ហើយ​នៅ​ពេល​ច្រូត ខ្ញុំ​នឹង​ប្រាប់​ពួក​អ្នក​ច្រូត​ថា ចូរ​ប្រមូល​ស្រងែ​ជា​មុន​សិន ហើយ​ចង​វា​ជា​កណ្តាប់ ទុក​សម្រាប់​ដុត រីឯ​ស្រូវ​សាលី ចូរ​ប្រមូល​ដាក់​ក្នុង​ជង្រុក​របស់​ខ្ញុំ"»។

ចែក​រំលែក
អាន ម៉ាថាយ 13

ម៉ាថាយ 13:1-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​ចាក​ចេញ​ពី​ផ្ទះ យាង​ទៅ​គង់​នៅ​មាត់​សមុទ្រ។ មាន​មហា‌ជន​ច្រើន​កុះ‌ករ​មក​ចោម‌រោម​ព្រះអង្គ ព្រះអង្គ​ក៏​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក​មួយ រីឯ​បណ្ដា‌ជន​ឈរ​នៅ​មាត់​ច្រាំង។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​យ៉ាង​ច្រើន ដោយ​ប្រើ​ប្រស្នា​ដូច​ត​ទៅ៖ «មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។ ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។ មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម ពុំ​សូវ​មាន​ដី។ គ្រាប់​ពូជ​ក៏​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ។ លុះ​ដល់​ថ្ងៃ​ក្ដៅ​ឡើង ពន្លក​ទាំង​នោះ​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​ឫស​ចាក់​មិន​ជ្រៅ។ គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា។ បន្លា​ក៏​ដុះ​ឡើង រួប​រឹត​ស្រូវ​មិន​ឲ្យ​ដុះ​ឡើយ។ គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ មួយ​គ្រាប់​ឲ្យ​ផល​ជា​មួយ​រយ​គ្រាប់ មួយ​ទៀត​ឲ្យ​ហុក‌សិប និង​មួយ​ទៀត​ឲ្យ​សាម‌សិប។ អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។ ពេល​នោះ ពួក​សិស្ស​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ ទូល​សួរ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌គ្រូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បណ្ដា‌ជន ដោយ​ប្រើ​ពាក្យ​ប្រស្នា​ដូច្នេះ?»។ ព្រះអង្គ​តប​ទៅ​គេ​វិញ​ថា៖ «មក​ពី​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* រីឯ​អ្នក​ដទៃ​វិញ ព្រះអង្គ​មិន​ប្រទាន​ឲ្យ​យល់​ឡើយ។ អ្នក​ណា​មាន​ហើយ ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ថែម​ទៀត ដើម្បី​ឲ្យ​អ្នក​នោះ​បាន​បរិបូណ៌ រីឯ​អ្នក​ដែល​គ្មាន ព្រះអង្គ​នឹង​ហូត​យក​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​ទៅ​គេ ដោយ​ប្រើ​ពាក្យ​ប្រស្នា គឺ​ទោះ​បី​គេ​មើល​ក៏​ពុំ​ឃើញ ទោះ​បី​គេ​ស្ដាប់​ក៏​ពុំ​ឮ ហើយ​ក៏​ពុំ​យល់​ដែរ ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី​ដែល​ព្យាការី*​អេសាយ​ថ្លែង​ទុក​អំពី​ពួក​គេ​ថា៖ “អ្នក​រាល់​គ្នា​ស្ដាប់​មែន តែ​ពុំ​ឮ​ទេ ហើយ​ក៏​ពុំ​យល់​ផង។ អ្នក​រាល់​គ្នា​មើល​មែន តែ​មិន​ឃើញ​សោះ ដ្បិត​ចិត្ត​ប្រជា​រាស្ដ្រ​នេះ​រឹង​ណាស់ ហើយ​ត្រចៀក​គេ​ក៏​ធ្ងន់។ គេ​នាំ​គ្នា​បិទ​ភ្នែក​មិន​ឲ្យ​មើល​ឃើញ មិន​ឲ្យ​ត្រចៀក​ស្ដាប់​ឮ មិន​ឲ្យ​ប្រាជ្ញា​យល់ ហើយ​មិន​ចង់​វិល​មក​វិញ​ទេ ក្រែង​លោ​យើង​ប្រោស​គេ​ឲ្យ​ជា” ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ ព្រោះ​ភ្នែក​អ្នក​រាល់​គ្នា​មើល​ឃើញ ត្រចៀក​អ្នក​រាល់​គ្នា​ស្ដាប់​ឮ! ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មាន​ព្យាការី និង​មនុស្ស​សុចរិត*​ជា​ច្រើន មាន​បំណង​ចង់​ឃើញ​ហេតុ‌ការណ៍​ដែល​អ្នក​រាល់​គ្នា​ឃើញ​នេះ​ដែរ តែ​មិន​បាន​ឃើញ​ទេ គេ​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ឮ​នេះ​ដែរ តែ​មិន​បាន​ឮ​ឡើយ!។ ដូច្នេះ សុំ​ស្ដាប់​អត្ថ‌ន័យ​នៃ​ប្រស្នា​អំពី​អ្នក​ព្រោះ​ស្រូវ​ដូច​ត​ទៅ: អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​អំពី​ព្រះ‌រាជ្យ* តែ​មិន​យល់ ប្រៀប​បាន​នឹង​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​នៅ​តាម​ផ្លូវ ដ្បិត​មារ​កំណាច​មក​ឆក់​យក​ព្រះ‌បន្ទូល ដែល​បាន​ធ្លាក់​ក្នុង​ចិត្ត​គេ​នោះ​ទៅ។ រីឯ​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​លើ​ដី​មាន​ថ្ម គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​ហើយ​ក៏​ទទួល​យក​ភ្លាម​ដោយ​អំណរ ប៉ុន្តែ គេ​ពុំ​បាន​ទុក​ឲ្យ​ព្រះ‌បន្ទូល​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ឡើយ គេ​ជាប់​ចិត្ត​តែ​មួយ‌ភ្លែត​ប៉ុណ្ណោះ លុះ​ដល់​មាន​ទុក្ខ​លំបាក ឬ​ត្រូវ​គេ​បៀត‌បៀន ព្រោះ​តែ​ព្រះ‌បន្ទូល គេ​ក៏​បោះ​បង់​ចោល​ជំនឿ​ភ្លាម។ អ្នក​ដែល​ទទួល​គ្រាប់​ពូជ​ក្នុង​ដី​មាន​បន្លា គឺ​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល ប៉ុន្តែ ការ​ខ្វល់​ខ្វាយ​អំពី​ជីវិត​ក្នុង​លោកីយ៍ ចិត្ត​លោភ‌លន់​ចង់​បាន​ទ្រព្យ​សម្បត្តិ រួប​រឹត​ព្រះ‌បន្ទូល​មិន​ឲ្យ​បង្កើត​ផល​ឡើយ។ រីឯ​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​ក្នុង​ដី​មាន​ជី‌ជាតិ​ល្អ គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល ហើយ​យល់ គេ​បង្ក​បង្កើត​ផល ខ្លះ​បាន​មួយ​ជា​មួយ​រយ ខ្លះ​បាន​មួយ​ជា​ហុក‌សិប និង​ខ្លះ​ទៀត​បាន​មួយ​ជា​សាម‌សិប»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ទៅ​គេ​ថា៖ «ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​បាន​ព្រោះ​គ្រាប់​ពូជ​ល្អ​ទៅ​ក្នុង​ស្រែ​របស់​គាត់។ ពេល​មនុស្ស‌ម្នា​ដេក​លក់​អស់ មារ​សត្រូវ​របស់​គាត់​បាន​មក​ព្រោះ​ស្រងែ​នៅ​ក្នុង​ស្រែ​នោះ​ដែរ រួច​ចេញ​បាត់​ទៅ។ ពេល​ស្រូវ​ដុះ​ឡើង​ដាក់​គ្រាប់ ស្រងែ​ក៏​ដុះ​ឡើង​ដែរ។ ពួក​អ្នក​បម្រើ​ចូល​មក​ជម្រាប​ម្ចាស់​ស្រែ​ថា: “លោក​ម្ចាស់! លោក​បាន​ព្រោះ​តែ​គ្រាប់​ពូជ​ល្អ​ក្នុង​ស្រែ​សោះ ចុះ​ស្រងែ​នេះ​មក​ពី​ណា?”។ ម្ចាស់​តប​វិញ​ថា: “ពិត​ជា​មាន​មារ​សត្រូវ​មក​ព្រោះ​ហើយ!”។ ពួក​អ្នក​បម្រើ​សួរ​លោក​ទៀត​ថា: “តើ​លោក​ចង់​ឲ្យ​យើង​ខ្ញុំ​ទៅ​ដក​ស្រងែ​នោះ​ចេញ​ឬ?”។ ម្ចាស់​តប​ថា: “កុំ​អី! បើ​អ្នក​រាល់​គ្នា​ដក ក្រែង​លោ​ដោយ​ស្រូវ​មក​ជា​មួយ​ដែរ ទុក​ឲ្យ​វា​ដុះ​ជា​មួយ​គ្នា​រហូត​ដល់​ស្រូវ​ទុំ​ចុះ ពេល​នោះ ខ្ញុំ​នឹង​ប្រាប់​ពួក​អ្នក​ច្រូត​ថា ចូរ​ប្រមូល​ស្រងែ​ចង​ជា​បាច់ យក​ទៅ​ដុត​ចោល​ជា​មុន​សិន រួច​សឹម​ប្រមូល​ស្រូវ​ដាក់​ជង្រុក​ឲ្យ​ខ្ញុំ”»។

ចែក​រំលែក
អាន ម៉ាថាយ 13

ម៉ាថាយ 13:1-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ថ្ងៃ​នោះ ព្រះ‌យេស៊ូវ​ទ្រង់​យាង​ចេញ​ពី​ផ្ទះ ទៅ​គង់​នៅ​មាត់​សមុទ្រ នោះ​មាន​មនុស្ស​ប្រជុំ​គ្នា មក​ឯ​ទ្រង់​ណែន‌ណាន់ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក​វិញ ហើយ​មនុស្ស​ទាំង​អស់​គ្នា​ឈរ​នៅ​លើ​មាត់​ច្រាំង ទ្រង់​មាន​បន្ទូល​ទៅ​គេ ជា​ពាក្យ​ប្រៀប​ប្រដូច​អំពី​រឿង​ជា​ច្រើន​ថា មើល មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ចេញ​ទៅ​ព្រោះ កំពុង​ដែល​គាត់​ព្រោះ នោះ​មាន​ខ្លះ​ធ្លាក់​ចុះ​តាម​ផ្លូវ ហើយ​សត្វ​ស្លាប​ក៏​ហើរ​មក​ចឹក​ស៊ី​អស់​ទៅ មាន​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​កន្លែង​ថ្ម ដែល​មាន​ដី​រាក់​ពេក ស្រាប់​តែ​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ​ទេ ប៉ុន្តែ កាល​ថ្ងៃ​រះ​ឡើង នោះ​ក៏​ក្រៀម​ខ្លោច​ទៅ ពី​ព្រោះ​គ្មាន​ឫស ហើយ​ខ្លះ​ទៀត​ធ្លាក់​ទៅ​កណ្តាល​បន្លាៗ​ក៏​ដុះ​ឡើង​ខ្ទប់​ជិត តែ​មាន​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​ដី​ល្អ ហើយ​បង្កើត​ផល​បាន​១​ជា​១​រយ មួយ​ទៀត​បាន​៦០ ហើយ​មួយ​ទៀត​បាន​៣០ អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។ រួច​ពួក​សិស្ស​មក​ឯ​ទ្រង់​ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​មាន​បន្ទូល​នឹង​គេ ជា​ពាក្យ​ប្រៀប​ប្រដូច​ដូច្នេះ ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ពី​ព្រោះ​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា ឲ្យ​បាន​ស្គាល់​ការ​អាថ៌‌កំបាំង​របស់​នគរ​ស្ថាន‌សួគ៌ តែ​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ស្គាល់​ទេ ដ្បិត​អ្នក​ណា​ដែល​មាន គេ​នឹង​ឲ្យ​ទៅ​អ្នក​នោះ ហើយ​អ្នក​នោះ​នឹង​មាន​ជា​បរិបូរ​ឡើង តែ​អ្នក​ណា​ដែល​គ្មាន នោះ​គេ​នឹង​យក​ទាំង​អ្វីៗ​ដែល​អ្នក​នោះ​មាន​ចេញ​ផង ហេតុ​នោះ​បាន​ជា​ខ្ញុំ​និយាយ​នឹង​គេ ជា​ពាក្យ​ប្រៀប​ប្រដូច ដ្បិត​ដែល​គេ​មើល នោះ​មិន​ឃើញ​វិញ ហើយ​ដែល​គេ​ស្តាប់ នោះ​ក៏​មិន​ឮ ហើយ​មិន​យល់​ផង ពាក្យ​ទំនាយ​របស់​ហោរា​អេសាយ​បាន​សំរេច នៅ​លើ​អ្នក​ទាំង​នោះ​ហើយ គឺ​ជា​សេចក្ដី​ដែល​ទាយ​ទុក​មក​ថា «ដែល​ឯង​រាល់​គ្នា​ឮ នោះ​នឹង​ឮ​មែន តែ​ស្ដាប់​មិន​បាន ហើយ​ដែល​ឃើញ នោះ​នឹង​ឃើញ​មែន តែ​មិន​យល់​សោះ ព្រោះ​ចិត្ត​របស់​ជន‌ជាតិ​នេះ​បាន​ត្រឡប់​ជា​ស្ពឹក​វិញ គេ​ឮ​ដោយ​ត្រចៀក​ធ្ងន់ ហើយ​ធ្មេច​ភ្នែក ក្រែង​មើល​ឃើញ​នឹង​ភ្នែក ស្តាប់​ឮ​នឹង​ត្រចៀក ហើយ​យល់​ក្នុង​ចិត្ត រួច​គេ​ប្រែ​ចិត្ត ហើយ​អញ​ប្រោស​ឲ្យ​គេ​បាន​ជា» តែ​អ្នក​រាល់​គ្នា​វិញ ភ្នែក​អ្នក​មាន​ពរ​ហើយ ដ្បិត​មើល​ឃើញ ត្រចៀក​អ្នក​ក៏​ដែរ ដ្បិត​ស្តាប់​ឮ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពី​ដើម​មាន​ហោរា នឹង​មនុស្ស​សុចរិត​ជា​ច្រើន គេ​ចង់​ឃើញ​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ តែ​មិន​មាន​ឃើញ​សោះ ក៏​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ឮ​ដែរ តែ​មិន​មាន​ឮ​ឡើយ។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ស្តាប់​ពាក្យ​ប្រៀប​ប្រដូច