ម៉ាឡាគី 2:10-16
ម៉ាឡាគី 2:10-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«តើយើងទាំងអស់គ្នាមិនមានឪពុកតែមួយទេឬ? តើមិនមែនជាព្រះតែមួយ ដែលបង្កើតយើងរាល់គ្នាមកទេឬ? ហេតុអ្វីបានជាយើងប្រព្រឹត្តក្បត់ ចំពោះបងប្អូនខ្លួន ទាំងបង្អាប់សេចក្ដីសញ្ញារបស់បុព្វបុរសយើងដូច្នេះ? ពួកយូដាបានក្បត់ហើយ ក៏មានគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើម នៅក្នុងពួកអ៊ីស្រាអែល និងនៅក្រុងយេរូសាឡិមដែរ ដ្បិតយូដាបានប្រមាថទីបរិសុទ្ធរបស់ព្រះយេហូវ៉ា ដែលព្រះអង្គស្រឡាញ់ គឺគេបានរៀបការជាមួយកូនស្រីរបស់ព្រះដទៃ។ សូមព្រះយេហូវ៉ាដកគេចេញពីពួកយ៉ាកុបទៅ ចំពោះមនុស្សដែលប្រព្រឹត្តអំពើដូច្នេះ ជាអ្នកដែលយកតង្វាយមកថ្វាយដល់ព្រះយេហូវ៉ានៃពួកពលបរិវារផង។ មានការមួយទៀតដែលអ្នករាល់គ្នាធ្វើ គឺអ្នករាល់គ្នាគ្របបាំងអាសនានៃព្រះយេហូវ៉ា ដោយទឹកភ្នែក ដោយយំសោក ហើយស្រែកថ្ងូរ បានជាព្រះអង្គមិនទតមើលតង្វាយទៀតឡើយ ក៏មិនទទួលពីដៃអ្នករាល់គ្នាដោយព្រះហឫទ័យស្មោះដែរ។ អ្នករាល់គ្នាសួរថា "ហេតុអ្វីបានជាព្រះអង្គមិនទទួល?" ព្រោះព្រះយេហូវ៉ាជាសាក្សីរវាងអ្នកនឹងប្រពន្ធដែលអ្នកបានគ្នាពីកាលក្រមុំកំលោះនោះ ទោះបើនាងជាគូរបស់អ្នក ហើយជាប្រពន្ធពេញច្បាប់ក៏ដោយ តែអ្នកបានក្បត់នឹងនាងដែរ។ តើព្រះអង្គមិនបានធ្វើឲ្យអ្នកទាំងពីរក្លាយជាតែមួយទេឬ? តើព្រះអង្គធ្វើឲ្យរួមតែមួយដូច្នេះដើម្បីអ្វី? គឺព្រោះព្រះអង្គចង់ស្វែងរកពូជបរិសុទ្ធ ដូច្នេះ ចូរប្រយ័ត្នចំពោះវិញ្ញាណរបស់អ្នកចុះ កុំមានចិត្តក្បត់ចំពោះប្រពន្ធដែលបានគ្នា ពីកាលនៅក្រមុំកំលោះនោះឡើយ។ ដ្បិតយើងស្អប់ការលះលែងគ្នាណាស់ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល យើងក៏ស្អប់ទាំងអ្នកដែលឃ្លុំសម្លៀកបំពាក់ខ្លួន ដោយការច្រឡោតដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ ដូច្នេះ ចូរប្រយ័ត្នចំពោះវិញ្ញាណរបស់អ្នកចុះ កុំប្រព្រឹត្តចិត្តក្បត់ឡើយ។
ម៉ាឡាគី 2:10-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកយើងទាំងអស់គ្នាមានឪពុកតែមួយគត់ ហើយព្រះជាម្ចាស់ដែលបង្កើតពួកយើងមក ក៏មានតែមួយព្រះអង្គដែរ ហេតុដូចម្ដេចបានជាពួកយើងក្បត់គ្នា ទៅវិញទៅមក ដោយបំពានលើសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់បានចងជាមួយ បុព្វបុរសរបស់ពួកយើងដូច្នេះ? ជនជាតិយូដាបានក្បត់នឹងសម្ពន្ធមេត្រីនេះ ពួកគេបានប្រព្រឹត្តអំពើដ៏គួរស្អប់ខ្ពើមនៅ ស្រុកអ៊ីស្រាអែល និងនៅក្រុងយេរូសាឡឹម។ យូដាបានប្រមាថទីសក្ការៈរបស់ព្រះអម្ចាស់ ជាកន្លែងដែលព្រះអង្គស្រឡាញ់ គឺពួកគេរៀបការជាមួយស្ត្រី ដែលថ្វាយបង្គំព្រះដទៃ។ សូមព្រះអម្ចាស់ដកអ្នកដែលប្រព្រឹត្តដូច្នេះ ចេញពីចំណោមពូជពង្សរបស់លោកយ៉ាកុប ហើយកុំឲ្យគេមានកូនចៅ ដើម្បីចូលរួមថ្វាយតង្វាយដល់ ព្រះអម្ចាស់នៃពិភពទាំងមូលឡើយ។ អ្នករាល់គ្នាបានប្រព្រឹត្តការមួយទៀត គឺអ្នករាល់គ្នាយំសោកសង្រេង សម្រក់ទឹកភ្នែក ជោកអាសនៈរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ព្រោះព្រះអង្គលែងរវីរវល់នឹងតង្វាយ របស់អ្នករាល់គ្នា