ម៉ាថាយ 12:1-50

ម៉ាថាយ 12:1-50 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​វេលា​នោះ ព្រះ‌យេស៊ូវ​យាង​កាត់​ស្រែ​នៅ​ថ្ងៃ​សប្ប័ទ ពួក​សិស្ស​របស់​ព្រះ‌អង្គ​ឃ្លាន ហើយ​គេ​ចាប់​ផ្ដើម​បូត​គួរ​ស្រូវ​បរិ‌ភោគ។ ពេល​ពួក​ផារិស៊ី​ឃើញ គេ​ទូល​ព្រះ‌អង្គ​ថា៖ «មើល៍ ពួក​សិស្ស​របស់​លោក​កំពុង​ធ្វើ​អ្វី​ដែល​ច្បាប់​ហាម​មិន​ឲ្យ​ធ្វើ នៅ​ថ្ងៃ​សប្ប័ទ!»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​បាន​អាន​អំពី​ការ​ដែល​ព្រះ‌បាទ​ដាវីឌ​បាន​ធ្វើ ពេល​ព្រះ‌អង្គ និង​ពួក​អ្នក​រួម​ដំណើរ​ជា​មួយ​បាន​ឃ្លាន​ទេ​ឬ? ស្ដេច​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ ហើយ​សោយ​នំបុ័ង​តាំង​ថ្វាយ​ព្រះ ដែល​ច្បាប់​ហាម​មិន​ឲ្យ​ស្ដេច​សោយ ឬ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​បរិ‌ភោគ​ទេ គឺ​សម្រាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ។ តើ​អ្នក​រាល់​គ្នា​មិន​បាន​អាន​គម្ពីរ​ក្រឹត្យ‌វិន័យ​ដែល​ថា នៅ​ថ្ងៃ​សប្ប័ទ ពួក​សង្ឃ​នៅ​ក្នុង​ព្រះ‌វិហារ​ប្រព្រឹត្ត​រំលង​ច្បាប់​ថ្ងៃ​សប្ប័ទ តែ​គ្មាន​ទោស​ទេ​ឬ? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ទី​នេះ មាន​ម្នាក់​វិសេស​ជាង​ព្រះ‌វិហារ​ទៅ​ទៀត ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​យល់​អត្ថន័យ​នៃ​សេចក្តី​ដែល​ចែង​ថា "យើង​ចង់​បាន​សេចក្តី​មេត្តា‌ករុណា មិន​មែន​យញ្ញបូជា​ទេ" នោះ​អ្នក​រាល់​គ្នា​មិន​បន្ទោស​ពួក​អ្នក​ដែល​គ្មាន​ទោស​ឡើយ ដ្បិត​កូន​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ»។ ព្រះ‌អង្គ​យាង​ចេញ​ពី​ទី​នោះ ហើយ​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ។ មាន​បុរស​ស្វិត​ដៃ​ម្នាក់​នៅ​ទី​នោះ ហើយ​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​មាន​ច្បាប់​នឹង​ប្រោស​ឲ្យ​ជា នៅ​ថ្ងៃ​សប្ប័ទ​ឬ​ទេ?» គេ​សួរ​នេះ​ដើម្បី​ឲ្យ​មាន​រឿង​ចោទ​ប្រកាន់​ព្រះ‌អង្គ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​ម្នាក់​មាន​ចៀម​តែ​មួយ ហើយ​ចៀម​នោះ​ធ្លាក់​រណ្តៅ​នៅ​ថ្ងៃ​សប្ប័ទ តើ​អ្នក​នោះ​មិន​ចាប់​ស្រង់​វា​ចេញ​ពី​រណ្ដៅ​ទេ​ឬ? ចុះ​មនុស្ស​វិញ តើ​មាន​តម្លៃ​លើស​ជាង​ចៀម​មួយ​ក្បាល​អម្បាល‌ម៉ាន​ទៅ​ទៀត? ដូច្នេះ មាន​ច្បាប់​នឹង​ធ្វើ​ការ​ល្អ​នៅ​ថ្ងៃ​សប្ប័ទ​បាន»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​បុរស​នោះ​ថា៖ «ចូរ​លាត​ដៃ​អ្នក​ទៅ!»។ គាត់​ក៏​លាត​ដៃ ហើយ​ដៃ​គាត់​ក៏​បាន​ជា ដូច​ដៃ​ម្ខាង​ទៀត។ ពេល​នោះ ពួក​ផារិស៊ី​បាន​ចេញ​ទៅ ហើយ​ពិគ្រោះ​គ្នា​រក​ហេតុ​នឹង​ធ្វើ​គុត​ព្រះ‌អង្គ។ កាល​ព្រះ‌យេស៊ូវ​ជ្រាប​ពី​ការ​នោះ ទ្រង់​ក៏​យាង​ថយ​ពី​ទី​នោះ ហើយ​មាន​មហា‌ជន​ជា​ច្រើន​ដើរ​តាម​ព្រះ‌អង្គ។ ព្រះ‌អង្គ​ប្រោស​គេ​គ្រប់​គ្នា​ឲ្យ​បាន​ជា តែ​ព្រះ‌អង្គ​ហាម​មិន​ឲ្យ​គេ​និយាយ​ពី​ព្រះ‌អង្គ​ប្រាប់​អ្នក​ណា​ឡើយ។ ការ​នេះ​ត្រូវ​តែ​បាន​សម្រេច​តាម​សេចក្តី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ហោរា​អេសាយ​ថា៖ «នេះ​ជា​អ្នក​បម្រើ​របស់​យើង ដែល​យើង​បាន​ជ្រើស​រើស ជា​ស្ងួន‌ភ្ងា​របស់​យើង យើង​ពេញ​ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់។ យើង​នឹង​ដាក់​វិញ្ញាណរបស់​យើង សណ្ឋិត​លើ​ព្រះ‌អង្គ ហើយ​ទ្រង់​នឹង​ប្រកាស​ប្រាប់ ពី​សេចក្តី​យុត្តិធម៌​ដល់​សាសន៍​ដទៃ។ ទ្រង់​នឹង​មិន​ឈ្លោះ​ប្រ‌កែក ក៏​មិន​ស្រែក​ឡើង​ផង គ្មាន​អ្នក​ណា​ឮ​សំឡេង​ព្រះ‌អង្គ​នៅ​តាម​ផ្លូវ​ទេ។ ទ្រង់​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់ ក៏​មិន​ពន្លត់​ប្រឆេះ​ដែល​នៅ​ហុយ​ដែរ រហូត​ដល់​ព្រះ‌អង្គ​នាំ​សេចក្តី​យុត្តិធម៌​ឲ្យ​មាន​ជ័យ‌ជម្នះ ហើយ​ក្នុង​នាម​ព្រះ‌អង្គ សាសន៍​ដទៃ​នឹង​មាន​សង្ឃឹម »។ បន្ទាប់​មក គេ​នាំ​បុរស​អារក្ស​ចូល​ម្នាក់​ដែល​ខ្វាក់ ហើយ​គ មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ប្រោស​គាត់​ឲ្យ​បាន​ជា។ ដូច្នេះ​បុរស​ដែល​គ​នោះ ក៏​និយាយ​បាន ហើយ​មើល​ឃើញ។ មហា‌ជន​មាន​សេចក្តី​អស្ចារ្យ​ទាំង​អស់​គ្នា ហើយ​និយាយ​ថា៖ «តើ​អ្នក​នេះ​ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​មែន​ឬ?» ប៉ុន្តែ កាល​ពួក​ផារិស៊ី​បាន​ឮ​ពាក្យ​នេះ គេ​ឆ្លើយ​ឡើង​ថា៖ «អ្នក​នេះ​ដេញ​អារក្ស ដោយ‌សារ​តែ​បេល‌សេប៊ូល ជា​មេ​អារក្ស​ប៉ុណ្ណោះ»។ ដោយ​ជ្រាប​គំនិត​របស់​គេ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អស់​ទាំង​នគរ​ណា​ដែល​បែក​បាក់​ទាស់​ទែង​គ្នា​ឯង នឹង​ត្រូវ​វិនាស​មិន​ខាន ហើយ​ក្រុង​ណា ឬ​ផ្ទះ​ណា​ដែល​បែក​បាក់​ទាស់​ទែង​គ្នា​ឯង នោះ​ក៏​មិន​អាច​ស្ថិត‌ស្ថេរ​នៅ​បាន​ដែរ ហើយ​បើ​សាតាំង ដេញ​សាតាំង វា​បែក​បាក់​ទាស់​ទែង​នឹង​ខ្លួន​វា នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​រាជ្យ​របស់​វា​ស្ថិត‌ស្ថេរ​នៅ​បាន? ប្រសិន‌បើ​ខ្ញុំ​ដេញ​អារក្ស​ដោយ‌សារ​បេលសេ‌ប៊ូល​មែន តើ​កូន​របស់​អ្នក​រាល់​គ្នា​ដេញ​អារក្ស ដោយ‌សារ​អ្នក​ណា​ទៅ​វិញ? ដូច្នេះ ពួក​គេ​នឹង​ធ្វើ​ជា​ចៅក្រម​របស់​អ្នក​រាល់​គ្នា។ ប៉ុន្តែ បើ​ខ្ញុំ​ដេញ​អារក្ស ដោយ‌សារ​ព្រះ‌វិញ្ញាណ​របស់​ព្រះ នោះ​បាន​សេចក្ដី​ថា ព្រះរាជ្យ​របស់​ព្រះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ខ្លាំង​ពូកែ ហើយ​ប្លន់​យក​ទ្រព្យ‌សម្បត្តិ​របស់​អ្នក​នោះ​បាន? លុះ​ត្រា​តែ​ចង​អ្នក​ខ្លាំង​នោះ​ជា​មុន​សិន នោះ​ទើប​អាច​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​របស់​គាត់​បាន។ អ្នក​ណា​ដែល​មិន​នៅ​ជា​មួយ​ខ្ញុំ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មិន​ប្រមូល​ជា​មួយ​ខ្ញុំ អ្នក​នោះ​ជា​អ្នក​កម្ចាត់​កម្ចាយ។ ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មនុស្ស​អាច​នឹង​ទទួល​បាន​ការ​អត់​ទោស​ឲ្យ​រាល់​អំពើ​បាប និង​ពាក្យ​ប្រមាថ តែ​ពាក្យ​ប្រមាថ​ដល់​ព្រះ‌វិញ្ញាណ នឹង​មិន​អាច​អត់​ទោស​ឲ្យ​បាន​ឡើយ។ អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​កូន​មនុស្ស នោះ​អាច​នឹង​អត់​ទោស​ឲ្យ​បាន តែ​អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នោះ​មិន​អាច​អត់​ទោស​ឲ្យ​បាន​ឡើយ ទោះ​ក្នុង​សម័យ​នេះ ឬ​នៅ​ឯ​បរ​លោក​ក៏​ដោយ»។ «បើ​ដាំ​ដើម​ឈើ​ល្អ ផ្លែ​វា​ក៏​ល្អ តែ​បើ​ដាំ​ដើម​ឈើ​អាក្រក់ ផ្លែ​វា​ក៏​អាក្រក់​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​ដោយ‌សារ​ផ្លែ​របស់​វា។ ពូជ​ពស់​វែក​អើយ! អ្នក​រាល់​គ្នា​ជា​មនុស្ស​អាក្រក់ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ពោល​សេចក្តី​ល្អ​បាន? ដ្បិត​មាត់​តែង​និយាយ​ចេញ​ពី​សេចក្តី​បរិបូរ​ដែល​មាន​នៅ​ក្នុង​ចិត្ត។ មនុស្ស​ល្អ តែង​បញ្ចេញ​សេចក្តី​ល្អ ពី​កំណប់​ដ៏​ល្អ​ដែល​មាន​ក្នុង​ចិត្ត រីឯ​មនុស្ស​អាក្រក់ ក៏​តែង​បញ្ចេញ​សេចក្តី​អាក្រក់ ពី​កំណប់​អាក្រក់​របស់​គេ​ដែរ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ‌ជម្រះ មនុស្ស​នឹង​ត្រូវ​រៀប​រាប់​ប្រាប់​ពី​អស់​ទាំង​ពាក្យ​ឥត​ប្រយោជន៍ ដែល​គេ​បាន​និយាយ ដ្បិត​អ្នក​នឹង​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ពាក្យ​សម្ដី​របស់​ខ្លួន ហើយ​ក៏​នឹង​ជាប់​ទោស ដោយ‌សារ​តែ​ពាក្យ​សម្ដី​របស់​ខ្លួន​ដែរ»។ ពេល​នោះ ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ខ្លះ គេ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ចង់​ឃើញ​ទី​សម្គាល់​មួយ​ពី​លោក»។ តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ជំនាន់​មនុស្ស​អាក្រក់ ហើយ​ផិត​ក្បត់ គេ​ស្វែង​រក​តែ​ទី​សម្គាល់ តែ​នឹង​គ្មាន​ទី​សម្គាល់​ណា​ប្រទាន​ដល់​គេ ក្រៅ​ពី​ទី​សម្គាល់​របស់​ហោរា​យ៉ូណាស​ឡើយ។ ដ្បិត​ដែល​លោក​យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រី​ធំ អស់​បី​ថ្ងៃ​បី​យប់​យ៉ាង​ណា កូន​មនុស្ស​ក៏​នឹង​នៅ​ក្នុង​ផ្ទៃ​ផែនដី បី​ថ្ងៃ​បី​យប់​យ៉ាង​នោះ​ដែរ។ ប្រជា‌ជន​ក្រុង​នីនីវេ​នឹង​ឈរ​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ នៅ​គ្រា​ជំនុំ‌ជម្រះ ហើយ​កាត់​ទោស ព្រោះ​គេ​បាន​ប្រែ​ចិត្ត ពេល​ឮ​សេចក្តី​ប្រកាស​របស់​លោក​យ៉ូណាស ហើយ​មើល៍ នៅ​ទី​នេះ មាន​អ្វី​មួយ​វិសេស​ជាង​លោក​យ៉ូណាស​ទៅ​ទៀត។ មហា‌ក្សត្រិយ៍​ស្រុក​ខាង​ត្បូង​នឹង​ឈរ​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ នៅ​គ្រា​ជំនុំ‌ជម្រះ ហើយ​កាត់​ទោស ព្រោះ​ព្រះ‌នាង​បាន​យាង​មក​ពី​ចុង​ផែនដី ដើម្បី​ស្តាប់​ប្រាជ្ញា​របស់​ព្រះ‌បាទ​សាឡូម៉ូន ហើយ​មើល៍ នៅ​ទី​នេះ មាន​អ្វី​មួយ​វិសេស​ជាង​ព្រះ‌បាទ​សាឡូម៉ូន​ទៅ​ទៀត»។ «ពេល​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស​ណា​ម្នាក់​ហើយ វា​ដើរ​ចុះ​ឡើង​នៅ​តំបន់​ហួត‌ហែង ដើម្បី​រក​កន្លែង​សម្រាក តែ​រក​មិន​បាន​សោះ។ ពេល​នោះ វា​គិត​ថា "យើង​នឹង​ត្រឡប់​ទៅ​រក​ផ្ទះ ដែល​យើង​បាន​ចេញ​មក​នោះ​វិញ"។ ពេល​វា​មក​ដល់ វា​ឃើញ​ផ្ទះ​នោះ​នៅ​ទំនេរ បោស​ស្អាត ហើយ​រៀបចំ​ល្អ នោះ​វា​ក៏​ចេញ​ទៅ​នាំ​វិញ្ញាណ​ប្រាំ​ពីរ​ផ្សេង​ទៀត ដែល​អាក្រក់​ជាង​វា​មក ហើយ​នាំ​គ្នា​ចូល​ទៅ​នៅ​ទី​នោះ ធ្វើ​ឲ្យ​ស្ថាន‌ភាព​ក្រោយ​របស់​មនុស្ស​នោះ កាន់​តែ​អាក្រក់​ជាង​មុន​ទៅ​ទៀត រីឯ​មនុស្ស​អាក្រក់​ជំនាន់​នេះ ក៏​នឹង​កើត​ឡើង​ដូច្នោះ​ដែរ»។ កាល​ព្រះ‌អង្គ​កំពុង​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន​នៅ​ឡើយ នោះ​មាតា និង​ប្អូន​ប្រុសៗ​របស់​ព្រះ‌អង្គ​ឈរ​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​ព្រះ‌អង្គ។ មាន​ម្នាក់​ទូល​ព្រះ‌អង្គ​ថា៖ «មើល៍ ម្តាយ និង​ប្អូនៗ​របស់​លោក​កំពុង​ឈរ​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​លោក»។ ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​អ្នក​នោះ​ថា៖ «តើ​អ្នក​ណា​ជា​ម្តាយ​ខ្ញុំ ហើយ​អ្នក​ណា​ជា​ប្អូន​ខ្ញុំ?» រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ទាំង​ចង្អុល​ទៅ​ពួក​សិស្ស​ព្រះ‌អង្គ​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​ម្តាយ និង​ជា​ប្អូន​របស់​ខ្ញុំ ដ្បិត​អ្នក​ណា​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌វរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌ អ្នក​នោះ​ហើយ​ជា​ប្អូន​ប្រុស​ប្អូន​ស្រី និង​ជា​ម្តាយ​របស់​ខ្ញុំ»។

ចែក​រំលែក
អាន ម៉ាថាយ 12

ម៉ាថាយ 12:1-50 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​គ្រា​មួយ ព្រះ‌យេស៊ូ​យាង​កាត់​វាល​ស្រែ​នៅ​ថ្ងៃ​សប្ប័ទ* សិស្ស*​របស់​ព្រះអង្គ​ឃ្លាន​ពេក​ក៏​នាំ​គ្នា​បូត​កួរ​ស្រូវ​មក​បរិភោគ។ ពួក​ខាង​គណៈ​ផារីស៊ី*​ឃើញ​ដូច្នោះ ទូល​ព្រះអង្គ​ថា៖ «សូម​លោក​មើល​ចុះ ពួក​សិស្ស​របស់​លោក​នាំ​គ្នា​ធ្វើ​ការ ដែល​បញ្ញត្តិ​ហាម​មិន​ឲ្យ​ធ្វើ​នៅ​ថ្ងៃ​សប្ប័ទ!»។ ព្រះ‌យេស៊ូ​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​គម្ពីរ មាន​អត្ថ‌បទ​មួយ​ស្ដី​អំពី​ការ​ដែល​ព្រះ‌បាទ​ដាវីឌ និង​បរិពារ​បាន​ប្រព្រឹត្ត​នៅ​ពេល​ឃ្លាន គឺ​ស្ដេច​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​យក​នំប៉័ង​ដែល​គេ​តាំង​ថ្វាយ​ព្រះ‌ជាម្ចាស់ មក​សោយ​ជា​មួយ​ពួក​បរិពារ។ តាម​គម្ពីរ‌វិន័យ* មាន​តែ​ពួក​បូជា‌ចារ្យ*​ប៉ុណ្ណោះ ដែល​បរិភោគ​នំប៉័ង​នេះ​បាន រីឯ​ព្រះ‌រាជា​គ្មាន​សិទ្ធិ​សោយ​ទេ ហើយ​ពួក​បរិពារ​ក៏​គ្មាន​សិទ្ធិ​បរិភោគ​ដែរ តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​អត្ថ‌បទ​នោះ​ឬ​ទេ? ម្យ៉ាង​ទៀត នៅ​ថ្ងៃ​សប្ប័ទ ពួក​បូជា‌ចារ្យ​ដែល​បំពេញ​មុខងារ​នៅ​ក្នុង​ព្រះ‌វិហារ* សុទ្ធ​តែ​រំលោភ​លើ​ក្រឹត្យ‌វិន័យ​ថ្ងៃ​សប្ប័ទ តែ​ឥត​មាន​ទោស​ឡើយ តើ​អ្នក​រាល់​គ្នា​ដែល​អាន​គម្ពីរ‌វិន័យ​នោះ​ទេ? ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​ជាង​ព្រះ‌វិហារ​ទៅ​ទៀត។ ប្រសិន​បើ​អ្នក​រាល់​គ្នា​យល់​អត្ថ‌ន័យ​នៃ​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា “យើង​មិន​ចង់​បាន​យញ្ញ‌បូជា​ទេ គឺ​ចង់​បាន​តែ​ចិត្ត​មេត្តា‌ករុណា​ប៉ុណ្ណោះ” នោះ​អ្នក​រាល់​គ្នា​មុខ​ជា​មិន​ប្រកាន់​ទោស​ជន​ដែល​គ្មាន​ទោស​ទាំង​នេះ​ឡើយ ដ្បិត​បុត្រ​មនុស្ស*​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ*»។ ព្រះ‌យេស៊ូ​ចាក​ចេញ​ពី​ទី​នោះ យាង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ*​របស់​គេ។ មាន​បុរស​ស្វិត​ដៃ​ម្នាក់​នៅ​ក្នុង​សាលា​ប្រជុំ​នោះ​ដែរ។ គេ​នាំ​គ្នា​ទូល​សួរ​ព្រះអង្គ​ថា៖ «នៅ​ថ្ងៃ​សប្ប័ទ* តើ​យើង​មាន​សិទ្ធិ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​ឬ​ទេ?»។ គេ​សួរ​ដូច្នេះ ក្នុង​គោល​បំណង​រក​លេស​ដើម្បី​ចោទ​ប្រកាន់​ព្រះអង្គ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​នរណា​ម្នាក់​មាន​ចៀម​តែ​មួយ ហើយ​ចៀម​នោះ​ធ្លាក់​អណ្ដូង​នៅ​ថ្ងៃ​សប្ប័ទ តើ​អ្នក​នោះ​មិន​ទៅ​ស្រង់​យក​ចៀម​ឡើង​មក​វិញ​ទេ​ឬ? រីឯ​មនុស្ស​វិញ គេ​មាន​តម្លៃ​លើស​ចៀម​ឆ្ងាយ​ណាស់! ដូច្នេះ យើង​មាន​សិទ្ធិ​ធ្វើ​អំពើ​ល្អ​នៅ​ថ្ងៃ​សប្ប័ទ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​លាត​ដៃ​មើល៍!»។ បុរស​នោះ​លាត​ដៃ ហើយ​ដៃ​គាត់​ក៏​បាន​ជា​ដូច​ដៃ​ម្ខាង​ទៀត។ ពួក​ខាង​គណៈ​ផារីស៊ី*​ចេញ​ពី​សាលា​ប្រជុំ* ហើយ​ពិគ្រោះ​គ្នា​រក​មធ្យោ‌បាយ​ធ្វើ​គុត​ព្រះអង្គ។ កាល​ព្រះ‌យេស៊ូ​ជ្រាប​ដូច្នោះ ព្រះអង្គ​យាង​ចាក​ចេញ​ពី​ទី​នោះ ទាំង​មាន​មហា‌ជន​ជា​ច្រើន​ដើរ​តាម​ព្រះអង្គ​ទៅ​ដែរ។ ព្រះអង្គ​បាន​ប្រោស​ពួក​គេ​ឲ្យ​ជា​ពី​ជំងឺ​ទាំង​អស់​គ្នា តែ​ព្រះអង្គ​គំរាម​គេ​យ៉ាង​ម៉ឺង​ម៉ាត់ មិន​ឲ្យ​និយាយ​ប្រាប់​អ្នក​ដទៃ​ថា ព្រះអង្គ​ជា​នរណា​ឡើយ ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក តាម​រយៈ​ព្យាការី*​អេសាយ​ថា៖ «លោក​នេះ​ហើយ​ជា​អ្នក​បម្រើ​ដែល​យើង​បាន ជ្រើស​រើស ជា​អ្នក​ដែល​យើង​ស្រឡាញ់ ហើយ​ធ្វើ​ឲ្យ​ចិត្ត​យើង​រីក‌រាយ។ យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើង ឲ្យ​សណ្ឋិត​លើ​លោក ហើយ​លោក​នឹង​ប្រាប់​ឲ្យ​ជាតិ​សាសន៍ ទាំង​អស់​ស្គាល់​សេចក្ដី​សុចរិត។ លោក​នឹង​មិន​ឈ្លោះ​ប្រកែក​ជា​មួយ​នរណា​ឡើយ ហើយ​ក៏​មិន​ស្រែក​ដាក់​នរណា​ផង គ្មាន​នរណា​ឮ​សំឡេង​របស់​លោក​នៅ តាម​ទី‌ផ្សារ​ទេ។ លោក​នឹង​មិន​កាច់​ដើម​ត្រែង​ណា​ដែល ទក់​ហើយ​នោះ​ឡើយ ហើយ​ក៏​មិន​ផ្លុំ​ពន្លត់​ភ្លើង​ណា​ដែល​ហៀប​នឹង រលត់​នោះ​ដែរ។ លោក​ធ្វើ​ដូច្នេះ រហូត​ដល់​លោក​នាំ សេចក្ដី​សុចរិត​ឲ្យ​មាន​ជ័យ‌ជម្នះ។ ជាតិ​សាសន៍​ទាំង​អស់​នឹង​នាំ​គ្នា សង្ឃឹម​លើ​លោក» ។ ពេល​នោះ មាន​គេ​នាំ​បុរស​អារក្ស​ចូល​ម្នាក់​មក​គាល់​ព្រះអង្គ។ អារក្ស​បាន​ធ្វើ​ឲ្យ​គាត់​ខ្វាក់​ផង គ​ថ្លង់​ផង។ ព្រះអង្គ​ប្រោស​គាត់​ឲ្យ​ជា គាត់​ក៏​និយាយ​បាន និង​មើល​ឃើញ​ទៀត​ផង។ មហា‌ជន​ស្រឡាំង‌កាំង​ទាំង​អស់​គ្នា គេ​ពោល​ថា៖ «លោក​នេះ​ពិត​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​មែន!»។ ប៉ុន្តែ ពួក​ខាង​គណៈ​ផារីស៊ី*​ពោល​ថា៖ «អ្នក​នេះ​ដេញ​អារក្ស​បាន​ដូច្នេះ មក​ពី​បេលសេ‌ប៊ូល ជា​ស្ដេច​អារក្ស​ប្រគល់​អំណាច​ឲ្យ​ប៉ុណ្ណោះ»។ ព្រះអង្គ​ឈ្វេង​យល់​គំនិត​របស់​គេ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «នគរ​ណា​ក៏​ដូច​នគរ​ណា​ដែរ ប្រសិន​បើ​ពល​រដ្ឋ​បាក់​បែក​ទាស់‌ទែង​គ្នា​ឯង នគរ​នោះ​មុខ​ជា​ត្រូវ​វិនាស​មិន​ខាន រីឯ​ក្រុង ឬ​ក្រុម​គ្រួសារ​ណា​បាក់​បែក​ទាស់‌ទែង​គ្នា​ឯង ក៏​មិន​អាច​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​ដែរ។ បើ​មារ*​សាតាំង​បណ្ដេញ​មារ​សាតាំង ហើយ​វា​បាក់​បែក​ទាស់‌ទែង​នឹង​ខ្លួន​វា ធ្វើ​ម្ដេច​ឲ្យ​រាជ្យ​របស់​វា​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​បាន!។ ប្រសិន​បើ​ខ្ញុំ​ដេញ​អារក្ស ដោយ​អំណាច​បេលសេ‌ប៊ូល​មែន តើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដេញ​អារក្ស ដោយ​អាង​លើ​នរណា​វិញ? ដូច្នេះ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ពុំ‌ខាន។ ផ្ទុយ​ទៅ​វិញ បើ​ខ្ញុំ​ដេញ​អារក្ស ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់ បាន​សេចក្ដី​ថា ព្រះ‌រាជ្យ*​របស់​ព្រះអង្គ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។ ម្យ៉ាង​ទៀត ពុំ​មាន​នរណា​អាច​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​ខ្លាំង​ពូកែ ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​គាត់​ឡើយ លុះ​ត្រា​ណា​តែ​ចង​មនុស្ស​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន ទើប​អាច​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​គាត់​បាន។ អ្នក​ណា​មិន​រួម​ជា​មួយ​ខ្ញុំ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ណា​មិន​ជួយ​ប្រមូល​ផ្ដុំ​ជា​មួយ​ខ្ញុំ​ទេ អ្នក​នោះ​ជា​អ្នក​កម្ចាត់‌កម្ចាយ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​មនុស្ស​លោក​ប្រព្រឹត្ត​អំពើ​បាប និង​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់ ព្រះអង្គ​នឹង​លើក‌លែង​ទោស​ឲ្យ​បាន​ទាំង​អស់ តែ​បើ​គេ​ប្រមាថ​ព្រះ‌វិញ្ញាណ​វិញ ព្រះអង្គ​នឹង​មិន​លើក‌លែង​ទោស​ឲ្យ​ឡើយ។ បើ​អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​បុត្រ​មនុស្ស* ព្រះ‌ជាម្ចាស់​នឹង​លើក‌លែង​ទោស​ឲ្យ​បាន រីឯ​អ្នក​ដែល​ពោល​ពាក្យ​ទាស់​នឹង​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ទោះ​បី​នៅ​ក្នុង​លោក​នេះ ឬ​នៅ​បរ​លោក​ក្ដី ក៏​ព្រះអង្គ​មិន​លើក‌លែង​ទោស​ឲ្យ​ដែរ»។ «បើ​ដើម​ល្អ ផ្លែ​ក៏​ល្អ តែ​បើ​ដើម​អាក្រក់​វិញ ផ្លែ​វា​ក៏​អាក្រក់​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​តាម​ផ្លែ​របស់​វា។ នែ ពូជ​ពស់​វែក​អើយ! អ្នក​រាល់​គ្នា​និយាយ​សេចក្ដី​ល្អៗ​ដូច​ម្ដេច​បាន បើ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​មនុស្ស​អាក្រក់​ដូច្នេះ! ដ្បិត​មាត់​របស់​មនុស្ស​តែង​ស្រដី​ចេញ​មក​នូវ​សេចក្ដី​ណា ដែល​មាន​ពេញ​ហូរ‌ហៀរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន។ មនុស្ស​ល្អ​តែង​ប្រព្រឹត្ត​ល្អ ព្រោះ​គេ​មាន​សុទ្ធ​តែ​គំនិត​ល្អ​នៅ​ក្នុង​ខ្លួន រីឯ​មនុស្ស​អាក្រក់​វិញ តែង​ប្រព្រឹត្ត​អាក្រក់ ព្រោះ​គេ​មាន​សុទ្ធ​តែ​គំនិត​អាក្រក់​នៅ​ក្នុង​ខ្លួន។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ព្រះអង្គ​នឹង​វិនិច្ឆ័យ​តាម​ពាក្យ​សម្ដី​ឥត​ប្រយោជន៍ ដែល​គេ​បាន​និយាយ ដ្បិត​អ្នក​នឹង​បាន​សុចរិត​ដោយ‌សារ​ពាក្យ​សម្ដី​អ្នក ឬ​មួយ​អ្នក​ត្រូវ​ទទួល​ទោស​ក៏​ដោយ‌សារ​តែ​ពាក្យ​សម្ដី​របស់​អ្នក​ដែរ»។ នៅ​ពេល​នោះ មាន​ពួក​អាចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី*​ខ្លះ ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ សូម​លោក​ធ្វើ​ទី​សម្គាល់​ដ៏​អស្ចារ្យ​មួយ​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ ហើយ​ក្បត់​នឹង​ព្រះ‌ជាម្ចាស់​ផង។ គេ​ចង់​តែ​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ ប៉ុន្តែ ព្រះ‌ជាម្ចាស់​មិន​ប្រទាន​ទី​សម្គាល់​ណា​ផ្សេង ក្រៅ​ពី​ទី​សម្គាល់​របស់​ព្យាការី*​យ៉ូណាស​ឡើយ។ លោក​យ៉ូណាស​ស្ថិត​នៅ​ក្នុង​ពោះ​ត្រី​ធំ​បី​ថ្ងៃ​បី​យប់​យ៉ាង​ណា បុត្រ​មនុស្ស​ក៏​នឹង​ស្ថិត​នៅ​ក្នុង​ដី​បី​ថ្ងៃ​បី​យប់​យ៉ាង​នោះ​ដែរ។ នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម នៅ​ពេល​ដែល​អ្នក​ក្រុង​នីនីវេ​ឮ​សេចក្ដី​លោក​យ៉ូណាស​ប្រកាស គេ​បាន​កែ​ប្រែ​ចិត្ត​គំនិត។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​ជាង​លោក​យ៉ូណាស​ទៅ​ទៀត។ នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក មហា​ក្សត្រិយ៍​ស្រុក​ខាង​ត្បូង​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម ព្រះ‌នាង​បាន​យាង​មក​ពី​តំបន់​ដាច់​ស្រយាល​នៃ​ផែនដី ដើម្បី​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌បាទ​សាឡូម៉ូន ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​ជាង​ព្រះ‌បាទ​សាឡូម៉ូន​ទៅ​ទៀត»។ «កាល​បើ​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស​ណា​ម្នាក់​ហើយ វា​តែង​ស្វែង​រក​ទី​ជម្រក​នៅ​វាល​ហួត‌ហែង តែ​ប្រសិន​បើ​វា​រក​ពុំ​ឃើញ​ទេ វា​មុខ​ជា​និយាយ​ថា“អញ​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ ដែល​អញ​ទើប​ចេញ​មក”។ លុះ​ទៅ​ដល់ ឃើញ​ផ្ទះ​នោះ​នៅ​ទំនេរ បោស​ស្អាត ហើយ​តុប‌តែង​ល្អ វា​នឹង​ចេញ​ទៅ​បបួល​វិញ្ញាណ​អាក្រក់​ប្រាំ‌ពីរ​ទៀត ដែល​សុទ្ធ​តែ​អាក្រក់​ជាង​វា​មក​ចូល​នៅ​ក្នុង​អ្នក​នោះ បណ្ដាល​ឲ្យ​គាត់​រឹង‌រឹត​តែ​អាក្រក់​លើស​ដើម​ទៅ​ទៀត។ រីឯ​មនុស្ស​អាក្រក់​នៅ​ជំនាន់​នេះ ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ»។ ព្រះអង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន​នៅ​ឡើយ ស្រាប់​តែ​មាតា និង​បងប្អូន​របស់​ព្រះអង្គ មក​ឈរ​ចាំ​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​ព្រះអង្គ។ មាន​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «ម្ដាយ​លោក និង​បងប្អូន​លោក​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​លោក»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «តើ​នរណា​ជា​ម្ដាយ​ខ្ញុំ នរណា​ជា​បងប្អូន​ខ្ញុំ?»។ ព្រះអង្គ​លើក​ព្រះ‌ហស្ដ​ចង្អុល​ទៅ​ពួក​សិស្ស* ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​មាតា និង​ជា​បងប្អូន​របស់​ខ្ញុំ ដ្បិត​អ្នក​ណា​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌បិតា​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* អ្នក​នោះ​ហើយ​ជា​បងប្អូន​ប្រុស​ស្រី និង​ជា​ម្ដាយ​របស់​ខ្ញុំ»។

ចែក​រំលែក
អាន ម៉ាថាយ 12

ម៉ាថាយ 12:1-50 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ ព្រះ‌យេស៊ូវ​ទ្រង់​យាង​កាត់​ស្រែ នៅ​ថ្ងៃ​ឈប់​សំរាក ឯ​ពួក​សិស្ស​ទ្រង់​គេ​ឃ្លាន ហើយ​គេ​ចាប់​បូត​គួរ​ស្រូវ​បរិភោគ​ទៅ ពួក​ផារិស៊ី​ក៏​ឃើញ ហើយ​គេ​ទូល​ទ្រង់​ថា មើល​ន៏ សិស្ស​លោក​ធ្វើ​អំពើ ដែល​គ្មាន​ច្បាប់​ធ្វើ នៅ​ថ្ងៃ​ឈប់​សំរាក​ហើយ តែ​ទ្រង់​មាន​បន្ទូល​តប​ថា តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​រឿង ពី​ការ​ដែល​ហ្លួង​ដាវីឌ​ទ្រង់​ធ្វើ ក្នុង​កាល​ដែល​ទ្រង់ នឹង​ពួក​អ្នក​នៅ​ជា​មួយ​បាន​ឃ្លាន​ទេ​ឬ​អី គឺ​ដែល​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ ហើយ​បាន​សោយ​នំបុ័ង​តាំង​ទុក ដែល​គ្មាន​ច្បាប់​ឲ្យ​ទ្រង់​សោយ ឬ​ពួក​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់​ផង ជា​របស់​ទុក​សំរាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ ឬ​អ្នក​រាល់​គ្នា​មិន​បាន​មើល​ក្នុង​ក្រិត្យ‌វិន័យ​ទេ​ឬ​អី​ថា នៅ​ថ្ងៃ​ឈប់​សំរាក នោះ​ពួក​សង្ឃ នៅ​ក្នុង​ព្រះ‌វិហារ ក៏​ប្រព្រឹត្ត​រំលង​ច្បាប់​នៃ​ថ្ងៃ​ឈប់​សំរាក ឥត​មាន​ទោស​វិញ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ទី​នេះ មាន​១​អង្គ ដែល​វិសេស​ជាង​ព្រះ‌វិហារ​ទៅ​ទៀត បើ​អ្នក​រាល់​គ្នា​បាន​យល់​ន័យ​សេចក្ដី​ដែល​ថា «អញ​ចង់​បាន​សេចក្ដី​មេត្តា‌ករុណា មិន​មែន​យញ្ញ‌បូជា​ទេ» នោះ​អ្នក​រាល់​គ្នា​មិន​បាន​បន្ទោស ដល់​ពួក​អ្នក​ដែល​គ្មាន​ទោស​ឡើយ ដ្បិត​កូន​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​ឈប់​សំរាក់​ដែរ។ ទ្រង់​ក៏​យាង​ចេញ​ពី​ទី​នោះ ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ នោះ​ឃើញ​មនុស្ស​ម្នាក់​មាន​ដៃ​ស្វិត ហើយ​គេ​ទូល​សួរ​ទ្រង់​ថា តើ​មាន​ច្បាប់​នឹង​ប្រោស​ឲ្យ​ជា នៅ​ថ្ងៃ​ឈប់​សំរាក​បាន​ឬ​ទេ នេះ​គឺ​ដើម្បី​ឲ្យ​តែ​បាន​រឿង​ចោទ​ប្រកាន់​ទ្រង់​ប៉ុណ្ណោះ តែ​ទ្រង់​ឆ្លើយ​ថា បើ​អ្នក​ណា