ម៉ាថាយ 1:18-20
ម៉ាថាយ 1:18-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯកំណើតរបស់ព្រះយេស៊ូវគ្រីស្ទបានកើតឡើងយ៉ាងដូច្នេះ គឺពេលនាងម៉ារា មាតាព្រះអង្គបានភ្ជាប់ពាក្យជាមួយយ៉ូសែប មុនពេលអ្នកទាំងពីររួមរស់នៅជាមួយគ្នា នាងមានគភ៌ដោយព្រះវិញ្ញាណបរិសុទ្ធរួចទៅហើយ។ យ៉ូសែប ប្តីរបស់នាងជាមនុស្សសុចរិត លោកមិនចង់ធ្វើឲ្យនាងអាម៉ាស់ឡើយ គឺលោកសម្រេចចិត្តថានឹងលែងនាងដោយសម្ងាត់វិញ។ ប៉ុន្តែ ពេលលោកកំពុងគិតដូច្នេះ ស្រាប់តែមានទេវតាមួយរូបរបស់ព្រះអម្ចាស់បានលេចមកប្រាប់លោកក្នុងយល់សប្តិថា៖ «យ៉ូសែប ជាពូជពង្សព្រះបាទដាវីឌអើយ កុំខ្លាចនឹងយកនាងម៉ារាមកធ្វើជាប្រពន្ធរបស់អ្នកឡើយ ដ្បិតបុត្រដែលមកចាប់កំណើតក្នុងផ្ទៃនាង គឺមកពីព្រះវិញ្ញាណបរិសុទ្ធទេ។
ម៉ាថាយ 1:18-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាដំណើររឿងអំពីកំណើតរបស់ព្រះយេស៊ូគ្រិស្ត។ នាងម៉ារី មាតារបស់ព្រះអង្គ ត្រូវជាគូដណ្ដឹងរបស់លោកយ៉ូសែប។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីមានផ្ទៃពោះ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធរួចទៅហើយ។ លោកយ៉ូសែប ស្វាមីរបស់នាងជាមនុស្សសុចរិត លោកមិនចង់បំបាក់មុខនាងឡើយ គឺលោកសម្រេចចិត្តថានឹងផ្ដាច់ពាក្យដោយស្ងាត់ៗវិញ។ ពេលលោកកំពុងគិតដូច្នេះ ស្រាប់តែមានទេវតា*របស់ព្រះអម្ចាស់មកប្រាប់លោក ក្នុងសុបិននិមិត្តថា៖ «លោកយ៉ូសែបជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ*អើយ សូមកុំខ្លាចនឹងទទួលនាងម៉ារីមកធ្វើជាភរិយាឡើយ! បុត្រដែលនៅក្នុងផ្ទៃនាង កើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធ*។
ម៉ាថាយ 1:18-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯកំណើតព្រះយេស៊ូវគ្រីស្ទ នោះបានកើតមកយ៉ាងដូច្នេះ គឺនាងម៉ារា មាតាទ្រង់ កាលដែលយ៉ូសែបបានដណ្តឹងនាងហើយ នោះនាងមានគភ៌ ដោយព្រះវិញ្ញាណបរិសុទ្ធ មុនដែលបាននៅជាមួយគ្នា ឯយ៉ូសែប ប្ដីនាង ជាមនុស្សសុចរិត គាត់មិនចង់បើករឿងនាងឲ្យគេដឹងទេ បានជាគាត់គិតលែងនាងចេញ ដោយសំងាត់វិញ កាលដែលគាត់កំពុងតែគិតពីការនោះ ស្រាប់តែមានទេវតានៃព្រះអម្ចាស់ លេចមកពន្យល់សប្តិ ប្រាប់គាត់ថា យ៉ូសែប ពូជហ្លួងដាវីឌអើយ កុំឲ្យខ្លាចនឹងយកនាងម៉ារា ជាប្រពន្ធអ្នកឡើយ ដ្បិតបុត្រដែលមកចាប់ទំផ្ទៃនាង នោះកើតពីព្រះវិញ្ញាណបរិសុទ្ធទេ