លូកា 9:1-6

លូកា 9:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ព្រះ‌យេស៊ូវ​បាន​ហៅ​អ្នក​ទាំង​ដប់​ពីរ​មក ហើយ​ក៏​ប្រទាន​ឲ្យ​គេ​មាន​ព្រះ‌ចេស្តា និង​អំណាច​លើ​អស់​ទាំង​អារក្ស ហើយ​អាច​មើល​ជំងឺ​ឲ្យ​ជា ព្រះ‌អង្គ​បាន​ចាត់​គេ​ឲ្យ​ទៅ​ប្រកាស​ប្រាប់​អំពី​ព្រះរាជ្យ​របស់​ព្រះ ហើយ​មើល​អ្នក​ជំងឺ​ឲ្យ​បាន​ជា​ផង។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ប្រាប់​ថា៖ «កុំ​យក​អ្វី​ទៅ​តាម​ផ្លូវ​ឡើយ ទោះ​ជា​ដំបង ថង់​យាម នំបុ័ង ឬ​ប្រាក់​ក្តី ក៏​កុំ​ឲ្យ​មាន​អាវ​ពីរ​ដែរ។ បើ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ ហើយ​ចេញ​ចូល​ធ្វើ​ការ​ចុះ។ បើ​អ្នក​ណា​ដែល​មិន​ព្រម​រាក់​ទាក់​ទទួល​អ្នក​រាល់​គ្នា​ទេ ចូរ​ចេញ​ពី​ភូមិ​នោះ​ទៅ ហើយ​រលាស់​ធូលី​ដី​ពី​ជើង​អ្នក​ចេញ ទុក​ជា​បន្ទាល់​ទាស់​នឹង​គេ​វិញ»។ ពួក​គេ​ក៏​បាន​ចាក​ចេញ ទៅ​សព្វ​ភូមិ​ទាំង​អស់ ព្រម​ទាំង​ផ្សាយ​ដំណឹង​ល្អ ហើយ​មើល​អ្នក​ជំងឺ​ឲ្យ​ជា​នៅ​គ្រប់​កន្លែង​ដែរ។

ចែក​រំលែក
អាន លូកា 9

លូកា 9:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​ត្រាស់​ហៅ​សិស្ស*​ទាំង​ដប់‌ពីរ​រូប​មក​ជួប‌ជុំ​គ្នា ហើយ​ព្រះអង្គ​ប្រទាន​ឫទ្ធា‌នុភាព ប្រទាន​អំណាច​ឲ្យ​គេ​បណ្ដេញ​អារក្ស​ទាំង​អស់ និង​មើល​ជំងឺ​ផ្សេងៗ​ឲ្យ​បាន​ជា។ ព្រះអង្គ​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ប្រកាស​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​មើល​អ្នក​ជំងឺ​ឲ្យ​ជា​ផង។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពេល​អ្នក​រាល់​គ្នា​ចេញ​ដំណើរ​ទៅ កុំ​យក​អ្វី​ទៅ​ជា​មួយ​ឡើយ ទោះ​បី​ដំបង​ក្ដី ថង់​យាម​ក្ដី ចំណី​អាហារ ឬ​ប្រាក់​កាស​ក្ដី ហើយ​ក៏​មិន​ត្រូវ​យក​អាវ​ពីរ​បន្លាស់​ទៅ​ដែរ។ បើ​អ្នក​រាល់​គ្នា​ចូល​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​ទៅ។ បើ​ភូមិ​ណា​គេ​មិន​ព្រម​ទទួល​អ្នក​រាល់​គ្នា ចូរ​ចេញ​ពី​ភូមិ​នោះ​ទៅ ទាំង​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​អ្នក​រាល់​គ្នា​ផង ទុក​ជា​សញ្ញា​ព្រមាន​គេ»។ ពួក​សិស្ស*​នាំ​គ្នា​ចេញ​ទៅ ធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ* និង​មើល​អ្នក​ជំងឺ​គ្រប់​កន្លែង​ឲ្យ​ជា​ផង។

ចែក​រំលែក
អាន លូកា 9

លូកា 9:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ទ្រង់​បាន​ហៅ​ពួក​សិស្ស​ទាំង​១២​នាក់​មក នោះ​ក៏​ប្រទាន​ឲ្យ​គេ​មាន​ព្រះ‌ចេស្តា នឹង​អំណាច​លើ​អស់​ទាំង​អារក្ស ហើយ​ឲ្យ​អាច​មើល​ជំងឺ​ឲ្យ​ជា ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ប្រកាស​ប្រាប់​ពី​នគរ​ព្រះ ហើយ​ឲ្យ​មើល​មនុស្ស​មាន​ជំងឺ​ឲ្យ​បាន​ជា​ផង ទ្រង់​មាន​បន្ទូល​ប្រាប់​ថា កុំ​ឲ្យ​យក​អ្វី​សំរាប់​តាម​ផ្លូវ​ឡើយ ទោះ​ជា​ដំបង យាម នំបុ័ង ឬ​ប្រាក់​ក្តី ក៏​កុំ​ឲ្យ​មាន​អាវ​២​ដែរ បើ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ ហើយ​ចេញ​ចូល​ធ្វើ​ការ​ចុះ ឯ​អស់​អ្នក​ណា​ដែល​មិន​ព្រម​រាក់‌ទាក់​ទទួល​អ្នក​រាល់​គ្នា​ទេ នោះ​ចូរ​ចេញ​ពី​ភូមិ​នោះ​ទៅ ហើយ​រលាស់​ទាំង​ធូលី​ដី​ពី​ជើង​អ្នក​ចេញ ទុក​ជា​ទី​បន្ទាល់​ទាស់​នឹង​គេ​វិញ កាល​គេ​ចេញ​ទៅ នោះ​ក៏​ដើរ​ទៅ​សព្វ​ពេញ​អស់​ទាំង​ភូមិ ព្រម​ទាំង​ផ្សាយ​ដំណឹង​ល្អ ហើយ​បាន​មើល​គេ​ឲ្យ​ជា​នៅ​គ្រប់​កន្លែង​ដែរ។

ចែក​រំលែក
អាន លូកា 9