ម៉ាថាយ 10:1-4
ម៉ាថាយ 10:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ព្រះយេស៊ូវហៅសិស្សរបស់ព្រះអង្គទាំងដប់ពីរមក ហើយប្រទានឲ្យគេមានអំណាចដេញវិញ្ញាណអាក្រក់ និងប្រោសអស់ទាំងជំងឺរោគាគ្រប់ប្រភេទឲ្យបានជា។ សាវកទាំងដប់ពីរមានឈ្មោះដូចតទៅ៖ ទីមួយគឺ ស៊ីម៉ូន ដែលហៅថាពេត្រុស និងអនទ្រេជាប្អូន ហើយមានកូនរបស់លោកសេបេដេ គឺយ៉ាកុប និងយ៉ូហានជាប្អូន។ ភីលីព បារថូឡូមេ ថូម៉ាស ម៉ាថាយ ជាអ្នកទារពន្ធ យ៉ាកុប ជាកូនរបស់លោកអាល់ផាយ និង[លេបេ ដែលហៅថា] ថាដេ ស៊ីម៉ូន ជាសាសន៍កាណាន និងយូដាសអ៊ីស្ការីយ៉ុត ជាអ្នកដែលក្បត់ព្រះអង្គ។
ម៉ាថាយ 10:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូត្រាស់ហៅសិស្សទាំងដប់ពីររូបមក ព្រះអង្គប្រទានឲ្យគេមានអំណាចលើវិញ្ញាណអាក្រក់ ព្រមទាំងមានអំណាចប្រោសអ្នកជំងឺគ្រប់យ៉ាង និងអ្នកពិការគ្រប់ប្រភេទឲ្យជាផង។ សាវ័ក*ទាំងដប់ពីរមាននាមដូចតទៅ: អ្នកទីមួយ គឺស៊ីម៉ូនហៅពេត្រុស និងអនទ្រេ ជាប្អូនរបស់គាត់ យ៉ាកុប និងយ៉ូហានជាប្អូនរបស់គាត់ ដែលត្រូវជាកូនរបស់លោកសេបេដេ ភីលីព និងបារថូឡូមេ ថូម៉ាស និងម៉ាថាយជាអ្នកទារពន្ធ* យ៉ាកុបជាកូនរបស់លោកអាល់ផាយ និងថាដេ ស៊ីម៉ូនជាអ្នកជាតិនិយម និងយូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គ។
ម៉ាថាយ 10:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលទ្រង់បានហៅពួកសិស្សទាំង១២នាក់មកហើយ នោះក៏ប្រទានឲ្យគេមានអំណាច អាចនឹងដេញអារក្សអសោចិ៍ ហើយនឹងមើលគ្រប់ទាំងជំងឺរោគា នឹងជរាពិការទាំងអស់ឲ្យបានជាផង រីឯពួកសាវកទាំង១២នាក់ នោះដូចមានឈ្មោះខាងក្រោមនេះស្រាប់ គឺមុនដំបូងមានស៊ីម៉ូន ដែលហៅថាពេត្រុស១ អនទ្រេ ជាប្អូនគាត់១ យ៉ាកុប ជាកូនសេបេដេ១ នឹងយ៉ូហាន ជាប្អូនគាត់១ ភីលីព១ បារថូល៉ូមេ១ ថូម៉ាស១ ម៉ាថាយ ជាអ្នកយកពន្ធ១ យ៉ាកុប ជាកូនអាល់ផាយ១ លេបេ ដែលហៅថា ថាដេ១ ស៊ីម៉ូន ជាសាសន៍កាណាន១ ហើយនឹងយូដាស-អ៊ីស្ការីយ៉ុត ជាអ្នកដែលបញ្ជូនទ្រង់១។