ម៉ាថាយ 10:40-42

ម៉ាថាយ 10:40-42 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«អ្នក​ណា​ទទួល​អ្នក​រាល់​គ្នា អ្នក​នោះ​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ អ្នក​នោះ​ក៏​ទទួល​ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ។ អ្នក​ណា​ទទួល​ហោរា ក្នុង​នាម​ជា​ហោរា អ្នក​នោះ​នឹង​ទទួល​រង្វាន់​របស់​ហោរា ហើយ​អ្នក​ណា​ទទួល​មនុស្ស​សុចរិត ក្នុង​នាម​ជា​មនុស្ស​សុចរិត អ្នក​នោះ​នឹង​ទទួល​រង្វាន់​របស់​មនុស្ស​សុចរិត​នោះ។ អ្នក​ណា​ឲ្យ​ទឹក​ត្រជាក់ សូម្បី​តែ​មួយ​កែវ​ដល់​ក្មេង​ម្នាក់ ក្នុង​ចំណោម​ក្មេង​ទាំង​នេះ ក្នុង​នាម​ជា​សិស្ស​របស់​ខ្ញុំ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​នោះ​នឹង​មិន​បាត់​រង្វាន់​របស់​ខ្លួន​ឡើយ»។

ចែក​រំលែក
អាន ម៉ាថាយ 10

ម៉ាថាយ 10:40-42 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«អ្នក​ណា​ទទួល​អ្នក​រាល់​គ្នា​ក៏​ដូច​ជា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ​ក៏​ដូច​ជា​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ។ អ្នក​ណា​ទទួល​ព្យាការី*​ម្នាក់​ក្នុង​នាម​លោក​ជា​ព្យាការី អ្នក​នោះ​នឹង​ទទួល​រង្វាន់​ដូច​ព្យាការី។ អ្នក​ណា​ទទួល​មនុស្ស​សុចរិត*​ម្នាក់​ក្នុង​នាម​ជា​មនុស្ស​សុចរិត អ្នក​នោះ​នឹង​ទទួល​រង្វាន់​ដូច​មនុស្ស​សុចរិត។ អ្នក​ណា​ឲ្យ​ទឹក​ត្រជាក់ សូម្បី​តែ​មួយ​កែវ​ដល់​អ្នក​តូច‌តាច​ម្នាក់​ក្នុង​នាម​ជា​សិស្ស*​របស់​ខ្ញុំ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​នោះ​នឹង​ទទួល​រង្វាន់​ជា​មិន​ខាន»។

ចែក​រំលែក
អាន ម៉ាថាយ 10

ម៉ាថាយ 10:40-42 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ្នក​ណា​ដែល​ទទួល​អ្នក​រាល់​គ្នា នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ព្រះ‌អង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ អ្នក​ណា​ដែល​ទទួល​ហោរា ពី​ព្រោះ​ជា​ហោរា អ្នក​នោះ​នឹង​បាន​រង្វាន់ ដូច​ជា​រង្វាន់​របស់​ហោរា ឯ​អ្នក​ណា​ដែល​ទទួល​មនុស្ស​សុចរិត ពី​ព្រោះ​ជា​មនុស្ស​សុចរិត នោះ​នឹង​បាន​រង្វាន់ ដូច​ជា​រង្វាន់​របស់​មនុស្ស​សុចរិត​ដែរ អ្នក​ណា​ដែល​ឲ្យ​ទឹក​ត្រជាក់​តែ​១​កែវ ទៅ​កូន​ក្មេង​តូច​១​នេះ​ផឹក ពី​ព្រោះ​ជា​សិស្ស​ខ្ញុំ នោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​នោះ​មិន​បាត់​រង្វាន់​ខ្លួន​ឡើយ។

ចែក​រំលែក
អាន ម៉ាថាយ 10