ម៉ាឡាគី 3:6-10

ម៉ាឡាគី 3:6-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិតយើង គឺ​យេហូវ៉ា យើង​មិន​ប្រែ‌ប្រួល​ឡើយ ហេតុ​នោះ ឱ​ពួក​កូន​ចៅ​យ៉ាកុប​អើយ អ្នក​រាល់​គ្នា​មិន​ត្រូវ​វិនាស​ទេ។ អ្នក​រាល់​គ្នា​បាន​បោះ‌បង់​ចោល​សេចក្ដី​បញ្ញត្តិ​របស់​យើង ចាប់​តាំង​ពី​ជំនាន់​បុព្វបុរស​មក ឥត​កាន់​តាម​ឡើយ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​បង្គាប់​ថា ចូរ​វិល​មកយើង​វិញ​ចុះ នោះ​យើង​នឹង​ត្រឡប់​មក​រកអ្នក​រាល់​គ្នា​ដែរ តែ​អ្នក​រាល់​គ្នា​ថា "តើ​យើង​នឹង​វិល​ទៅ​យ៉ាង​ដូច​ម្តេច?" ចុះ​តើ​មនុស្ស​នឹង​កោង​យក​របស់​ព្រះ​ឬ? ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​កោង​យក​របស់​យើង​ហើយ រួច​បែរ​ជា​សួរ​ថា តើ​យើង​បាន​កោង​យក​របស់​ព្រះ‌អង្គ​ឯ​ណា? គឺ​ក្នុង​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ហើយ​ក្នុង​តង្វាយ​លើក​ចុះ​ឡើង​នោះ អ្នក​រាល់​គ្នា គឺ​មនុស្ស​នៅ​នគរ​នេះ​ទាំង​មូល ត្រូវ​បណ្ដាសា​ហើយ ដោយ​ព្រោះ​តែង‌តែ​កោង​យក​របស់​យើង​យ៉ាង​ដូច្នេះ ចូរ​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទាំង​អស់​មក​ដាក់​ក្នុង​ឃ្លាំង​ចុះ ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ​នៅ​ក្នុង​ដំណាក់របស់​យើង ហើយ​ល្បង‌ល​យើង​ឥឡូវ បើយើង​មិន​បើក​ទ្វារ​ស្ថាន‌សួគ៌ ដើម្បី​ចាក់​ព្រះ‌ពរ​មក​លើ​អ្នក ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

ចែក​រំលែក
អាន ម៉ាឡាគី 3

ម៉ាឡាគី 3:6-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«យើង​ជា​ព្រះ‌អម្ចាស់ យើង​មិន​ប្រែ‌ប្រួល​ទេ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នៅ​តែ​ជា កូន​ចៅ​យ៉ាកុប​ដដែល»។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ក៏​ដូច​ដូនតា​របស់​អ្នក​រាល់​គ្នា​ដែរ អ្នក​រាល់​គ្នា​ងាក​ចេញ​ពី​ច្បាប់​របស់​យើង គឺ​អ្នក​រាល់​គ្នា​មិន​ព្រម​កាន់​តាម​ទេ។ ចូរ​នាំ​គ្នា​វិល​មក​រក​យើង នោះ​យើង​ក៏​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ។ អ្នក​រាល់​គ្នា​ពោល​ថា: “យើង​ខ្ញុំ​ត្រូវ​វិល​មក​វិញ​យ៉ាង​ដូច​ម្ដេច?”។ តើ​មនុស្ស​កេង‌ប្រវ័ញ្ច​ព្រះ‌ជាម្ចាស់ ដូច​ម្ដេច​បាន? អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច​យើង ហើយ​ពោល​ថា “យើង​ខ្ញុំ​កេង‌ប្រវ័ញ្ច​ព្រះអង្គ​ដូច​ម្ដេច​ខ្លះ?”។ គឺ​អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច តង្វាយ​មួយ​ភាគ​ដប់ និង​តង្វាយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ទុក​សម្រាប់​យើង! អ្នក​រាល់​គ្នា​ត្រូវ​បណ្ដាសា​ហើយ! ព្រោះ​ប្រជា‌ជាតិ​ទាំង​មូល បាន​កេង‌ប្រវ័ញ្ច​យើង»។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​នាំ​យក​តង្វាយ​មួយ​ភាគ​ដប់​ទាំង​ប៉ុន្មាន មក​ដាក់​នៅ​ក្នុង​ឃ្លាំង ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ ក្នុង​ដំណាក់​របស់​យើង។ ចូរ​ធ្វើ​យ៉ាង​នេះ ដើម្បី​ល្បង‌ល​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ថា យើង​នឹង​បើក​ផ្ទៃ​មេឃ បង្ហូរ​ព្រះ‌ពរ​ដ៏​លើស‌លុប​មក​លើ​អ្នក​រាល់​គ្នា»។

ចែក​រំលែក
អាន ម៉ាឡាគី 3

ម៉ាឡាគី 3:6-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​អញ គឺ​យេហូវ៉ា អញ​មិន​ប្រែ‌ប្រួល​ឡើយ ហេតុ​នោះ ឱ​ពួក​កូន​ចៅ​យ៉ាកុបអើយ ឯង​រាល់​គ្នា​មិន​បាន​ត្រូវ​វិនាស​ទេ។ ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​សេចក្ដី​បញ្ញត្ត​របស់​អញ ចាប់​តាំង​ពី​គ្រា​ពួក​អយ្យ‌កោ​រៀង​មក ឥត​កាន់​តាម​ឡើយ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​បង្គាប់​ថា ចូរ​វិល​មក​ឯ​អញ​វិញ​ចុះ នោះ​អញ​នឹង​ត្រឡប់​មក​ឯ​ឯង​ដែរ តែ​ឯង​រាល់​គ្នា​ថា តើ​យើង​នឹង​វិល​ទៅ​យ៉ាង​ដូច​ម្តេច ចុះ​តើ​មនុស្ស​នឹង​កោង​យក​របស់​ព្រះ​ឬ ប៉ុន្តែឯង​រាល់​គ្នា​បាន​កោង​យក​របស់​អញ​ហើយ រួច​បែរ​ជា​សួរ​ថា តើ​យើង​បាន​កោង​យក​របស់​ទ្រង់​ឯ​ណា គឺ​ក្នុង​ដង្វាយ​១​ភាគ​ក្នុង​១០ ហើយ​ក្នុង​ដង្វាយ​លើក​ចុះ​ឡើង​នោះ​ឯង ឯង​រាល់​គ្នា គឺ​មនុស្ស​នៅ​នគរ​នេះ​ទាំង​មូល ត្រូវ​បណ្តាសា​ហើយ ដោយ​ព្រោះ​តែង‌តែ​កោង​យក​របស់​អញ​យ៉ាង​ដូច្នេះ ចូរ​នាំ​យក​ដង្វាយ​១​ភាគ​ក្នុង​១០​ទាំង​អស់ មក​ដាក់​ក្នុង​ឃ្លាំង​ចុះ ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ​នៅ​ក្នុង​ដំណាក់​នៃ​អញ ហើយ​ល្បង‌ល​អញ​ឥឡូវ បើ​អញ​មិន​បើក​ទ្វារ​ស្ថាន‌សួគ៌ ដើម្បី​ចាក់​ព្រះ‌ពរ​មក​លើ​ឯង ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

ចែក​រំលែក
អាន ម៉ាឡាគី 3