លូកា 9:10-17
លូកា 9:10-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលពួកសាវកបានត្រឡប់មកវិញ រៀបរាប់រឿងទូលព្រះយេស៊ូវពីការដែលគេបានធ្វើទាំងប៉ុន្មាន ព្រះអង្គក៏នាំគេទៅទីស្ងាត់ដោយឡែក ជិតភូមិមួយឈ្មោះបេតសៃដា។ កាលមហាជនបានដឹង គេក៏ទៅតាមព្រះអង្គ ហើយព្រះអង្គរាក់ទាក់ទទួលគេ ដោយមានព្រះបន្ទូលប្រាប់អំពីព្រះរាជ្យរបស់ព្រះ ទាំងប្រោសអស់អ្នកដែលត្រូវការឲ្យបានជាផង។ លុះដល់ថ្ងៃកាន់តែទាបហើយ អ្នកទាំងដប់ពីរ មកទូលព្រះអង្គថា៖ «សូមឲ្យបណ្ដាជនទៅរកកន្លែងស្នាក់នៅ ទៅរកស្បៀងអាហារនៅតាមភូមិ និងស្រុកស្រែជុំវិញនេះទៅ ព្រោះទីនេះស្ងាត់ណាស់»។ តែព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ» ពួកសិស្សទូលថា៖ «យើងខ្ញុំមានតែនំបុ័ងប្រាំដុំ និងត្រីពីរទេ មានតែយើងខ្ញុំទៅទិញស្បៀងអាហារថែមទៀត សម្រាប់មនុស្សទាំងនេះ»។ នៅទីនោះ មានបុរសប្រាំពាន់នាក់ ហើយព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរឲ្យគេអង្គុយជាជួរទៅ ក្នុងមួយជួរហាសិបនាក់»។ ពួកសិស្សក៏ឲ្យមនុស្សទាំងអស់អង្គុយដូច្នោះ ព្រះអង្គបានយកនំបុ័ងប្រាំដុំ និងត្រីពីរ ងើបទតទៅលើមេឃ ហើយអរព្រះគុណ រួចកាច់ប្រទានដល់ពួកសិស្ស ឲ្យលើកទៅឲ្យបណ្តាជនបរិភោគ។ គេបានបរិភោគឆ្អែតទាំងអស់គ្នា រួចប្រមូលចំណិតដែលនៅសល់ បានដប់ពីរកន្ត្រក។
លូកា 9:10-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សាវ័ក*នាំគ្នាវិលត្រឡប់មកវិញ រៀបរាប់ទូលព្រះយេស៊ូនូវគ្រប់កិច្ចការទាំងអស់ដែលគេបានធ្វើ។ ព្រះអង្គនាំគេចេញដាច់ឡែកពីមហាជន តម្រង់ទៅភូមិមួយឈ្មោះបេតសៃដា តែមហាជនដឹង ក៏នាំគ្នាទៅតាមព្រះអង្គ។ ព្រះយេស៊ូទទួលពួកគេ ហើយមានព្រះបន្ទូលអំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ឲ្យគេស្ដាប់ ព្រមទាំងប្រោសអ្នកជំងឺឲ្យជាផង។ ដល់ថ្ងៃជិតលិច សិស្សទាំងដប់ពីររូបចូលទៅទូលព្រះអង្គថា៖ «សូមព្រះអង្គប្រាប់ឲ្យបណ្ដាជនចេញទៅរកម្ហូបអាហារ រកកន្លែងស្នាក់តាមផ្ទះ តាមភូមិជិតៗនេះទៅ ព្រោះទីនេះស្ងាត់ណាស់»។ ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «ចូរអ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគទៅ»។ ពួកសិស្សទូលព្រះអង្គថា៖ «យើងខ្ញុំមាននំប៉័ងតែប្រាំដុំ និងត្រីងៀតពីរកន្ទុយប៉ុណ្ណោះ ធ្វើម្ដេចនឹងគ្រាន់ មានតែទៅទិញអាហារសម្រាប់ប្រជាជនទាំងនេះ!»។ នៅទីនោះ មានមនុស្សប្រុសប្រមាណប្រាំពាន់នាក់។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សិស្សថា៖ «ចូរអ្នករាល់គ្នាប្រាប់គេឲ្យអង្គុយចុះជាក្រុមៗ ក្នុងមួយក្រុមហាសិបនាក់»។ ពួកសិស្សក៏ធ្វើតាម គឺប្រាប់គេឲ្យអង្គុយចុះទាំងអស់គ្នា។ ព្រះយេស៊ូយកនំប៉័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ ព្រះអង្គងើបព្រះភ័ក្ត្រឡើងលើ សរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានឲ្យសិស្ស ដើម្បីឲ្យគេចែកបណ្ដាជនបរិភោគ។ គេបានបរិភោគឆ្អែតគ្រប់ៗគ្នា រួចប្រមូលនំប៉័ងដែលនៅសល់បានពេញដប់ពីរល្អី។
លូកា 9:10-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលពួកសាវកបានត្រឡប់មកវិញ ក៏រ៉ាយរឿងទូលព្រះយេស៊ូវ ពីការដែលគេបានធ្វើទាំងប៉ុន្មាន នោះទ្រង់នាំគេទៅដោយឡែកនៅទីស្ងាត់ ជិតភូមិ១ឈ្មោះបេតសៃដា កាលបណ្តាមនុស្សបានដឹង ក៏តាមទ្រង់ទៅ ទ្រង់រាក់ទាក់ទទួលគេ ហើយមានបន្ទូលប្រាប់ពីនគរព្រះ ទាំងប្រោសដល់អស់អ្នកដែលត្រូវការ ឲ្យគេបានជាផង វេលានោះ ថ្ងៃកាន់តែទាបហើយ នោះពួក១២នាក់មកទូលទ្រង់ថា សូមឲ្យមនុស្សទាំងឡាយទៅ ដើម្បីឲ្យទៅរកទីស្នាក់ នឹងស្បៀងអាហារ នៅក្នុងភូមិនឹងស្រុកស្រែជុំវិញ ដ្បិតទីនេះស្ងាត់ណាស់ តែទ្រង់មានបន្ទូលថា ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ ពួកសិស្សទូលថា យើងខ្ញុំមានតែនំបុ័ង៥ដុំ នឹងត្រី២ទេ លើកតែយើងខ្ញុំទៅទិញស្បៀងអាហារទៀត សំរាប់មនុស្សទាំងនេះវិញ (រីឯពួកមនុស្សទាំងនោះ មានប្រុសៗចំនួន៥ពាន់នាក់) តែទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរឲ្យគេអង្គុយដោយជួរៗទៅ ក្នុង១ជួរ៥០នាក់ ពួកសិស្សក៏ឲ្យមនុស្សទាំងអស់អង្គុយដូច្នោះ នោះទ្រង់យកនំបុ័ង៥ នឹងត្រី២ ងើបទតទៅលើមេឃ ហើយប្រទានពរ រួចកាច់ប្រទានដល់ពួកសិស្ស ឲ្យលើកទៅឲ្យបណ្តាមនុស្ស គេក៏បរិភោគឆ្អែតទាំងអស់គ្នា រួចប្រមូលចំណិតដែលនៅសល់បាន១២កន្ត្រក។