លូកា 9:1-62
លូកា 9:1-62 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ព្រះយេស៊ូវបានហៅអ្នកទាំងដប់ពីរមក ហើយក៏ប្រទានឲ្យគេមានព្រះចេស្តា និងអំណាចលើអស់ទាំងអារក្ស ហើយអាចមើលជំងឺឲ្យជា ព្រះអង្គបានចាត់គេឲ្យទៅប្រកាសប្រាប់អំពីព្រះរាជ្យរបស់ព្រះ ហើយមើលអ្នកជំងឺឲ្យបានជាផង។ ព្រះអង្គមានព្រះបន្ទូលប្រាប់ថា៖ «កុំយកអ្វីទៅតាមផ្លូវឡើយ ទោះជាដំបង ថង់យាម នំបុ័ង ឬប្រាក់ក្តី ក៏កុំឲ្យមានអាវពីរដែរ។ បើអ្នករាល់គ្នាចូលទៅក្នុងផ្ទះណា ចូរស្នាក់នៅផ្ទះនោះ ហើយចេញចូលធ្វើការចុះ។ បើអ្នកណាដែលមិនព្រមរាក់ទាក់ទទួលអ្នករាល់គ្នាទេ ចូរចេញពីភូមិនោះទៅ ហើយរលាស់ធូលីដីពីជើងអ្នកចេញ ទុកជាបន្ទាល់ទាស់នឹងគេវិញ»។ ពួកគេក៏បានចាកចេញ ទៅសព្វភូមិទាំងអស់ ព្រមទាំងផ្សាយដំណឹងល្អ ហើយមើលអ្នកជំងឺឲ្យជានៅគ្រប់កន្លែងដែរ។ ឯហេរ៉ូឌ ជាស្តេចអនុរាជ បានឮនិយាយពីការដែលព្រះអង្គធ្វើទាំងប៉ុន្មាន ក៏មានព្រះហឫទ័យអល់អែក ព្រោះខ្លះនិយាយថា លោកយ៉ូហានបានរស់ពីស្លាប់ឡើងវិញហើយ ខ្លះថា លោកអេលីយ៉ាបានលេចមកហើយ ខ្លះទៀតថា មានហោរាណាមួយពីចាស់បុរាណបានរស់ឡើងវិញ។ ព្រះបាទហេរ៉ូឌមានរាជឱង្ការថា៖ «យើងបានកាត់ក្បាលយ៉ូហានហើយ ចុះអ្នកដែលយើងឮថា បានធ្វើការអស្ចារ្យទាំងនេះ ជាអ្នកណា?» ហើយព្រះបាទហេរ៉ូឌក៏ចង់ឃើញព្រះអង្គដែរ។ ពេលពួកសាវកបានត្រឡប់មកវិញ រៀបរាប់រឿងទូលព្រះយេស៊ូវពីការដែលគេបានធ្វើទាំងប៉ុន្មាន ព្រះអង្គក៏នាំគេទៅទីស្ងាត់ដោយឡែក ជិតភូមិមួយឈ្មោះបេតសៃដា។ កាលមហាជនបានដឹង គេក៏ទៅតាមព្រះអង្គ ហើយព្រះអង្គរាក់ទាក់ទទួលគេ ដោយមានព្រះបន្ទូលប្រាប់អំពីព្រះរាជ្យរបស់ព្រះ ទាំងប្រោសអស់អ្នកដែលត្រូវការឲ្យបានជាផង។ លុះដល់ថ្ងៃកាន់តែទាបហើយ អ្នកទាំងដប់ពីរ មកទូលព្រះអង្គថា៖ «សូមឲ្យបណ្ដាជនទៅរកកន្លែងស្នាក់នៅ ទៅរកស្បៀងអាហារនៅតាមភូមិ និងស្រុកស្រែជុំវិញនេះទៅ ព្រោះទីនេះស្ងាត់ណាស់»។ តែព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ» ពួកសិស្សទូលថា៖ «យើងខ្ញុំមានតែនំបុ័ងប្រាំដុំ និងត្រីពីរទេ មានតែយើងខ្ញុំទៅទិញស្បៀងអាហារថែមទៀត សម្រាប់មនុស្សទាំងនេះ»។ នៅទីនោះ មានបុរសប្រាំពាន់នាក់ ហើយព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរឲ្យគេអង្គុយជាជួរទៅ ក្នុងមួយជួរហាសិបនាក់»។ ពួកសិស្សក៏ឲ្យមនុស្សទាំងអស់អង្គុយដូច្នោះ ព្រះអង្គបានយកនំបុ័ងប្រាំដុំ និងត្រីពីរ ងើបទតទៅលើមេឃ ហើយអរព្រះគុណ រួចកាច់ប្រទានដល់ពួកសិស្ស ឲ្យលើកទៅឲ្យបណ្តាជនបរិភោគ។ គេបានបរិភោគឆ្អែតទាំងអស់គ្នា រួចប្រមូលចំណិតដែលនៅសល់ បានដប់ពីរកន្ត្រក។ ថ្ងៃមួយ ពេលព្រះអង្គកំពុងតែអធិស្ឋានដោយឡែក ហើយពួកសិស្សក៏នៅជាមួយ ព្រះអង្គសួរគេថា៖ «តើមហាជនថាខ្ញុំជាអ្នកណា?» គេទូលឆ្លើយថា៖ «ជាយ៉ូហាន-បាទីស្ទ ខ្លះថាជាអេលីយ៉ា ខ្លះទៀតថាជាហោរាណាមួយពីចាស់បុរាណ បានរស់ឡើងវិញ»។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ចុះអ្នករាល់គ្នាវិញ តើថាខ្ញុំជាអ្នកណា?» ពេត្រុសទូលឆ្លើយថា៖ «ព្រះអង្គជាព្រះគ្រីស្ទនៃព្រះ»។ ព្រះយេស៊ូវហាមផ្តាច់ មិនឲ្យគេប្រាប់អ្នកណាពីសេចក្តីនេះឡើយ ដោយមានព្រះបន្ទូលថា៖ «កូនមនុស្សត្រូវរងទុក្ខជាច្រើន ត្រូវពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យបោះបង់ចោល ត្រូវគេសម្លាប់ ហើយបីថ្ងៃក្រោយមកនឹងរស់ឡើងវិញ»។ រួចព្រះអង្គមានព្រះបន្ទូលទៅមនុស្សទាំងអស់ថា៖ «បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាដែលចង់រក្សាជីវិតខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ។ ប្រសិនបើមនុស្សណាម្នាក់បានពិភពលោកទាំងមូល ប៉ុន្តែ ធ្វើឲ្យខ្លួនឯងវិនាស ឬឲ្យបាត់បង់ តើមានប្រយោជន៍អ្វីដល់អ្នកនោះ? ដ្បិតអ្នកណាដែលមានសេចក្តីខ្មាស ដោយព្រោះខ្ញុំ និងដោយព្រោះពាក្យខ្ញុំ នោះកូនមនុស្សនឹងមានសេចក្តីខ្មាស ដោយព្រោះអ្នកនោះដែរ នៅពេលដែលលោកមកក្នុងសិរីល្អរបស់លោក សិរីល្អរបស់ព្រះវរបិតា និងសិរីល្អរបស់ពួកទេវតាបរិសុទ្ធ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានអ្នកខ្លះដែលឈរនៅទីនេះ នឹងមិនភ្លក់សេចក្តីស្លាប់ឡើយ រហូតដល់គេបានឃើញព្រះរាជ្យរបស់ព្រះ»។ ប្រហែលជាប្រាំបីថ្ងៃ ក្រោយដែលព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនោះមក ព្រះអង្គបានយកពេត្រុស យ៉ូហាន និងយ៉ាកុបឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន។ កាលព្រះអង្គកំពុងតែអធិស្ឋាន នោះព្រះភក្ត្ររបស់ព្រះអង្គក៏ផ្លាស់ប្រែ ហើយព្រះពស្ត្រត្រឡប់ជាសភ្លឺព្រាត។ ពេលនោះ ឃើញមានមនុស្សពីរនាក់ គឺលោកម៉ូសេ និងលោកអេលីយ៉ា កំពុងតែជជែកជាមួយព្រះអង្គ។ លោកទាំងពីរបានលេចមកក្នុងសិរីល្អ ទូលពីដំណើរទ្រង់សុគត ដែលត្រូវសម្រេចនៅក្រុងយេរូសាឡិម។ ឯពេត្រុស និងអ្នកទាំងពីរដែលនៅជាមួយគាត់ បានដេកលក់ តែពេលភ្ញាក់ដឹងខ្លួនឡើង នោះស្រាប់តែឃើញសិរីល្អរបស់ព្រះអង្គ និងមនុស្សពីរនាក់ ដែលឈរនៅជាមួយព្រះអង្គដែរ។ ពេលលោកទាំងពីរនោះកំពុងតែចាកចេញពីព្រះយេស៊ូវទៅ ពេត្រុសទូលថា៖ «លោកគ្រូ ល្អណាស់ដែលយើងខ្ញុំបាននៅទីនេះ សូមឲ្យយើងខ្ញុំធ្វើត្រសាលបី គឺមួយសម្រាប់លោកគ្រូ មួយសម្រាប់លោកម៉ូសេ ហើយមួយសម្រាប់លោកអេលីយ៉ា» ដោយមិនដឹងថាខ្លួននិយាយអ្វីឡើយ។ កំពុងដែលទូលសេចក្តីទាំងនេះនៅឡើយ នោះស្រាប់តែមានពពកមកគ្របបាំងគេ ហើយគេក៏ភ័យខ្លាច ពេលគេចូលទៅក្នុងពពកនោះ។ ពេលនោះ មានសំឡេងចេញពីពពកមកថា៖ «នេះជាកូនដែលយើងបានជ្រើសរើស ចូរស្តាប់ព្រះអង្គចុះ»។ ពេលសំឡេងនោះចប់ គេឃើញមានតែព្រះយេស៊ូវមួយអង្គប៉ុណ្ណោះ ពួកគេនៅស្ងៀម ឥតមានប្រាប់ដល់អ្នកណា ពីការអ្វីដែលគេឃើញនោះឡើយ។ នៅថ្ងៃបន្ទាប់ ពេលចុះពីភ្នំមកវិញ មានមហាជនច្រើនកុះករចូលមកជួបព្រះអង្គ។ មានម្នាក់ស្រែកពីក្នុងចំណោមប្រជាជនមកថា៖ «លោកគ្រូអើយ សូមអាណិតកូនខ្ញុំផង ខ្ញុំមានកូនតែមួយនេះគត់។ វិញ្ញាណអាក្រក់ចេះតែជាន់វា ហើយលោតែវាស្រែកឡើង ធ្វើឲ្យប្រកាច់បែកពពុះមាត់ និងហើមជាំពេញទាំងខ្លួន រួចចេញពីវាទៅដោយពិបាក។ ខ្ញុំបានសូមអង្វរឲ្យពួកសិស្សលោកដេញដែរ តែគេដេញមិនបានសោះ»។ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ឱជំនាន់មនុស្សដែលមិនជឿ ហើយមានចិត្តវៀចអើយ តើត្រូវឲ្យខ្ញុំនៅជាមួយ និងទ្រាំជាមួយអ្នករាល់គ្នាដល់កាលណាទៀត? ចូរនាំកូនអ្នកមកឯណេះ»។ ពេលក្មេងនោះដើរចូលមក អារក្សបានផ្តួលវា ហើយធ្វើឲ្យប្រកាច់ប្រកិនជាខ្លាំង តែព្រះយេស៊ូវកំហែងទៅវិញ្ញាណអាក្រក់ ហើយប្រោសក្មេងនោះឲ្យជា រួចប្រគល់ដល់ឪពុកវិញ។ មនុស្សទាំងអស់មានសេចក្ដីអស្ចារ្យនឹងមហិទ្ធិឫទ្ធិរបស់ព្រះ។ ពេលគ្រប់គ្នាកំពុងតែស្ញប់ស្ញែងពីអស់ទាំងការដែលព្រះអង្គបានធ្វើ នោះព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរអ្នករាល់គ្នាចាំពាក្យទាំងនេះ ទុកនៅក្នុងត្រចៀកចុះ ដ្បិតបន្តិចទៀត កូនមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃរបស់មនុស្សលោកហើយ»។ ប៉ុន្តែ ពួកគេមិនបានយល់សេចក្តីនោះទេ ព្រោះជាការលាក់កំបាំងដល់គេ ដើម្បីមិនឲ្យគេគិតឃើញ ហើយគេក៏ខ្លាចមិនហ៊ានទូលសួរព្រះអង្គពីសេចក្តីនោះដែរ។ ខណៈនោះ ពួកសិស្សជជែកគ្នា ចង់ដឹងថាអ្នកណាដែលធំជាងក្នុងចំណោមពួកគេ។ ប៉ុន្តែ កាលព្រះយេស៊ូវជ្រាបគំនិតក្នុងចិត្តគេ ព្រះអង្គក៏យកក្មេងតូចមួយមកដាក់នៅជិតព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «អ្នកណាដែលទទួលក្មេងតូចនេះ ក្នុងនាមខ្ញុំ នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះឈ្មោះថាទទួលព្រះដែលចាត់ខ្ញុំឲ្យមកដែរ ព្រោះអ្នកណាដែលតូចជាងគេ ក្នុងពួកអ្នករាល់គ្នា គឺអ្នកនោះហើយ ជាអ្នកធំជាងគេ»។ យ៉ូហានទូលឆ្លើយថា៖ «លោកគ្រូ យើងខ្ញុំបានឃើញមនុស្សម្នាក់កំពុងតែដេញអារក្ស ក្នុងនាមលោកគ្រូ តែយើងខ្ញុំបានឃាត់គាត់ ដោយព្រោះគាត់មិនបានមកតាមព្រះអង្គជាមួយយើងខ្ញុំទេ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «កុំឃាត់គេឡើយ ដ្បិតអ្នកណាដែលមិនទាស់នឹងយើង នោះកាន់ខាងយើងហើយ»។ លុះជិតដល់កំណត់ ដែលព្រះអង្គត្រូវយាងឡើងទៅស្ថានសួគ៌ នោះព្រះអង្គតម្រង់ព្រះភក្ត្រ យាងឆ្ពោះត្រង់ទៅក្រុងយេរូសាឡិមតែម្តង។ ព្រះអង្គបានចាត់អ្នកខ្លះឲ្យទៅមុន គេក៏ទៅ ហើយបានចូលទៅក្នុងភូមិមួយរបស់សាសន៍សាម៉ារី ដើម្បីរៀបចំថ្វាយព្រះអង្គ។ តែអ្នកភូមិនោះមិនទទួលព្រះអង្គទេ ព្រោះព្រះភក្ត្រព្រះអង្គ បែរឆ្ពោះទៅក្រុងយេរូសាឡិម។ ពេលយ៉ាកុប និងយ៉ូហាន ជាសិស្សរបស់ព្រះអង្គបានឃើញដូច្នោះ ក៏ទូលថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គសព្វព្រះហឫទ័យឲ្យយើងខ្ញុំហៅភ្លើងពីលើមេឃមកបញ្ឆេះគេ ដូចជាលោកអេលីយ៉ាបានធ្វើដែរឬទេ?» តែព្រះអង្គបែរទៅ ហើយបន្ទោសគេ។ បន្ទាប់មក ព្រះយេស៊ូវ និងពួកសិស្សក៏នាំគ្នាទៅភូមិមួយទៀត។ កាលគេកំពុងទៅតាមផ្លូវ មានម្នាក់ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំនឹងទៅតាមព្រះអង្គ ទោះបើព្រះអង្គយាងទៅទីណាក៏ដោយ»។ ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «កញ្ជ្រោងមានរូងរបស់វា ហើយសត្វហើរលើអាកាសក៏មានសម្បុករបស់ដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ»។ ព្រះអង្គមានព្រះបន្ទូលទៅម្នាក់ទៀតថា៖ «ចូរមកតាមខ្ញុំ» អ្នកនោះទូលឆ្លើយថា៖ «ព្រះអម្ចាស់អើយ សូមអនុញ្ញាតឲ្យទូលបង្គំទៅកប់ខ្មោចឪពុកទូលបង្គំសិន»។ តែព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកនោះថា៖ «ទុកឲ្យមនុស្សស្លាប់កប់ខ្មោចពួកគេចុះ ឯអ្នក ចូរទៅផ្សាយដំណឹងអំពីព្រះរាជ្យរបស់ព្រះវិញ»។ មានម្នាក់ទៀតទូលថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំនឹងតាមព្រះអង្គទៅដែរ តែសូមអនុញ្ញាតឲ្យទូលបង្គំទៅលាពួកផ្ទះទូលបង្គំសិន»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកនោះថា៖ «អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរមើលក្រោយ អ្នកនោះមិនសមនឹងព្រះរាជ្យរបស់ព្រះឡើយ»។
លូកា 9:1-62 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូត្រាស់ហៅសិស្ស*ទាំងដប់ពីររូបមកជួបជុំគ្នា ហើយព្រះអង្គប្រទានឫទ្ធានុភាព ប្រទានអំណាចឲ្យគេបណ្ដេញអារក្សទាំងអស់ និងមើលជំងឺផ្សេងៗឲ្យបានជា។ ព្រះអង្គចាត់គេឲ្យចេញទៅប្រកាសអំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ ព្រមទាំងមើលអ្នកជំងឺឲ្យជាផង។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ពេលអ្នករាល់គ្នាចេញដំណើរទៅ កុំយកអ្វីទៅជាមួយឡើយ ទោះបីដំបងក្ដី ថង់យាមក្ដី ចំណីអាហារ ឬប្រាក់កាសក្ដី ហើយក៏មិនត្រូវយកអាវពីរបន្លាស់ទៅដែរ។ បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។ បើភូមិណាគេមិនព្រមទទួលអ្នករាល់គ្នា ចូរចេញពីភូមិនោះទៅ ទាំងរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។ ពួកសិស្ស*នាំគ្នាចេញទៅ ធ្វើដំណើរពីភូមិមួយទៅភូមិមួយ ទាំងផ្សព្វផ្សាយដំណឹងល្អ* និងមើលអ្នកជំងឺគ្រប់កន្លែងឲ្យជាផង។ កាលព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ* ជ្រាបហេតុការណ៍ទាំងនោះហើយ ស្ដេចមិនដឹងជាត្រូវគិតយ៉ាងណា ដ្បិតមានអ្នកខ្លះនិយាយថា “លោកយ៉ូហានបាទីស្ដបានរស់ឡើងវិញហើយ”។ អ្នកខ្លះទៀតនិយាយថា“ព្យាការី*អេលីយ៉ាបានបង្ហាញខ្លួនឲ្យគេឃើញ” ហើយអ្នកខ្លះទៀតនិយាយថា “មានព្យាការីមួយរូបពីសម័យបុរាណបានរស់ឡើងវិញ”។ រីឯព្រះបាទហេរ៉ូដមានរាជឱង្ការថា៖ «យើងបានឲ្យគេកាត់កយ៉ូហានស្លាប់បាត់ទៅហើយ ចុះបុរសដែលគេនិយាយថាបានធ្វើការអស្ចារ្យទាំងនោះជានរណា?»