ម៉ាថាយ 13:1-12

ម៉ាថាយ 13:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​ដដែល​នោះ ព្រះ‌យេស៊ូវ​បាន​យាង​ចេញ​ពី​ផ្ទះ ទៅ​គង់​នៅ​មាត់​សមុទ្រ។ ពេល​នោះ មាន​មហា‌ជន​ច្រើន​កុះករ​នាំ​គ្នា​មក​ចោម​រោម​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក រីឯ​បណ្ដា‌ជន​ឈរ​នៅ​មាត់​ច្រាំង។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ធៀប​អំពី​សេចក្ដី​ជា​ច្រើន​ថា៖ «មើល៍ មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ចេញ​ទៅ​ព្រោះ ពេល​គាត់​ព្រោះ មាន​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​ស្លាប​ក៏​ហើរ​មក​ចឹក​ស៊ី​អស់​ទៅ។ មាន​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​ថ្ម មិន​សូវ​មាន​ដី ពូជ​នោះ​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ។ ប៉ុន្តែ ពេល​ថ្ងៃ​រះ​ឡើង វា​ក៏​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​គ្មាន​ឫស។ ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​គុម្ព​បន្លា ហើយ​បន្លា​ក៏​ដុះ​ឡើង ខ្ទប់​ពូជ​នោះ​ជិត។ តែ​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​ល្អ ហើយ​ឲ្យ​ផល ខ្លះ​បាន​មួយ​ជា​មួយ​រយ ខ្លះ​បាន​មួយ​ជា​ហុក‌សិប ហើយ​ខ្លះ​ទៀត​បាន​មួយ​ជា​សាម‌សិប។ អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ!»។ ពេល​នោះ ពួក​សិស្ស​ចូល​មក​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ ជា​រឿង​ប្រៀប​ធៀប​ដូច្នេះ?» ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «មក​ពី​ព្រះ​បាន​ប្រទាន​សេចក្ដី​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​អាថ៌​កំបាំង​របស់​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌ តែ​ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ស្គាល់​ទេ។ ដ្បិត​អ្នក​ណា​ដែល​មាន នឹង​ត្រូវ​បន្ថែម​ឲ្យ ហើយ​គេ​នឹង​មាន​ជា​បរិបូរ តែ​អ្នក​ណា​ដែល​គ្មាន សូម្បី​តែ​អ្វី​ដែល​គេ​មាន ក៏​នឹង​ត្រូវ​ដក​យក​ដែរ។

ចែក​រំលែក
អាន ម៉ាថាយ 13

ម៉ាថាយ 13:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​ចាក​ចេញ​ពី​ផ្ទះ យាង​ទៅ​គង់​នៅ​មាត់​សមុទ្រ។ មាន​មហា‌ជន​ច្រើន​កុះ‌ករ​មក​ចោម‌រោម​ព្រះអង្គ ព្រះអង្គ​ក៏​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក​មួយ រីឯ​បណ្ដា‌ជន​ឈរ​នៅ​មាត់​ច្រាំង។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​យ៉ាង​ច្រើន ដោយ​ប្រើ​ប្រស្នា​ដូច​ត​ទៅ៖ «មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។ ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។ មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម ពុំ​សូវ​មាន​ដី។ គ្រាប់​ពូជ​ក៏​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ។ លុះ​ដល់​ថ្ងៃ​ក្ដៅ​ឡើង ពន្លក​ទាំង​នោះ​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​ឫស​ចាក់​មិន​ជ្រៅ។ គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា។ បន្លា​ក៏​ដុះ​ឡើង រួប​រឹត​ស្រូវ​មិន​ឲ្យ​ដុះ​ឡើយ។ គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ មួយ​គ្រាប់​ឲ្យ​ផល​ជា​មួយ​រយ​គ្រាប់ មួយ​ទៀត​ឲ្យ​ហុក‌សិប និង​មួយ​ទៀត​ឲ្យ​សាម‌សិប។ អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។ ពេល​នោះ ពួក​សិស្ស​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ ទូល​សួរ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌គ្រូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បណ្ដា‌ជន ដោយ​ប្រើ​ពាក្យ​ប្រស្នា​ដូច្នេះ?»។ ព្រះអង្គ​តប​ទៅ​គេ​វិញ​ថា៖ «មក​ពី​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* រីឯ​អ្នក​ដទៃ​វិញ ព្រះអង្គ​មិន​ប្រទាន​ឲ្យ​យល់​ឡើយ។ អ្នក​ណា​មាន​ហើយ ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ថែម​ទៀត ដើម្បី​ឲ្យ​អ្នក​នោះ​បាន​បរិបូណ៌ រីឯ​អ្នក​ដែល​គ្មាន ព្រះអង្គ​នឹង​ហូត​យក​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង។

ចែក​រំលែក
អាន ម៉ាថាយ 13

ម៉ាថាយ 13:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ថ្ងៃ​នោះ ព្រះ‌យេស៊ូវ​ទ្រង់​យាង​ចេញ​ពី​ផ្ទះ ទៅ​គង់​នៅ​មាត់​សមុទ្រ នោះ​មាន​មនុស្ស​ប្រជុំ​គ្នា មក​ឯ​ទ្រង់​ណែន‌ណាន់ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក​វិញ ហើយ​មនុស្ស​ទាំង​អស់​គ្នា​ឈរ​នៅ​លើ​មាត់​ច្រាំង ទ្រង់​មាន​បន្ទូល​ទៅ​គេ ជា​ពាក្យ​ប្រៀប​ប្រដូច​អំពី​រឿង​ជា​ច្រើន​ថា មើល មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ចេញ​ទៅ​ព្រោះ កំពុង​ដែល​គាត់​ព្រោះ នោះ​មាន​ខ្លះ​ធ្លាក់​ចុះ​តាម​ផ្លូវ ហើយ​សត្វ​ស្លាប​ក៏​ហើរ​មក​ចឹក​ស៊ី​អស់​ទៅ មាន​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​កន្លែង​ថ្ម ដែល​មាន​ដី​រាក់​ពេក ស្រាប់​តែ​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ​ទេ ប៉ុន្តែ កាល​ថ្ងៃ​រះ​ឡើង នោះ​ក៏​ក្រៀម​ខ្លោច​ទៅ ពី​ព្រោះ​គ្មាន​ឫស ហើយ​ខ្លះ​ទៀត​ធ្លាក់​ទៅ​កណ្តាល​បន្លាៗ​ក៏​ដុះ​ឡើង​ខ្ទប់​ជិត តែ​មាន​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​ដី​ល្អ ហើយ​បង្កើត​ផល​បាន​១​ជា​១​រយ មួយ​ទៀត​បាន​៦០ ហើយ​មួយ​ទៀត​បាន​៣០ អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។ រួច​ពួក​សិស្ស​មក​ឯ​ទ្រង់​ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​មាន​បន្ទូល​នឹង​គេ ជា​ពាក្យ​ប្រៀប​ប្រដូច​ដូច្នេះ ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ពី​ព្រោះ​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា ឲ្យ​បាន​ស្គាល់​ការ​អាថ៌‌កំបាំង​របស់​នគរ​ស្ថាន‌សួគ៌ តែ​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ស្គាល់​ទេ ដ្បិត​អ្នក​ណា​ដែល​មាន គេ​នឹង​ឲ្យ​ទៅ​អ្នក​នោះ ហើយ​អ្នក​នោះ​នឹង​មាន​ជា​បរិបូរ​ឡើង តែ​អ្នក​ណា​ដែល​គ្មាន នោះ​គេ​នឹង​យក​ទាំង​អ្វីៗ​ដែល​អ្នក​នោះ​មាន​ចេញ​ផង

ចែក​រំលែក
អាន ម៉ាថាយ 13