ម៉ាថាយ 11:16-24

ម៉ាថាយ 11:16-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ តើ​ឲ្យ​ខ្ញុំ​ប្រៀប​ធៀប​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​អ្វី? មនុស្ស​ជំនាន់​នេះ​ប្រៀប​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​តាម​ទី​ផ្សារ ហើយ​ស្រែក​ដាក់​គ្នា​ថា "យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង តែ​ឯង​មិន​ព្រម​រាំ​ទេ យើង​បាន​ទ្រហោ​យំ ក៏​ឯង​មិន​បាន​កាន់​ទុក្ខ​ដែរ"។ ដ្បិត​លោក​យ៉ូហាន-បាទីស្ទ​បាន​មក មិន​បរិ‌ភោគ ក៏​មិន​ផឹក តែ​គេ​ថា "លោក​មាន​អារក្ស​ចូល" ឯ​កូន​មនុស្ស បាន​មក​ទាំង​បរិ‌ភោគ ទាំង​ផឹក តែ​គេ​ថា "មើល​ចុះ! អ្នក​នេះ​ជា​មនុស្ស​ល្មោភ​ស៊ី ហើយ​ជា​មនុស្ស​ប្រមឹក ជា​សម្លាញ់​របស់​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប!" ប៉ុន្តែ ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​ខ្លួន​បង្កើត»។ បន្ទាប់​មក ព្រះ‌អង្គ​ក៏​ចាប់​ផ្តើម​បន្ទោស​ក្រុង​នានា ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន ដោយ​ព្រោះ​គេ​មិន​បាន​ប្រែ​ចិត្ត។ «វេទនា​ដល់​ឯង​ហើយ ក្រុង​ខូរ៉ាស៊ីន​អើយ! វេទនា​ដល់​ឯង​ហើយ ក្រុង​បេតសៃដា​អើយ! ព្រោះ​បើ​ការ​អស្ចារ្យ​ដែល​បាន​ធ្វើ​នៅ​កណ្ដាល​ឯង បាន​ធ្វើ​នៅ​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន​វិញ ម៉្លេះ​សម​គេ​ប្រែ​ចិត្ត​តាំង​ពី​យូរ​មក​ហើយ ទាំង​ស្លៀក​សំពត់​ធ្មៃ ហើយ​បាច​ផេះ​ទៀត​ផង ។ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ‌ជម្រះ ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន នឹង​ងាយ​ទ្រាំ​ជា​ជាង​ឯង​រាល់​គ្នា​វិញ។ រីឯ​ឯង ក្រុង​កាពើណិម​អើយ! តើ​ឯង​ចង់​លើក​តម្កើង​ខ្លួន​ដល់​ស្ថាន‌សួគ៌​ឬ? ឯង​នឹង​ត្រូវ​ទាញ​ទម្លាក់​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ ព្រោះ​បើ​ការ​អស្ចារ្យ​ដែល​បាន​ធ្វើ​នៅ​កណ្ដាល​ឯង បាន​ធ្វើ​នៅ​ក្រុង​សូដុម​វិញ ម៉្លេះ​សម​ក្រុង​នោះ​នឹង​បាន​គង់‌វង្ស​រហូត​ដល់​ថ្ងៃ​នេះ​មិន​ខាន។ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ‌ជម្រះ ក្រុង​សូដុម​នឹង​ងាយ​ទ្រាំ​ជា​ជាង​ឯង​វិញ»។

ចែក​រំលែក
អាន ម៉ាថាយ 11

ម៉ាថាយ 11:16-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

តើ​ខ្ញុំ​អាច​ប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​ជន​ប្រភេទ​ណា? អ្នក​ទាំង​នោះ​ប្រៀប​បាន​ទៅ​នឹង​កូន​ក្មេង​ដែល​អង្គុយ​លេង​នៅ​តាម​ផ្សារ ហើយ​ស្ដី​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ថា: “យើង​បាន​ផ្លុំ​ខ្លុយ តែ​ពួក​ឯង​ពុំ​ព្រម​រាំ​ទេ យើង​បាន​ស្មូត្រ​បទ​ទំនួញ ក៏​ពួក​ឯង​ពុំ​ព្រម​គក់​ទ្រូង​យំ​ដែរ”។ យ៉ាង​ណា‌មិញ លោក​យ៉ូហាន​បាន​មក លោក​តម​អាហារ តម​សុរា តែ​គេ​ថា​លោក​មាន​អារក្ស​ចូល រីឯ​បុត្រ​មនុស្ស*​ក៏​បាន​មក​ដែរ លោក​បរិភោគ​អាហារ និង​ពិសា​សុរា តែ​គេ​ថា “មើល​ចុះ! អ្នក​នេះ​គិត​តែ​ពី​ស៊ី​ផឹក ហើយ​សេព‌គប់​ជា​មួយ​ពួក​ទារ​ពន្ធ* និង​មនុស្ស​បាប”។ ប៉ុន្តែ មនុស្ស​លោក​ទទួល​ស្គាល់​ថា ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌ជាម្ចាស់​ពិត​ជា​ល្អ​ត្រឹម​ត្រូវ​មែន ដោយ​គេ​បាន​ឃើញ​កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ»។ ពេល​នោះ ព្រះអង្គ​ចាប់​ផ្ដើម​ស្ដី​បន្ទោស​អ្នក​ក្រុង​នានា​យ៉ាង​ខ្លាំង ព្រោះ​គេ​បាន​ឃើញ​ព្រះអង្គ​សម្តែង​ការ​អស្ចារ្យ​ផ្សេងៗ​ក្នុង​ក្រុង​របស់​គេ តែ​គេ​ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​សោះ៖ «អ្នក​ក្រុង​ខូរ៉ា‌ស៊ីន​អើយ! អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន។ អ្នក​ក្រុង​បេតសៃ‌ដា​អើយ! អ្នក​ក៏​ត្រូវ​វេទនា​ដែរ។ ប្រសិន​បើ​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន​បាន​ឃើញ​ការ​អស្ចារ្យ ដូច​អ្នក​រាល់​គ្នា​ឃើញ​នៅ​ទី​នេះ ម៉្លេះ​សម​អ្នក​ក្រុង​ទាំង​នោះ​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ស្លៀក​បាវ​អង្គុយ​ក្នុង​ផេះជា​មិន​ខាន។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា។ អ្នក​ក្រុង​កាពើ‌ណិម​អើយ! កុំ​នឹក​ស្មាន​ថា​អ្នក​នឹង​បាន​ថ្កើង​ឡើង​ដល់​ស្ថាន​សួគ៌​ឡើយ អ្នក​នឹង​ធ្លាក់​ទៅ​ស្ថាន​នរក​វិញ។ ប្រសិន​បើ​អ្នក​ក្រុង​សូដុម​បាន​ឃើញ​ការ​អស្ចារ្យ ដែល​កើត​មាន​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ម៉្លេះ​សម​ក្រុង​សូដុម​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស ដរាប​មក​ទល់​សព្វ​ថ្ងៃ​ជា​មិន​ខាន។ ហេតុ​នេះ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​សូដុម​នឹង​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា»។

ចែក​រំលែក
អាន ម៉ាថាយ 11

ម៉ាថាយ 11:16-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធៀប​ដំណ​មនុស្ស​នេះ​ជា​អ្វី គឺ​ធៀប​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​ទី​ផ្សារ ដែល​ស្រែក​ទៅ​គ្នា​វា​ថា យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង តែ​ឯង​មិន​បាន​រាំ យើង​បាន​ទួញ​ទំនួញ​ឲ្យ​ឯង តែ​ឯង​មិន​បាន​យំ​ទេ ដ្បិត​យ៉ូហាន​បាន​មក​មិន​ស៊ី​មិន​ផឹក​សោះ តែ​គេ​ថា គាត់​មាន​អារក្ស​ចូល ឯ​កូន​មនុស្ស បាន​មក​ទាំង​ស៊ី​ទាំង​ផឹក​ផង គង់​តែ​គេ​ថា មើល នេះ​ជា​អ្នក​ល្មោភ​ស៊ី​ផឹក​ច្រើន ជា​មិត្រ​សំឡាញ់​របស់​ពួក​យក​ពន្ធ នឹង​មនុស្ស​មាន​បាប ប៉ុន្តែ​ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​បង្កើត។ នោះ​ទ្រង់​ចាប់​តាំង​បន្ទោស​ដល់​អស់​ទាំង​ក្រុង ជា​កន្លែង​ដែល​ទ្រង់​បាន​ធ្វើ​ការ​ឫទ្ធិ‌បារមី​ជា​ច្រើន ពី​ព្រោះ​គេ​មិន​បាន​ប្រែ​ចិត្ត​សោះ គឺ​ទ្រង់​មាន​បន្ទូល​ថា វេទនា​ដល់​ឯង ខូរ៉ាស៊ីន​អើយ វេទនា​ដល់​ឯង បេតសៃដា​អើយ ពី​ព្រោះ​ឯ​ការ​ឫទ្ធិ‌បារមី​ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​កណ្តាល​ក្រុង​ទីរ៉ុស នឹង​ស៊ីដូន​វិញ នោះ​គេ​នឹង​បាន​ប្រែ​ចិត្ត​ជា​យូរ​មក​ហើយ ទាំង​ស្លៀក​សំពត់​ធ្មៃ ហើយ​ព្រលាំង​ដោយ​ផេះ​ផង ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ ក្រុង​ទីរ៉ុស នឹង​ក្រុង​ស៊ីដូន នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ឯង​រាល់​គ្នា ហើយ​ឯ​ឯង កាពើ‌ណិម​អើយ ដែល​ឯង​បាន​ដំកើង​ឡើង​ស្មើ​នឹង​ស្ថាន‌សួគ៌​ហើយ ឯង​នឹង​ត្រូវ​ទំលាក់​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ ពី​ព្រោះ​ឯ​ការ​ឫទ្ធិ‌បារមី ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​ក្រុង​សូដុំម​វិញ នោះ​ក្រុង​គេ​នឹង​បាន​ស្ថិត‌ស្ថេរ​នៅ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ដូច្នេះ ខ្ញុំ​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ នោះ​ក្រុង​សូដុំម​នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ឯង។

ចែក​រំលែក
អាន ម៉ាថាយ 11