ម៉ាថាយ 12:15-21

ម៉ាថាយ 12:15-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌យេស៊ូវ​ជ្រាប​ពី​ការ​នោះ ទ្រង់​ក៏​យាង​ថយ​ពី​ទី​នោះ ហើយ​មាន​មហា‌ជន​ជា​ច្រើន​ដើរ​តាម​ព្រះ‌អង្គ។ ព្រះ‌អង្គ​ប្រោស​គេ​គ្រប់​គ្នា​ឲ្យ​បាន​ជា តែ​ព្រះ‌អង្គ​ហាម​មិន​ឲ្យ​គេ​និយាយ​ពី​ព្រះ‌អង្គ​ប្រាប់​អ្នក​ណា​ឡើយ។ ការ​នេះ​ត្រូវ​តែ​បាន​សម្រេច​តាម​សេចក្តី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ហោរា​អេសាយ​ថា៖ «នេះ​ជា​អ្នក​បម្រើ​របស់​យើង ដែល​យើង​បាន​ជ្រើស​រើស ជា​ស្ងួន‌ភ្ងា​របស់​យើង យើង​ពេញ​ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់។ យើង​នឹង​ដាក់​វិញ្ញាណរបស់​យើង សណ្ឋិត​លើ​ព្រះ‌អង្គ ហើយ​ទ្រង់​នឹង​ប្រកាស​ប្រាប់ ពី​សេចក្តី​យុត្តិធម៌​ដល់​សាសន៍​ដទៃ។ ទ្រង់​នឹង​មិន​ឈ្លោះ​ប្រ‌កែក ក៏​មិន​ស្រែក​ឡើង​ផង គ្មាន​អ្នក​ណា​ឮ​សំឡេង​ព្រះ‌អង្គ​នៅ​តាម​ផ្លូវ​ទេ។ ទ្រង់​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់ ក៏​មិន​ពន្លត់​ប្រឆេះ​ដែល​នៅ​ហុយ​ដែរ រហូត​ដល់​ព្រះ‌អង្គ​នាំ​សេចក្តី​យុត្តិធម៌​ឲ្យ​មាន​ជ័យ‌ជម្នះ ហើយ​ក្នុង​នាម​ព្រះ‌អង្គ សាសន៍​ដទៃ​នឹង​មាន​សង្ឃឹម »។

ចែក​រំលែក
អាន ម៉ាថាយ 12

ម៉ាថាយ 12:15-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌យេស៊ូ​ជ្រាប​ដូច្នោះ ព្រះអង្គ​យាង​ចាក​ចេញ​ពី​ទី​នោះ ទាំង​មាន​មហា‌ជន​ជា​ច្រើន​ដើរ​តាម​ព្រះអង្គ​ទៅ​ដែរ។ ព្រះអង្គ​បាន​ប្រោស​ពួក​គេ​ឲ្យ​ជា​ពី​ជំងឺ​ទាំង​អស់​គ្នា តែ​ព្រះអង្គ​គំរាម​គេ​យ៉ាង​ម៉ឺង​ម៉ាត់ មិន​ឲ្យ​និយាយ​ប្រាប់​អ្នក​ដទៃ​ថា ព្រះអង្គ​ជា​នរណា​ឡើយ ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក តាម​រយៈ​ព្យាការី*​អេសាយ​ថា៖ «លោក​នេះ​ហើយ​ជា​អ្នក​បម្រើ​ដែល​យើង​បាន ជ្រើស​រើស ជា​អ្នក​ដែល​យើង​ស្រឡាញ់ ហើយ​ធ្វើ​ឲ្យ​ចិត្ត​យើង​រីក‌រាយ។ យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើង ឲ្យ​សណ្ឋិត​លើ​លោក ហើយ​លោក​នឹង​ប្រាប់​ឲ្យ​ជាតិ​សាសន៍ ទាំង​អស់​ស្គាល់​សេចក្ដី​សុចរិត។ លោក​នឹង​មិន​ឈ្លោះ​ប្រកែក​ជា​មួយ​នរណា​ឡើយ ហើយ​ក៏​មិន​ស្រែក​ដាក់​នរណា​ផង គ្មាន​នរណា​ឮ​សំឡេង​របស់​លោក​នៅ តាម​ទី‌ផ្សារ​ទេ។ លោក​នឹង​មិន​កាច់​ដើម​ត្រែង​ណា​ដែល ទក់​ហើយ​នោះ​ឡើយ ហើយ​ក៏​មិន​ផ្លុំ​ពន្លត់​ភ្លើង​ណា​ដែល​ហៀប​នឹង រលត់​នោះ​ដែរ។ លោក​ធ្វើ​ដូច្នេះ រហូត​ដល់​លោក​នាំ សេចក្ដី​សុចរិត​ឲ្យ​មាន​ជ័យ‌ជម្នះ។ ជាតិ​សាសន៍​ទាំង​អស់​នឹង​នាំ​គ្នា សង្ឃឹម​លើ​លោក» ។

ចែក​រំលែក
អាន ម៉ាថាយ 12

ម៉ាថាយ 12:15-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​កាល​ព្រះ‌យេស៊ូវ​បាន​ជ្រាប នោះ​ទ្រង់​យាង​ថយ​ចេញ​ពី​ទី​នោះ មាន​ទាំង​មនុស្ស​កក‌កុញ​ដើរ​តាម​ទ្រង់​ទៅ ហើយ​ទ្រង់​ក៏​ប្រោស​គេ​ឲ្យ​ជា​គ្រប់​គ្នា​ដែរ ទ្រង់​ហាម​ផ្តាច់ មិន​ឲ្យ​គេ​ប្រាប់​ឲ្យ​បណ្តា​មនុស្ស​ស្គាល់​ទ្រង់​ឡើយ ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​អេសាយ បាន​ទាយ​ទុក​មក​ថា «មើល អ្នក​បំរើ​ដែល​អញ​បាន​រើស​តាំង ជា​អ្នក​ស្ងួន‌ភ្ងា ដែល​ជា​ទី​ពេញ​ចិត្ត​អញ អញ​នឹង​ដាក់​វិញ្ញាណ​អញ ឲ្យ​សណ្ឋិត​នៅ​លើ​ទ្រង់ ហើយ​ទ្រង់​នឹង​ថ្លែង​ប្រាប់ ពី​សេចក្ដី​យុត្តិ‌ធម៌ ដល់​សាសន៍​ដទៃ ទ្រង់​នឹង​មិន​តតាំង​នឹង​គេ ឬ​ស្រែក​សំរែក​ឡើយ នឹង​គ្មាន​អ្នក​ណា​ឮ​សំឡេង​ទ្រង់​នៅ​ក្នុង​ផ្លូវ​ទេ ទ្រង់​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់ ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ឡើយ ទាល់​តែ​បាន​នាំ​សេចក្ដី​យុត្តិ‌ធម៌​ឲ្យ​មាន​ជ័យ‌ជំនះ ហើយ​អស់​ទាំង​សាសន៍​ដទៃ នឹង​មាន​សេចក្ដី​សង្ឃឹម ដោយ​នូវ​ឈ្មោះ​ទ្រង់»។

ចែក​រំលែក
អាន ម៉ាថាយ 12