ម៉ាថាយ 10:17-31
ម៉ាថាយ 10:17-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ត្រូវប្រយ័ត្ននឹងមនុស្ស ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យក្រុមប្រឹក្សា ហើយវាយអ្នករាល់គ្នានឹងរំពាត់ នៅក្នុងសាលាប្រជុំរបស់គេ អ្នករាល់គ្នានឹងត្រូវគេបញ្ជូនទៅឲ្យលោកទេសាភិបាល និងស្តេច ដោយព្រោះខ្ញុំ ទុកជាបន្ទាល់ដល់អ្នកទាំងនោះ និងដល់ពួកសាសន៍ដទៃ។ ប៉ុន្តែ ពេលគេបញ្ជូនអ្នករាល់គ្នាទៅ កុំខ្វល់ពីរបៀប ឬពាក្យដែលត្រូវនិយាយយ៉ាងណានោះឡើយ ដ្បិតអ្វីដែលត្រូវនិយាយ ព្រះនឹងប្រទានមកអ្នករាល់គ្នានៅវេលានោះ។ ដ្បិតមិនមែនអ្នករាល់គ្នាទេដែលនិយាយ គឺព្រះវិញ្ញាណនៃព្រះវរបិតារបស់អ្នករាល់គ្នាទ្រង់មានព្រះបន្ទូលក្នុងអ្នករាល់គ្នាវិញ។ បងប្អូននឹងបញ្ជូនបងប្អូនរបស់ខ្លួនទៅឲ្យគេសម្លាប់ ឪពុកនឹងបញ្ជូនកូន ហើយកូនលើកគ្នាទាស់នឹងឪពុកម្តាយ ព្រមទាំងប្រគល់ពួកគាត់ទៅឲ្យគេសម្លាប់ មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយព្រោះនាមខ្ញុំ ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ចុងបញ្ចប់ នឹងបានសង្គ្រោះ។ ពេលគេបៀតបៀនអ្នករាល់គ្នានៅក្រុងមួយ ចូរគេចចេញទៅក្រុងមួយទៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងមិនបានទៅសព្វអស់ទាំងក្រុងរបស់អ៊ីស្រាអែលផង មុននឹងកូនមនុស្សមកដល់។ សិស្សមិនលើសជាងគ្រូទេ ហើយអ្នកបម្រើក៏មិនដែលលើសជាងម្ចាស់របស់ខ្លួនដែរ ដ្បិតពេលសិស្សបានដូចជាគ្រូ ហើយអ្នកបម្រើបានដូចជាចៅហ្វាយ នោះល្មមហើយ។ ប្រសិនបើគេហៅម្ចាស់ផ្ទះថា បេលសេប៊ូល ទៅហើយ នោះចំណង់បើអស់អ្នកដែលនៅក្នុងផ្ទះ តើគេនឹងហៅកាន់តែអាក្រក់យ៉ាងណាទៅទៀត»។ «ដូច្នេះ កុំខ្លាចគេឡើយ ដ្បិតគ្មានអ្វីគ្របបាំង ដែលមិនត្រូវបង្ហាញឲ្យគេឃើញ ក៏គ្មានអ្វីលាក់លៀម ដែលមិនត្រូវបង្ហាញឲ្យគេដឹងនោះដែរ។ អ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរនិយាយនៅទីភ្លឺ ហើយអ្វីដែលអ្នករាល់គ្នាឮពាក្យខ្សឹប ចូរប្រកាសពីលើដំបូលផ្ទះ។ កុំខ្លាចអស់អ្នកដែលសម្លាប់បានតែរូបកាយ តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ តែផ្ទុយទៅវិញ ត្រូវខ្លាចព្រះអង្គដែលទ្រង់អាចនឹងបំផ្លាញទាំងព្រលឹង និងរូបកាយទៅក្នុងនរកបាន។ តើគេមិនលក់ចាបពីរថ្លៃមួយសេនទេឬ? តែគ្មានចាបណាមួយធ្លាក់ដល់ដី ដែលព្រះវរបិតារបស់អ្នករាល់គ្នាមិនយល់ព្រមនោះឡើយ។ សូម្បីតែសក់របស់អ្នករាល់គ្នានៅលើក្បាល ក៏ព្រះអង្គរាប់ទាំងអស់ដែរ។ ដូច្នេះ កុំខ្លាចឡើយ អ្នករាល់គ្នាមានតម្លៃវិសេសជាងចាបជាច្រើនទៅទៀត»។
