ម៉ាថាយ 10:21-27

ម៉ាថាយ 10:21-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​នឹង​បញ្ជូន​បង‌ប្អូន​របស់​ខ្លួន​ទៅ​ឲ្យ​គេ​សម្លាប់ ឪពុក​នឹង​បញ្ជូន​កូន ហើយ​កូន​លើក​គ្នា​ទាស់​នឹង​ឪពុក‌ម្តាយ ព្រម​ទាំង​ប្រគល់​ពួក​គាត់​ទៅ​ឲ្យ​គេ​សម្លាប់ មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា​ដោយ​ព្រោះ​នាម​ខ្ញុំ ប៉ុន្តែ អ្នក​ណា​ស៊ូ​ទ្រាំ​រហូត​ដល់​ចុង​បញ្ចប់ នឹង​បាន​សង្គ្រោះ។ ពេល​គេ​បៀតបៀន​អ្នក​រាល់​គ្នា​នៅ​ក្រុង​មួយ ចូរ​គេច​ចេញ​ទៅ​ក្រុង​មួយ​ទៀត ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​មិន​បាន​ទៅ​សព្វ​អស់​ទាំង​ក្រុង​របស់​អ៊ីស្រា‌អែល​ផង មុន​នឹង​កូន​មនុស្ស​មក​ដល់។ សិស្ស​មិន​លើស​ជាង​គ្រូ​ទេ ហើយ​អ្នក​បម្រើ​ក៏​មិន​ដែល​លើស​ជាង​ម្ចាស់​របស់​ខ្លួន​ដែរ ដ្បិត​ពេល​សិស្ស​បាន​ដូច​ជា​គ្រូ ហើយ​អ្នក​បម្រើ​បាន​ដូច​ជា​ចៅហ្វាយ នោះ​ល្មម​ហើយ។ ប្រសិន‌បើ​គេ​ហៅ​ម្ចាស់​ផ្ទះ​ថា បេលសេ‌ប៊ូល ទៅ​ហើយ នោះ​ចំណង់​បើ​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ តើ​គេ​នឹង​ហៅ​កាន់​តែ​អាក្រក់​យ៉ាង​ណា​ទៅ​ទៀត»។ «ដូច្នេះ កុំ​ខ្លាច​គេ​ឡើយ ដ្បិត​គ្មាន​អ្វី​គ្រប​បាំង ដែល​មិន​ត្រូវ​បង្ហាញ​ឲ្យ​គេ​ឃើញ ក៏​គ្មាន​អ្វី​លាក់​លៀម ដែល​មិន​ត្រូវ​បង្ហាញ​ឲ្យ​គេ​ដឹង​នោះ​ដែរ។ អ្វី​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ក្នុង​ទី​ងងឹត ចូរ​និយាយ​នៅ​ទី​ភ្លឺ ហើយ​អ្វី​ដែល​អ្នក​រាល់​គ្នា​ឮ​ពាក្យ​ខ្សឹប ចូរ​ប្រកាស​ពី​លើ​ដំបូល​ផ្ទះ។

ចែក​រំលែក
អាន ម៉ាថាយ 10

ម៉ាថាយ 10:21-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​នឹង​ចាប់​បញ្ជូន​គ្នា​ឯង​ទៅ​ឲ្យ​គេ​សម្លាប់​ឪពុក​នឹង​ចាប់​បញ្ជូន​កូន​ទៅឲ្យ​គេ​សម្លាប់ ហើយ​កូនៗ​លើក​គ្នា​ប្រឆាំង​នឹង​ឪពុក​ម្ដាយ ព្រម​ទាំង​បញ្ជូន​ទៅ​ឲ្យ​គេ​សម្លាប់​ទៀត​ផង។ មនុស្ស​គ្រប់ៗ​រូប​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។ ប៉ុន្តែ អ្នក​ណា​ស៊ូ​ទ្រាំ​រហូត​ដល់​ចុង​បញ្ចប់ ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ។ ប្រសិន​បើ​គេ​បៀត‌បៀន​អ្នក​រាល់​គ្នា​នៅ​ក្រុង​ណា​មួយ ចូរ​រត់​ទៅ​ក្រុង​មួយ​ទៀត​ទៅ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បុត្រ​មនុស្ស*​នឹង​មក​ដល់ មុន​អ្នក​រាល់​គ្នា​ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មាន ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទៅ​ទៀត។ ពុំ​ដែល​មាន​សិស្ស​ណា​ចេះ​ជាង​គ្រូ​ឡើយ ហើយ​ក៏​ពុំ​ដែល​មាន​អ្នក​បម្រើ​ណា​ធំ​ជាង​ម្ចាស់​ដែរ បើ​សិស្ស​ចេះ​ដូច​គ្រូ ហើយ​អ្នក​បម្រើ​ដូច​ម្ចាស់ នោះ​ល្មម​គ្រប់​គ្រាន់​ហើយ។ ប្រសិន​បើ​គេ​ឲ្យ​ឈ្មោះ​ម្ចាស់​ផ្ទះ​ថា បេល‌សេ‌ប៊ូល​ទៅ​ហើយ គេ​មុខ​ជា​ឲ្យ​ឈ្មោះ​អ្នក​នៅ​ក្នុង​ផ្ទះ​នោះ​រឹត​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត​មិន​ខាន»។ «កុំ​ខ្លាច​ពួក​អ្នក​ទាំង​នោះ​ឡើយ ដ្បិត​ការ​លាក់​កំបាំង​ទាំង​អស់​នឹង​ត្រូវ​បើក​ឲ្យ​គេ​ឃើញ ហើយ​អាថ៌‌កំបាំង​ទាំង​ប៉ុន្មាន​ក៏​នឹង​ត្រូវ​បើក​ឲ្យ​គេ​ដឹង​ដែរ។ អ្វីៗ​ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ក្នុង​ទី​ងងឹត ចូរ​យក​ទៅ​និយាយ​នៅ​ក្នុង​ពន្លឺ​ថ្ងៃ ហើយ​អ្វីៗ​ដែល​គេ​ខ្សឹប​ដាក់​ត្រចៀក ចូរ​យក​ទៅ​ប្រកាស​នៅ​លើ​ផ្ទះ។

ចែក​រំលែក
អាន ម៉ាថាយ 10

ម៉ាថាយ 10:21-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បង​ប្អូន​នឹង​បញ្ជូន​គ្នា​ឲ្យ​ត្រូវ​ស្លាប់ ឪពុក​នឹង​បញ្ជូន​កូន ហើយ​កូន​នឹង​លើក​គ្នា​ទាស់​នឹង​ឪពុក​ម្តាយ ព្រម​ទាំង​សំឡាប់​គាត់​ផង មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ ប៉ុន្តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត អ្នក​នោះ​នឹង​បាន​សង្គ្រោះ កាល​ណា​គេ​ធ្វើ​ទុក្ខ បៀត‌បៀន​អ្នក​រាល់​គ្នា ក្នុង​ក្រុង​នេះ នោះ​ត្រូវ​រត់​ទៅ​ឯ​ក្រុង​១​ទៀត​វិញ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​ដើរ មិន​ទាន់​ដល់​គ្រប់​ទាំង​ទី​ក្រុង​នៃ​សាសន៍​អ៊ីស្រាអែល​នៅ​ឡើយ នោះ​កូន​មនុស្ស​នឹង​បាន​មក​ដល់​ហើយ។ សិស្ស​មិន​មែន​លើស​ជាង​គ្រូ​ទេ ហើយ​បាវ​ក៏​មិន​លើស​ជាង​ចៅហ្វាយ​ខ្លួន​ដែរ បើ​សិស្ស​បាន​ស្មើ​នឹង​គ្រូ ហើយ​បាវ​បាន​ស្មើ​នឹង​ចៅហ្វាយ នោះ​ល្មម​ហើយ បើ​សិន​ជា​គេ​ហៅ​ម្ចាស់​ផ្ទះ​ថា បេល‌សេប៊ូល នោះ​ចំណង់​បើ​ពួក​អ្នក​នៅ​ផ្ទះ​នោះ​ទាំង​ប៉ុន្មាន តើ​គេ​នឹង​ហៅ​យ៉ាង​នោះ​លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។ ដូច្នេះ មិន​ត្រូវ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​គ្មាន​អ្វី​គ្រប​បាំង ដែល​មិន​ត្រូវ​បើក​សំដែង​ចេញ ឬ​អ្វី​លាក់‌លៀប ដែល​មិន​ត្រូវ​បង្ហាញ​ឲ្យ​គេ​ស្គាល់​នោះ​ទេ ការ​អ្វី​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ទី​ងងឹត នោះ​ចូរ​សំដែង​នៅ​ទី​ភ្លឺ ហើយ​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ឮ​នៅ​ត្រចៀក នោះ​ចូរ​ថ្លែង​ប្រាប់​ពី​លើ​ដំបូល​ផ្ទះ​វិញ​ចុះ

ចែក​រំលែក
អាន ម៉ាថាយ 10