លូកា 9:37-62
លូកា 9:37-62 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃបន្ទាប់ ពេលចុះពីភ្នំមកវិញ មានមហាជនច្រើនកុះករចូលមកជួបព្រះអង្គ។ មានម្នាក់ស្រែកពីក្នុងចំណោមប្រជាជនមកថា៖ «លោកគ្រូអើយ សូមអាណិតកូនខ្ញុំផង ខ្ញុំមានកូនតែមួយនេះគត់។ វិញ្ញាណអាក្រក់ចេះតែជាន់វា ហើយលោតែវាស្រែកឡើង ធ្វើឲ្យប្រកាច់បែកពពុះមាត់ និងហើមជាំពេញទាំងខ្លួន រួចចេញពីវាទៅដោយពិបាក។ ខ្ញុំបានសូមអង្វរឲ្យពួកសិស្សលោកដេញដែរ តែគេដេញមិនបានសោះ»។ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ឱជំនាន់មនុស្សដែលមិនជឿ ហើយមានចិត្តវៀចអើយ តើត្រូវឲ្យខ្ញុំនៅជាមួយ និងទ្រាំជាមួយអ្នករាល់គ្នាដល់កាលណាទៀត? ចូរនាំកូនអ្នកមកឯណេះ»។ ពេលក្មេងនោះដើរចូលមក អារក្សបានផ្តួលវា ហើយធ្វើឲ្យប្រកាច់ប្រកិនជាខ្លាំង តែព្រះយេស៊ូវកំហែងទៅវិញ្ញាណអាក្រក់ ហើយប្រោសក្មេងនោះឲ្យជា រួចប្រគល់ដល់ឪពុកវិញ។ មនុស្សទាំងអស់មានសេចក្ដីអស្ចារ្យនឹងមហិទ្ធិឫទ្ធិរបស់ព្រះ។ ពេលគ្រប់គ្នាកំពុងតែស្ញប់ស្ញែងពីអស់ទាំងការដែលព្រះអង្គបានធ្វើ នោះព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរអ្នករាល់គ្នាចាំពាក្យទាំងនេះ ទុកនៅក្នុងត្រចៀកចុះ ដ្បិតបន្តិចទៀត កូនមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃរបស់មនុស្សលោកហើយ»។ ប៉ុន្តែ ពួកគេមិនបានយល់សេចក្តីនោះទេ ព្រោះជាការលាក់កំបាំងដល់គេ ដើម្បីមិនឲ្យគេគិតឃើញ ហើយគេក៏ខ្លាចមិនហ៊ានទូលសួរព្រះអង្គពីសេចក្តីនោះដែរ។ ខណៈនោះ ពួកសិស្សជជែកគ្នា ចង់ដឹងថាអ្នកណាដែលធំជាងក្នុងចំណោមពួកគេ។ ប៉ុន្តែ កាលព្រះយេស៊ូវជ្រាបគំនិតក្នុងចិត្តគេ ព្រះអង្គក៏យកក្មេងតូចមួយមកដាក់នៅជិតព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «អ្នកណាដែលទទួលក្មេងតូចនេះ ក្នុងនាមខ្ញុំ នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះឈ្មោះថាទទួលព្រះដែលចាត់ខ្ញុំឲ្យមកដែរ ព្រោះអ្នកណាដែលតូចជាងគេ ក្នុងពួកអ្នករាល់គ្នា គឺអ្នកនោះហើយ ជាអ្នកធំជាងគេ»។ យ៉ូហានទូលឆ្លើយថា៖ «លោកគ្រូ យើងខ្ញុំបានឃើញមនុស្សម្នាក់កំពុងតែដេញអារក្ស ក្នុងនាមលោកគ្រូ តែយើងខ្ញុំបានឃាត់គាត់ ដោយព្រោះគាត់មិនបានមកតាមព្រះអង្គជាមួយយើងខ្ញុំទេ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «កុំឃាត់គេឡើយ ដ្បិតអ្នកណាដែលមិនទាស់នឹងយើង នោះកាន់ខាងយើងហើយ»។ លុះជិតដល់កំណត់ ដែលព្រះអង្គត្រូវយាងឡើងទៅស្ថានសួគ៌ នោះព្រះអង្គតម្រង់ព្រះភក្ត្រ យាងឆ្ពោះត្រង់ទៅក្រុងយេរូសាឡិមតែម្តង។ ព្រះអង្គបានចាត់អ្នកខ្លះឲ្យទៅមុន គេក៏ទៅ ហើយបានចូលទៅក្នុងភូមិមួយរបស់សាសន៍សាម៉ារី ដើម្បីរៀបចំថ្វាយព្រះអង្គ។ តែអ្នកភូមិនោះមិនទទួលព្រះអង្គទេ ព្រោះព្រះភក្ត្រព្រះអង្គ បែរឆ្ពោះទៅក្រុងយេរូសាឡិម។ ពេលយ៉ាកុប និងយ៉ូហាន ជាសិស្សរបស់ព្រះអង្គបានឃើញដូច្នោះ ក៏ទូលថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គសព្វព្រះហឫទ័យឲ្យយើងខ្ញុំហៅភ្លើងពីលើមេឃមកបញ្ឆេះគេ ដូចជាលោកអេលីយ៉ាបានធ្វើដែរឬទេ?» តែព្រះអង្គបែរទៅ ហើយបន្ទោសគេ។ បន្ទាប់មក ព្រះយេស៊ូវ និងពួកសិស្សក៏នាំគ្នាទៅភូមិមួយទៀត។ កាលគេកំពុងទៅតាមផ្លូវ មានម្នាក់ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំនឹងទៅតាមព្រះអង្គ ទោះបើព្រះអង្គយាងទៅទីណាក៏ដោយ»។ ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «កញ្ជ្រោងមានរូងរបស់វា ហើយសត្វហើរលើអាកាសក៏មានសម្បុករបស់ដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ»។ ព្រះអង្គមានព្រះបន្ទូលទៅម្នាក់ទៀតថា៖ «ចូរមកតាមខ្ញុំ» អ្នកនោះទូលឆ្លើយថា៖ «ព្រះអម្ចាស់អើយ សូមអនុញ្ញាតឲ្យទូលបង្គំទៅកប់ខ្មោចឪពុកទូលបង្គំសិន»។ តែព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកនោះថា៖ «ទុកឲ្យមនុស្សស្លាប់កប់ខ្មោចពួកគេចុះ ឯអ្នក ចូរទៅផ្សាយដំណឹងអំពីព្រះរាជ្យរបស់ព្រះវិញ»។ មានម្នាក់ទៀតទូលថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំនឹងតាមព្រះអង្គទៅដែរ តែសូមអនុញ្ញាតឲ្យទូលបង្គំទៅលាពួកផ្ទះទូលបង្គំសិន»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកនោះថា៖ «អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរមើលក្រោយ អ្នកនោះមិនសមនឹងព្រះរាជ្យរបស់ព្រះឡើយ»។
លូកា 9:37-62 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃបន្ទាប់ ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសិស្សមកវិញ ពេលនោះ មានបណ្ដាជនយ៉ាងច្រើនមករកព្រះអង្គ។ មានបុរសម្នាក់ស្រែកពីកណ្ដាលចំណោមបណ្ដាជនមកថា៖ «លោកគ្រូអើយ! សូមមេត្តាប្រោសប្រណីដល់កូនប្រុសខ្ញុំប្របាទផង ព្រោះខ្ញុំប្របាទមានកូនតែមួយនេះគត់។ ពេលវិញ្ញាណអាក្រក់ចូលម្ដងៗ វាស្រែក រើបម្រះ ប្រកាច់ប្រកិន បែកពពុះមាត់។ លុះធ្វើបាបវាយ៉ាងធ្ងន់ហើយ វិញ្ញាណអាក្រក់ក៏ចេញទៅ ទុកឲ្យកូនខ្ញុំប្របាទនៅគ្រាំគ្រា។ ខ្ញុំប្របាទបានអង្វរសិស្សរបស់លោកឲ្យដេញវិញ្ញាណអាក្រក់នោះដែរ ប៉ុន្តែ គេមិនអាចដេញវាចេញសោះ»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «នែ៎ពួកមនុស្សអាក្រក់មិនព្រមជឿអើយ! តើត្រូវឲ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំកូនរបស់អ្នកមកណេះមើល៍»។ ពេលក្មេងនោះដើរចូលមកជិតព្រះយេស៊ូ ស្រាប់តែអារក្សផ្ដួលវា ធ្វើឲ្យវាប្រកាច់ប្រកិនយ៉ាងខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលគំរាមទៅវិញ្ញាណអាក្រក់ ព្រះអង្គប្រោសក្មេងនោះឲ្យជា ហើយប្រគល់ទៅឲ្យឪពុកវាវិញ។ មនុស្សគ្រប់គ្នាស្ងើចអំពីមហិទ្ធិឫទ្ធិដ៏ខ្លាំងពូកែរបស់ព្រះជាម្ចាស់។ នៅពេលមនុស្សគ្រប់ៗគ្នាកំពុងកោតស្ញប់ស្ញែងនឹងការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរត្រងត្រាប់ស្ដាប់ពាក្យទាំងនេះ ហើយចងចាំទុកក្នុងចិត្ត គឺបុត្រមនុស្ស*នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន»។ ពួកសិស្សពុំបានយល់ព្រះបន្ទូលនេះទេ ព្រោះព្រះជាម្ចាស់មិនទាន់សម្តែងអត្ថន័យឲ្យគេយល់ ប៉ុន្តែ ពួកគេមិនហ៊ានទូលសួរព្រះអង្គអំពីរឿងនេះឡើយ។ ខណៈនោះ ពួកសិស្ស*ជជែកគ្នាចង់ដឹងថា ក្នុងចំណោមពួកគេនរណាធំជាងគេ។ ព្រះយេស៊ូឈ្វេងយល់គំនិតរបស់គេ ក៏យកក្មេងម្នាក់មកឲ្យឈរក្បែរព្រះអង្គ រួចមានព្រះបន្ទូលទៅគេថា៖ «អ្នកណាទទួលក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាបានទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ ដ្បិតអ្នកណាមានឋានៈទាបជាងគេក្នុងចំណោមអ្នករាល់គ្នា គឺអ្នកនោះហើយជាអ្នកធំជាងគេ»។ លោកយ៉ូហានទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបានឃើញបុរសម្នាក់ដេញអារក្សក្នុងនាមព្រះគ្រូ។ យើងខ្ញុំបានឃាត់គាត់ ព្រោះគាត់មិនមកតាមព្រះគ្រូដូចយើងខ្ញុំ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «កុំឃាត់គេអី ដ្បិតអ្នកណាមិនជំទាស់នឹងអ្នករាល់គ្នា អ្នកនោះនៅខាងអ្នករាល់គ្នាហើយ»។ លុះជិតដល់ថ្ងៃកំណត់ដែលព្រះយេស៊ូត្រូវយាងចាកចេញពីលោកនេះទៅ ព្រះអង្គសម្រេចព្រះហឫទ័យយាងទៅក្រុងយេរូសាឡឹម ព្រះអង្គបានចាត់អ្នកខ្លះឲ្យទៅមុន។ អ្នកទាំងនោះចេញដំណើរទៅដល់ភូមិមួយរបស់អ្នកស្រុកសាម៉ារី ដើម្បីរៀបចំកន្លែងថ្វាយព្រះអង្គ។ ប៉ុន្តែ អ្នកស្រុកពុំព្រមទទួលព្រះអង្គឲ្យស្នាក់ឡើយ ព្រោះព្រះអង្គយាងឆ្ពោះទៅក្រុងយេរូសាឡឹម។ ពេលសិស្សពីរនាក់គឺលោកយ៉ាកុប និងលោកយ៉ូហានឃើញដូច្នោះ ក៏ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គសព្វព្រះហឫទ័យឲ្យយើងខ្ញុំហៅរន្ទះភ្លើង មកកម្ទេចអ្នកទាំងនេះឬ?»។ ព្រះយេស៊ូបែរទៅរកគេ ហើយស្ដីបន្ទោសគេយ៉ាងខ្លាំង។ បន្ទាប់មក ព្រះអង្គយាងឆ្ពោះទៅកាន់ភូមិមួយផ្សេងទៀតជាមួយសិស្ស*។ កាលព្រះយេស៊ូកំពុងយាងតាមផ្លូវជាមួយសិស្ស មានបុរសម្នាក់ទូលព្រះអង្គថា៖ «ខ្ញុំប្របាទសុខចិត្តទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏ដោយ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ ប៉ុន្តែ បុត្រមនុស្ស*គ្មានទីជម្រកសម្រាកសោះឡើយ»។ ព្រះអង្គមានព្រះបន្ទូលទៅម្នាក់ទៀតថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ ប៉ុន្តែ អ្នកនោះទូលព្រះអង្គថា៖ «សូមលោកមេត្តាអនុញ្ញាតឲ្យខ្ញុំប្របាទទៅបញ្ចុះសពឪពុកសិន»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «ទុកឲ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ។ រីឯអ្នកវិញ ចូរទៅផ្សាយដំណឹងអំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់»។ មានម្នាក់ទៀតទូលព្រះអង្គថា៖ «លោកម្ចាស់! ខ្ញុំប្របាទសុខចិត្តទៅតាមលោកដែរ ប៉ុន្តែ សូមអនុញ្ញាតឲ្យខ្ញុំប្របាទទៅជម្រាបលាក្រុមគ្រួសារសិន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «អ្នកណាកាន់នង្គ័ល ហើយបែរជាងាកមើលក្រោយ អ្នកនោះគ្មានសារប្រយោជន៍អ្វីដល់ព្រះរាជ្យ*របស់ព្រះជាម្ចាស់ឡើយ»។
លូកា 9:37-62 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដល់ថ្ងៃក្រោយ កាលចុះពីភ្នំមក នោះមានមនុស្សសន្ធឹកមកជួបនឹងទ្រង់ ហើយមើល មានម្នាក់ស្រែកឡើងពីក្នុងពួកមនុស្សទាំងនោះថា លោកគ្រូអើយ សូមអាណិតកូនខ្ញុំផង ដ្បិតជាកូនតែ១របស់ខ្ញុំ ហើយមើល មានវិញ្ញាណអារក្សចេះតែជាន់វា ហើយលោតែវាស្រែកឡើង ធ្វើឲ្យប្រកាច់បែកពពុះមាត់ នឹងហើមជាំអស់ទាំងខ្លួន រួចចេញពីវាទៅដោយពិបាក ខ្ញុំបានសូមអង្វរឲ្យពួកសិស្សលោកដេញចេញដែរ តែគេដេញមិនបានសោះ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ឱដំណមនុស្សដែលមិនជឿ ហើយមានចិត្តវៀចអើយ តើត្រូវឲ្យខ្ញុំនៅជាមួយ ហើយទ្រាំនឹងអ្នករាល់គ្នាដល់កាលណាទៀត ចូរនាំកូនអ្នកមកឯណេះ កាលវាកំពុងតែដើរចូលមក នោះអារក្សបានផ្តួលវា ហើយធ្វើឲ្យប្រកាច់ប្រកិនជាខ្លាំង តែព្រះយេស៊ូវទ្រង់កំហែងទៅវិញ្ញាណអសោចិ៍ ហើយប្រោសក្មេងនោះឲ្យជា រួចប្រគល់ដល់ឪពុកវិញ ឯមនុស្សទាំងឡាយ ក៏អស្ចារ្យចំពោះឥទ្ធិឫទ្ធិរបស់ព្រះទាំងអស់គ្នា។ កាលមនុស្សទាំងអស់ កំពុងតែនឹកប្លែកក្នុងចិត្ត ពីអស់ទាំងការដែលព្រះយេស៊ូវទ្រង់ធ្វើ នោះទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរអ្នករាល់គ្នាចាំពាក្យទាំងនេះ ទុកនៅក្នុងត្រចៀកចុះ ដ្បិតបន្តិចទៀត កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សលោកហើយ ប៉ុន្តែគេមិនបានយល់សេចក្ដីនោះទេ ព្រោះជាសេចក្ដីលាក់កំបាំងដល់គេ ដើម្បីមិនឲ្យគេគិតឃើញ ហើយគេក៏ខ្លាចមិនហ៊ានទូលសួរទ្រង់ពីសេចក្ដីនោះដែរ ខណនោះ គេកើតមានសេចក្ដីជជែកគ្នា ពីអ្នកណាដែលធំជាងក្នុងពួកគេវិញ កាលព្រះយេស៊ូវបានជ្រាបគំនិតក្នុងចិត្តគេហើយ នោះទ្រង់យកក្មេងតូច១មកដាក់នៅជិតទ្រង់ រួចមានបន្ទូលថា អ្នកណាដែលទទួលក្មេងតូចនេះ ដោយនូវឈ្មោះខ្ញុំ នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះឈ្មោះថាទទួលព្រះដែលចាត់ឲ្យខ្ញុំមកដែរ ព្រោះអ្នកណាដែលតូចជាងគេ ក្នុងពួកអ្នករាល់គ្នា គឺអ្នកនោះហើយ ជាអ្នកធំវិញ យ៉ូហានទូលឆ្លើយថា លោកគ្រូ យើងខ្ញុំបានឃើញមនុស្សម្នាក់កំពុងតែដេញអារក្ស ដោយឈ្មោះលោក តែយើងខ្ញុំបានឃាត់ដល់អ្នកនោះ ដោយព្រោះគេមិនតាមយើងរាល់គ្នា នោះព្រះយេស៊ូវមានបន្ទូលទៅគាត់ថា កុំឃាត់គេឡើយ ដ្បិតអ្នកណាដែលមិនទាស់នឹងយើង នោះកាន់ខាងយើងហើយ។ កាលជិតដល់កំណត់ ដែលទ្រង់ត្រូវឡើងទៅស្ថានសួគ៌ នោះទ្រង់ដំរង់ព្រះភក្ត្រ យាងឆ្ពោះត្រង់ទៅឯក្រុងយេរូសាឡិមតែម្តង ទ្រង់ចាត់ប្រើអ្នកខ្លះឲ្យទៅជាមុន គេក៏ទៅ ហើយបានចូលទៅក្នុងភូមិ១របស់សាសន៍សាម៉ារី ដើម្បីនឹងរៀបចំថ្វាយទ្រង់ តែពួកភូមិនោះមិនទទួលទ្រង់ទេ ពីព្រោះទ្រង់ដូចជាមានព្រះភក្ត្រឆ្ពោះត្រង់យាងទៅឯក្រុងយេរូសាឡិម កាលយ៉ាកុប នឹងយ៉ូហាន ជាសិស្សទ្រង់ បានឃើញដូច្នោះ នោះក៏ទូលថា ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យ ឲ្យយើងខ្ញុំហៅភ្លើងឲ្យធ្លាក់ពីលើមេឃមកបញ្ឆេះគេ ដូចជាលោកអេលីយ៉ាបានធ្វើដែរឬអី តែទ្រង់បែរទៅបន្ទោសគេថា អ្នករាល់គ្នាមិនដឹងជាមានវិញ្ញាណបែបយ៉ាងណាទេ ពីព្រោះកូនមនុស្សមិនមែនមក ប៉ងនឹងបំផ្លាញជីវិតមនុស្សទេ គឺមក ដើម្បីនឹងជួយសង្គ្រោះវិញ រួចក៏នាំគ្នាទៅឯភូមិមួយទៀតទៅ។ កាលកំពុងតែទៅតាមផ្លូវ នោះមានម្នាក់ទូលទ្រង់ថា ព្រះអម្ចាស់អើយ ទូលបង្គំនឹងតាមទ្រង់ ទោះបើទ្រង់យាងទៅក្នុងទីណាក៏ដោយ ព្រះយេស៊ូវមានបន្ទូលតបថា កញ្ជ្រោងមានរូងវា ហើយសត្វហើរលើអាកាសក៏មានសំបុកដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ ទ្រង់មានបន្ទូលទៅម្នាក់ទៀតថា ចូរមកតាមខ្ញុំ អ្នកនោះទូលឆ្លើយថា ព្រះអម្ចាស់អើយ សូមទ្រង់អនុញ្ញាតឲ្យទូលបង្គំទៅកប់ខ្មោចឪពុកទូលបង្គំសិន តែទ្រង់មានបន្ទូលទៅអ្នកនោះថា ទុកឲ្យពួកមនុស្សស្លាប់កប់ខ្មោចពួកគេចុះ ឯអ្នក ចូរទៅផ្សាយដំណឹងពីនគរព្រះវិញ មានម្នាក់ទៀតទូលថា ព្រះអម្ចាស់អើយ ទូលបង្គំនឹងតាមទ្រង់ទៅដែរ តែសូមអនុញ្ញាតឲ្យទូលបង្គំទៅលាពួកផ្ទះទូលបង្គំសិន ទ្រង់មានបន្ទូលទៅអ្នកនោះថា អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរទៅមើលក្រោយ អ្នកនោះមិនគួរនឹងនគរព្រះទេ។