ម៉ាថាយ 10:34-39
ម៉ាថាយ 10:34-39 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«កុំគិតថា ខ្ញុំមកដើម្បីនាំសេចក្ដីសុខសាន្តមកផែនដីឡើយ ខ្ញុំមិនមែនមកដើម្បីនាំសេចក្តីសុខសាន្តមកទេ តែខ្ញុំនាំដាវមកទេតើ! ដ្បិតខ្ញុំមក ធ្វើឲ្យកូនប្រុសទាស់នឹងឪពុកខ្លួន ហើយកូនស្រីទាស់នឹងម្តាយ កូនប្រសាស្រីទាស់នឹងម្តាយក្មេក ហើយសត្រូវរបស់អ្នកនោះ គឺជាសមាជិកនៅក្នុងគ្រួសាររបស់អ្នកនោះឯង។ អ្នកណាស្រឡាញ់ឪពុក ឬម្តាយ ជាងស្រឡាញ់ខ្ញុំ មិនស័ក្តិសមនឹងខ្ញុំឡើយ ហើយអ្នកណាស្រឡាញ់កូនប្រុស ឬកូនស្រី ជាងស្រឡាញ់ខ្ញុំ ក៏មិនស័ក្ដិសមនឹងខ្ញុំដែរ។ អ្នកណាមិនយកឈើឆ្កាងរបស់ខ្លួន មកតាមខ្ញុំ មិនស័ក្ដិសមនឹងខ្ញុំទេ។ អ្នកណាដែលរកបានជីវិតរបស់ខ្លួន នោះនឹងត្រូវបាត់ជីវិតទៅ ហើយអ្នកណាដែលបាត់ជីវិតរបស់ខ្លួន ដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ»។
ម៉ាថាយ 10:34-39 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«កុំនឹកស្មានថា ខ្ញុំមកនេះ ដើម្បីនាំយកសន្តិភាពមកឲ្យផែនដីឡើយ។ ខ្ញុំមិនមែននាំសន្តិភាពមកទេ តែខ្ញុំមកបំបែកមនុស្សចេញពីគ្នា។ ខ្ញុំមក ធ្វើឲ្យកូនប្រុសបែកពីឪពុក កូនស្រីបែកពីម្ដាយ កូនប្រសាស្រីបែកពីម្ដាយក្មេក។ អ្នកដែលនៅក្នុងផ្ទះជាមួយគ្នាក្លាយទៅជាសត្រូវនឹងគ្នា»។ «អ្នកណាស្រឡាញ់ឪពុកម្ដាយខ្លាំងជាងស្រឡាញ់ខ្ញុំ អ្នកនោះមិនសមនឹងធ្វើជាសិស្ស*របស់ខ្ញុំឡើយ។ អ្នកដែលស្រឡាញ់កូនប្រុសកូនស្រីរបស់ខ្លួនខ្លាំងជាងស្រឡាញ់ខ្ញុំ ក៏មិនសមនឹងធ្វើជាសិស្សរបស់ខ្ញុំដែរ។ អ្នកណាមិនយកឈើឆ្កាងរបស់ខ្លួន ហើយមិនមកតាមខ្ញុំទេ អ្នកនោះមិនសមធ្វើជាសិស្សរបស់ខ្ញុំឡើយ។ អ្នកណាចង់រក្សាទុកជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិត ព្រោះតែខ្ញុំ នឹងបានជីវិតនោះមកវិញ»។
ម៉ាថាយ 10:34-39 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កុំឲ្យស្មានថា ខ្ញុំមកនឹងតាំងឲ្យមានសេចក្ដីមេត្រីនៅផែនដីឡើយ ខ្ញុំមិនមែនមក ដើម្បីតាំងឲ្យមានសេចក្ដីមេត្រីទេ គឺឲ្យមានដាវវិញ ដ្បិតខ្ញុំបានមក ដើម្បីនឹងនាំឲ្យគេទាស់នឹងឪពុកខ្លួន ឲ្យកូនស្រីទាស់នឹងម្តាយ ហើយកូនប្រសាស្រីទាស់នឹងម្តាយក្មេក ឯពួកសត្រូវរបស់អ្នកណា នោះគឺជាពួកអ្នកនៅផ្ទះជាមួយនឹងខ្លួននោះឯង អ្នកណាដែលស្រឡាញ់ឪពុក ឬម្តាយ ជាជាងខ្ញុំ នោះមិនគួរនឹងខ្ញុំទេ ហើយអ្នកណាដែលស្រឡាញ់កូនប្រុស ឬកូនស្រី ជាជាងខ្ញុំ នោះក៏មិនគួរនឹងខ្ញុំដែរ អ្នកណាដែលមិនយកឈើឆ្កាងខ្លួន មកតាមខ្ញុំ អ្នកនោះមិនគួរនឹងខ្ញុំឡើយ អ្នកណាដែលរកបានជីវិតខ្លួន នោះនឹងត្រូវបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយយល់ដល់ខ្ញុំ អ្នកនោះនឹងបានជីវិតវិញ។