ម៉ាថាយ 11:1-30

ម៉ាថាយ 11:1-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌យេស៊ូវ​បាន​ណែ​នាំ​សិស្ស​ទាំង​ដប់​ពីរ​ចប់​ហើយ ទ្រង់​ក៏​យាង​ចេញ​ពី​ទី​នោះ ទៅ​បង្រៀន និង​ប្រកាស​ប្រាប់​ប្រជា‌ជន​នៅ​តាម​ក្រុង​នានា​របស់​គេ។ ពេល​លោក​យ៉ូហាន​នៅ​ក្នុង​គុក​បាន​ឮ​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌គ្រីស្ទ​បាន​ធ្វើ លោក​ក៏​ចាត់​សិស្ស​របស់​លោក​ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ទ្រង់​ជា​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក ឬ​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​មួយ​អង្គ​ទៀត?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ចូរ​ទៅ​ប្រាប់​លោក​យ៉ូហាន​ពី​អ្វី​ដែល​អ្នក​ស្តាប់​ឮ និង​មើល​ឃើញ​ចុះ មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​ជា​ស្អាត មនុស្ស​ថ្លង់​ស្តាប់​ឮ មនុស្ស​ស្លាប់​រស់​ឡើង​វិញ ហើយ​មាន​គេ​នាំ​ដំណឹង​ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ ។ មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​រវាត​ចិត្ត​នឹង​ខ្ញុំ»។ ពេល​ពួក​សិស្ស​ទាំង​នោះ​ចេញ​ផុត​ទៅ ព្រះ‌យេស៊ូវ​ក៏​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី​នៅ​ទី​រហោ‌ស្ថាន? ទៅ​មើល​ដើម​ត្រែង​រញ្ជួយ​ដោយ​ខ្យល់​ឬ? តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី? ទៅ​មើល​មនុស្ស​ស្លៀក​ពាក់​រុង‌រឿង​ឬ? មើល៍! អស់​អ្នក​ដែល​ស្លៀក​ពាក់​រុង‌រឿង​គេ​នៅ​ក្នុង​ដំណាក់​ស្តេច​ទេ។ ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី? ទៅ​មើល​ហោរា​ឬ? មែន​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា លោក​លើស​ជាង​ហោរា​ទៅ​ទៀត។ លោក​នេះ​ហើយ​ដែល​មាន​សេចក្តី​ចែង​ទុក​ពី​លោក​ថា "មើល៍! យើង​ចាត់​ទូត​របស់​យើង​ឲ្យ​ទៅ​មុន​អ្នក អ្នក​នោះ​នឹង​ទៅ​មុន​អ្នក ដើម្បី​រៀបចំ​ផ្លូវ​របស់​អ្នក" ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ចំណោម​អស់​អ្នក​ដែល​កើត​ពី​ស្ត្រី គ្មាន​អ្នក​ណា​ធំ​ជាង​លោក​យ៉ូហាន-បាទីស្ទ​ឡើយ ប៉ុន្តែ អ្នក​ដែល​តូច​ជាង​គេ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌ អ្នក​នោះ​ធំ​ជាង​លោក​ទៅ​ទៀត។ តាំង​ពី​គ្រា​របស់​លោក​យ៉ូហាន-បាទីស្ទ រហូត​មក​ទល់​ពេល​នេះ ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​បាន​ទទួល​រង​អំពើ​ឃោរ‌ឃៅ ហើយ​មនុស្ស​ឃោរ‌ឃៅ​ចាប់​យក​បាន​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ដោយ​កម្លាំង ដ្បិត​អស់​ទាំង​គម្ពីរ​ហោរា និង​គម្ពីរ​ក្រឹត្យ‌វិន័យ​សុទ្ធ​តែ​បាន​ថ្លែង​ទុក រហូត​មក​ដល់​គ្រា​របស់​លោក​យ៉ូហាន ហើយ​បើ​អ្នក​រាល់​គ្នា​ព្រម​ទទួល​សេចក្ដី​នេះ នោះ​គឺ​លោក​យ៉ូហាន​ហ្នឹង​ហើយ ជា​អេលីយ៉ា​ដែល​ត្រូវ​មក។ អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ! ប៉ុន្តែ តើ​ឲ្យ​ខ្ញុំ​ប្រៀប​ធៀប​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​អ្វី? មនុស្ស​ជំនាន់​នេះ​ប្រៀប​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​តាម​ទី​ផ្សារ ហើយ​ស្រែក​ដាក់​គ្នា​ថា "យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង តែ​ឯង​មិន​ព្រម​រាំ​ទេ យើង​បាន​ទ្រហោ​យំ ក៏​ឯង​មិន​បាន​កាន់​ទុក្ខ​ដែរ"។ ដ្បិត​លោក​យ៉ូហាន-បាទីស្ទ​បាន​មក មិន​បរិ‌ភោគ ក៏​មិន​ផឹក តែ​គេ​ថា "លោក​មាន​អារក្ស​ចូល" ឯ​កូន​មនុស្ស បាន​មក​ទាំង​បរិ‌ភោគ ទាំង​ផឹក តែ​គេ​ថា "មើល​ចុះ! អ្នក​នេះ​ជា​មនុស្ស​ល្មោភ​ស៊ី ហើយ​ជា​មនុស្ស​ប្រមឹក ជា​សម្លាញ់​របស់​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប!" ប៉ុន្តែ ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​ខ្លួន​បង្កើត»។ បន្ទាប់​មក ព្រះ‌អង្គ​ក៏​ចាប់​ផ្តើម​បន្ទោស​ក្រុង​នានា ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន ដោយ​ព្រោះ​គេ​មិន​បាន​ប្រែ​ចិត្ត។ «វេទនា​ដល់​ឯង​ហើយ ក្រុង​ខូរ៉ាស៊ីន​អើយ! វេទនា​ដល់​ឯង​ហើយ ក្រុង​បេតសៃដា​អើយ! ព្រោះ​បើ​ការ​អស្ចារ្យ​ដែល​បាន​ធ្វើ​នៅ​កណ្ដាល​ឯង បាន​ធ្វើ​នៅ​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន​វិញ ម៉្លេះ​សម​គេ​ប្រែ​ចិត្ត​តាំង​ពី​យូរ​មក​ហើយ ទាំង​ស្លៀក​សំពត់​ធ្មៃ ហើយ​បាច​ផេះ​ទៀត​ផង ។ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ‌ជម្រះ ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន នឹង​ងាយ​ទ្រាំ​ជា​ជាង​ឯង​រាល់​គ្នា​វិញ។ រីឯ​ឯង ក្រុង​កាពើណិម​អើយ! តើ​ឯង​ចង់​លើក​តម្កើង​ខ្លួន​ដល់​ស្ថាន‌សួគ៌​ឬ? ឯង​នឹង​ត្រូវ​ទាញ​ទម្លាក់​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ ព្រោះ​បើ​ការ​អស្ចារ្យ​ដែល​បាន​ធ្វើ​នៅ​កណ្ដាល​ឯង បាន​ធ្វើ​នៅ​ក្រុង​សូដុម​វិញ ម៉្លេះ​សម​ក្រុង​នោះ​នឹង​បាន​គង់‌វង្ស​រហូត​ដល់​ថ្ងៃ​នេះ​មិន​ខាន។ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ‌ជម្រះ ក្រុង​សូដុម​នឹង​ងាយ​ទ្រាំ​ជា​ជាង​ឯង​វិញ»។ នៅ​វេលា​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ព្រះ‌វរបិតា ជា​អម្ចាស់​នៃ​ស្ថាន‌សួគ៌ និង​ផែនដី​អើយ! ទូល‌បង្គំ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ដោយ​ព្រោះ​ទ្រង់​លាក់​សេចក្តី​ទាំង​នេះ​ពី​ពួក​អ្នក​ប្រាជ្ញ និង​ពួក​អ្នក​ចេះ​ដឹង តែ​បាន​សម្តែង​សេចក្ដី​ទាំង​នោះ​ឲ្យ​ពួក​កូន​ក្មេង​យល់​វិញ។ មែន​ហើយ ព្រះ‌វរបិតា​អើយ! ដ្បិត​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​បែប​នេះ។ ព្រះ‌វរបិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ ហើយ​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌រាជ​បុត្រា ក្រៅ​ពី​ព្រះ‌វរបិតា​ឡើយ ក៏​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌វរបិតា​ដែរ មាន​តែ​ព្រះ‌រាជ​បុត្រា និង​អ្នក​ដែល​ព្រះ‌រាជ​បុត្រា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​បើក​សម្តែង​ឲ្យ​ស្គាល់​ព្រះ‌អង្គ​ប៉ុណ្ណោះ»។ «អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ! ចូរ​មក​រក​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក។ ចូរ​យក​នឹម របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សម្រាក​ដល់​ព្រលឹង ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព។ ដ្បិត​នឹម​របស់​ខ្ញុំ​ងាយ ហើយ​បន្ទុក​របស់​ខ្ញុំ​ក៏​ស្រាល​ដែរ»។

ចែក​រំលែក
អាន ម៉ាថាយ 11

ម៉ាថាយ 11:1-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ផ្ដែ‌ផ្ដាំ​សិស្ស*​ទាំង​ដប់‌ពីរ​រូប​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​យាង​ចាក​ចេញ​ពី​ទី​នោះ​ទៅ​បង្រៀន និង​ប្រកាស​ដំណឹង‌ល្អ*​ដល់​ប្រជា‌ជន នៅ​តាម​ភូមិ​នានា។ ពេល​នោះ លោក​យ៉ូហាន​ជាប់​ក្នុង​មន្ទីរ​ឃុំ‌ឃាំង ហើយ​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌គ្រិស្ត*​បាន​ធ្វើ។ លោក​ក៏​ចាត់​សិស្ស​ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «តើ​លោក​ជា​ព្រះ‌គ្រិស្ត​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​ម្នាក់​ផ្សេង​ទៀត?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស​ទាំង​នោះ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ជម្រាប​លោក​យ៉ូហាន​នូវ​ហេតុ‌ការណ៍ ដែល​អ្នក​រាល់​គ្នា​បាន​ឮ និង​បាន​ឃើញ​នេះ​ទៅ គឺ​មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​ជា​ស្អាត​បរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់​ឮ មនុស្ស​ស្លាប់​រស់​ឡើង​វិញ ហើយ​មាន​គេ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ។ អ្នក​ណា​មិន​រវាត​ចិត្ត​ចេញ​ពី​ជំនឿ​ដោយ‌សារ​ខ្ញុំ អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!»។ ពេល​ពួក​សិស្ស​របស់​លោក​យ៉ូហាន​ចេញ​ផុត​ទៅ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​មហា‌ជន​អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​ទៅ​វាល​រហោ‌ស្ថាន​រក​មើល​អ្វី? រក​មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​នោះ​ឬ? តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​មនុស្ស​ស្លៀក​ពាក់​ល្អ​រុងរឿង​ឬ? តាម​ធម្មតា អស់​អ្នក​ដែល​ស្លៀក​ពាក់​ល្អ​រុងរឿង គេ​រស់​នៅ​ក្នុង​ដំណាក់​ស្ដេច​ឯ‌ណោះ!។ បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​ព្យាការី*​ម្នាក់​ឬ? ត្រូវ​ហើយ! ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា លោក​នោះ​ប្រសើរ​ជាង​ព្យាការី​ទៅ​ទៀត ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​អំពី​លោក​យ៉ូហាន​ថា “យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​ព្រះអង្គ ដើម្បី​រៀបចំ​ផ្លូវ​របស់​ព្រះអង្គ” ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បណ្ដា​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​នេះ គ្មាន​នរណា​មាន​ឋានៈ​ធំ​ជាង​លោក​យ៉ូហាន‌បាទីស្ដ​ឡើយ។ ប៉ុន្តែ អ្នក​ណា​តូច​ជាង​គេ​នៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* អ្នក​នោះ​ប្រសើរ​លើស​លោក​យ៉ូហាន​ទៅ​ទៀត។ តាំង​ពី​ជំនាន់​លោក​យ៉ូហាន‌បាទីស្ដ​មក​ទល់​សព្វ​ថ្ងៃ ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​បាន​រង​នូវ​អំពើ​ឃោរ‌ឃៅ ហើយ​មនុស្ស​ឃោរ‌ឃៅ​បាន​នាំ​គ្នា​ប្រើ​កម្លាំង​ដណ្ដើម​យក​ព្រះ‌រាជ្យ​នេះ​ផង។ តាំង​ពី​ដើម​រហូត​មក​ដល់​ជំនាន់​លោក​យ៉ូហាន ព្យាការី​ទាំង​អស់​បាន​ថ្លែង​ទុក​អំពី​ព្រះ‌រាជ្យ​នេះ ហើយ​ក្នុង​ក្រឹត្យ‌វិន័យ*​ក៏​មាន​ចែង​ទុក​ដែរ។ ជឿ​ខ្ញុំ​ចុះ លោក​យ៉ូហាន​ហ្នឹង​ហើយ​ជា​ព្យាការី​អេលីយ៉ា​ដែល​ត្រូវ​មក។ អ្នក​ណា​ឮ​ពាក្យ​នេះ សុំ​យក​ទៅ​ពិចារណា​ទៅ! តើ​ខ្ញុំ​អាច​ប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​ជន​ប្រភេទ​ណា? អ្នក​ទាំង​នោះ​ប្រៀប​បាន​ទៅ​នឹង​កូន​ក្មេង​ដែល​អង្គុយ​លេង​នៅ​តាម​ផ្សារ ហើយ​ស្ដី​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ថា: “យើង​បាន​ផ្លុំ​ខ្លុយ តែ​ពួក​ឯង​ពុំ​ព្រម​រាំ​ទេ យើង​បាន​ស្មូត្រ​បទ​ទំនួញ ក៏​ពួក​ឯង​ពុំ​ព្រម​គក់​ទ្រូង​យំ​ដែរ”។ យ៉ាង​ណា‌មិញ លោក​យ៉ូហាន​បាន​មក លោក​តម​អាហារ តម​សុរា តែ​គេ​ថា​លោក​មាន​អារក្ស​ចូល រីឯ​បុត្រ​មនុស្ស*​ក៏​បាន​មក​ដែរ លោក​បរិភោគ​អាហារ និង​ពិសា​សុរា តែ​គេ​ថា “មើល​ចុះ! អ្នក​នេះ​គិត​តែ​ពី​ស៊ី​ផឹក ហើយ​សេព‌គប់​ជា​មួយ​ពួក​ទារ​ពន្ធ* និង​មនុស្ស​បាប”។ ប៉ុន្តែ មនុស្ស​លោក​ទទួល​ស្គាល់​ថា ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌ជាម្ចាស់​ពិត​ជា​ល្អ​ត្រឹម​ត្រូវ​មែន ដោយ​គេ​បាន​ឃើញ​កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ»។ ពេល​នោះ ព្រះអង្គ​ចាប់​ផ្ដើម​ស្ដី​បន្ទោស​អ្នក​ក្រុង​នានា​យ៉ាង​ខ្លាំង ព្រោះ​គេ​បាន​ឃើញ​ព្រះអង្គ​សម្តែង​ការ​អស្ចារ្យ​ផ្សេងៗ​ក្នុង​ក្រុង​របស់​គេ តែ​គេ​ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​សោះ៖ «អ្នក​ក្រុង​ខូរ៉ា‌ស៊ីន​អើយ! អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន។ អ្នក​ក្រុង​បេតសៃ‌ដា​អើយ! អ្នក​ក៏​ត្រូវ​វេទនា​ដែរ។ ប្រសិន​បើ​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន​បាន​ឃើញ​ការ​អស្ចារ្យ ដូច​អ្នក​រាល់​គ្នា​ឃើញ​នៅ​ទី​នេះ ម៉្លេះ​សម​អ្នក​ក្រុង​ទាំង​នោះ​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ស្លៀក​បាវ​អង្គុយ​ក្នុង​ផេះជា​មិន​ខាន។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា។ អ្នក​ក្រុង​កាពើ‌ណិម​អើយ! កុំ​នឹក​ស្មាន​ថា​អ្នក​នឹង​បាន​ថ្កើង​ឡើង​ដល់​ស្ថាន​សួគ៌​ឡើយ អ្នក​នឹង​ធ្លាក់​ទៅ​ស្ថាន​នរក​វិញ។ ប្រសិន​បើ​អ្នក​ក្រុង​សូដុម​បាន​ឃើញ​ការ​អស្ចារ្យ ដែល​កើត​មាន​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ម៉្លេះ​សម​ក្រុង​សូដុម​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស ដរាប​មក​ទល់​សព្វ​ថ្ងៃ​ជា​មិន​ខាន។ ហេតុ​នេះ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​សូដុម​នឹង​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា»។ នៅ​ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឡើង​ថា៖ «បពិត្រ​ព្រះ‌បិតា​ជា​អម្ចាស់​នៃ​ស្ថាន​បរម‌សុខ* និង​ជា​អម្ចាស់​នៃ​ផែនដី ទូលបង្គំ​សូម​សរ‌សើរ​តម្កើង​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​សម្តែង​ការ​ទាំង​នេះ​ឲ្យ​មនុស្ស​តូច‌តាច​យល់ តែ​ព្រះអង្គ​បាន​លាក់​មិន​ឲ្យ​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង​យល់​ទេ។ មែន​ហើយ! ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​សម្រេច​ដូច្នេះ។ ព្រះ‌បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌បុត្រា ក្រៅ​ពី​ព្រះ‌បិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះ‌បិតា​ក្រៅ​ពី​ព្រះ‌បុត្រា និង​អ្នក​ដែល​ព្រះ‌បុត្រា​សព្វ​ព្រះ‌ហឫទ័យ​សម្តែង​ឲ្យ​ស្គាល់​នោះ​ដែរ»។ «អស់​អ្នក​ដែល​នឿយ‌ហត់ និង​មាន​បន្ទុក​ធ្ងន់​អើយ! ចូរ​មក​រក​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក។ ចូរ​យក​នឹម​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ស្ងប់​ចិត្ត​មិន​ខាន ដ្បិត​ខ្ញុំ​ស្លូត និង​មាន​ចិត្ត​សុភាព។ នឹម​របស់​ខ្ញុំ​ស្រួល ហើយ​បន្ទុក​ដែល​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា​ក៏​ស្រាល​ដែរ»។

ចែក​រំលែក
អាន ម៉ាថាយ 11