ក្នុង​ពួក​អ្នក​រាល់​គ្នា មាន​ចៀម​តែ​១ ហើយ​ចៀម​នោះ​ធ្លាក់​ទៅ​ក្នុង​រណ្តៅ នៅ​ថ្ងៃ​ឈប់​សំរាក នោះ​តើ​មិន​ទៅ​ចាប់​ស្រង់​វា​មក​ទេ​ឬ​អី ឯ​មនុស្ស តើ​មាន​ដំឡៃ​លើស​ជាង​ចៀម​អម្បាល‌ម៉ាន​ទៅ​ទៀត ដូច្នេះ មាន​ច្បាប់​ឲ្យ​ធ្វើ​ការ​ល្អ​នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ រួច​ទ្រង់​មាន​បន្ទូល​ទៅ​មនុស្ស​នោះ​ថា ចូរ​លាត​ដៃ​អ្នក​ទៅ គាត់​ក៏​លាត ហើយ​ដៃ​នោះ​បាន​ជា ដូច​ដៃ​ម្ខាង។ កាល​ពួក​ផារិស៊ី​បាន​ចេញ​ទៅ​ក្រៅ គេ​ក៏​ពិគ្រោះ​គ្នា​រក​ហេតុ​នឹង​ធ្វើ​ឲ្យ​ទ្រង់​វិនាស តែ​កាល​ព្រះ‌យេស៊ូវ​បាន​ជ្រាប នោះ​ទ្រង់​យាង​ថយ​ចេញ​ពី​ទី​នោះ មាន​ទាំង​មនុស្ស​កក‌កុញ​ដើរ​តាម​ទ្រង់​ទៅ ហើយ​ទ្រង់​ក៏​ប្រោស​គេ​ឲ្យ​ជា​គ្រប់​គ្នា​ដែរ ទ្រង់​ហាម​ផ្តាច់ មិន​ឲ្យ​គេ​ប្រាប់​ឲ្យ​បណ្តា​មនុស្ស​ស្គាល់​ទ្រង់​ឡើយ ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​អេសាយ បាន​ទាយ​ទុក​មក​ថា «មើល អ្នក​បំរើ​ដែល​អញ​បាន​រើស​តាំង ជា​អ្នក​ស្ងួន‌ភ្ងា ដែល​ជា​ទី​ពេញ​ចិត្ត​អញ អញ​នឹង​ដាក់​វិញ្ញាណ​អញ ឲ្យ​សណ្ឋិត​នៅ​លើ​ទ្រង់ ហើយ​ទ្រង់​នឹង​ថ្លែង​ប្រាប់ ពី​សេចក្ដី​យុត្តិ‌ធម៌ ដល់​សាសន៍​ដទៃ ទ្រង់​នឹង​មិន​តតាំង​នឹង​គេ ឬ​ស្រែក​សំរែក​ឡើយ នឹង​គ្មាន​អ្នក​ណា​ឮ​សំឡេង​ទ្រង់​នៅ​ក្នុង​ផ្លូវ​ទេ ទ្រង់​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់ ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ឡើយ ទាល់​តែ​បាន​នាំ​សេចក្ដី​យុត្តិ‌ធម៌​ឲ្យ​មាន​ជ័យ‌ជំនះ ហើយ​អស់​ទាំង​សាសន៍​ដទៃ នឹង​មាន​សេចក្ដី​សង្ឃឹម ដោយ​នូវ​ឈ្មោះ​ទ្រង់»។ នោះ​គេ​នាំ​មនុស្ស​ម្នាក់​មាន​អារក្ស​ចូល ដែល​ខ្វាក់​ហើយ​គ មក​ឯ​ទ្រង់ ទ្រង់​ក៏​ប្រោស​ឲ្យ​បាន​ជា គឺ​ឲ្យ​មនុស្ស​ខ្វាក់ ហើយ​គ​នោះ បាន​ទាំង​និយាយ ហើយ​មើល​ឃើញ​ផង ឯ​ហ្វូង​មនុស្ស គេ​មាន​សេចក្ដី​អស្ចារ្យ​ទាំង​អស់​គ្នា ក៏​និយាយ​គ្នា​ថា អ្នក​នេះ តើ​មិន​មែន​ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​នោះ​ទេ​ឬ​អី តែ​កាល​ពួក​ផារិស៊ី​បាន​ឮ​ពាក្យ​នោះ គេ​ក៏​ឆ្លើយ​ឡើង​ថា មនុស្ស​នេះ​ដេញ​អារក្ស​បាន ដោយ‌សារ​តែ​បេល‌សេប៊ូល ជា​មេ​អារក្ស​ទេ ប៉ុន្តែ ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​គំនិត​គេ ក៏​មាន​បន្ទូល​ថា អស់​ទាំង​នគរ​ណា​ដែល​បែក​ទាស់​តែ​គ្នា​ឯង នោះ​នឹង​ត្រូវ​វិនាស​ទៅ ហើយ​អស់​ទាំង​ក្រុង​ណា ឬ​ផ្ទះ​ណា​ដែល​បែក​ទាស់​តែ​គ្នា​ឯង នោះ​នឹង​នៅ​ស្ថិត‌ស្ថេរ​ពុំ​បាន​ទេ ដូច្នេះ បើ​អារក្ស​ដេញ​អារក្ស នោះ​មុខ​ជា​វា​បែក​ទាស់​គ្នា​វា​ហើយ យ៉ាង​នោះ ធ្វើ​ដូច​ម្តេច​ឲ្យ​រាជ្យ​វា​ស្ថិត‌ស្ថេរ​នៅ​បាន មួយ​ទៀត បើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​អាង​បេល‌សេប៊ូល​ពិត នោះ​តើ​កូន​របស់​អ្នក​រាល់​គ្នា​ដេញ​អារក្ស ដោយ‌សារ​អ្វី​វិញ ដូច្នេះ វា​នឹង​ធ្វើ​ជា​ចៅ‌ក្រម​ជំនុំ​ជំរះ​អ្នក​រាល់​គ្នា​ហើយ ប៉ុន្តែ បើ​សិន​ជា​ខ្ញុំ​ដេញ​អារក្ស ដោយ‌សារ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​វិញ នោះ​ឈ្មោះ​ថា នគរ​ព្រះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ ឬ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​ណា​ចូល​ទៅ​ក្នុង​ផ្ទះ​នៃ​មនុស្ស​ខ្លាំង​ពូកែ នឹង​ប្លន់​យក​ទ្រព្យ​សម្បត្តិ​របស់​គេ​បាន វៀរ​តែ​ចង​អ្នក​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន នោះ​ទើប​នឹង​ប្លន់​ផ្ទះ​របស់​គេ​បាន អ្នក​ណា​ដែល​មិន​នៅ​ខាង​ខ្ញុំ អ្នក​នោះ​ទាស់​នឹង​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មិន​ប្រមូល​មក​ខាង​ខ្ញុំ អ្នក​នោះ​ជា​អ្នក​កំចាត់‌កំចាយ​វិញ ហេតុ​នេះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អស់​ទាំង​បាប ហើយ​ពាក្យ​ប្រមាថ នឹង​អត់​ទោស​ឲ្យ​មនុស្ស​លោក​បាន តែ​ឯ​ពាក្យ​ប្រមាថ​ដល់​ព្រះ‌វិញ្ញាណ​វិញ នោះ​មិន​ដែល​បាន​អត់​ទោស​ដល់​មនុស្ស​ឡើយ អ្នក​ណា​ដែល​ពោល​ពាក្យ​ទាស់​នឹង​កូន​មនុស្ស នោះ​នឹង​អត់​ទោស​ឲ្យ​បាន តែ​អ្នក​ណា​ដែល​ពោល​ទាស់​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នោះ​នឹង​អត់​ទោស​ឲ្យ​ពុំ​បាន​ឡើយ ទោះ​នៅ​នា​លោកីយ​នេះ ឬ​នៅ​បរលោក​នាយ​ក្តី ត្រូវ​តែ​រាប់​ថា ដើម​ឈើ​ល្អ ផ្លែ​វា​ក៏​ល្អ ឬ​ថា​ដើម​ឈើ​អាក្រក់ ហើយ​ផ្លែ​វា​ក៏​អាក្រក់​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​ដោយ‌សារ​ផ្លែ​វា ពូជ​ពស់‌វែក​អើយ ដែល​អ្នក​រាល់​គ្នា​អាក្រក់​ម៉្លេះ តើ​ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ពោល​សេចក្ដី​ល្អ​បាន ពី​ព្រោះ​មាត់​តែង​និយាយ តាម​សេចក្ដី​បរិបូរ​ដែល​នៅ​ក្នុង​ចិត្ត ធម្មតា​មនុស្ស​ល្អ តែង​បញ្ចេញ​សេចក្ដី​ល្អ អំពី​កំណប់​ដ៏​ល្អ​ដែល​បាន​កប់​ទុក​ក្នុង​ចិត្ត ឯ​មនុស្ស​អាក្រក់​វិញ គេ​ក៏​បញ្ចេញ​សេចក្ដី​អាក្រក់​អំពី​កំណប់​អាក្រក់​របស់​គេ​ដែរ ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ នោះ​មនុស្ស​លោក​នឹង​ត្រូវ​រៀប​រាប់​ប្រាប់ ពី​អស់​ទាំង​ហេតុ​នៃ​ពាក្យ​ឥត​ប្រយោជន៍ ដែល​គេ​បាន​និយាយ ដ្បិត​អ្នក​នឹង​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ពាក្យ​សំដី​របស់​ខ្លួន ឬ​នឹង​ត្រូវ​ទោស ក៏​ដោយ‌សារ​តែ​ពាក្យ​សំដី​នោះ​ដែរ។ គ្រា​នោះ ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី​ខ្លះ គេ​ទូល​ទ្រង់​ថា លោក​គ្រូ យើង​ខ្ញុំ​ចង់​ឃើញ​ទី​សំគាល់​ពី​លោក តែ​ទ្រង់​មាន​បន្ទូល​តប​ថា ដំណ​មនុស្ស​អាក្រក់ ហើយ​កំផិត គេ​ចេះ​តែ​ចង់​ឃើញ​ទី​សំគាល់ តែ​នឹង​គ្មាន​ទី​សំគាល់​ណា​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទី​សំគាល់​របស់​ហោរា​យ៉ូណាស​ឡើយ ដ្បិត​ដែល​លោក​យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រី​ធំ អស់​៣​ថ្ងៃ​៣​យប់​យ៉ាង​ណា កូន​មនុស្ស​ក៏​នឹង​នៅ​ក្នុង​ផ្ទៃ​ផែនដី​៣​ថ្ងៃ​៣​យប់​យ៉ាង​នោះ​ដែរ ឯ​មនុស្ស​នៅ​ក្រុង​នីនីវេ​នឹង​ឈរ​ឡើង​ជា​មួយ​នឹង​មនុស្ស​ដំណ​នេះ ក្នុង​គ្រា​ជំនុំ​ជំរះ ហើយ​នឹង​កាត់​ទោស​ឲ្យ​ផង ដ្បិត​គេ​បាន​ប្រែ​ចិត្ត ដោយ​ឮ​សេចក្ដី​ដែល​លោក​យ៉ូណាស​បាន​ប្រកាស​ប្រាប់ ហើយ​មើល នៅ​ទី​នេះ​មាន​១​អង្គ ដែល​វិសេស​ជាង​លោក​យ៉ូណាស​ទៅ​ទៀត មហា‌ក្សត្រី​នៅ​ស្រុក​ខាង​ត្បូង នឹង​ឈរ​ឡើង​ជា​មួយ​នឹង​មនុស្ស​ដំណ​នេះ ក្នុង​គ្រា​ជំនុំ​ជំរះ ហើយ​នឹង​កាត់​ទោស​ឲ្យ​ផង ដោយ​ព្រះ‌នាង​បាន​យាង​មក​ពី​ចុង​ផែនដី ដើម្បី​នឹង​ស្តាប់​ចំណេះ​របស់​ហ្លួង​សាឡូម៉ូន ហើយ​មើល នៅ​ទី​នេះ​មាន​១​អង្គ​វិសេស​ជា​ហ្លួង​សាឡូម៉ូន​ទៅ​ទៀត កាល​ណា​អារក្ស‌អសោចិ៍​បាន​ចេញ​ពី​មនុស្ស​ទៅ​ហើយ នោះ​វា​ដើរ​ចុះ​ឡើង នៅ​កន្លែង​ហួត‌ហែង ដើម្បី​រក​ទី​ឈប់​សំរាក តែ​រក​មិន​បាន​សោះ នោះ​វា​គិត​ថា អញ​នឹង​ត្រឡប់​ទៅ​ឯ​ផ្ទះ​អញ ដែល​ទើប​នឹង​ចេញ​មក​នោះ រួច​កាល​វា​មក​ដល់ ឃើញ​ផ្ទះ​នៅ​ទំនេរ បោស​ស្អាត ហើយ​តុប‌តែង​យ៉ាង​ល្អ នោះ​វា​ចេញ​ទៅ​នាំ​យក​អារក្ស​៧​ទៀត ដែល​កាចៗ​ជាង​វា មក​ជា​មួយ​ផង ក៏​នាំ​គ្នា​ចូល​ទៅ​នៅ​ទី​នោះ ហើយ​សណ្ឋាន​ក្រោយ​របស់​មនុស្ស​នោះ បាន​អាក្រក់​ជាង​មុន​ទៅ​ទៀត ឯ​មនុស្ស​ដំណ​អាក្រក់​នេះ គេ​នឹង​បាន​ដូច្នោះ​ដែរ។ កាល​ទ្រង់​កំពុង​តែ​មាន​បន្ទូល​នឹង​ហ្វូង​មនុស្ស​នៅ​ឡើយ នោះ​មាតា នឹង​ពួក​ប្អូន​ទ្រង់​ក៏​ឈរ​ពី​ខាង​ក្រៅ​រក​ទូល​នឹង​ទ្រង់ មាន​ម្នាក់​ទូល​ទ្រង់​ថា មើល​ន៏ ម្តាយ នឹង​ប្អូន​លោក ឈរ​នៅ​ខាង​ក្រៅ​ចង់​និយាយ​នឹង​លោក តែ​ទ្រង់​ឆ្លើយ​ទៅ​អ្នក​ដែល​ទូល​នឹង​ទ្រង់​ថា តើ​អ្នក​ណា​ជា​ម្តាយ​ហើយ​ជា​ប្អូន​ខ្ញុំ រួច​ទ្រង់​លាត​ព្រះ‌ហស្ត ចង្អុល​ទៅ​ពួក​សិស្ស ដោយ​បន្ទូល​ថា នុ៎ះ​ន៏ ម្តាយ ហើយ​នឹង​ប្អូន​ខ្ញុំ ដ្បិត​អ្នក​ណា ដែល​ធ្វើ​តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះវរ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌ គឺ​អ្នក​នោះ​ហើយ ជា​ប្អូន​ប្រុស​ស្រី ហើយ​ជា​ម្តាយ​ខ្ញុំ​វិញ។

ចែក​រំលែក
អាន ម៉ាថាយ 12