លូកា 8:22-25

លូកា 8:22-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ថ្ងៃ​មួយ ព្រះ‌អង្គ​យាង​ចុះ​ទូក​ជា​មួយ​សិស្ស​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​យើង​ឆ្លង​បឹង​ទៅ​ត្រើយ​ម្ខាង»។ ពួកគេ​ក៏​ចេញ​ទូក​ទៅ ពេល​គេ​កំពុង​ចេញ​ទូក​ទៅ ព្រះ‌អង្គ​ក៏​ផ្ទំ​លក់។ ពេល​នោះ មាន​ខ្យល់​ព្យុះ​បក់​មក​លើ​បឹង ទឹក​ក៏​ចូល​ពេញ​ទូក ហើយ​គេ​ស្ថិត​ក្នុង​ស្ថាន‌ភាព​គ្រោះ​ថ្នាក់។ គេ​ចូល​ទៅ​ដាស់​ព្រះ‌អង្គ ទូល​ថា៖ «លោក​គ្រូ! លោកគ្រូ! យើង​ខ្ញុំ​ស្លាប់​ឥឡូវ​ហើយ»។ ព្រះ‌អង្គ​តើន​ឡើង ហើយ​បន្ទោស​ខ្យល់ និង​រលក​ដែល​កំពុង​បោក​បក់​ជា​ខ្លាំង​នោះ រួច​វា​ក៏​ឈប់ ហើយ​ស្ងប់​ទៅ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា?» ពួកគេ​ភ័យ​ខ្លាច ហើយ​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ចុះ​តើ​លោក​នេះ​ជា​នរណា បាន​ជា​លោក​បញ្ជា សូម្បី​តែ​ខ្យល់ និង​ទឹក ហើយ​វា​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ?»។

ចែក​រំលែក
អាន លូកា 8

លូកា 8:22-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ថ្ងៃ​មួយ ព្រះ‌យេស៊ូ​យាង​ចុះ​ទូក​ជា​មួយ​សិស្ស ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នាំ​គ្នា​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។ ពួក​សិស្ស​ក៏​ចេញ​ទូក​ទៅ​ជា​មួយ​ព្រះអង្គ។ ពេល​ឆ្លង​ទៅ​នោះ ព្រះ‌យេស៊ូ​ផ្ទំ​លក់ ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​យ៉ាង​ខ្លាំង​មក​លើ​បឹង បណ្ដាល​ឲ្យ​ទឹក​ជះ​ចូល​ពេញ​ទូក ហើយ​ទាំង​អស់​គ្នា​ស្ថិត​ក្នុង​ភាព​អាសន្ន។ ពួក​សិស្ស​ចូល​ទៅ​ជិត​ព្រះ‌យេស៊ូ ដាស់​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ! ព្រះ‌គ្រូ! យើង​ស្លាប់​ឥឡូវ​ហើយ»។ ព្រះ‌យេស៊ូ​តើន​ឡើង មាន​ព្រះ‌បន្ទូល​គំរាម​ខ្យល់​ព្យុះ និង​រលក​យ៉ាង​ម៉ឺង‌ម៉ាត់។ ខ្យល់​ព្យុះ និង​រលក​ក៏​ស្ងប់ ហើយ​ផ្ទៃ​ទឹក​ក៏​រាប​ស្មើ​ដូច​ធម្មតា​វិញ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា?»។ ពួក​សិស្ស​ភ័យ​ស្ញប់‌ស្ញែង ព្រម​ទាំង​ស្ងើច​សរសើរ​ផង គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី​បាន​ជា​បញ្ជា​ទៅ​ខ្យល់ និង​ទឹក ហើយ​ខ្យល់ និង​ទឹក​ស្ដាប់​តាម​បង្គាប់​លោក​ដូច្នេះ?»។

ចែក​រំលែក
អាន លូកា 8

លូកា 8:22-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​កាល​១​ថ្ងៃ​នោះ ទ្រង់​ចុះ​ទូក​ជា​មួយ​នឹង​ពួក​សិស្ស ហើយ​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​យើង​ឆ្លង​ទៅ​ត្រើយ​ម្ខាង នោះ​ក៏​ចេញ​ទៅ កាល​កំពុង​តែ​បើក​ក្តោង​ទៅ នោះ​ទ្រង់​ផ្ទំ​លក់ រួច​មាន​ខ្យល់​ព្យុះ​ធ្លាក់​មក​លើ​សមុទ្រ ទឹក​ក៏​ចូល​ស្ទើរ​តែ​ពេញ​ទូក ហើយ​គេ​ភ័យ​ខ្លាច​លិច គេ​ចូល​ទៅ​តើន​ទ្រង់​ទូល​ថា លោក​គ្រូៗ​អើយ យើង​ខ្ញុំ​ស្លាប់​ហើយ តែ​ទ្រង់​ក្រោក​ឡើង កំហែង​ទៅ​ខ្យល់​នឹង​ទឹក ដែល​កំពុង​បោក​បក់​ជា​ខ្លាំង នោះ​ក៏​ស្ងប់​បាត់​ឈឹង​ទៅ រួច​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា តើ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា គេ​ក៏​ភ័យ​ខ្លាច ហើយ​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ចុះ​លោក​នេះ​ជា​អ្វី បាន​ជា​លោក​បង្គាប់​ទៅ​ទាំង​ខ្យល់​ទាំង​ទឹក​បាន ហើយ​ទាំង​២​យ៉ាង​ក៏​ស្តាប់​បង្គាប់​លោក​ដែរ​ដូច្នេះ។

ចែក​រំលែក
អាន លូកា 8