។ ព្រះបាទហេរ៉ូដមានបំណងចង់ជួបព្រះយេស៊ូ។ សាវ័ក*នាំគ្នាវិលត្រឡប់មកវិញ រៀបរាប់ទូលព្រះយេស៊ូនូវគ្រប់កិច្ចការទាំងអស់ដែលគេបានធ្វើ។ ព្រះអង្គនាំគេចេញដាច់ឡែកពីមហាជន តម្រង់ទៅភូមិមួយឈ្មោះបេតសៃដា តែមហាជនដឹង ក៏នាំគ្នាទៅតាមព្រះអង្គ។ ព្រះយេស៊ូទទួលពួកគេ ហើយមានព្រះបន្ទូលអំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ឲ្យគេស្ដាប់ ព្រមទាំងប្រោសអ្នកជំងឺឲ្យជាផង។ ដល់ថ្ងៃជិតលិច សិស្សទាំងដប់ពីររូបចូលទៅទូលព្រះអង្គថា៖ «សូមព្រះអង្គប្រាប់ឲ្យបណ្ដាជនចេញទៅរកម្ហូបអាហារ រកកន្លែងស្នាក់តាមផ្ទះ តាមភូមិជិតៗនេះទៅ ព្រោះទីនេះស្ងាត់ណាស់»។ ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «ចូរអ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគទៅ»។ ពួកសិស្សទូលព្រះអង្គថា៖ «យើងខ្ញុំមាននំប៉័ងតែប្រាំដុំ និងត្រីងៀតពីរកន្ទុយប៉ុណ្ណោះ ធ្វើម្ដេចនឹងគ្រាន់ មានតែទៅទិញអាហារសម្រាប់ប្រជាជនទាំងនេះ!»។ នៅទីនោះ មានមនុស្សប្រុសប្រមាណប្រាំពាន់នាក់។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សិស្សថា៖ «ចូរអ្នករាល់គ្នាប្រាប់គេឲ្យអង្គុយចុះជាក្រុមៗ ក្នុងមួយក្រុមហាសិបនាក់»។ ពួកសិស្សក៏ធ្វើតាម គឺប្រាប់គេឲ្យអង្គុយចុះទាំងអស់គ្នា។ ព្រះយេស៊ូយកនំប៉័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ ព្រះអង្គងើបព្រះភ័ក្ត្រឡើងលើ សរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានឲ្យសិស្ស ដើម្បីឲ្យគេចែកបណ្ដាជនបរិភោគ។ គេបានបរិភោគឆ្អែតគ្រប់ៗគ្នា រួចប្រមូលនំប៉័ងដែលនៅសល់បានពេញដប់ពីរល្អី។ ថ្ងៃមួយ ពេលព្រះយេស៊ូនៅអធិស្ឋាន*ដាច់ឡែកពីបណ្ដាជន ពួកសិស្ស*ក៏នៅជាមួយព្រះអង្គដែរ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើមហាជនទាំងឡាយថាខ្ញុំជានរណា?»។ ពួកសិស្សទូលឆ្លើយថា៖ «អ្នកខ្លះថាលោកគ្រូជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថា លោកជាព្យាការីអេលីយ៉ា ហើយអ្នកខ្លះទៀតថាលោកជាព្យាការីមួយរូបពីសម័យបុរាណ ដែលរស់ឡើងវិញ»។ ព្រះយេស៊ូសួរទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ លោកពេត្រុសទូលព្រះអង្គថា៖ «លោកជាព្រះគ្រិស្ត*ដែលព្រះជាម្ចាស់ចាត់ឲ្យមក»។ ព្រះយេស៊ូក៏ហាមប្រាមគេមិនឲ្យនិយាយប្រាប់អ្នកណាជាដាច់ខាត។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «បុត្រមនុស្ស*ត្រូវរងទុក្ខវេទនាយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ* ពួកនាយកបូជាចារ្យ* ពួកអាចារ្យ* នឹងបោះបង់លោកចោល ថែមទាំងសម្លាប់លោកទៀតផង។ ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅគេទាំងអស់គ្នាថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួនរៀងរាល់ថ្ងៃ ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន ប៉ុន្តែ អ្នកណាបាត់បង់ជីវិត ព្រោះតែខ្ញុំ អ្នកនោះនឹងបានរួចជីវិតវិញ។ បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែត្រូវស្លាប់បាត់បង់ជីវិត នោះមានប្រយោជន៍អ្វី។ បើអ្នកណាខ្មាសអៀន មិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលពាក្យរបស់ខ្ញុំទេ លុះដល់បុត្រមនុស្ស*យាងមក ប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ព្រមទាំងសិរីរុងរឿងរបស់ព្រះបិតា និងរបស់ទេវតា*ដ៏វិសុទ្ធ* ព្រះអង្គក៏នឹងខ្មាសអៀន មិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ។ ប្រាកដមែន ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មនុស្សខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញព្រះរាជ្យ*របស់ព្រះជាម្ចាស់»។ ប្រមាណជាប្រាំបីថ្ងៃក្រោយពីព្រះយេស៊ូមានព្រះបន្ទូលទាំងនោះមក ព្រះអង្គនាំលោកពេត្រុស លោកយ៉ូហាន