ម៉ាឡាគី 3:13-18
ម៉ាឡាគី 3:13-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ពាក្យសម្ដីរបស់អ្នករាល់គ្នាបានទាស់នឹងយើងយ៉ាងខ្លាំង ទោះបើយ៉ាងនោះក៏អ្នករាល់គ្នាថា យើងបាននិយាយអ្វីទាស់នឹងព្រះអង្គ គឺអ្នករាល់គ្នាពោលថា ការដែលខំគោរពបម្រើព្រះ នោះឥតអំពើទេ ហើយដែលយើងបានរក្សាបញ្ញើរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងដើរនៅចំពោះព្រះអង្គដោយកាន់ទុក្ខដូច្នេះ តើមានប្រយោជន៍អ្វី? ឥឡូវនេះ យើងរាប់មនុស្សឆ្មើងឆ្មៃ ទុកជាសប្បាយហើយ ពួកអ្នកដែលប្រព្រឹត្តការអាក្រក់បានតាំងឡើង គេល្បងលព្រះ ហើយក៏រួចខ្លួន»។ ពេលនោះ ពួកអ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាក៏និយាយគ្នាទៅវិញទៅមក ហើយព្រះយេហូវ៉ាប្រុងស្តាប់ ក៏បានឮ រួចមានសៀវភៅរំឭកបានកត់ទុក នៅចំពោះព្រះយេហូវ៉ា សម្រាប់ពួកអ្នកដែលកោតខ្លាចព្រះអង្គ និងពួកអ្នកដែលនឹកដល់ព្រះនាមព្រះអង្គ។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «នៅថ្ងៃដែលយើងធ្វើការនេះ គេនឹងក្លាយជារបស់យើង គឺជារបស់យើងពិតប្រាកដ ហើយយើងនឹងប្រណីដល់គេ ដូចជាមនុស្សប្រណីដល់កូនខ្លួនដែរ គឺជាកូនដែលគោរពដល់ខ្លួន។ ពេលនោះ អ្នករាល់គ្នានឹងឃើញម្ដងទៀត អំពីភាពខុសគ្នារវាងមនុស្សសុចរិតនឹងមនុស្សអាក្រក់ រវាងអ្នកដែលគោរពបម្រើព្រះនឹងអ្នកដែលមិនគោរពបម្រើ។
ម៉ាឡាគី 3:13-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាពោលពាក្យទ្រគោះបោះបោក ប្រឆាំងនឹងយើង ហើយអ្នករាល់គ្នាពោលថា: “តើយើងខ្ញុំនិយាយគ្នាប្រឆាំងនឹងព្រះអង្គ ដូចម្ដេចខ្លះ?”។ អ្នករាល់គ្នាពោលថា: “ពួកយើងខំបម្រើព្រះជាម្ចាស់ តែគ្មានបានការអ្វីទេ ពួកយើងខំធ្វើតាមបង្គាប់របស់ព្រះអង្គ ហើយខំដើរតាមព្រះអម្ចាស់នៃពិភពទាំងមូល ទាំងកាន់ទុក្ខដូច្នេះ តើបានចំណេញអ្វី? ពួកយើងសង្កេតឃើញថា ឥឡូវនេះ មានតែមនុស្សព្រហើនទេ ដែលមានសុភមង្គល ហើយមនុស្សប្រព្រឹត្តអំពើអាក្រក់ បែរជាបានចម្រុងចម្រើនទៅវិញ។ ទោះបីពួកគេល្បងលមើលព្រះជាម្ចាស់ក្ដី ក៏ពួកគេគេចផុតពីទុក្ខទោសជានិច្ច”»។ ពេលនោះ អស់អ្នកដែលគោរព កោតខ្លាចព្រះអម្ចាស់ ពិភាក្សាគ្នាទៅវិញទៅមក ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ ហើយយកព្រះហឫទ័យទុកដាក់នឹង ពាក្យសម្ដីរបស់ពួកគេ។ គេបានចារឈ្មោះរបស់អស់អ្នកដែលគោរព កោតខ្លាចព្រះនាមព្រះអម្ចាស់ក្នុងក្រាំងមួយ ទុកជាទីរំឭកនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «នៅថ្ងៃដែលយើងបានកំណត់ទុក អ្នកទាំងនោះនឹងទៅជាប្រជារាស្ត្ររបស់យើង ពួកគេនឹងទៅជាប្រជារាស្ត្រដែលជា ចំណែកមត៌ករបស់យើងផ្ទាល់។ យើងនឹងត្រាប្រណីពួកគេ ដូចឪពុកត្រាប្រណីកូនដែលបម្រើឪពុក។ ពេលនោះ អ្នករាល់គ្នានឹងឃើញសាជាថ្មីថា តើមនុស្សសុចរិត និងមនុស្សអាក្រក់ ខុសគ្នាយ៉ាងណា ហើយអ្នកគោរពបម្រើព្រះជាម្ចាស់ និងអ្នកមិនគោរពបម្រើ ខុសគ្នាយ៉ាងណា
ម៉ាឡាគី 3:13-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា ពាក្យសំដីរបស់ឯងរាល់គ្នា បានទាស់នឹងអញជាខ្លាំង ទោះបើយ៉ាងនោះក៏ឯងរាល់គ្នាថា យើងបាននិយាយអ្វីទាស់នឹងទ្រង់ គឺឯងរាល់គ្នាពោលថា ការដែលខំគោរពតាមព្រះ នោះឥតអំពើទេ ហើយដែលយើងបានរក្សាបញ្ញើរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងដើរនៅចំពោះទ្រង់ដោយកាន់ទុក្ខដូច្នេះ តើមានប្រយោជន៍អ្វី ឥឡូវនេះ យើងរាប់មនុស្សឆ្មើងឆ្មៃ ទុកជាសប្បាយហើយ អើ ពួកអ្នកដែលប្រព្រឹត្តការអាក្រក់បានតាំងឡើង អើ គេល្បងលព្រះ ហើយក៏រួចផង។ គ្រានោះ ពួកអ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាក៏និយាយគ្នាទៅវិញទៅមក ហើយព្រះយេហូវ៉ាទ្រង់ប្រុងស្តាប់ ក៏បានឮ រួចមានសៀវភៅរំឭកបានកត់ទុក នៅចំពោះព្រះយេហូវ៉ា សំរាប់ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ នឹងពួកអ្នកដែលនឹកដល់ព្រះនាមទ្រង់ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា នៅថ្ងៃដែលអញធ្វើការនេះ នោះគេនឹងបានជារបស់ផងអញ គឺជារបស់ផងអញពិត ហើយអញនឹងប្រណីដល់គេ ដូចជាមនុស្សប្រណីដល់កូនខ្លួនដែរ គឺជាកូនដែលគោរពដល់ខ្លួនពិត គ្រានោះ ឯងរាល់គ្នានឹងត្រឡប់ជាចេះញែកសេចក្ដីសុចរិត នឹងសេចក្ដីអាក្រក់ចេញពីគ្នា ហើយនឹងមនុស្សដែលគោរពដល់ព្រះ នឹងមនុស្សដែលមិនគោរពផង។