ម៉ាថាយ 10:17-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរប្រយ័ត្ន កុំទុកចិត្តមនុស្សលោកឲ្យសោះ ដ្បិតគេនឹងចាប់បញ្ជូនអ្នករាល់គ្នាទៅតុលាការ គេនឹងយករំពាត់ខ្សែតីមកវាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំរបស់គេ។ គេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យលោកទេសាភិបាល និងឲ្យស្ដេចនានាកាត់ទោស ព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្តែ ពេលនោះជាឱកាសសម្រាប់ឲ្យអ្នករាល់គ្នាផ្ដល់សក្ខីភាពឲ្យពួកលោក និងឲ្យសាសន៍ដទៃ ដឹងឮទៅវិញ។ ពេលគេចាប់បញ្ជូនអ្នករាល់គ្នាទៅកាត់ទោស ចូរកុំភ័យបារម្ភនឹងរកពាក្យដែលអ្នករាល់គ្នាត្រូវនិយាយយ៉ាងណាៗនោះឡើយ ដ្បិតព្រះជាម្ចាស់នឹងប្រទានពាក្យដែលអ្នករាល់គ្នាត្រូវនិយាយ នៅពេលនោះតែម្ដង។ មិនមែនអ្នករាល់គ្នាទេដែលនិយាយ គឺព្រះវិញ្ញាណនៃព្រះបិតារបស់អ្នករាល់គ្នានឹងមានព្រះបន្ទូលនៅក្នុងចិត្តអ្នករាល់គ្នា។ បងប្អូននឹងចាប់បញ្ជូនគ្នាឯងទៅឲ្យគេសម្លាប់ឪពុកនឹងចាប់បញ្ជូនកូនទៅឲ្យគេសម្លាប់ ហើយកូនៗលើកគ្នាប្រឆាំងនឹងឪពុកម្ដាយ ព្រមទាំងបញ្ជូនទៅឲ្យគេសម្លាប់ទៀតផង។ មនុស្សគ្រប់ៗរូបនឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។ ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ចុងបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។ ប្រសិនបើគេបៀតបៀនអ្នករាល់គ្នានៅក្រុងណាមួយ ចូររត់ទៅក្រុងមួយទៀតទៅ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បុត្រមនុស្ស*នឹងមកដល់ មុនអ្នករាល់គ្នាទៅដល់ក្រុងទាំងប៉ុន្មាន ក្នុងស្រុកអ៊ីស្រាអែលទៅទៀត។ ពុំដែលមានសិស្សណាចេះជាងគ្រូឡើយ ហើយក៏ពុំដែលមានអ្នកបម្រើណាធំជាងម្ចាស់ដែរ បើសិស្សចេះដូចគ្រូ ហើយអ្នកបម្រើដូចម្ចាស់ នោះល្មមគ្រប់គ្រាន់ហើយ។ ប្រសិនបើគេឲ្យឈ្មោះម្ចាស់ផ្ទះថា បេលសេប៊ូលទៅហើយ គេមុខជាឲ្យឈ្មោះអ្នកនៅក្នុងផ្ទះនោះរឹតតែអាក្រក់ជាងនេះទៅទៀតមិនខាន»។ «កុំខ្លាចពួកអ្នកទាំងនោះឡើយ ដ្បិតការលាក់កំបាំងទាំងអស់នឹងត្រូវបើកឲ្យគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មានក៏នឹងត្រូវបើកឲ្យគេដឹងដែរ។ អ្វីៗដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរយកទៅនិយាយនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលគេខ្សឹបដាក់ត្រចៀក ចូរយកទៅប្រកាសនៅលើផ្ទះ។ កុំខ្លាចអស់អ្នកដែលសម្លាប់ត្រឹមតែរូបកាយ ហើយពុំអាចសម្លាប់ព្រលឹងនោះឲ្យសោះ គឺត្រូវខ្លាចព្រះជាម្ចាស់វិញ ព្រោះព្រះអង្គអាចធ្វើឲ្យទាំងព្រលឹង ទាំងរូបកាយ ធ្លាក់ទៅក្នុងភ្លើងនរកបាន។ ធម្មតាគេលក់ចាបពីរថ្លៃមួយសេន។ ទោះបីថោកយ៉ាងនេះក៏ដោយ ប្រសិនបើព្រះបិតារបស់អ្នករាល់គ្នាមិនយល់ព្រមទេនោះ ក៏គ្មានចាបណាមួយធ្លាក់ចុះដល់ដីឡើយ។ រីឯអ្នករាល់គ្នាវិញ សូម្បីតែសក់នៅលើក្បាលអ្នករាល់គ្នាក៏ព្រះអង្គរាប់អស់ដែរ។ ដូច្នេះ ចូរអ្នករាល់គ្នាកុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបទាំងអស់ទៅទៀត»។
ម៉ាថាយ 10:17-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ត្រូវឲ្យប្រយ័តនឹងមនុស្សលោក ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅពួកក្រុមជំនុំ ហើយនឹងវាយអ្នករាល់គ្នានឹងរំពាត់ នៅក្នុងសាលាប្រជុំ អ្នករាល់គ្នានឹងត្រូវគេបញ្ជូនទៅនៅមុខចៅហ្វាយខេត្ត ហើយនៅចំពោះស្តេច ដោយព្រោះខ្ញុំ ទុកជាទីបន្ទាល់ដល់លោកទាំងនោះ ហើយនឹងពួកសាសន៍ដទៃដែរ ប៉ុន្តែ កាលណាគេចាប់បញ្ជូនអ្នករាល់គ្នាទៅ នោះកុំឲ្យថប់ព្រួយពីបែបនិយាយ ឬពីពាក្យដែលត្រូវថាឡើយ ពីព្រោះសេចក្ដីដែលត្រូវនិយាយ នឹងបានប្រទានមកអ្នករាល់គ្នានៅវេលានោះឯង ដ្បិតមិនមែនជាអ្នករាល់គ្នាដែលត្រូវនិយាយទេ គឺជាព្រះវិញ្ញាណរបស់ព្រះវរបិតានៃអ្នកទេតើ ដែលទ្រង់មានបន្ទូលក្នុងខ្លួនអ្នកវិញ បងប្អូននឹងបញ្ជូនគ្នាឲ្យត្រូវស្លាប់ ឪពុកនឹងបញ្ជូនកូន ហើយកូននឹងលើកគ្នាទាស់នឹងឪពុកម្តាយ ព្រមទាំងសំឡាប់គាត់ផង មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ ប៉ុន្តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុត អ្នកនោះនឹងបានសង្គ្រោះ កាលណាគេធ្វើទុក្ខ បៀតបៀនអ្នករាល់គ្នា ក្នុងក្រុងនេះ នោះត្រូវរត់ទៅឯក្រុង១ទៀតវិញ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងដើរ មិនទាន់ដល់គ្រប់ទាំងទីក្រុងនៃសាសន៍អ៊ីស្រាអែលនៅឡើយ នោះកូនមនុស្សនឹងបានមកដល់ហើយ។ សិស្សមិនមែនលើសជាងគ្រូទេ ហើយបាវក៏មិនលើសជាងចៅហ្វាយខ្លួនដែរ បើសិស្សបានស្មើនឹងគ្រូ ហើយបាវបានស្មើនឹងចៅហ្វាយ នោះល្មមហើយ បើសិនជាគេហៅម្ចាស់ផ្ទះថា បេលសេប៊ូល នោះចំណង់បើពួកអ្នកនៅផ្ទះនោះទាំងប៉ុន្មាន តើគេនឹងហៅយ៉ាងនោះលើសជាងអម្បាលម៉ានទៅទៀត។ ដូច្នេះ មិនត្រូវឲ្យខ្លាចគេឡើយ ដ្បិតគ្មានអ្វីគ្របបាំង ដែលមិនត្រូវបើកសំដែងចេញ ឬអ្វីលាក់លៀប ដែលមិនត្រូវបង្ហាញឲ្យគេស្គាល់នោះទេ ការអ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នានៅទីងងឹត នោះចូរសំដែងនៅទីភ្លឺ ហើយការអ្វី ដែលអ្នករាល់គ្នាឮនៅត្រចៀក នោះចូរថ្លែងប្រាប់ពីលើដំបូលផ្ទះវិញចុះ កុំឲ្យខ្លាចចំពោះពួកអ្នកដែលសំឡាប់បានតែរូបកាយ តែពុំអាចនឹងសំឡាប់ដល់ព្រលឹងបាននោះឡើយ ស៊ូឲ្យខ្លាចព្រះអង្គវិញជាជាង ដែលទ្រង់អាចនឹងធ្វើឲ្យទាំងព្រលឹង នឹងរូបកាយវិនាសទៅក្នុងនរកផង តើគេមិនលក់ចាប២ថ្លៃ១លុយទេឬអី តែគ្មានចាបណាមួយធ្លាក់ទៅដី ឥតព្រះវរបិតានៃអ្នករាល់គ្នាជ្រាបឡើយ សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ យ៉ាងនោះ មិនត្រូវឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃលើសជាងចាបជាច្រើន