ម៉ាថាយ 1:18-25
ម៉ាថាយ 1:18-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯកំណើតរបស់ព្រះយេស៊ូវគ្រីស្ទបានកើតឡើងយ៉ាងដូច្នេះ គឺពេលនាងម៉ារា មាតាព្រះអង្គបានភ្ជាប់ពាក្យជាមួយយ៉ូសែប មុនពេលអ្នកទាំងពីររួមរស់នៅជាមួយគ្នា នាងមានគភ៌ដោយព្រះវិញ្ញាណបរិសុទ្ធរួចទៅហើយ។ យ៉ូសែប ប្តីរបស់នាងជាមនុស្សសុចរិត លោកមិនចង់ធ្វើឲ្យនាងអាម៉ាស់ឡើយ គឺលោកសម្រេចចិត្តថានឹងលែងនាងដោយសម្ងាត់វិញ។ ប៉ុន្តែ ពេលលោកកំពុងគិតដូច្នេះ ស្រាប់តែមានទេវតាមួយរូបរបស់ព្រះអម្ចាស់បានលេចមកប្រាប់លោកក្នុងយល់សប្តិថា៖ «យ៉ូសែប ជាពូជពង្សព្រះបាទដាវីឌអើយ កុំខ្លាចនឹងយកនាងម៉ារាមកធ្វើជាប្រពន្ធរបស់អ្នកឡើយ ដ្បិតបុត្រដែលមកចាប់កំណើតក្នុងផ្ទៃនាង គឺមកពីព្រះវិញ្ញាណបរិសុទ្ធទេ។ នាងនឹងប្រសូតបានបុត្រាមួយ ហើយលោកត្រូវថ្វាយព្រះនាមបុត្រនោះថា "យេស៊ូវ" ព្រោះបុត្រនោះនឹងសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គឲ្យរួចពីបាបរបស់គេ»។ ការទាំងនោះកើតមក ដើម្បីសម្រេចសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈហោរាថា៖ «មើល៍! នាងព្រហ្មចារីនឹងមានគភ៌ ប្រសូតបានបុត្រាមួយ ហើយគេនឹងថ្វាយ ព្រះនាមបុត្រនោះថា "អេម៉ាញូអែល"» មានន័យថា «ព្រះគង់ជាមួយយើង»។ ពេលយ៉ូសែបភ្ញាក់ពីដេកឡើង លោកក៏ធ្វើតាមពាក្យដែលទេវតារបស់ព្រះអម្ចាស់បានបង្គាប់ គឺលោកបានយកនាងធ្វើជាប្រពន្ធ តែមិនបានរួមរស់ជាមួយនាងទេ រហូតទាល់តែនាងប្រសូតបុត្រ[ច្បងមក] ហើយលោកថ្វាយព្រះនាមបុត្រនោះថា «យេស៊ូវ»។
ម៉ាថាយ 1:18-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាដំណើររឿងអំពីកំណើតរបស់ព្រះយេស៊ូគ្រិស្ត។ នាងម៉ារី មាតារបស់ព្រះអង្គ ត្រូវជាគូដណ្ដឹងរបស់លោកយ៉ូសែប។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីមានផ្ទៃពោះ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធរួចទៅហើយ។ លោកយ៉ូសែប ស្វាមីរបស់នាងជាមនុស្សសុចរិត លោកមិនចង់បំបាក់មុខនាងឡើយ គឺលោកសម្រេចចិត្តថានឹងផ្ដាច់ពាក្យដោយស្ងាត់ៗវិញ។ ពេលលោកកំពុងគិតដូច្នេះ ស្រាប់តែមានទេវតា*របស់ព្រះអម្ចាស់មកប្រាប់លោក ក្នុងសុបិននិមិត្តថា៖ «លោកយ៉ូសែបជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ*អើយ សូមកុំខ្លាចនឹងទទួលនាងម៉ារីមកធ្វើជាភរិយាឡើយ! បុត្រដែលនៅក្នុងផ្ទៃនាង កើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធ*។ នាងនឹងសម្រាលបានបុត្រមួយ ហើយលោកត្រូវថ្វាយព្រះនាមថា “យេស៊ូ” ដ្បិតបុត្រនោះនឹងសង្គ្រោះប្រជារាស្ត្រព្រះអង្គឲ្យរួចពីបាបរបស់គេ»។ ហេតុការណ៍នេះកើតឡើងស្របនឹងសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូល តាមរយៈព្យាការី*ថា៖ «មើល! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រមួយដែលគេនឹងថ្វាយ ព្រះនាមថា “អេម៉ាញូអែល”» ប្រែថា «ព្រះជាម្ចាស់គង់ជាមួយយើង»។ លុះលោកយ៉ូសែបភ្ញាក់ឡើង លោកក៏ធ្វើតាមបង្គាប់ទេវតា*របស់ព្រះអម្ចាស់ គឺលោកទទួលនាងម៉ារីមកធ្វើជាភរិយា ប៉ុន្តែ លោកពុំបានរួមបវេណីជាមួយនាង រហូតដល់នាងសម្រាលបានបុត្រ ដែលលោកថ្វាយព្រះនាមថា “យេស៊ូ”។
ម៉ាថាយ 1:18-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯកំណើតព្រះយេស៊ូវគ្រីស្ទ នោះបានកើតមកយ៉ាងដូច្នេះ គឺនាងម៉ារា មាតាទ្រង់ កាលដែលយ៉ូសែបបានដណ្តឹងនាងហើយ នោះនាងមានគភ៌ ដោយព្រះវិញ្ញាណបរិសុទ្ធ មុនដែលបាននៅជាមួយគ្នា ឯយ៉ូសែប ប្ដីនាង ជាមនុស្សសុចរិត គាត់មិនចង់បើករឿងនាងឲ្យគេដឹងទេ បានជាគាត់គិតលែងនាងចេញ ដោយសំងាត់វិញ កាលដែលគាត់កំពុងតែគិតពីការនោះ ស្រាប់តែមានទេវតានៃព្រះអម្ចាស់ លេចមកពន្យល់សប្តិ ប្រាប់គាត់ថា យ៉ូសែប ពូជហ្លួងដាវីឌអើយ កុំឲ្យខ្លាចនឹងយកនាងម៉ារា ជាប្រពន្ធអ្នកឡើយ ដ្បិតបុត្រដែលមកចាប់ទំផ្ទៃនាង នោះកើតពីព្រះវិញ្ញាណបរិសុទ្ធទេ នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប ការទាំងនោះកើតមក ដើម្បីឲ្យបានសំរេចសេចក្ដី ដែលព្រះអម្ចាស់ទ្រង់មានបន្ទូល ដោយសារហោរាថា «មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយព្រះនាមបុត្រនោះត្រូវហៅថា អេម៉ាញូអែល» ដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ លុះយ៉ូសែបភ្ញាក់ពីដេកឡើង នោះគាត់ក៏ធ្វើតាមបង្គាប់របស់ទេវតានៃព្រះអម្ចាស់ គឺគាត់យកប្រពន្ធមកនៅជាមួយ តែមិនបានរួមរស់នឹងនាងសោះ ទាល់តែនាងប្រសូតបុត្រជាចំបងមក រួចគាត់ថ្វាយព្រះនាមថា «យេស៊ូវ»។