ពី​អ្នក​ព្រោះ​ពូជ​នោះ គឺ​កាល​ណា​បើ​អ្នក​ណា​ស្តាប់​ព្រះ‌បន្ទូល​ពី​នគរ តែ​មិន​យល់ នោះ​អា​កំណាច​ក៏​មក​ឆក់​យក​សេចក្ដី ដែល​បាន​ព្រោះ​ក្នុង​ចិត្ត​អ្នក​នោះ​ទៅ​បាត់ នេះ​គឺ​ជា​អ្នក​ដែល​បាន​ទទួល​ពូជ​តាម​ផ្លូវ ហើយ​អ្នក​ដែល​បាន​ទទួល​ពូជ​ក្នុង​កន្លែង​ថ្ម នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល​រួច​ទទួល​ភ្លាម​ដោយ​អំណរ តែ​គ្មាន​ចាក់​ឫស​នៅ​ក្នុង​ខ្លួន ហើយ​មិន​នៅ​ជាប់​ជា​យូរ​ប៉ុន្មាន​ទេ លុះ​កាល​ណា​កើត​មាន​សេចក្ដី​ទុក្ខ​លំបាក ឬ​សេចក្ដី​បៀត‌បៀន​ដោយ​ព្រោះ​ព្រះ‌បន្ទូល នោះ​គេ​រសាយ​ចិត្ត​ចេញ​ភ្លាម ហើយ​អ្នក​ដែល​បាន​ទទួល​ពូជ​នៅ​ក្នុង​បន្លា នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល រួច​សេចក្ដី​ខ្វល់‌ខ្វាយ​នៅ​ជីវិត​នេះ នឹង​សេចក្ដី​ឆ‌បោក​របស់​ទ្រព្យ​សម្បត្តិ​មក​ខ្ទប់​ព្រះ‌បន្ទូល​ជាប់ មិន​ឲ្យ​ពូជ​នោះ​កើត​ផល​ឡើយ តែ​អ្នក​ដែល​ទទួល​ពូជ​ក្នុង​ដី​ល្អ​វិញ នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល ហើយ​យល់ ក៏​បង្កើត​ផល​ផ្លែ មួយ​ជា​១​រយ មួយ​ជា​៦០ ហើយ​មួយ​ទៀត​ជា​៣០។ ទ្រង់​មាន​បន្ទូល ដោយ​ពាក្យ​ប្រៀប​ប្រដូច​១​ទៀត​ថា នគរ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ថៅកែ​ម្នាក់ ដែល​ព្រោះ​ពូជ​ល្អ​នៅ​ស្រែ​ខ្លួន ប៉ុន្តែ កាល​មនុស្ស​ទាំង​អស់​កំពុង​តែ​ដេក​លក់ នោះ​សត្រូវ​របស់​ថៅកែ​នោះ ក៏​មក​ព្រោះ​ស្រងែ​នៅ​ក្នុង​ស្រូវ‌សាលី​ដែរ រួច​ចេញ​បាត់​ទៅ លុះ​ពន្លក​ឡើង ហើយ​ស្រូវ​ចេញ នោះ​ស្រងែ​ក៏​លេច​មក​ឲ្យ​ស្គាល់​ដែរ ពួក​បាវ​របស់​ថៅកែ​នោះ គេ​មក​ជំរាប​ថា លោក​ម្ចាស់ តើ​លោក​មិន​បាន​ព្រោះ​ពូជ​ល្អ នៅ​ស្រែ​របស់​លោក​ទេ​ឬ​អី ដូច្នេះ តើ​ស្រងែ​នេះ​កើត​ពី​ណា​មក គាត់​ក៏​ឆ្លើយ​ថា នោះ​គឺ​ជា​ខ្មាំង​សត្រូវ​ហើយ ដែល​បាន​ធ្វើ​ការ​នោះ រួច​ពួក​បាវ​សួរ​ថា ដូច្នេះ តើ​លោក​ចង់​ឲ្យ​យើង​ខ្ញុំ​ទៅ​ដក​ចេញ​ឬ​ទេ គាត់​ឆ្លើយ​ថា កុំ ក្រែង​កាល​ណា​ដក​ស្រងែ​ចេញ នោះ​ស្រូវ‌សាលី​ក៏​រលើង​ទៅ​ដែរ ទុក​ឲ្យ​វា​ដុះ​ជា​មួយ​គ្នា ដរាប​ដល់​ពេល​ច្រូត​ចុះ ចាំ​ដល់​រដូវ​ចំរូត នោះ​អញ​នឹង​ប្រាប់​ពួក​ចំរូត​ថា ចូរ​ច្រូត​ស្រងែ​សិន ហើយ​ចង​ជា​កណ្តាប់ ទុក​សំរាប់​ដុត ឯ​ស្រូវ‌សាលី ឲ្យ​ប្រមូល​ដាក់​ក្នុង​ជង្រុក​អញ​វិញ។

ចែក​រំលែក
អាន ម៉ាថាយ 13