ម៉ាឡាគី 3:16-18
ម៉ាឡាគី 3:16-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ពួកអ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាក៏និយាយគ្នាទៅវិញទៅមក ហើយព្រះយេហូវ៉ាប្រុងស្តាប់ ក៏បានឮ រួចមានសៀវភៅរំឭកបានកត់ទុក នៅចំពោះព្រះយេហូវ៉ា សម្រាប់ពួកអ្នកដែលកោតខ្លាចព្រះអង្គ និងពួកអ្នកដែលនឹកដល់ព្រះនាមព្រះអង្គ។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «នៅថ្ងៃដែលយើងធ្វើការនេះ គេនឹងក្លាយជារបស់យើង គឺជារបស់យើងពិតប្រាកដ ហើយយើងនឹងប្រណីដល់គេ ដូចជាមនុស្សប្រណីដល់កូនខ្លួនដែរ គឺជាកូនដែលគោរពដល់ខ្លួន។ ពេលនោះ អ្នករាល់គ្នានឹងឃើញម្ដងទៀត អំពីភាពខុសគ្នារវាងមនុស្សសុចរិតនឹងមនុស្សអាក្រក់ រវាងអ្នកដែលគោរពបម្រើព្រះនឹងអ្នកដែលមិនគោរពបម្រើ។
ម៉ាឡាគី 3:16-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ អស់អ្នកដែលគោរព កោតខ្លាចព្រះអម្ចាស់ ពិភាក្សាគ្នាទៅវិញទៅមក ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ ហើយយកព្រះហឫទ័យទុកដាក់នឹង ពាក្យសម្ដីរបស់ពួកគេ។ គេបានចារឈ្មោះរបស់អស់អ្នកដែលគោរព កោតខ្លាចព្រះនាមព្រះអម្ចាស់ក្នុងក្រាំងមួយ ទុកជាទីរំឭកនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «នៅថ្ងៃដែលយើងបានកំណត់ទុក អ្នកទាំងនោះនឹងទៅជាប្រជារាស្ត្ររបស់យើង ពួកគេនឹងទៅជាប្រជារាស្ត្រដែលជា ចំណែកមត៌ករបស់យើងផ្ទាល់។ យើងនឹងត្រាប្រណីពួកគេ ដូចឪពុកត្រាប្រណីកូនដែលបម្រើឪពុក។ ពេលនោះ អ្នករាល់គ្នានឹងឃើញសាជាថ្មីថា តើមនុស្សសុចរិត និងមនុស្សអាក្រក់ ខុសគ្នាយ៉ាងណា ហើយអ្នកគោរពបម្រើព្រះជាម្ចាស់ និងអ្នកមិនគោរពបម្រើ ខុសគ្នាយ៉ាងណា
ម៉ាឡាគី 3:16-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ ពួកអ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាក៏និយាយគ្នាទៅវិញទៅមក ហើយព្រះយេហូវ៉ាទ្រង់ប្រុងស្តាប់ ក៏បានឮ រួចមានសៀវភៅរំឭកបានកត់ទុក នៅចំពោះព្រះយេហូវ៉ា សំរាប់ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ នឹងពួកអ្នកដែលនឹកដល់ព្រះនាមទ្រង់ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា នៅថ្ងៃដែលអញធ្វើការនេះ នោះគេនឹងបានជារបស់ផងអញ គឺជារបស់ផងអញពិត ហើយអញនឹងប្រណីដល់គេ ដូចជាមនុស្សប្រណីដល់កូនខ្លួនដែរ គឺជាកូនដែលគោរពដល់ខ្លួនពិត គ្រានោះ ឯងរាល់គ្នានឹងត្រឡប់ជាចេះញែកសេចក្ដីសុចរិត នឹងសេចក្ដីអាក្រក់ចេញពីគ្នា ហើយនឹងមនុស្សដែលគោរពដល់ព្រះ នឹងមនុស្សដែលមិនគោរពផង។