ម៉ាថាយ 10:24-31
ម៉ាថាយ 10:24-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សិស្សមិនលើសជាងគ្រូទេ ហើយអ្នកបម្រើក៏មិនដែលលើសជាងម្ចាស់របស់ខ្លួនដែរ ដ្បិតពេលសិស្សបានដូចជាគ្រូ ហើយអ្នកបម្រើបានដូចជាចៅហ្វាយ នោះល្មមហើយ។ ប្រសិនបើគេហៅម្ចាស់ផ្ទះថា បេលសេប៊ូល ទៅហើយ នោះចំណង់បើអស់អ្នកដែលនៅក្នុងផ្ទះ តើគេនឹងហៅកាន់តែអាក្រក់យ៉ាងណាទៅទៀត»។ «ដូច្នេះ កុំខ្លាចគេឡើយ ដ្បិតគ្មានអ្វីគ្របបាំង ដែលមិនត្រូវបង្ហាញឲ្យគេឃើញ ក៏គ្មានអ្វីលាក់លៀម ដែលមិនត្រូវបង្ហាញឲ្យគេដឹងនោះដែរ។ អ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរនិយាយនៅទីភ្លឺ ហើយអ្វីដែលអ្នករាល់គ្នាឮពាក្យខ្សឹប ចូរប្រកាសពីលើដំបូលផ្ទះ។ កុំខ្លាចអស់អ្នកដែលសម្លាប់បានតែរូបកាយ តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ តែផ្ទុយទៅវិញ ត្រូវខ្លាចព្រះអង្គដែលទ្រង់អាចនឹងបំផ្លាញទាំងព្រលឹង និងរូបកាយទៅក្នុងនរកបាន។ តើគេមិនលក់ចាបពីរថ្លៃមួយសេនទេឬ? តែគ្មានចាបណាមួយធ្លាក់ដល់ដី ដែលព្រះវរបិតារបស់អ្នករាល់គ្នាមិនយល់ព្រមនោះឡើយ។ សូម្បីតែសក់របស់អ្នករាល់គ្នានៅលើក្បាល ក៏ព្រះអង្គរាប់ទាំងអស់ដែរ។ ដូច្នេះ កុំខ្លាចឡើយ អ្នករាល់គ្នាមានតម្លៃវិសេសជាងចាបជាច្រើនទៅទៀត»។
ម៉ាថាយ 10:24-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពុំដែលមានសិស្សណាចេះជាងគ្រូឡើយ ហើយក៏ពុំដែលមានអ្នកបម្រើណាធំជាងម្ចាស់ដែរ បើសិស្សចេះដូចគ្រូ ហើយអ្នកបម្រើដូចម្ចាស់ នោះល្មមគ្រប់គ្រាន់ហើយ។ ប្រសិនបើគេឲ្យឈ្មោះម្ចាស់ផ្ទះថា បេលសេប៊ូលទៅហើយ គេមុខជាឲ្យឈ្មោះអ្នកនៅក្នុងផ្ទះនោះរឹតតែអាក្រក់ជាងនេះទៅទៀតមិនខាន»។ «កុំខ្លាចពួកអ្នកទាំងនោះឡើយ ដ្បិតការលាក់កំបាំងទាំងអស់នឹងត្រូវបើកឲ្យគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មានក៏នឹងត្រូវបើកឲ្យគេដឹងដែរ។ អ្វីៗដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរយកទៅនិយាយនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលគេខ្សឹបដាក់ត្រចៀក ចូរយកទៅប្រកាសនៅលើផ្ទះ។ កុំខ្លាចអស់អ្នកដែលសម្លាប់ត្រឹមតែរូបកាយ ហើយពុំអាចសម្លាប់ព្រលឹងនោះឲ្យសោះ គឺត្រូវខ្លាចព្រះជាម្ចាស់វិញ ព្រោះព្រះអង្គអាចធ្វើឲ្យទាំងព្រលឹង ទាំងរូបកាយ ធ្លាក់ទៅក្នុងភ្លើងនរកបាន។ ធម្មតាគេលក់ចាបពីរថ្លៃមួយសេន។ ទោះបីថោកយ៉ាងនេះក៏ដោយ ប្រសិនបើព្រះបិតារបស់អ្នករាល់គ្នាមិនយល់ព្រមទេនោះ ក៏គ្មានចាបណាមួយធ្លាក់ចុះដល់ដីឡើយ។ រីឯអ្នករាល់គ្នាវិញ សូម្បីតែសក់នៅលើក្បាលអ្នករាល់គ្នាក៏ព្រះអង្គរាប់អស់ដែរ។ ដូច្នេះ ចូរអ្នករាល់គ្នាកុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបទាំងអស់ទៅទៀត»។
ម៉ាថាយ 10:24-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សិស្សមិនមែនលើសជាងគ្រូទេ ហើយបាវក៏មិនលើសជាងចៅហ្វាយខ្លួនដែរ បើសិស្សបានស្មើនឹងគ្រូ ហើយបាវបានស្មើនឹងចៅហ្វាយ នោះល្មមហើយ បើសិនជាគេហៅម្ចាស់ផ្ទះថា បេលសេប៊ូល នោះចំណង់បើពួកអ្នកនៅផ្ទះនោះទាំងប៉ុន្មាន តើគេនឹងហៅយ៉ាងនោះលើសជាងអម្បាលម៉ានទៅទៀត។ ដូច្នេះ មិនត្រូវឲ្យខ្លាចគេឡើយ ដ្បិតគ្មានអ្វីគ្របបាំង ដែលមិនត្រូវបើកសំដែងចេញ ឬអ្វីលាក់លៀប ដែលមិនត្រូវបង្ហាញឲ្យគេស្គាល់នោះទេ ការអ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នានៅទីងងឹត នោះចូរសំដែងនៅទីភ្លឺ ហើយការអ្វី ដែលអ្នករាល់គ្នាឮនៅត្រចៀក នោះចូរថ្លែងប្រាប់ពីលើដំបូលផ្ទះវិញចុះ កុំឲ្យខ្លាចចំពោះពួកអ្នកដែលសំឡាប់បានតែរូបកាយ តែពុំអាចនឹងសំឡាប់ដល់ព្រលឹងបាននោះឡើយ ស៊ូឲ្យខ្លាចព្រះអង្គវិញជាជាង ដែលទ្រង់អាចនឹងធ្វើឲ្យទាំងព្រលឹង នឹងរូបកាយវិនាសទៅក្នុងនរកផង តើគេមិនលក់ចាប២ថ្លៃ១លុយទេឬអី តែគ្មានចាបណាមួយធ្លាក់ទៅដី ឥតព្រះវរបិតានៃអ្នករាល់គ្នាជ្រាបឡើយ សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ យ៉ាងនោះ មិនត្រូវឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃលើសជាងចាបជាច្រើន