ម៉ាថាយ 12:14-21
ម៉ាថាយ 12:14-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ពួកផារិស៊ីបានចេញទៅ ហើយពិគ្រោះគ្នារកហេតុនឹងធ្វើគុតព្រះអង្គ។ កាលព្រះយេស៊ូវជ្រាបពីការនោះ ទ្រង់ក៏យាងថយពីទីនោះ ហើយមានមហាជនជាច្រើនដើរតាមព្រះអង្គ។ ព្រះអង្គប្រោសគេគ្រប់គ្នាឲ្យបានជា តែព្រះអង្គហាមមិនឲ្យគេនិយាយពីព្រះអង្គប្រាប់អ្នកណាឡើយ។ ការនេះត្រូវតែបានសម្រេចតាមសេចក្តីដែលបានថ្លែងទុកមក តាមរយៈហោរាអេសាយថា៖ «នេះជាអ្នកបម្រើរបស់យើង ដែលយើងបានជ្រើសរើស ជាស្ងួនភ្ងារបស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់។ យើងនឹងដាក់វិញ្ញាណរបស់យើង សណ្ឋិតលើព្រះអង្គ ហើយទ្រង់នឹងប្រកាសប្រាប់ ពីសេចក្តីយុត្តិធម៌ដល់សាសន៍ដទៃ។ ទ្រង់នឹងមិនឈ្លោះប្រកែក ក៏មិនស្រែកឡើងផង គ្មានអ្នកណាឮសំឡេងព្រះអង្គនៅតាមផ្លូវទេ។ ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ ក៏មិនពន្លត់ប្រឆេះដែលនៅហុយដែរ រហូតដល់ព្រះអង្គនាំសេចក្តីយុត្តិធម៌ឲ្យមានជ័យជម្នះ ហើយក្នុងនាមព្រះអង្គ សាសន៍ដទៃនឹងមានសង្ឃឹម »។
ម៉ាថាយ 12:14-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកខាងគណៈផារីស៊ី*ចេញពីសាលាប្រជុំ* ហើយពិគ្រោះគ្នារកមធ្យោបាយធ្វើគុតព្រះអង្គ។ កាលព្រះយេស៊ូជ្រាបដូច្នោះ ព្រះអង្គយាងចាកចេញពីទីនោះ ទាំងមានមហាជនជាច្រើនដើរតាមព្រះអង្គទៅដែរ។ ព្រះអង្គបានប្រោសពួកគេឲ្យជាពីជំងឺទាំងអស់គ្នា តែព្រះអង្គគំរាមគេយ៉ាងម៉ឺងម៉ាត់ មិនឲ្យនិយាយប្រាប់អ្នកដទៃថា ព្រះអង្គជានរណាឡើយ ដើម្បីឲ្យស្របនឹងសេចក្ដីដែលមានចែងទុក តាមរយៈព្យាការី*អេសាយថា៖ «លោកនេះហើយជាអ្នកបម្រើដែលយើងបាន ជ្រើសរើស ជាអ្នកដែលយើងស្រឡាញ់ ហើយធ្វើឲ្យចិត្តយើងរីករាយ។ យើងនឹងដាក់វិញ្ញាណរបស់យើង ឲ្យសណ្ឋិតលើលោក ហើយលោកនឹងប្រាប់ឲ្យជាតិសាសន៍ ទាំងអស់ស្គាល់សេចក្ដីសុចរិត។ លោកនឹងមិនឈ្លោះប្រកែកជាមួយនរណាឡើយ ហើយក៏មិនស្រែកដាក់នរណាផង គ្មាននរណាឮសំឡេងរបស់លោកនៅ តាមទីផ្សារទេ។ លោកនឹងមិនកាច់ដើមត្រែងណាដែល ទក់ហើយនោះឡើយ ហើយក៏មិនផ្លុំពន្លត់ភ្លើងណាដែលហៀបនឹង រលត់នោះដែរ។ លោកធ្វើដូច្នេះ រហូតដល់លោកនាំ សេចក្ដីសុចរិតឲ្យមានជ័យជម្នះ។ ជាតិសាសន៍ទាំងអស់នឹងនាំគ្នា សង្ឃឹមលើលោក» ។
ម៉ាថាយ 12:14-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលពួកផារិស៊ីបានចេញទៅក្រៅ គេក៏ពិគ្រោះគ្នារកហេតុនឹងធ្វើឲ្យទ្រង់វិនាស តែកាលព្រះយេស៊ូវបានជ្រាប នោះទ្រង់យាងថយចេញពីទីនោះ មានទាំងមនុស្សកកកុញដើរតាមទ្រង់ទៅ ហើយទ្រង់ក៏ប្រោសគេឲ្យជាគ្រប់គ្នាដែរ ទ្រង់ហាមផ្តាច់ មិនឲ្យគេប្រាប់ឲ្យបណ្តាមនុស្សស្គាល់ទ្រង់ឡើយ ដើម្បីឲ្យបានសំរេចតាមទំនាយ ដែលហោរាអេសាយ បានទាយទុកមកថា «មើល អ្នកបំរើដែលអញបានរើសតាំង ជាអ្នកស្ងួនភ្ងា ដែលជាទីពេញចិត្តអញ អញនឹងដាក់វិញ្ញាណអញ ឲ្យសណ្ឋិតនៅលើទ្រង់ ហើយទ្រង់នឹងថ្លែងប្រាប់ ពីសេចក្ដីយុត្តិធម៌ ដល់សាសន៍ដទៃ ទ្រង់នឹងមិនតតាំងនឹងគេ ឬស្រែកសំរែកឡើយ នឹងគ្មានអ្នកណាឮសំឡេងទ្រង់នៅក្នុងផ្លូវទេ ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ ក៏មិនលត់ប្រឆេះដែលនៅហុយឡើយ ទាល់តែបាននាំសេចក្ដីយុត្តិធម៌ឲ្យមានជ័យជំនះ ហើយអស់ទាំងសាសន៍ដទៃ នឹងមានសេចក្ដីសង្ឃឹម ដោយនូវឈ្មោះទ្រង់»។