ម៉ាឡាគី 1:2-5

ម៉ាឡាគី 1:2-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ប៉ុន្តែ អ្នក​រាល់​គ្នា​ថា "តើ​ព្រះ​អង្គ​ស្រឡាញ់​យើង​ដូច​ម្ដេច?"។ ព្រះ‌យេហូវ៉ា​តប​ថា "តើ​អេសាវ​មិន​មែន​ជា​បង​របស់​យ៉ាកុប​ទេ​ឬ? តែ​យើង​ស្រឡាញ់​យ៉ាកុប"។ យើង​ស្អប់​អេសាវ ហើយ​បាន​ធ្វើ​ឲ្យ​ស្រុក​ភ្នំ​របស់​គេ​នៅ​ស្ងាត់​ច្រៀប ក៏​ឲ្យ​មត៌ក​របស់​គេទៅ​ពួក​ឆ្កែ​ព្រៃ​នៅ​ទី​រហោ‌ស្ថាន ហើយ​ទោះ​បើ​ពួក​អេដុម​ពោល​ថា "យើង​ត្រូវ​បំផ្លាញ​ហើយ តែ​យើង​នឹង​វិល​ទៅ​សង់​កន្លែង​ខូច‌បង់​ឡើង​វិញ" ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "គេ​នឹង​សង់​ឡើង តែ​យើង​នឹង​រំលំ​ទៀត" មនុស្ស​នឹង​ហៅ​គេ​ថា ទឹក​ដី​របស់​មនុស្ស​ទុច្ចរិត ហើយ​ថា ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​ចំពោះ​គេ​ជា​ដរាប ភ្នែកអ្នក​រាល់​គ្នា​នឹង​ឃើញ​ដែរ ហើយ​ពោល​ថា "ព្រះ‌យេហូវ៉ា​ប្រសើរ​ឧត្ដម ហួស​ព្រំ​ប្រទល់​ស្រុក​អ៊ីស្រា‌អែល​ទៅ​ទៀត"»។

ចែក​រំលែក
អាន ម៉ាឡាគី 1

ម៉ាឡាគី 1:2-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ស្រឡាញ់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា “តើ​មាន​អ្វី​បញ្ជាក់​ថា ព្រះអង្គ​ស្រឡាញ់​យើង​ខ្ញុំ?”។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - ទោះ​បី​អេសាវ​ជា​បង​របស់​យ៉ាកុប​ក្ដី ក៏​យើង​ស្រឡាញ់​យ៉ាកុប​ជាង គឺ​យើង​មិន​ពេញ​ចិត្ត​នឹង​អេសាវ​ទេ យើង​បាន​ធ្វើ​ឲ្យ​ភ្នំ​នៅ​ស្រុក​អេសាវ ក្លាយ​ទៅ​ជា​ទី​ស្មសាន ហើយ​យើង​បាន​ឲ្យ​ឆ្កែ​ព្រៃ​មក​រស់​នៅ​ក្នុង ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​គេ។ ប្រសិន​បើ​អេដុម​ពោល​ថា “ពួក​យើង​នឹង​សង់​ស្រុក ដែល​វិនាស​នេះ​ឡើង​វិញ!” ឲ្យ​ពួក​គេ​សង់​ទៅ! យើង​នឹង​កម្ទេច​ស្រុក​នោះ​សា​ជា​ថ្មី។ គេ​នឹង​ហៅ​ស្រុក​នោះ​ថា “ទឹក​ដី​របស់​ជន​ទុច្ចរិត” “ប្រជា‌ជន​ដែល​ព្រះ‌អម្ចាស់​ខ្ញាល់​រហូត”។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ អ្នក​រាល់​គ្នា​នឹង​ឃើញ​ហេតុ‌ការណ៍​នេះ ហើយ​ពោល​ថា: “ព្រះ‌អម្ចាស់​សម្តែង​មហិទ្ធិ‌ឫទ្ធិ ហួស​ព្រំ‌ដែន​ស្រុក​អ៊ីស្រា‌អែល​ទៅ​ទៀត!”»។

ចែក​រំលែក
អាន ម៉ាឡាគី 1

ម៉ាឡាគី 1:2-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ស្រឡាញ់​ឯង​រាល់​គ្នា ប៉ុន្តែឯង​រាល់​គ្នា​ថា ទ្រង់​មាន​ស្រឡាញ់​យើង​រាល់​គ្នា​ឯ​ណា ព្រះ‌យេហូវ៉ា​ទ្រង់​តប​ថា ឯ​អេសាវ តើ​មិន​មែន​ជា​បង​របស់​យ៉ាកុប​ទេ​ឬ​អី ទោះ​បើ​យ៉ាង​នោះ គង់​តែ​អញ​បាន​ស្រឡាញ់​យ៉ាកុប តែ​ចំណែក​អេសាវ​នោះ អញ​បាន​ស្អប់​វិញ ហើយ​បាន​ធ្វើ​ឲ្យ​ស្រុក​ភ្នំ​របស់​គេ​បាន​ស្ងាត់​ច្រៀប ក៏​ឲ្យ​មរដក​របស់​គេ​ដល់​ពួក​ស្វាន នៅ​ទី​រហោ‌ស្ថាន ហើយ​ទោះ​បើ​ពួក​អេដំម គេ​ពោល​ថា យើង​ត្រូវ​បំផ្លាញ​ហើយ តែ​យើង​នឹង​វិល​ទៅ​សង់​កន្លែង​ខូច​បង់​ឡើង​វិញ គង់​តែ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា គេ​នឹង​សង់​ឡើង​វិញ តែ​អញ​នឹង​រំលំ​ចុះ​ទៀត នោះ​មនុស្ស​នឹង​ហៅ​គេ​ថា ជា​ព្រំ​ស្រុក​នៃ​សេចក្ដី​អាក្រក់ ហើយ​ថា ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​ចំពោះ​គេ​ជា​ដរាប ភ្នែក​ឯង​រាល់​គ្នា​នឹង​ឃើញ​ដែរ ហើយ​ឯង​នឹង​ពោល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ដំកើង​ឡើង ក្រៅ​ពី​ព្រំ​ស្រុក​អ៊ីស្រាអែល​ទៅ​ទៀត។

ចែក​រំលែក
អាន ម៉ាឡាគី 1