លូកា 8:49-56
លូកា 8:49-56 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ មានម្នាក់មកពីផ្ទះមេសាលាប្រជុំនោះ ជម្រាបថា៖ «កូនស្រីលោកស្លាប់ហើយ សូមកុំរំខានលោកគ្រូទៀតអី!»។ ព្រះយេស៊ូវក៏ឮ ហើយមានព្រះបន្ទូលទៅគាត់ថា៖ «កុំខ្លាចអី គ្រាន់តែជឿប៉ុណ្ណោះ នោះនាងនឹងបានជា»។ កាលព្រះអង្គយាងចូលទៅក្នុងផ្ទះ ព្រះអង្គមិនឲ្យអ្នកណាចូលទៅជាមួយឡើយ មានតែពេត្រុស យ៉ាកុប និងយ៉ូហាន ហើយឪពុកម្តាយរបស់កូននោះប៉ុណ្ណោះ។ មនុស្សទាំងអស់យំសោកសង្រេងនឹងនាង តែព្រះអង្គមានព្រះបន្ទូលថា៖ «កុំយំអី នាងមិនស្លាប់ទេ នាងដេកលក់ទេតើ!»។ គេសើចចំអកដាក់ព្រះអង្គ ដ្បិតគេដឹងថា នាងស្លាប់ពិតមែន។ ប៉ុន្ដែ ព្រះអង្គចាប់ដៃនាង ហើយស្រែកហៅថា៖ «នាងតូចអើយ! ក្រោកឡើង!»។ វិញ្ញាណរបស់នាងក៏ត្រឡប់មកវិញ ហើយនាងក្រោកឡើងភ្លាម។ ព្រះអង្គបង្គាប់គេឲ្យយកអ្វីមួយមកឲ្យនាងបរិភោគ។ ឪពុកម្តាយរបស់នាងមានសេចក្ដីអស្ចារ្យក្នុងចិត្តជាខ្លាំង តែព្រះអង្គហាមមិនឲ្យប្រាប់អ្នកណាពីហេតុការណ៍ដែលបានកើតឡើងនោះឡើយ។
លូកា 8:49-56 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលនៅឡើយ មានបុរសម្នាក់មកពីផ្ទះលោកយ៉ៃរូសជម្រាបគាត់ថា៖ «កូនស្រីលោកផុតដង្ហើមទៅហើយ សូមកុំរំខានលោកគ្រូធ្វើអ្វីទៀត!»។ ព្រះយេស៊ូឮពាក្យបុរសនោះ ព្រះអង្គមានព្រះបន្ទូលទៅលោកយ៉ៃរូសថា៖ «កុំខ្លាចអី ឲ្យតែលោកជឿ កូនលោកនឹងបានរួចជីវិតពុំខាន»។ លុះព្រះអង្គយាងទៅដល់ផ្ទះហើយ ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាចូលជាមួយឡើយ លើកលែងតែលោកពេត្រុស លោកយ៉ូហាន លោកយ៉ាកុប និងឪពុកម្ដាយក្មេងស្រីនោះប៉ុណ្ណោះ។ អ្នកដែលនៅទីនោះយំសោកអាណិតក្មេងនោះគ្រប់ៗគ្នា តែព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំយំអី នាងមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ!»។ គេចំអកដាក់ព្រះអង្គ ដ្បិតគេដឹងច្បាស់ថានាងបានស្លាប់ពិតមែន។ ព្រះយេស៊ូចាប់ដៃក្មេងស្រីនោះ ហើយបន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «នាងអើយ! ក្រោកឡើង»។ រំពេចនោះ ព្រលឹងនាងក៏ត្រឡប់មកវិញ ហើយនាងក្រោកឡើងភ្លាម។ ព្រះយេស៊ូសុំឲ្យគេយកចំណីអាហារមកឲ្យនាងបរិភោគ។ ឪពុកម្ដាយរបស់នាងងឿងឆ្ងល់ក្រៃលែង តែព្រះយេស៊ូហាមគេមិនឲ្យប្រាប់នរណាដឹងរឿងនេះឡើយ។
លូកា 8:49-56 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលទ្រង់កំពុងតែមានបន្ទូលនៅឡើយ នោះមានម្នាក់មកពីផ្ទះមេសាលាប្រជុំ ជំរាបគាត់ថា កូនលោកស្លាប់ហើយ កុំនៅរំខានចិត្តលោកគ្រូទៀត ព្រះយេស៊ូវក៏ឮ ហើយមានបន្ទូលទៅគាត់ថា កុំខ្លាចឡើយ ឲ្យគ្រាន់តែជឿប៉ុណ្ណោះ នោះនាងនឹងបានរស់វិញ រួចទ្រង់យាងចូលទៅក្នុងផ្ទះ មិនឲ្យអ្នកណាទៅជាមួយឡើយ លើកតែពេត្រុស យ៉ាកុប នឹងយ៉ូហាន ហើយឪពុកម្តាយរបស់កូននោះប៉ុណ្ណោះ ឯមនុស្សទាំងអស់ គេកំពុងតែយំសោកសង្រេងនឹងនាង តែទ្រង់មានបន្ទូលថា កុំយំអី នាងមិនមែនស្លាប់ទេ គឺនាងដេកលក់ទេតើ គេក៏សើចចំអកឲ្យទ្រង់ ដ្បិតគេដឹងថា នាងស្លាប់ពិតមែន នោះទ្រង់បណ្តេញគេចេញអស់ ហើយចាប់ដៃនាង មានបន្ទូលជាខ្លាំងថា កូនអើយ ចូរក្រោកឡើង ខណនោះ ព្រលឹងនាងក៏មកវិញ ហើយនាងក្រោកឡើងភ្លាម នោះទ្រង់បង្គាប់ឲ្យគេយកអ្វីៗមកឲ្យនាងបរិភោគ ឪពុកម្តាយនាងក៏កើតមានសេចក្ដីអស្ចារ្យ តែទ្រង់ហាមមិនឲ្យគេប្រាប់ឲ្យអ្នកណាដឹងពីការនោះឡើយ។