ព្រះអង្គមិនសព្វព្រះហឫទ័យនឹងអ្វីៗដែល អ្នករាល់គ្នាយកមកថ្វាយទេ។ អ្នករាល់គ្នាសួរថា “ហេតុអ្វីបានជាដូច្នេះ?” គឺកាលពីនៅក្មេង អ្នកបានរៀបការ ដោយយកព្រះអម្ចាស់ធ្វើសាក្សី។ នាងជាគូស្រករ ជាភរិយាពេញច្បាប់របស់អ្នក តែអ្នកបានក្បត់ចិត្តចោលនាង។ តើព្រះអម្ចាស់មិនបានផ្សំផ្គុំអ្នកទាំងពីរ ឲ្យទៅជារូបកាយតែមួយ មានចិត្តគំនិតតែមួយទេឬ? ព្រះអង្គធ្វើដូច្នេះ ក្នុងគោលបំណងអ្វី? គឺឲ្យអ្នកទាំងពីរបង្កើតកូនចៅ ដែលជាអំណោយទានរបស់ព្រះជាម្ចាស់។ ហេតុនេះ ចូរកាន់ចិត្តគំនិតឲ្យបានល្អ គឺម្នាក់ៗមិនត្រូវក្បត់ចិត្តភរិយា ដែលខ្លួនបានរៀបការតាំងពីក្មេងនោះឡើយ។ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា ព្រះអង្គមិនសព្វព្រះហឫទ័យ នឹងការលែងលះគ្នាទេ ហើយព្រះអម្ចាស់នៃពិភពទាំងមូល ក៏មិនសព្វព្រះហឫទ័យនឹងអ្នកដែលប្រព្រឹត្ត អំពើឃោរឃៅបែបនេះ ចំពោះភរិយារបស់ខ្លួនដែរ! ហេតុនេះ ចូរកាន់ចិត្តគំនិតឲ្យបានល្អ មិនត្រូវមានចិត្តក្បត់ឡើយ។
ម៉ាឡាគី 2:10-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យើងទាំងអស់គ្នា តើមិនមានឪពុកតែ១ទេឬ តើមិនមែនជាព្រះតែ១ ដែលបង្កើតយើងរាល់គ្នាមកទេឬអី ហេតុអ្វីបានជាយើងប្រព្រឹត្តដោយក្បត់ ចំពោះបងប្អូនរៀងខ្លួន ទាំងធ្វើបង្អាប់ដល់សេចក្ដីសញ្ញារបស់ពួកអយ្យកោយើងផងដូច្នេះ យូដាបានក្បត់ហើយ ក៏មានគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើម នៅក្នុងពួកអ៊ីស្រាអែល ហើយនៅក្រុងយេរូសាឡិមដែរ ដ្បិតយូដាបានបង្គាប់សេចក្ដីដែលបរិសុទ្ធដល់ព្រះយេហូវ៉ា ជាសេចក្ដីដែលគួរឲ្យគេបានស្រឡាញ់វិញ គឺបានយកកូនស្រីរបស់ព្រះដទៃធ្វើជាប្រពន្ធ ព្រះយេហូវ៉ា ទ្រង់នឹងកាត់មនុស្សដែលប្រព្រឹត្តអំពើយ៉ាងនោះចេញពីត្រសាលយ៉ាកុបទៅ ទាំងគ្រូ ទាំងសិស្ស ហើយទាំងអ្នកដែលយកដង្វាយមក ថ្វាយដល់ព្រះយេហូវ៉ានៃពួកពលបរិវារផង ហើយមានការនេះដែលឯងរាល់គ្នាធ្វើទៀត គឺឯងរាល់គ្នាគ្របបាំងអាសនានៃព្រះយេហូវ៉ា ដោយទឹកភ្នែក ដោយយំសោក ហើយស្រែកថ្ងូរ ដល់ម៉្លេះបានជាទ្រង់មិនទតមើលដង្វាយទៀតឡើយ ក៏មិនទទួលពីដៃឯងរាល់គ្នា ដោយព្រះហឫទ័យស្មោះដែរ ទោះបើយ៉ាងនោះគង់តែឯងរាល់គ្នាសួរថា ចុះព្រោះហេតុអ្វី គឺពីព្រោះព្រះយេហូវ៉ា ទ្រង់ជាសាក្សីពីឯង នឹងប្រពន្ធដែលឯងបានគ្នាពីកាលក្រមុំកំឡោះនោះ ហើយទោះបើនាងជាគូរបស់ឯង នឹងជាប្រពន្ធ ដែលឯងបានចុះសញ្ញានឹងគ្នាក៏ដោយ គង់តែឯងបានប្រព្រឹត្ត ដោយក្បត់ចំពោះនាងដែរ តើទ្រង់មិនបានបង្កើត ឲ្យមានតែ១ទេឬ ទោះបើទ្រង់មានព្រះវិញ្ញាណសល់នៅក៏ដោយ ហើយហេតុអ្វីបានជាបង្កើតតែមួយដូច្នេះ គឺពីព្រោះទ្រង់ស្វែងរកចង់បានពូជបរិសុទ្ធ ដូច្នេះ ចូរប្រយ័ត ចំពោះវិញ្ញាណរបស់ឯងចុះ កុំឲ្យប្រព្រឹត្តដោយមានចិត្តក្បត់ ចំពោះប្រពន្ធដែលបានគ្នា ពីកាលនៅក្រមុំកំឡោះនោះឡើយ ដ្បិតអញស្អប់ការលះលែងគ្នាណាស់ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល អញក៏ស្អប់ទាំងអ្នកដែលគ្រលុំសំលៀកបំពាក់ខ្លួន ដោយការច្រឡោតដែរ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ ដូច្នេះ ចូរប្រយ័តចំពោះវិញ្ញាណរបស់ឯងចុះ កុំឲ្យប្រព្រឹត្ត ដោយចិត្តក្បត់ឡើយ។