ម៉ាឡាគី 1:1-5
ម៉ាឡាគី 1:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាព្រះបន្ទូលយ៉ាងធ្ងន់របស់ព្រះយេហូវ៉ាទៅដល់អ៊ីស្រាអែល ដោយសារម៉ាឡាគី ។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានស្រឡាញ់អ្នករាល់គ្នា ប៉ុន្តែ អ្នករាល់គ្នាថា "តើព្រះអង្គស្រឡាញ់យើងដូចម្ដេច?"។ ព្រះយេហូវ៉ាតបថា "តើអេសាវមិនមែនជាបងរបស់យ៉ាកុបទេឬ? តែយើងស្រឡាញ់យ៉ាកុប"។ យើងស្អប់អេសាវ ហើយបានធ្វើឲ្យស្រុកភ្នំរបស់គេនៅស្ងាត់ច្រៀប ក៏ឲ្យមត៌ករបស់គេទៅពួកឆ្កែព្រៃនៅទីរហោស្ថាន ហើយទោះបើពួកអេដុមពោលថា "យើងត្រូវបំផ្លាញហើយ តែយើងនឹងវិលទៅសង់កន្លែងខូចបង់ឡើងវិញ" ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា "គេនឹងសង់ឡើង តែយើងនឹងរំលំទៀត" មនុស្សនឹងហៅគេថា ទឹកដីរបស់មនុស្សទុច្ចរិត ហើយថា ជាសាសន៍ដែលព្រះយេហូវ៉ាមានសេចក្ដីគ្នាន់ក្នាញ់ចំពោះគេជាដរាប ភ្នែកអ្នករាល់គ្នានឹងឃើញដែរ ហើយពោលថា "ព្រះយេហូវ៉ាប្រសើរឧត្ដម ហួសព្រំប្រទល់ស្រុកអ៊ីស្រាអែលទៅទៀត"»។
ម៉ាឡាគី 1:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សេចក្ដីប្រកាស។ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់ជនជាតិអ៊ីស្រាអែល តាមរយៈលោកម៉ាឡាគី។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងស្រឡាញ់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើមានអ្វីបញ្ជាក់ថា ព្រះអង្គស្រឡាញ់យើងខ្ញុំ?”។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - ទោះបីអេសាវជាបងរបស់យ៉ាកុបក្ដី ក៏យើងស្រឡាញ់យ៉ាកុបជាង គឺយើងមិនពេញចិត្តនឹងអេសាវទេ យើងបានធ្វើឲ្យភ្នំនៅស្រុកអេសាវ ក្លាយទៅជាទីស្មសាន ហើយយើងបានឲ្យឆ្កែព្រៃមករស់នៅក្នុង ទឹកដីដែលជាចំណែកមត៌ករបស់គេ។ ប្រសិនបើអេដុមពោលថា “ពួកយើងនឹងសង់ស្រុក ដែលវិនាសនេះឡើងវិញ!” ឲ្យពួកគេសង់ទៅ! យើងនឹងកម្ទេចស្រុកនោះសាជាថ្មី។ គេនឹងហៅស្រុកនោះថា “ទឹកដីរបស់ជនទុច្ចរិត” “ប្រជាជនដែលព្រះអម្ចាស់ខ្ញាល់រហូត”។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ អ្នករាល់គ្នានឹងឃើញហេតុការណ៍នេះ ហើយពោលថា: “ព្រះអម្ចាស់សម្តែងមហិទ្ធិឫទ្ធិ ហួសព្រំដែនស្រុកអ៊ីស្រាអែលទៅទៀត!”»។
ម៉ាឡាគី 1:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាព្រះបន្ទូលយ៉ាងធ្ងន់នៃព្រះយេហូវ៉ាដល់អ៊ីស្រាអែល ដោយសារម៉ាឡាគី។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញបានស្រឡាញ់ឯងរាល់គ្នា ប៉ុន្តែឯងរាល់គ្នាថា ទ្រង់មានស្រឡាញ់យើងរាល់គ្នាឯណា ព្រះយេហូវ៉ាទ្រង់តបថា ឯអេសាវ តើមិនមែនជាបងរបស់យ៉ាកុបទេឬអី ទោះបើយ៉ាងនោះ គង់តែអញបានស្រឡាញ់យ៉ាកុប តែចំណែកអេសាវនោះ អញបានស្អប់វិញ ហើយបានធ្វើឲ្យស្រុកភ្នំរបស់គេបានស្ងាត់ច្រៀប ក៏ឲ្យមរដករបស់គេដល់ពួកស្វាន នៅទីរហោស្ថាន ហើយទោះបើពួកអេដំម គេពោលថា យើងត្រូវបំផ្លាញហើយ តែយើងនឹងវិលទៅសង់កន្លែងខូចបង់ឡើងវិញ គង់តែព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា គេនឹងសង់ឡើងវិញ តែអញនឹងរំលំចុះទៀត នោះមនុស្សនឹងហៅគេថា ជាព្រំស្រុកនៃសេចក្ដីអាក្រក់ ហើយថា ជាសាសន៍ដែលព្រះយេហូវ៉ាទ្រង់មានសេចក្ដីគ្នាន់ក្នាញ់ចំពោះគេជាដរាប ភ្នែកឯងរាល់គ្នានឹងឃើញដែរ ហើយឯងនឹងពោលថា សូមឲ្យព្រះយេហូវ៉ាបានដំកើងឡើង ក្រៅពីព្រំស្រុកអ៊ីស្រាអែលទៅទៀត។