ម៉ាថាយ 13:1-15
ម៉ាថាយ 13:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃដដែលនោះ ព្រះយេស៊ូវបានយាងចេញពីផ្ទះ ទៅគង់នៅមាត់សមុទ្រ។ ពេលនោះ មានមហាជនច្រើនកុះករនាំគ្នាមកចោមរោមព្រះអង្គ ហើយព្រះអង្គក៏យាងចុះទៅគង់ក្នុងទូក រីឯបណ្ដាជនឈរនៅមាត់ច្រាំង។ ព្រះអង្គមានព្រះបន្ទូលទៅគេជារឿងប្រៀបធៀបអំពីសេចក្ដីជាច្រើនថា៖ «មើល៍ មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ ពេលគាត់ព្រោះ មានពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វស្លាបក៏ហើរមកចឹកស៊ីអស់ទៅ។ មានពូជខ្លះទៀតធ្លាក់ទៅលើដីថ្ម មិនសូវមានដី ពូជនោះដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។ ប៉ុន្តែ ពេលថ្ងៃរះឡើង វាក៏ក្រៀមស្វិតអស់ទៅ ព្រោះគ្មានឫស។ ពូជខ្លះទៀតធ្លាក់ទៅក្នុងគុម្ពបន្លា ហើយបន្លាក៏ដុះឡើង ខ្ទប់ពូជនោះជិត។ តែពូជខ្លះទៀតធ្លាក់ទៅលើដីល្អ ហើយឲ្យផល ខ្លះបានមួយជាមួយរយ ខ្លះបានមួយជាហុកសិប ហើយខ្លះទៀតបានមួយជាសាមសិប។ អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!»។ ពេលនោះ ពួកសិស្សចូលមកទូលសួរព្រះអង្គថា៖ «ហេតុអ្វីបានជាព្រះអង្គមានព្រះបន្ទូលទៅគេ ជារឿងប្រៀបធៀបដូច្នេះ?» ទ្រង់មានព្រះបន្ទូលឆ្លើយថា៖ «មកពីព្រះបានប្រទានសេចក្ដីនេះឲ្យអ្នករាល់គ្នាស្គាល់អាថ៌កំបាំងរបស់ព្រះរាជ្យនៃស្ថានសួគ៌ តែទ្រង់មិនបានប្រទានឲ្យអ្នកទាំងនោះស្គាល់ទេ។ ដ្បិតអ្នកណាដែលមាន នឹងត្រូវបន្ថែមឲ្យ ហើយគេនឹងមានជាបរិបូរ តែអ្នកណាដែលគ្មាន សូម្បីតែអ្វីដែលគេមាន ក៏នឹងត្រូវដកយកដែរ។ ហេតុនេះហើយបានជាខ្ញុំនិយាយទៅគេជារឿងប្រៀបធៀប ដ្បិតដែលគេមើល តែមិនឃើញ គេស្ដាប់ តែមិនឮ ហើយក៏មិនយល់ដែរ។ សេចក្ដីទំនាយរបស់ហោរាអេសាយ ពិតជាបានសម្រេចនៅក្នុងអ្នកទាំងនោះមែន ដែលថា "អ្នករាល់គ្នានឹងស្ដាប់មែន តែមិនយល់ ហើយក៏មើល តែមិនឃើញសោះ។ ដ្បិតចិត្តរបស់ប្រជាជននេះបានត្រឡប់ជាស្ពឹក ត្រចៀករបស់គេធ្ងន់ពិបាកនឹងស្ដាប់ ភ្នែកគេបិទក្រែងគេមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀក ហើយយល់នៅក្នុងចិត្ត រួចគេវិលបែរ ហើយយើងប្រោសគេឲ្យបានជា" ។
ម៉ាថាយ 13:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ ព្រះយេស៊ូចាកចេញពីផ្ទះ យាងទៅគង់នៅមាត់សមុទ្រ។ មានមហាជនច្រើនកុះករមកចោមរោមព្រះអង្គ ព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយ រីឯបណ្ដាជនឈរនៅមាត់ច្រាំង។ ព្រះអង្គមានព្រះបន្ទូលទៅគេយ៉ាងច្រើន ដោយប្រើប្រស្នាដូចតទៅ៖ «មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់ទៅ។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្ម ពុំសូវមានដី។ គ្រាប់ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។ លុះដល់ថ្ងៃក្ដៅឡើង ពន្លកទាំងនោះក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនជ្រៅ។ គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា។ បន្លាក៏ដុះឡើង រួបរឹតស្រូវមិនឲ្យដុះឡើយ។ គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានជីជាតិល្អ មួយគ្រាប់ឲ្យផលជាមួយរយគ្រាប់ មួយទៀតឲ្យហុកសិប និងមួយទៀតឲ្យសាមសិប។ អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ ពេលនោះ ពួកសិស្សនាំគ្នាចូលមកជិតព្រះអង្គ ទូលសួរថា៖ «ហេតុដូចម្ដេចបានជាព្រះគ្រូមានព្រះបន្ទូលទៅកាន់បណ្ដាជន ដោយប្រើពាក្យប្រស្នាដូច្នេះ?»។ ព្រះអង្គតបទៅគេវិញថា៖ «មកពីព្រះជាម្ចាស់បានប្រោសប្រទានឲ្យអ្នករាល់គ្នា យល់គម្រោងការដ៏លាក់កំបាំងរបស់ព្រះរាជ្យ*នៃស្ថានបរមសុខ* រីឯអ្នកដទៃវិញ ព្រះអង្គមិនប្រទានឲ្យយល់ឡើយ។ អ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានថែមទៀត ដើម្បីឲ្យអ្នកនោះបានបរិបូណ៌ រីឯអ្នកដែលគ្មាន ព្រះអង្គនឹងហូតយកអ្វីៗដែលអ្នកនោះមានផង។ ហេតុនេះហើយបានជាខ្ញុំនិយាយទៅគេ ដោយប្រើពាក្យប្រស្នា គឺទោះបីគេមើលក៏ពុំឃើញ ទោះបីគេស្ដាប់ក៏ពុំឮ ហើយក៏ពុំយល់ដែរ ដើម្បីឲ្យស្របនឹងសេចក្ដីដែលព្យាការី*អេសាយថ្លែងទុកអំពីពួកគេថា៖ “អ្នករាល់គ្នាស្ដាប់មែន តែពុំឮទេ ហើយក៏ពុំយល់ផង។ អ្នករាល់គ្នាមើលមែន តែមិនឃើញសោះ ដ្បិតចិត្តប្រជារាស្ដ្រនេះរឹងណាស់ ហើយត្រចៀកគេក៏ធ្ងន់។ គេនាំគ្នាបិទភ្នែកមិនឲ្យមើលឃើញ មិនឲ្យត្រចៀកស្ដាប់ឮ មិនឲ្យប្រាជ្ញាយល់ ហើយមិនចង់វិលមកវិញទេ ក្រែងលោយើងប្រោសគេឲ្យជា” ។
ម៉ាថាយ 13:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃនោះ ព្រះយេស៊ូវទ្រង់យាងចេញពីផ្ទះ ទៅគង់នៅមាត់សមុទ្រ នោះមានមនុស្សប្រជុំគ្នា មកឯទ្រង់ណែនណាន់ ដល់ម៉្លេះបានជាទ្រង់យាងចុះទៅគង់ក្នុងទូកវិញ ហើយមនុស្សទាំងអស់គ្នាឈរនៅលើមាត់ច្រាំង ទ្រង់មានបន្ទូលទៅគេ ជាពាក្យប្រៀបប្រដូចអំពីរឿងជាច្រើនថា មើល មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ កំពុងដែលគាត់ព្រោះ នោះមានខ្លះធ្លាក់ចុះតាមផ្លូវ ហើយសត្វស្លាបក៏ហើរមកចឹកស៊ីអស់ទៅ មានខ្លះទៀតធ្លាក់ទៅក្នុងកន្លែងថ្ម ដែលមានដីរាក់ពេក ស្រាប់តែដុះឡើងភ្លាម ព្រោះដីមិនជ្រៅទេ ប៉ុន្តែ កាលថ្ងៃរះឡើង នោះក៏ក្រៀមខ្លោចទៅ ពីព្រោះគ្មានឫស ហើយខ្លះទៀតធ្លាក់ទៅកណ្តាលបន្លាៗក៏ដុះឡើងខ្ទប់ជិត តែមានខ្លះទៀតធ្លាក់ទៅក្នុងដីល្អ ហើយបង្កើតផលបាន១ជា១រយ មួយទៀតបាន៦០ ហើយមួយទៀតបាន៣០ អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។ រួចពួកសិស្សមកឯទ្រង់ទូលសួរថា ហេតុអ្វីបានជាទ្រង់មានបន្ទូលនឹងគេ ជាពាក្យប្រៀបប្រដូចដូច្នេះ ទ្រង់មានបន្ទូលឆ្លើយថា ពីព្រោះបានប្រទានមកអ្នករាល់គ្នា ឲ្យបានស្គាល់ការអាថ៌កំបាំងរបស់នគរស្ថានសួគ៌ តែមិនបានប្រទានឲ្យអ្នកទាំងនោះស្គាល់ទេ ដ្បិតអ្នកណាដែលមាន គេនឹងឲ្យទៅអ្នកនោះ ហើយអ្នកនោះនឹងមានជាបរិបូរឡើង តែអ្នកណាដែលគ្មាន នោះគេនឹងយកទាំងអ្វីៗដែលអ្នកនោះមានចេញផង ហេតុនោះបានជាខ្ញុំនិយាយនឹងគេ ជាពាក្យប្រៀបប្រដូច ដ្បិតដែលគេមើល នោះមិនឃើញវិញ ហើយដែលគេស្តាប់ នោះក៏មិនឮ ហើយមិនយល់ផង ពាក្យទំនាយរបស់ហោរាអេសាយបានសំរេច នៅលើអ្នកទាំងនោះហើយ គឺជាសេចក្ដីដែលទាយទុកមកថា «ដែលឯងរាល់គ្នាឮ នោះនឹងឮមែន តែស្ដាប់មិនបាន ហើយដែលឃើញ នោះនឹងឃើញមែន តែមិនយល់សោះ ព្រោះចិត្តរបស់ជនជាតិនេះបានត្រឡប់ជាស្ពឹកវិញ គេឮដោយត្រចៀកធ្ងន់ ហើយធ្មេចភ្នែក ក្រែងមើលឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀក ហើយយល់ក្នុងចិត្ត រួចគេប្រែចិត្ត ហើយអញប្រោសឲ្យគេបានជា»