ម៉ាថាយ 11:20-30
ម៉ាថាយ 11:20-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះអង្គក៏ចាប់ផ្តើមបន្ទោសក្រុងនានា ដែលព្រះអង្គបានធ្វើការអស្ចារ្យជាច្រើន ដោយព្រោះគេមិនបានប្រែចិត្ត។ «វេទនាដល់ឯងហើយ ក្រុងខូរ៉ាស៊ីនអើយ! វេទនាដល់ឯងហើយ ក្រុងបេតសៃដាអើយ! ព្រោះបើការអស្ចារ្យដែលបានធ្វើនៅកណ្ដាលឯង បានធ្វើនៅក្រុងទីរ៉ុស និងក្រុងស៊ីដូនវិញ ម៉្លេះសមគេប្រែចិត្តតាំងពីយូរមកហើយ ទាំងស្លៀកសំពត់ធ្មៃ ហើយបាចផេះទៀតផង ។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ ក្រុងទីរ៉ុស និងក្រុងស៊ីដូន នឹងងាយទ្រាំជាជាងឯងរាល់គ្នាវិញ។ រីឯឯង ក្រុងកាពើណិមអើយ! តើឯងចង់លើកតម្កើងខ្លួនដល់ស្ថានសួគ៌ឬ? ឯងនឹងត្រូវទាញទម្លាក់ដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ ព្រោះបើការអស្ចារ្យដែលបានធ្វើនៅកណ្ដាលឯង បានធ្វើនៅក្រុងសូដុមវិញ ម៉្លេះសមក្រុងនោះនឹងបានគង់វង្សរហូតដល់ថ្ងៃនេះមិនខាន។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ ក្រុងសូដុមនឹងងាយទ្រាំជាជាងឯងវិញ»។ នៅវេលានោះ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឱព្រះវរបិតា ជាអម្ចាស់នៃស្ថានសួគ៌ និងផែនដីអើយ! ទូលបង្គំអរព្រះគុណព្រះអង្គ ដោយព្រោះទ្រង់លាក់សេចក្តីទាំងនេះពីពួកអ្នកប្រាជ្ញ និងពួកអ្នកចេះដឹង តែបានសម្តែងសេចក្ដីទាំងនោះឲ្យពួកកូនក្មេងយល់វិញ។ មែនហើយ ព្រះវរបិតាអើយ! ដ្បិតព្រះអង្គសព្វព្រះហឫទ័យបែបនេះ។ ព្រះវរបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ ហើយគ្មានអ្នកណាស្គាល់ព្រះរាជបុត្រា ក្រៅពីព្រះវរបិតាឡើយ ក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ មានតែព្រះរាជបុត្រា និងអ្នកដែលព្រះរាជបុត្រាសព្វព្រះហឫទ័យនឹងបើកសម្តែងឲ្យស្គាល់ព្រះអង្គប៉ុណ្ណោះ»។ «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។ ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ»។
ម៉ាថាយ 11:20-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ព្រះអង្គចាប់ផ្ដើមស្ដីបន្ទោសអ្នកក្រុងនានាយ៉ាងខ្លាំង ព្រោះគេបានឃើញព្រះអង្គសម្តែងការអស្ចារ្យផ្សេងៗក្នុងក្រុងរបស់គេ តែគេពុំព្រមកែប្រែចិត្តគំនិតសោះ៖ «អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យ ដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំងនោះកែប្រែចិត្តគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះជាមិនខាន។ ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូនទទួលទោសស្រាលជាងអ្នករាល់គ្នា។ អ្នកក្រុងកាពើណិមអើយ! កុំនឹកស្មានថាអ្នកនឹងបានថ្កើងឡើងដល់ស្ថានសួគ៌ឡើយ អ្នកនឹងធ្លាក់ទៅស្ថាននរកវិញ។ ប្រសិនបើអ្នកក្រុងសូដុមបានឃើញការអស្ចារ្យ ដែលកើតមាននៅកណ្ដាលចំណោមអ្នករាល់គ្នា ម៉្លេះសមក្រុងសូដុមនៅស្ថិតស្ថេរគង់វង្ស ដរាបមកទល់សព្វថ្ងៃជាមិនខាន។ ហេតុនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងសូដុមនឹងទទួលទោសស្រាលជាងអ្នករាល់គ្នា»។ នៅពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលឡើងថា៖ «បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ* និងជាអម្ចាស់នៃផែនដី ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះព្រះអង្គបានសម្តែងការទាំងនេះឲ្យមនុស្សតូចតាចយល់ តែព្រះអង្គបានលាក់មិនឲ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។ មែនហើយ! ព្រះអង្គសព្វព្រះហឫទ័យសម្រេចដូច្នេះ។ ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ គ្មានអ្នកណាស្គាល់ព្រះបុត្រា ក្រៅពីព្រះបិតា ហើយក៏គ្មាននរណាស្គាល់ព្រះបិតាក្រៅពីព្រះបុត្រា និងអ្នកដែលព្រះបុត្រាសព្វព្រះហឫទ័យសម្តែងឲ្យស្គាល់នោះដែរ»។ «អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ អ្នករាល់គ្នាមុខជាបានស្ងប់ចិត្តមិនខាន ដ្បិតខ្ញុំស្លូត និងមានចិត្តសុភាព។ នឹមរបស់ខ្ញុំស្រួល ហើយបន្ទុកដែលខ្ញុំដាក់លើអ្នករាល់គ្នាក៏ស្រាលដែរ»។
ម៉ាថាយ 11:20-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះទ្រង់ចាប់តាំងបន្ទោសដល់អស់ទាំងក្រុង ជាកន្លែងដែលទ្រង់បានធ្វើការឫទ្ធិបារមីជាច្រើន ពីព្រោះគេមិនបានប្រែចិត្តសោះ គឺទ្រង់មានបន្ទូលថា វេទនាដល់ឯង ខូរ៉ាស៊ីនអើយ វេទនាដល់ឯង បេតសៃដាអើយ ពីព្រោះឯការឫទ្ធិបារមីដែលបានធ្វើនៅកណ្តាលឯង បើបានធ្វើនៅកណ្តាលក្រុងទីរ៉ុស នឹងស៊ីដូនវិញ នោះគេនឹងបានប្រែចិត្តជាយូរមកហើយ ទាំងស្លៀកសំពត់ធ្មៃ ហើយព្រលាំងដោយផេះផង ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជំរះ ក្រុងទីរ៉ុស នឹងក្រុងស៊ីដូន នឹងទ្រាំបានងាយជាជាងឯងរាល់គ្នា ហើយឯឯង កាពើណិមអើយ ដែលឯងបានដំកើងឡើងស្មើនឹងស្ថានសួគ៌ហើយ ឯងនឹងត្រូវទំលាក់ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ ពីព្រោះឯការឫទ្ធិបារមី ដែលបានធ្វើនៅកណ្តាលឯង បើបានធ្វើនៅក្រុងសូដុំមវិញ នោះក្រុងគេនឹងបានស្ថិតស្ថេរនៅដរាបដល់សព្វថ្ងៃនេះ ដូច្នេះ ខ្ញុំប្រាប់ដល់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជំរះ នោះក្រុងសូដុំមនឹងទ្រាំបានងាយជាជាងឯង។ នៅវេលានោះ ព្រះយេស៊ូវ ទ្រង់មានបន្ទូលថា ឱព្រះវបិតា ជាព្រះអម្ចាស់នៃស្ថានសួគ៌ នឹងផែនដីអើយ ទូលបង្គំសរសើរដល់ទ្រង់ ដោយព្រោះទ្រង់លាក់សេចក្ដីទាំងនេះនឹងពួកអ្នកប្រាជ្ញ ហើយនឹងពួកឈ្លាសវៃ តែបានសំដែងឲ្យពួកកូនក្មេងយល់វិញ ហ្នឹងហើយ ព្រះវរបិតាអើយ ដ្បិតទ្រង់បានសព្វព្រះហឫទ័យយ៉ាងដូច្នោះ គ្រប់សេចក្ដីទាំងអស់បានប្រគល់មកខ្ញុំពីព្រះវរបិតានៃខ្ញុំ ហើយគ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេ មានតែព្រះវរបិតាតែ១ ក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ មានតែព្រះរាជបុត្រា ហើយនឹងអ្នកណា ដែលព្រះរាជបុត្រាសព្វព្រះហឫទ័យចង់បើកឲ្យស្គាល់ទ្រង់ផងប៉ុណ្ណោះ។ អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសំរាកដល់ព្រលឹង ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល។