ម៉ាថាយ 10:11-18
ម៉ាថាយ 10:11-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅក្រុងណា ឬភូមិណាដែលអ្នករាល់គ្នាចូលទៅ ចូរសួររកអ្នកដែលស័ក្តិសមនៅទីនោះ ហើយស្នាក់នៅផ្ទះអ្នកនោះ រហូតដល់អ្នកចាកចេញ។ ពេលចូលទៅក្នុងផ្ទះនោះ ត្រូវជម្រាបសួរ អ្នកផ្ទះនោះផង។ បើអ្នកផ្ទះនោះស័ក្តិសម ចូរឲ្យសេចក្តីសុខសាន្តរបស់អ្នករាល់គ្នាកើតមានដល់ផ្ទះនោះ តែបើមិនស័ក្តិសម ត្រូវឲ្យសេចក្តីសុខសាន្តរបស់អ្នករាល់គ្នាវិលមករកអ្នករាល់គ្នាវិញ។ បើអ្នកណាមិនទទួលអ្នករាល់គ្នា ឬមិនស្តាប់ពាក្យអ្នករាល់គ្នាទេ ចូររលាស់ធូលីចេញពីជើងរបស់អ្នករាល់គ្នានៅពេលចាកចេញពីផ្ទះ ឬពីក្រុងនោះ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជម្រះ ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ងាយទ្រាំជាងក្រុងនោះទៅទៀត»។ «មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចចៀមនៅកណ្តាលហ្វូងចចក ដូច្នេះ ត្រូវឆ្លាតដូចសត្វពស់ ហើយស្លូតដូចសត្វព្រាប។ ត្រូវប្រយ័ត្ននឹងមនុស្ស ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យក្រុមប្រឹក្សា ហើយវាយអ្នករាល់គ្នានឹងរំពាត់ នៅក្នុងសាលាប្រជុំរបស់គេ អ្នករាល់គ្នានឹងត្រូវគេបញ្ជូនទៅឲ្យលោកទេសាភិបាល និងស្តេច ដោយព្រោះខ្ញុំ ទុកជាបន្ទាល់ដល់អ្នកទាំងនោះ និងដល់ពួកសាសន៍ដទៃ។
ម៉ាថាយ 10:11-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលអ្នករាល់គ្នាចូលទៅក្នុងភូមិ ឬក្រុងណាមួយ ចូរសួររកអ្នកដែលសមនឹងទទួលអ្នករាល់គ្នាឲ្យស្នាក់នៅ។ ត្រូវស្នាក់នៅផ្ទះអ្នកនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីទីនោះ។ ពេលចូលទៅក្នុងផ្ទះណា ត្រូវជម្រាបសួរអ្នកផ្ទះនោះ ប្រសិនបើអ្នកផ្ទះនោះសមនឹងទទួលសេចក្ដីសុខសាន្ត នោះសេចក្ដីសុខសាន្តនឹងកើតមានដល់គេ ដូចពាក្យជម្រាបសួររបស់អ្នករាល់គ្នាមិនខាន។ ផ្ទុយទៅវិញ បើគេមិនសមនឹងទទួលទេ សេចក្ដីសុខសាន្តរបស់អ្នករាល់គ្នានឹងវិលមករកអ្នករាល់គ្នាវិញ។ បើគេមិនព្រមទទួលអ្នករាល់គ្នា ហើយបើគេមិនព្រមស្ដាប់ពាក្យរបស់អ្នករាល់គ្នាទេ ចូរចេញពីផ្ទះនោះ ឬពីក្រុងនោះ ទាំងរលាស់ធូលីដីចេញពីជើងរបស់អ្នករាល់គ្នាផង។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងសូដុម និងអ្នកក្រុងកូម៉ូរ៉ា នឹងទទួលទោសស្រាលជាងអ្នកក្រុងនោះ»។ «ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចឲ្យចៀមទៅកណ្ដាលហ្វូងចចក។ ហេតុនេះ ត្រូវចេះប្រយ័ត្នខ្លួនដូចសត្វពស់ ហើយកាន់ចិត្តស្លូតត្រង់ដូចសត្វព្រាប។ ចូរប្រយ័ត្ន កុំទុកចិត្តមនុស្សលោកឲ្យសោះ ដ្បិតគេនឹងចាប់បញ្ជូនអ្នករាល់គ្នាទៅតុលាការ គេនឹងយករំពាត់ខ្សែតីមកវាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំរបស់គេ។ គេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យលោកទេសាភិបាល និងឲ្យស្ដេចនានាកាត់ទោស ព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្តែ ពេលនោះជាឱកាសសម្រាប់ឲ្យអ្នករាល់គ្នាផ្ដល់សក្ខីភាពឲ្យពួកលោក និងឲ្យសាសន៍ដទៃ ដឹងឮទៅវិញ។
ម៉ាថាយ 10:11-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅក្រុងណា ឬភូមិណា ដែលអ្នករាល់គ្នាចូលទៅ នោះត្រូវឲ្យសួររកអ្នកណាក្នុងទីនោះដែលគេគួរ រួចឲ្យនៅផ្ទះអ្នកនោះ ដរាបដល់អ្នកចេញទៅ កាលណាចូលទៅ ក៏ត្រូវជំរាបសួរអ្នកផ្ទះនោះដែរ បើអ្នកផ្ទះនោះគេគួរ នោះចូរឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នានៅផ្ទះនោះចុះ តែបើមិនគួរទេ នោះត្រូវឲ្យសេចក្ដីសុខសាន្តត្រឡប់មកលើអ្នករាល់គ្នាវិញ បើអ្នកណាមិនទទួល ឬមិនស្តាប់តាមពាក្យអ្នក នោះត្រូវឲ្យអ្នករាល់គ្នាចុះពីផ្ទះនោះ ឬចេញពីក្រុងនោះ រួចរលាស់ធូលីពីជើងអ្នកចេញ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជំរះ ក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ា នឹងទ្រាំបានងាយជាជាងក្រុងនោះវិញ។ នែ ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាចៀមនៅកណ្តាលហ្វូងស្វាន ដូច្នេះ ចូរធ្វើជាអ្នកឆ្លាតដូចជាពស់ ហើយសុភាពដូចព្រាប ត្រូវឲ្យប្រយ័តនឹងមនុស្សលោក ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅពួកក្រុមជំនុំ ហើយនឹងវាយអ្នករាល់គ្នានឹងរំពាត់ នៅក្នុងសាលាប្រជុំ អ្នករាល់គ្នានឹងត្រូវគេបញ្ជូនទៅនៅមុខចៅហ្វាយខេត្ត ហើយនៅចំពោះស្តេច ដោយព្រោះខ្ញុំ ទុកជាទីបន្ទាល់ដល់លោកទាំងនោះ ហើយនឹងពួកសាសន៍ដទៃដែរ