ម៉ាថាយ 12:38-50
ម៉ាថាយ 12:38-50 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ពួកអាចារ្យ និងពួកផារិស៊ីខ្លះ គេទូលព្រះអង្គថា៖ «លោកគ្រូ យើងខ្ញុំចង់ឃើញទីសម្គាល់មួយពីលោក»។ តែព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ជំនាន់មនុស្សអាក្រក់ ហើយផិតក្បត់ គេស្វែងរកតែទីសម្គាល់ តែនឹងគ្មានទីសម្គាល់ណាប្រទានដល់គេ ក្រៅពីទីសម្គាល់របស់ហោរាយ៉ូណាសឡើយ។ ដ្បិតដែលលោកយ៉ូណាសបាននៅក្នុងពោះត្រីធំ អស់បីថ្ងៃបីយប់យ៉ាងណា កូនមនុស្សក៏នឹងនៅក្នុងផ្ទៃផែនដី បីថ្ងៃបីយប់យ៉ាងនោះដែរ។ ប្រជាជនក្រុងនីនីវេនឹងឈរឡើងជាមួយមនុស្សជំនាន់នេះ នៅគ្រាជំនុំជម្រះ ហើយកាត់ទោស ព្រោះគេបានប្រែចិត្ត ពេលឮសេចក្តីប្រកាសរបស់លោកយ៉ូណាស ហើយមើល៍ នៅទីនេះ មានអ្វីមួយវិសេសជាងលោកយ៉ូណាសទៅទៀត។ មហាក្សត្រិយ៍ស្រុកខាងត្បូងនឹងឈរឡើងជាមួយមនុស្សជំនាន់នេះ នៅគ្រាជំនុំជម្រះ ហើយកាត់ទោស ព្រោះព្រះនាងបានយាងមកពីចុងផែនដី ដើម្បីស្តាប់ប្រាជ្ញារបស់ព្រះបាទសាឡូម៉ូន ហើយមើល៍ នៅទីនេះ មានអ្វីមួយវិសេសជាងព្រះបាទសាឡូម៉ូនទៅទៀត»។ «ពេលវិញ្ញាណអាក្រក់ចេញពីមនុស្សណាម្នាក់ហើយ វាដើរចុះឡើងនៅតំបន់ហួតហែង ដើម្បីរកកន្លែងសម្រាក តែរកមិនបានសោះ។ ពេលនោះ វាគិតថា "យើងនឹងត្រឡប់ទៅរកផ្ទះ ដែលយើងបានចេញមកនោះវិញ"។ ពេលវាមកដល់ វាឃើញផ្ទះនោះនៅទំនេរ បោសស្អាត ហើយរៀបចំល្អ នោះវាក៏ចេញទៅនាំវិញ្ញាណប្រាំពីរផ្សេងទៀត ដែលអាក្រក់ជាងវាមក ហើយនាំគ្នាចូលទៅនៅទីនោះ ធ្វើឲ្យស្ថានភាពក្រោយរបស់មនុស្សនោះ កាន់តែអាក្រក់ជាងមុនទៅទៀត រីឯមនុស្សអាក្រក់ជំនាន់នេះ ក៏នឹងកើតឡើងដូច្នោះដែរ»។ កាលព្រះអង្គកំពុងមានព្រះបន្ទូលទៅកាន់មហាជននៅឡើយ នោះមាតា និងប្អូនប្រុសៗរបស់ព្រះអង្គឈរនៅខាងក្រៅ ចង់និយាយជាមួយព្រះអង្គ។ មានម្នាក់ទូលព្រះអង្គថា៖ «មើល៍ ម្តាយ និងប្អូនៗរបស់លោកកំពុងឈរនៅខាងក្រៅ ចង់និយាយជាមួយលោក»។ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបទៅអ្នកនោះថា៖ «តើអ្នកណាជាម្តាយខ្ញុំ ហើយអ្នកណាជាប្អូនខ្ញុំ?» រួចព្រះអង្គមានព្រះបន្ទូល ទាំងចង្អុលទៅពួកសិស្សព្រះអង្គថា៖ «អ្នកទាំងនេះហើយជាម្តាយ និងជាប្អូនរបស់ខ្ញុំ ដ្បិតអ្នកណាធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ អ្នកនោះហើយជាប្អូនប្រុសប្អូនស្រី និងជាម្តាយរបស់ខ្ញុំ»។
ម៉ាថាយ 12:38-50 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលនោះ មានពួកអាចារ្យ* និងពួកខាងគណៈផារីស៊ី*ខ្លះ ទូលព្រះអង្គថា៖ «លោកគ្រូ សូមលោកធ្វើទីសម្គាល់ដ៏អស្ចារ្យមួយឲ្យយើងខ្ញុំឃើញផង!»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់នឹងព្រះជាម្ចាស់ផង។ គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រទានទីសម្គាល់ណាផ្សេង ក្រៅពីទីសម្គាល់របស់ព្យាការី*យ៉ូណាសឡើយ។ លោកយ៉ូណាសស្ថិតនៅក្នុងពោះត្រីធំបីថ្ងៃបីយប់យ៉ាងណា បុត្រមនុស្សក៏នឹងស្ថិតនៅក្នុងដីបីថ្ងៃបីយប់យ៉ាងនោះដែរ។ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម នៅពេលដែលអ្នកក្រុងនីនីវេឮសេចក្ដីលោកយ៉ូណាសប្រកាស គេបានកែប្រែចិត្តគំនិត។ រីឯនៅទីនេះ មានម្នាក់ប្រសើរជាងលោកយ៉ូណាសទៅទៀត។ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រិយ៍ស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងបានយាងមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះបាទសាឡូម៉ូន ប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះ មានម្នាក់ប្រសើរជាងព្រះបាទសាឡូម៉ូនទៅទៀត»។ «កាលបើវិញ្ញាណអាក្រក់ចេញពីមនុស្សណាម្នាក់ហើយ វាតែងស្វែងរកទីជម្រកនៅវាលហួតហែង តែប្រសិនបើវារកពុំឃើញទេ វាមុខជានិយាយថា“អញនឹងវិលត្រឡប់ទៅផ្ទះ ដែលអញទើបចេញមក”។ លុះទៅដល់ ឃើញផ្ទះនោះនៅទំនេរ បោសស្អាត ហើយតុបតែងល្អ វានឹងចេញទៅបបួលវិញ្ញាណអាក្រក់ប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវាមកចូលនៅក្នុងអ្នកនោះ បណ្ដាលឲ្យគាត់រឹងរឹតតែអាក្រក់លើសដើមទៅទៀត។ រីឯមនុស្សអាក្រក់នៅជំនាន់នេះ ក៏នឹងកើតមានដូច្នោះដែរ»។ ព្រះអង្គកំពុងតែមានព្រះបន្ទូលទៅកាន់មហាជននៅឡើយ ស្រាប់តែមាតា និងបងប្អូនរបស់ព្រះអង្គ មកឈរចាំនៅខាងក្រៅ ចង់និយាយជាមួយព្រះអង្គ។ មានម្នាក់ទូលព្រះអង្គថា៖ «ម្ដាយលោក និងបងប្អូនលោកនៅខាងក្រៅ ចង់និយាយជាមួយលោក»។ ព្រះអង្គមានព្រះបន្ទូលតបទៅគាត់វិញថា៖ «តើនរណាជាម្ដាយខ្ញុំ នរណាជាបងប្អូនខ្ញុំ?»។ ព្រះអង្គលើកព្រះហស្ដចង្អុលទៅពួកសិស្ស* ទាំងមានព្រះបន្ទូលថា៖ «អ្នកទាំងនេះហើយជាមាតា និងជាបងប្អូនរបស់ខ្ញុំ ដ្បិតអ្នកណាធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានបរមសុខ* អ្នកនោះហើយជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ»។
ម៉ាថាយ 12:38-50 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ ពួកអាចារ្យ នឹងពួកផារិស៊ីខ្លះ គេទូលទ្រង់ថា លោកគ្រូ យើងខ្ញុំចង់ឃើញទីសំគាល់ពីលោក តែទ្រង់មានបន្ទូលតបថា ដំណមនុស្សអាក្រក់ ហើយកំផិត គេចេះតែចង់ឃើញទីសំគាល់ តែនឹងគ្មានទីសំគាល់ណាបានប្រទានមកគេ ក្រៅពីទីសំគាល់របស់ហោរាយ៉ូណាសឡើយ ដ្បិតដែលលោកយ៉ូណាសបាននៅក្នុងពោះត្រីធំ អស់៣ថ្ងៃ៣យប់យ៉ាងណា កូនមនុស្សក៏នឹងនៅក្នុងផ្ទៃផែនដី៣ថ្ងៃ៣យប់យ៉ាងនោះដែរ ឯមនុស្សនៅក្រុងនីនីវេនឹងឈរឡើងជាមួយនឹងមនុស្សដំណនេះ ក្នុងគ្រាជំនុំជំរះ ហើយនឹងកាត់ទោសឲ្យផង ដ្បិតគេបានប្រែចិត្ត ដោយឮសេចក្ដីដែលលោកយ៉ូណាសបានប្រកាសប្រាប់ ហើយមើល នៅទីនេះមាន១អង្គ ដែលវិសេសជាងលោកយ៉ូណាសទៅទៀត មហាក្សត្រីនៅស្រុកខាងត្បូង នឹងឈរឡើងជាមួយនឹងមនុស្សដំណនេះ ក្នុងគ្រាជំនុំជំរះ ហើយនឹងកាត់ទោសឲ្យផង ដោយព្រះនាងបានយាងមកពីចុងផែនដី ដើម្បីនឹងស្តាប់ចំណេះរបស់ហ្លួងសាឡូម៉ូន ហើយមើល នៅទីនេះមាន១អង្គវិសេសជាហ្លួងសាឡូម៉ូនទៅទៀត កាលណាអារក្សអសោចិ៍បានចេញពីមនុស្សទៅហើយ នោះវាដើរចុះឡើង នៅកន្លែងហួតហែង ដើម្បីរកទីឈប់សំរាក តែរកមិនបានសោះ នោះវាគិតថា អញនឹងត្រឡប់ទៅឯផ្ទះអញ ដែលទើបនឹងចេញមកនោះ រួចកាលវាមកដល់ ឃើញផ្ទះនៅទំនេរ បោសស្អាត ហើយតុបតែងយ៉ាងល្អ នោះវាចេញទៅនាំយកអារក្ស៧ទៀត ដែលកាចៗជាងវា មកជាមួយផង ក៏នាំគ្នាចូលទៅនៅទីនោះ ហើយសណ្ឋានក្រោយរបស់មនុស្សនោះ បានអាក្រក់ជាងមុនទៅទៀត ឯមនុស្សដំណអាក្រក់នេះ គេនឹងបានដូច្នោះដែរ។ កាលទ្រង់កំពុងតែមានបន្ទូលនឹងហ្វូងមនុស្សនៅឡើយ នោះមាតា នឹងពួកប្អូនទ្រង់ក៏ឈរពីខាងក្រៅរកទូលនឹងទ្រង់ មានម្នាក់ទូលទ្រង់ថា មើលន៏ ម្តាយ នឹងប្អូនលោក ឈរនៅខាងក្រៅចង់និយាយនឹងលោក តែទ្រង់ឆ្លើយទៅអ្នកដែលទូលនឹងទ្រង់ថា តើអ្នកណាជាម្តាយហើយជាប្អូនខ្ញុំ រួចទ្រង់លាតព្រះហស្ត ចង្អុលទៅពួកសិស្ស ដោយបន្ទូលថា នុ៎ះន៏ ម្តាយ ហើយនឹងប្អូនខ្ញុំ ដ្បិតអ្នកណា ដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ គឺអ្នកនោះហើយ ជាប្អូនប្រុសស្រី ហើយជាម្តាយខ្ញុំវិញ។