ម៉ាថាយ 11:1-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ព្រះ‌យេស៊ូវ​បាន​ផ្តាំ​ពួក​សិស្ស​ទាំង​១២​នាក់​រួច​ហើយ នោះ​ទ្រង់​ក៏​យាង​ចេញ​ពី​ទី​នោះ ដើម្បី​នឹង​ទៅ​បង្រៀន ហើយ​សំដែង​ក្នុង​អស់​ទាំង​ក្រុង​របស់​គេ។ រីឯ​យ៉ូហាន​ដែល​ជាប់​នៅ​ក្នុង​គុក គាត់​បាន​ឮ​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌គ្រីស្ទ​ទ្រង់​ធ្វើ ហើយ​ក៏​ចាត់​សិស្ស​គាត់​២​នាក់ ឲ្យ​ទៅ​ទូល​សួរ​ទ្រង់​ថា តើ​ទ្រង់​ជា​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក​នោះ ឬ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ចាំ​១​អង្គ​ទៅ​ទៀត ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​តប​ថា ចូរ​ទៅ​ប្រាប់​យ៉ូហាន​ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​អ្នក​កំពុង​តែ​ឮ ហើយ​ឃើញ​ចុះ គឺ​ថា​មនុស្ស​ខ្វាក់​បាន​ភ្លឺ មនុស្ស​ខ្វិន​បាន​ដើរ​រួច មនុស្ស​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​បាន​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​មនុស្ស​ទាល់​ក្រ​បាន​ឮ​ដំណឹង​ល្អ​ផង មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ។ កំពុង​ដែល​អ្នក​ទាំង​២​នោះ​ចេញ​ទៅ​ហើយ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ផ្តើម​មាន​បន្ទូល​នឹង​ហ្វូង​មនុស្ស ពី​យ៉ូហាន​ថា តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី​នៅ​ទី​រហោ‌ស្ថាន បាន​ទៅ​មើល​ដើម​ត្រែង​រញ្ជួយ​ដោយ​ខ្យល់​ឬ​អី តើ​បាន​ទៅ​មើល​អ្វី បាន​ទៅ​មើល​មនុស្ស​ពាក់​អាវ​ទន់‌ភ្លន់​ឬ​អី មើល អស់​អ្នក​ដែល​ពាក់​អាវ​ទន់‌ភ្លន់ នោះ​សុទ្ធ​តែ​នៅ​ក្នុង​ដំណាក់​ស្តេច​ទេ ចុះ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី មើល​ហោរា​ឬ​អី មែន​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គាត់​ក៏​លើស​ជាង​ហោរា​ផង ដ្បិត​គឺ​ពី​អ្នក​នេះ​ហើយ ដែល​មាន​សេចក្ដី​ចែង​ទុក​មក​ថា «មើល អញ​ចាត់​ទូត​អញ ឲ្យ​ទៅ​មុន​ឯង ទូត​នោះ​នឹង​រៀបចំ​ផ្លូវ​នៅ​មុខ​ឯង» ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​បណ្តា​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក នោះ​គ្មាន​អ្នក​ណា​បាន​ធំ​ជាង​យ៉ូហាន-បាទីស្ទ​ទេ ប៉ុន្តែ​អ្នក​ណា​ដែល​តូច​ជាង​គេ​ក្នុង​នគរ​ស្ថាន‌សួគ៌ នោះ​ធំ​ជាង​គាត់​ហើយ តាំង​តែ​ពី​គ្រា​យ៉ូហាន-បាទីស្ទ ដរាប​ដល់​គ្រា​ឥឡូវ​នេះ នោះ​មាន​គេ​ខំ​ប្រឹង​ចាប់​បាន​នគរ​ស្ថាន‌សួគ៌ ហើយ​គឺ​ជា​ពួក​ខំ​ប្រឹង​ពិត​ដែល​ចាប់​បាន​ផង ពី​ព្រោះ​អស់​ទាំង​ហោរា នឹង​ក្រិត្យ‌វិន័យ​បាន​ទាយ ដរាប​មក​ដល់​គ្រា​លោក​យ៉ូហាន ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ព្រម​ទទួល​ពាក្យ​នេះ នោះ​គឺ​លោក​នេះ​ហើយ ជា​លោក​អេលីយ៉ា​ដែល​ត្រូវ​មក អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធៀប​ដំណ​មនុស្ស​នេះ​ជា​អ្វី គឺ​ធៀប​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​ទី​ផ្សារ ដែល​ស្រែក​ទៅ​គ្នា​វា​ថា យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង តែ​ឯង​មិន​បាន​រាំ យើង​បាន​ទួញ​ទំនួញ​ឲ្យ​ឯង