និងលោកយ៉ាកុបឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន*។ ពេលកំពុងអធិស្ឋាន ស្រាប់តែព្រះភ័ក្ត្ររបស់ព្រះអង្គប្រែជាមានរស្មី ហើយព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សត្រចះត្រចង់។ ពេលនោះ មានបុរសពីរនាក់ គឺលោកម៉ូសេ និងព្យាការីអេលីយ៉ា សន្ទនាជាមួយព្រះយេស៊ូ។ លោកទាំងពីរលេចមកប្រកបដោយសិរីរុងរឿង ហើយមានប្រសាសន៍អំពីដំណើរ ដែលព្រះអង្គត្រូវសោយទិវង្គត នៅក្រុងយេរូសាឡឹម។ លោកពេត្រុស និងមិត្តភក្ដិរបស់លោកសម្រាន្ដលង់លក់។ លុះភ្ញាក់ឡើង គេឃើញសិរីរុងរឿងរបស់ព្រះយេស៊ូ និងឃើញលោកទាំងពីរឈរជាមួយព្រះអង្គ។ កាលលោកម៉ូសេ និងព្យាការីអេលីយ៉ា កំពុងតែចាកចេញពីព្រះយេស៊ូទៅ លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ជម្រកបី គឺមួយសម្រាប់ព្រះគ្រូ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់ព្យាការីអេលីយ៉ា»។ លោកពេត្រុសមានប្រសាសន៍ទាំងពុំដឹងថាខ្លួននិយាយអ្វីឡើយ។ កាលលោកពេត្រុសកំពុងតែមានប្រសាសន៍ ស្រាប់តែមានពពក*មកគ្របបាំងគេទាំងអស់គ្នា ធ្វើឲ្យសិស្សភ័យខ្លាចក្រៃលែង ដោយមានពពកមកគ្របបាំងដូច្នេះ។ មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «ព្រះអង្គនេះជាបុត្រដែលយើងបានជ្រើសរើស ចូរស្ដាប់ព្រះអង្គចុះ!»។ បន្ទាប់ពីបានឮព្រះសូរសៀងនេះហើយ គេឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ។ នៅគ្រានោះ សិស្សឥតបាននិយាយអំពីហេតុការណ៍ដែលគេបានឃើញប្រាប់អ្នកណាសោះឡើយ។ នៅថ្ងៃបន្ទាប់ ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសិស្សមកវិញ ពេលនោះ មានបណ្ដាជនយ៉ាងច្រើនមករកព្រះអង្គ។ មានបុរសម្នាក់ស្រែកពីកណ្ដាលចំណោមបណ្ដាជនមកថា៖ «លោកគ្រូអើយ! សូមមេត្តាប្រោសប្រណីដល់កូនប្រុសខ្ញុំប្របាទផង ព្រោះខ្ញុំប្របាទមានកូនតែមួយនេះគត់។ ពេលវិញ្ញាណអាក្រក់ចូលម្ដងៗ វាស្រែក រើបម្រះ ប្រកាច់ប្រកិន បែកពពុះមាត់។ លុះធ្វើបាបវាយ៉ាងធ្ងន់ហើយ វិញ្ញាណអាក្រក់ក៏ចេញទៅ ទុកឲ្យកូនខ្ញុំប្របាទនៅគ្រាំគ្រា។ ខ្ញុំប្របាទបានអង្វរសិស្សរបស់លោកឲ្យដេញវិញ្ញាណអាក្រក់នោះដែរ ប៉ុន្តែ គេមិនអាចដេញវាចេញសោះ»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «នែ៎ពួកមនុស្សអាក្រក់មិនព្រមជឿអើយ! តើត្រូវឲ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំកូនរបស់អ្នកមកណេះមើល៍»។ ពេលក្មេងនោះដើរចូលមកជិតព្រះយេស៊ូ ស្រាប់តែអារក្សផ្ដួលវា ធ្វើឲ្យវាប្រកាច់ប្រកិនយ៉ាងខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលគំរាមទៅវិញ្ញាណអាក្រក់ ព្រះអង្គប្រោសក្មេងនោះឲ្យជា ហើយប្រគល់ទៅឲ្យឪពុកវាវិញ។ មនុស្សគ្រប់គ្នាស្ងើចអំពីមហិទ្ធិឫទ្ធិដ៏ខ្លាំងពូកែរបស់ព្រះជាម្ចាស់។ នៅពេលមនុស្សគ្រប់ៗគ្នាកំពុងកោតស្ញប់ស្ញែងនឹងការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរត្រងត្រាប់ស្ដាប់ពាក្យទាំងនេះ ហើយចងចាំទុកក្នុងចិត្ត គឺបុត្រមនុស្ស*នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន»។ ពួកសិស្សពុំបានយល់ព្រះបន្ទូលនេះទេ ព្រោះព្រះជាម្ចាស់មិនទាន់សម្តែងអត្ថន័យឲ្យគេយល់ ប៉ុន្តែ ពួកគេមិនហ៊ានទូលសួរព្រះអង្គអំពីរឿងនេះឡើយ។ ខណៈនោះ ពួកសិស្ស*ជជែកគ្នាចង់ដឹងថា ក្នុងចំណោមពួកគេនរណាធំជាងគេ។ ព្រះយេស៊ូឈ្វេងយល់គំនិតរបស់គេ ក៏យកក្មេងម្នាក់មកឲ្យឈរក្បែរព្រះអង្គ រួចមានព្រះបន្ទូលទៅគេថា៖ «អ្នកណាទទួលក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាបានទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ ដ្បិតអ្នកណាមានឋានៈទាបជាងគេក្នុងចំណោមអ្នករាល់គ្នា គឺអ្នកនោះហើយជាអ្នកធំជាងគេ»។ លោកយ៉ូហានទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបានឃើញបុរសម្នាក់ដេញអារក្សក្នុងនាមព្រះគ្រូ។ យើងខ្ញុំបានឃាត់គាត់ ព្រោះគាត់មិនមកតាមព្រះគ្រូដូចយើងខ្ញុំ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «កុំឃាត់គេអី ដ្បិតអ្នកណាមិនជំទាស់នឹងអ្នករាល់គ្នា អ្នកនោះនៅខាងអ្នករាល់គ្នាហើយ»។ លុះជិតដល់ថ្ងៃកំណត់ដែលព្រះយេស៊ូត្រូវយាងចាកចេញពីលោកនេះទៅ ព្រះអង្គសម្រេចព្រះហឫទ័យយាងទៅក្រុងយេរូសាឡឹម ព្រះអង្គបានចាត់អ្នកខ្លះឲ្យទៅមុន។ អ្នកទាំងនោះចេញដំណើរទៅដល់ភូមិមួយរបស់អ្នកស្រុកសាម៉ារី ដើម្បីរៀបចំកន្លែងថ្វាយព្រះអង្គ។ ប៉ុន្តែ អ្នកស្រុកពុំព្រមទទួលព្រះអង្គឲ្យស្នាក់ឡើយ ព្រោះព្រះអង្គយាងឆ្ពោះទៅក្រុងយេរូសាឡឹម។ ពេលសិស្សពីរនាក់គឺលោកយ៉ាកុប និងលោកយ៉ូហានឃើញដូច្នោះ ក៏ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គសព្វព្រះហឫទ័យឲ្យយើងខ្ញុំហៅរន្ទះភ្លើង មកកម្ទេចអ្នកទាំងនេះឬ?»។ ព្រះយេស៊ូបែរទៅរកគេ ហើយស្ដីបន្ទោសគេយ៉ាងខ្លាំង។ បន្ទាប់មក ព្រះអង្គយាងឆ្ពោះទៅកាន់ភូមិមួយផ្សេងទៀតជាមួយសិស្ស*។ កាលព្រះយេស៊ូកំពុងយាងតាមផ្លូវជាមួយសិស្ស មានបុរសម្នាក់ទូលព្រះអង្គថា៖ «ខ្ញុំប្របាទសុខចិត្តទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏ដោយ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ ប៉ុន្តែ បុត្រមនុស្ស*គ្មានទីជម្រកសម្រាកសោះឡើយ»។ ព្រះអង្គមានព្រះបន្ទូលទៅម្នាក់ទៀតថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ ប៉ុន្តែ អ្នកនោះទូលព្រះអង្គថា៖ «សូមលោកមេត្តាអនុញ្ញាតឲ្យខ្ញុំប្របាទទៅបញ្ចុះសពឪពុកសិន»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «ទុកឲ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ។ រីឯអ្នកវិញ ចូរទៅផ្សាយដំណឹងអំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់»។ មានម្នាក់ទៀតទូលព្រះអង្គថា៖ «លោកម្ចាស់! ខ្ញុំប្របាទសុខចិត្តទៅតាមលោកដែរ ប៉ុន្តែ សូមអនុញ្ញាតឲ្យខ្ញុំប្របាទទៅជម្រាបលាក្រុមគ្រួសារសិន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «អ្នកណាកាន់នង្គ័ល ហើយបែរជាងាកមើលក្រោយ អ្នកនោះគ្មានសារប្រយោជន៍អ្វីដល់ព្រះរាជ្យ*របស់ព្រះជាម្ចាស់ឡើយ»។
លូកា 9:1-62 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះទ្រង់បានហៅពួកសិស្សទាំង១២នាក់មក នោះក៏ប្រទានឲ្យគេមានព្រះចេស្តា នឹងអំណាចលើអស់ទាំងអារក្ស ហើយឲ្យអាចមើលជំងឺឲ្យជា ទ្រង់ចាត់គេឲ្យទៅប្រកាសប្រាប់ពីនគរព្រះ ហើយឲ្យមើលមនុស្សមានជំងឺឲ្យបានជាផង ទ្រង់មានបន្ទូលប្រាប់ថា កុំឲ្យយកអ្វីសំរាប់តាមផ្លូវឡើយ ទោះជាដំបង យាម នំបុ័ង ឬប្រាក់ក្តី ក៏កុំឲ្យមានអាវ២ដែរ បើអ្នករាល់គ្នាចូលទៅក្នុងផ្ទះណា ចូរស្នាក់នៅផ្ទះនោះ ហើយចេញចូលធ្វើការចុះ ឯអស់អ្នកណាដែលមិនព្រមរាក់ទាក់ទទួលអ្នករាល់គ្នាទេ នោះចូរចេញពីភូមិនោះទៅ ហើយរលាស់ទាំងធូលីដីពីជើងអ្នកចេញ ទុកជាទីបន្ទាល់ទាស់នឹងគេវិញ កាលគេចេញទៅ នោះក៏ដើរទៅសព្វពេញអស់ទាំងភូមិ ព្រមទាំងផ្សាយដំណឹងល្អ ហើយបានមើលគេឲ្យជានៅគ្រប់កន្លែងដែរ។ ឯហេរ៉ូឌ ជាស្តេចអនុរាជ បានឮនិយាយពីការដែលទ្រង់ធ្វើទាំងប៉ុន្មាន ក៏មានព្រះទ័យអល់អែក ពីព្រោះខ្លះនិយាយថា លោកយ៉ូហានបានរស់ពីស្លាប់ឡើងវិញ ខ្លះថា លោកអេលីយ៉ាបានលេចមកហើយ ខ្លះទៀតថា មានហោរាណាមួយពីចាស់បុរាណ បានរស់ឡើងវិញដូច្នេះ តែហេរ៉ូឌមានបន្ទូលថា យើងបានកាត់ក្បាលយ៉ូហានហើយ ដូច្នេះ តើអ្នកណាហ្ន៎ ដែលអញឮថា ធ្វើការប្លែកទាំងម៉្លេះនេះ ហើយក៏រកចង់ឃើញទ្រង់។ កាលពួកសាវកបានត្រឡប់មកវិញ ក៏រ៉ាយរឿងទូលព្រះយេស៊ូវ ពីការដែលគេបានធ្វើទាំងប៉ុន្មាន នោះទ្រង់នាំគេទៅដោយឡែកនៅទីស្ងាត់ ជិតភូមិ១ឈ្មោះបេតសៃដា កាលបណ្តាមនុស្សបានដឹង ក៏តាមទ្រង់ទៅ ទ្រង់រាក់ទាក់ទទួលគេ ហើយមានបន្ទូលប្រាប់ពីនគរព្រះ ទាំងប្រោសដល់អស់អ្នកដែលត្រូវការ ឲ្យគេបានជាផង វេលានោះ ថ្ងៃកាន់តែទាបហើយ នោះពួក១២នាក់មកទូលទ្រង់ថា សូមឲ្យមនុស្សទាំងឡាយទៅ ដើម្បីឲ្យទៅរកទីស្នាក់ នឹងស្បៀងអាហារ នៅក្នុងភូមិនឹងស្រុកស្រែជុំវិញ ដ្បិតទីនេះស្ងាត់ណាស់ តែទ្រង់មានបន្ទូលថា ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ ពួកសិស្សទូលថា យើងខ្ញុំមានតែនំបុ័ង៥ដុំ នឹងត្រី២ទេ លើកតែយើងខ្ញុំទៅទិញស្បៀងអាហារទៀត សំរាប់មនុស្សទាំងនេះវិញ (រីឯពួកមនុស្សទាំងនោះ មានប្រុសៗចំនួន៥ពាន់នាក់) តែទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរឲ្យគេអង្គុយដោយជួរៗទៅ ក្នុង១ជួរ៥០នាក់ ពួកសិស្សក៏ឲ្យមនុស្សទាំងអស់អង្គុយដូច្នោះ នោះទ្រង់យកនំបុ័ង៥ នឹងត្រី២ ងើបទតទៅលើមេឃ ហើយប្រទានពរ រួចកាច់ប្រទានដល់ពួកសិស្ស ឲ្យលើកទៅឲ្យបណ្តាមនុស្ស គេក៏បរិភោគឆ្អែតទាំងអស់គ្នា រួចប្រមូលចំណិតដែលនៅសល់បាន១២កន្ត្រក។ គ្រាមួយ កាលទ្រង់កំពុងតែអធិស្ឋានដោយឡែក ហើយពួកសិស្សក៏នៅជាមួយ នោះទ្រង់មានបន្ទូលសួរថា តើហ្វូងមនុស្សទាំងឡាយថាខ្ញុំជាអ្នកណា គេទូលឆ្លើយថា ជាយ៉ូហាន-បាទីស្ទ ខ្លះថាជាអេលីយ៉ា ខ្លះទៀតថាជាហោរាណាមួយពីចាស់បុរាណ បានរស់ឡើងវិញ ទ្រង់មានបន្ទូលសួរគេថា ចុះឯអ្នករាល់គ្នាវិញ តើថាខ្ញុំជាអ្នកណា នោះពេត្រុសទូលឆ្លើយថា ទ្រង់ជាព្រះគ្រីស្ទនៃព្រះ ទ្រង់ហាមផ្តាច់ មិនឲ្យគេប្រាប់ដល់អ្នកណា ពីសេចក្ដីនេះឡើយ ដោយមានបន្ទូលថា ត្រូវឲ្យកូនមនុស្សរងទុក្ខជាច្រើន ត្រូវពួកចាស់ទុំ ពួកសង្គ្រាជ នឹងពួកអាចារ្យបោះបង់ចោល ត្រូវគេសំឡាប់ ហើយ៣ថ្ងៃក្រោយមកនឹងរស់ឡើងវិញ រួចទ្រង់មានបន្ទូលទៅមនុស្សទាំងអស់ថា បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ ដ្បិតបើសិនជាមនុស្សណានឹងបានលោកីយទាំងមូល ប៉ុន្តែធ្វើឲ្យខ្លួនឯងវិនាស ឬឲ្យបាត់បង់ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ដ្បិតអ្នកណាដែលមានសេចក្ដីខ្មាស ដោយព្រោះខ្ញុំ នឹងពាក្យខ្ញុំ នោះកូនមនុស្សនឹងមានសេចក្ដីខ្មាស ដោយព្រោះអ្នកនោះដែរ ក្នុងកាលដែលលោកមកក្នុងសិរីល្អរបស់លោក របស់ព្រះវរបិតា ហើយនឹងពួកទេវតាបរិសុទ្ធ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នកដែលឈរនៅទីនេះ មានអ្នកខ្លះដែលមិនត្រូវភ្លក់សេចក្ដីស្លាប់ ទាល់តែបានឃើញនគរព្រះ។ ប្រហែលជា៨ថ្ងៃ ក្រោយដែលមានបន្ទូលសេចក្ដីទាំងនោះមក នោះទ្រង់យកពេត្រុស យ៉ូហាន នឹងយ៉ាកុបឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន កាលទ្រង់កំពុងតែអធិស្ឋាន នោះបែបភាពព្រះភក្ត្រទ្រង់ក៏ផ្លាស់ប្រែ ហើយព្រះពស្ត្រត្រឡប់ជាសព្រាត នោះឃើញមានមនុស្ស២នាក់កំពុងតែទូលនឹងទ្រង់ គឺលោកម៉ូសេ នឹងលោកអេលីយ៉ា ដែលលេចមកក្នុងសិរីល្អ ទូលពីដំណើរទ្រង់សុគត ដែលត្រូវសំរេចនៅក្រុងយេរូសាឡិម ឯពេត្រុស នឹងអ្នកទាំង២ដែលនៅជាមួយនឹងគាត់ គេងងុយជាខ្លាំង លុះកាលភ្ញាក់ដឹងខ្លួនឡើង នោះស្រាប់តែឃើញសិរីល្អទ្រង់ នឹងមនុស្ស២នាក់ ដែលឈរនៅជាមួយនឹងទ្រង់ដែរ កាលមនុស្សទាំង២នោះកំពុងតែថយចេញពីទ្រង់ទៅ នោះពេត្រុសទូលថា លោកគ្រូអើយ ដែលយើងខ្ញុំនៅទីនេះបានល្អណាស់ហើយ សូមឲ្យយើងខ្ញុំធ្វើត្រសាល៣ គឺ១សំរាប់លោក ១សំរាប់លោកម៉ូសេ ហើយ១សំរាប់លោកអេលីយ៉ា ដោយមិនដឹងខ្លួនជាថាដូចម្តេចទេ កំពុងដែលទូលសេចក្ដីទាំងនេះនៅឡើយ នោះមានពពកមកគ្របបាំងគេ គេក៏ភ័យខ្លាចទាំងអស់គ្នា ដោយចូលខ្លួនក្នុងពពកនោះ ហើយមានសំឡេងចេញពីពពកមកថា នេះជាកូនស្ងួនភ្ងាអញ ចូរឲ្យស្តាប់តាមចុះ ក្រោយសំឡេងនោះមក ក៏ឃើញមានតែព្រះយេស៊ូវ១អង្គទ្រង់ប៉ុណ្ណោះ ក្នុងគ្រានោះគេនៅតែស្ងៀម ឥតមានប្រាប់ដល់អ្នកណា ពីការអ្វីដែលគេឃើញនោះឡើយ។ ដល់ថ្ងៃក្រោយ កាលចុះពីភ្នំមក នោះមានមនុស្សសន្ធឹកមកជួបនឹងទ្រង់ ហើយមើល មានម្នាក់ស្រែកឡើងពីក្នុងពួកមនុស្សទាំងនោះថា លោកគ្រូអើយ សូមអាណិតកូនខ្ញុំផង ដ្បិតជាកូនតែ១របស់ខ្ញុំ ហើយមើល មានវិញ្ញាណអារក្សចេះតែជាន់វា ហើយលោតែវាស្រែកឡើង ធ្វើឲ្យប្រកាច់បែកពពុះមាត់ នឹងហើមជាំអស់ទាំងខ្លួន រួចចេញពីវាទៅដោយពិបាក ខ្ញុំបានសូមអង្វរឲ្យពួកសិស្សលោកដេញចេញដែរ តែគេដេញមិនបានសោះ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ឱដំណមនុស្សដែលមិនជឿ ហើយមានចិត្តវៀចអើយ តើត្រូវឲ្យខ្ញុំនៅជាមួយ ហើយទ្រាំនឹងអ្នករាល់គ្នាដល់កាលណាទៀត ចូរនាំកូនអ្នកមកឯណេះ កាលវាកំពុងតែដើរចូលមក នោះអារក្សបានផ្តួលវា ហើយធ្វើឲ្យប្រកាច់ប្រកិនជាខ្លាំង តែព្រះយេស៊ូវទ្រង់កំហែងទៅវិញ្ញាណអសោចិ៍ ហើយប្រោសក្មេងនោះឲ្យជា រួចប្រគល់ដល់ឪពុកវិញ ឯមនុស្សទាំងឡាយ ក៏អស្ចារ្យចំពោះឥទ្ធិឫទ្ធិរបស់ព្រះទាំងអស់គ្នា។ កាលមនុស្សទាំងអស់ កំពុងតែនឹកប្លែកក្នុងចិត្ត ពីអស់ទាំងការដែលព្រះយេស៊ូវទ្រង់ធ្វើ នោះទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរអ្នករាល់គ្នាចាំពាក្យទាំងនេះ ទុកនៅក្នុងត្រចៀកចុះ ដ្បិតបន្តិចទៀត កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សលោកហើយ ប៉ុន្តែគេមិនបានយល់សេចក្ដីនោះទេ ព្រោះជាសេចក្ដីលាក់កំបាំងដល់គេ ដើម្បីមិនឲ្យគេគិតឃើញ ហើយគេក៏ខ្លាចមិនហ៊ានទូលសួរទ្រង់ពីសេចក្ដីនោះដែរ ខណនោះ គេកើតមានសេចក្ដីជជែកគ្នា ពីអ្នកណាដែលធំជាងក្នុងពួកគេវិញ កាលព្រះយេស៊ូវបានជ្រាបគំនិតក្នុងចិត្តគេហើយ នោះទ្រង់យកក្មេងតូច១មកដាក់នៅជិតទ្រង់ រួចមានបន្ទូលថា អ្នកណាដែលទទួលក្មេងតូចនេះ ដោយនូវឈ្មោះខ្ញុំ នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះឈ្មោះថាទទួលព្រះដែលចាត់ឲ្យខ្ញុំមកដែរ ព្រោះអ្នកណាដែលតូចជាងគេ ក្នុងពួកអ្នករាល់គ្នា គឺអ្នកនោះហើយ ជាអ្នកធំវិញ យ៉ូហានទូលឆ្លើយថា លោកគ្រូ យើងខ្ញុំបានឃើញមនុស្សម្នាក់កំពុងតែដេញអារក្ស ដោយឈ្មោះលោក តែយើងខ្ញុំបានឃាត់ដល់អ្នកនោះ ដោយព្រោះគេមិនតាមយើងរាល់គ្នា នោះព្រះយេស៊ូវមានបន្ទូលទៅគាត់ថា កុំឃាត់គេឡើយ ដ្បិតអ្នកណាដែលមិនទាស់នឹងយើង នោះកាន់ខាងយើងហើយ។ កាលជិតដល់កំណត់ ដែលទ្រង់ត្រូវឡើងទៅស្ថានសួគ៌ នោះទ្រង់ដំរង់ព្រះភក្ត្រ យាងឆ្ពោះត្រង់ទៅឯក្រុងយេរូសាឡិមតែម្តង ទ្រង់ចាត់ប្រើអ្នកខ្លះឲ្យទៅជាមុន គេក៏ទៅ ហើយបានចូលទៅក្នុងភូមិ១របស់សាសន៍សាម៉ារី ដើម្បីនឹងរៀបចំថ្វាយទ្រង់ តែពួកភូមិនោះមិនទទួលទ្រង់ទេ ពីព្រោះទ្រង់ដូចជាមានព្រះភក្ត្រឆ្ពោះត្រង់យាងទៅឯក្រុងយេរូសាឡិម កាលយ៉ាកុប នឹងយ៉ូហាន ជាសិស្សទ្រង់ បានឃើញដូច្នោះ នោះក៏ទូលថា ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យ ឲ្យយើងខ្ញុំហៅភ្លើងឲ្យធ្លាក់ពីលើមេឃមកបញ្ឆេះគេ ដូចជាលោកអេលីយ៉ាបានធ្វើដែរឬអី តែទ្រង់បែរទៅបន្ទោសគេថា អ្នករាល់គ្នាមិនដឹងជាមានវិញ្ញាណបែបយ៉ាងណាទេ ពីព្រោះកូនមនុស្សមិនមែនមក ប៉ងនឹងបំផ្លាញជីវិតមនុស្សទេ គឺមក ដើម្បីនឹងជួយសង្គ្រោះវិញ រួចក៏នាំគ្នាទៅឯភូមិមួយទៀតទៅ។ កាលកំពុងតែទៅតាមផ្លូវ នោះមានម្នាក់ទូលទ្រង់ថា ព្រះអម្ចាស់អើយ ទូលបង្គំនឹងតាមទ្រង់ ទោះបើទ្រង់យាងទៅក្នុងទីណាក៏ដោយ ព្រះយេស៊ូវមានបន្ទូលតបថា កញ្ជ្រោងមានរូងវា ហើយសត្វហើរលើអាកាសក៏មានសំបុកដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ ទ្រង់មានបន្ទូលទៅម្នាក់ទៀតថា ចូរមកតាមខ្ញុំ អ្នកនោះទូលឆ្លើយថា ព្រះអម្ចាស់អើយ សូមទ្រង់អនុញ្ញាតឲ្យទូលបង្គំទៅកប់ខ្មោចឪពុកទូលបង្គំសិន តែទ្រង់មានបន្ទូលទៅអ្នកនោះថា ទុកឲ្យពួកមនុស្សស្លាប់កប់ខ្មោចពួកគេចុះ ឯអ្នក ចូរទៅផ្សាយដំណឹងពីនគរព្រះវិញ មានម្នាក់ទៀតទូលថា ព្រះអម្ចាស់អើយ ទូលបង្គំនឹងតាមទ្រង់ទៅដែរ តែសូមអនុញ្ញាតឲ្យទូលបង្គំទៅលាពួកផ្ទះទូលបង្គំសិន ទ្រង់មានបន្ទូលទៅអ្នកនោះថា អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរទៅមើលក្រោយ អ្នកនោះមិនគួរនឹងនគរព្រះទេ។