តែ​ឯង​មិន​បាន​យំ​ទេ ដ្បិត​យ៉ូហាន​បាន​មក​មិន​ស៊ី​មិន​ផឹក​សោះ តែ​គេ​ថា គាត់​មាន​អារក្ស​ចូល ឯ​កូន​មនុស្ស បាន​មក​ទាំង​ស៊ី​ទាំង​ផឹក​ផង គង់​តែ​គេ​ថា មើល នេះ​ជា​អ្នក​ល្មោភ​ស៊ី​ផឹក​ច្រើន ជា​មិត្រ​សំឡាញ់​របស់​ពួក​យក​ពន្ធ នឹង​មនុស្ស​មាន​បាប ប៉ុន្តែ​ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​បង្កើត។ នោះ​ទ្រង់​ចាប់​តាំង​បន្ទោស​ដល់​អស់​ទាំង​ក្រុង ជា​កន្លែង​ដែល​ទ្រង់​បាន​ធ្វើ​ការ​ឫទ្ធិ‌បារមី​ជា​ច្រើន ពី​ព្រោះ​គេ​មិន​បាន​ប្រែ​ចិត្ត​សោះ គឺ​ទ្រង់​មាន​បន្ទូល​ថា វេទនា​ដល់​ឯង ខូរ៉ាស៊ីន​អើយ វេទនា​ដល់​ឯង បេតសៃដា​អើយ ពី​ព្រោះ​ឯ​ការ​ឫទ្ធិ‌បារមី​ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​កណ្តាល​ក្រុង​ទីរ៉ុស នឹង​ស៊ីដូន​វិញ នោះ​គេ​នឹង​បាន​ប្រែ​ចិត្ត​ជា​យូរ​មក​ហើយ ទាំង​ស្លៀក​សំពត់​ធ្មៃ ហើយ​ព្រលាំង​ដោយ​ផេះ​ផង ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ ក្រុង​ទីរ៉ុស នឹង​ក្រុង​ស៊ីដូន នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ឯង​រាល់​គ្នា ហើយ​ឯ​ឯង កាពើ‌ណិម​អើយ ដែល​ឯង​បាន​ដំកើង​ឡើង​ស្មើ​នឹង​ស្ថាន‌សួគ៌​ហើយ ឯង​នឹង​ត្រូវ​ទំលាក់​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ ពី​ព្រោះ​ឯ​ការ​ឫទ្ធិ‌បារមី ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​ក្រុង​សូដុំម​វិញ នោះ​ក្រុង​គេ​នឹង​បាន​ស្ថិត‌ស្ថេរ​នៅ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ដូច្នេះ ខ្ញុំ​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ នោះ​ក្រុង​សូដុំម​នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ឯង។ នៅ​វេលា​នោះ ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​ថា ឱ​ព្រះ‌វបិតា ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ នឹង​ផែនដី​អើយ ទូលបង្គំ​សរសើរ​ដល់​ទ្រង់ ដោយ​ព្រោះ​ទ្រង់​លាក់​សេចក្ដី​ទាំង​នេះ​នឹង​ពួក​អ្នក​ប្រាជ្ញ ហើយ​នឹង​ពួក​ឈ្លាស‌វៃ តែ​បាន​សំដែង​ឲ្យ​ពួក​កូន​ក្មេង​យល់​វិញ ហ្នឹង​ហើយ ព្រះវរ‌បិតា​អើយ ដ្បិត​ទ្រង់​បាន​សព្វ​ព្រះ‌ហឫទ័យ​យ៉ាង​ដូច្នោះ គ្រប់​សេចក្ដី​ទាំង​អស់​បាន​ប្រគល់​មក​ខ្ញុំ​ពី​ព្រះវរ‌បិតា​នៃ​ខ្ញុំ ហើយ​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌រាជ‌បុត្រា​ទេ មាន​តែ​ព្រះវរ‌បិតា​តែ​១ ក៏​គ្មាន​អ្នក​ណា​ស្គាល់​ព្រះវរ‌បិតា​ដែរ មាន​តែ​ព្រះ‌រាជ‌បុត្រា ហើយ​នឹង​អ្នក​ណា ដែល​ព្រះ‌រាជ‌បុត្រា​សព្វ​ព្រះ‌ហឫទ័យ​ចង់​បើក​ឲ្យ​ស្គាល់​ទ្រង់​ផង​ប៉ុណ្ណោះ។ អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សំរាក​ដល់​ព្រលឹង ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល។

ចែក​រំលែក
អាន ម៉ាថាយ 11