លូកា 8:1-8
លូកា 8:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយមកភ្លាម ព្រះអង្គយាងទៅតាមក្រុង និងតាមភូមិនានា ទាំងប្រកាសប្រាប់ដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះ។ អ្នកទាំងដប់ពីរនៅជាមួយព្រះអង្គ ហើយស្ត្រីខ្លះដែលបានជាពីវិញ្ញាណអាក្រក់ និងពីជំងឺផ្សេងៗក៏នៅជាមួយដែរ គឺមាននាងម៉ារា ហៅថាអ្នកស្រុកម៉ាក់ដាឡា ដែលមានអារក្សប្រាំពីរចេញពីនាង នាងយ៉ូអាន់ ប្រពន្ធរបស់ឃូសា ជាមហាតលិករបស់ព្រះបាទហេរ៉ូឌ នាងស៊ូសាន និងស្ត្រីឯទៀតៗជាច្រើន ដែលផ្គត់ផ្គង់ព្រះអង្គ និងពួកសិស្សដោយធនធានរបស់ខ្លួន។ កាលមហាជនច្រើនកុះករ និងមនុស្សមកពីក្រុងផ្សេងៗ បាននាំគ្នាមកជួបព្រះអង្គហើយ ព្រះអង្គក៏មានព្រះបន្ទូលជារឿងប្រៀបធៀបថា៖ «មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះពូជរបស់ខ្លួន។ ពេលគាត់ព្រោះ ពូជខ្លះធ្លាក់លើផ្លូវ ត្រូវគេដើរជាន់ ហើយសត្វហើរលើអាកាសក៏មកចឹកស៊ី។ មានពូជខ្លះទៀតធ្លាក់ទៅលើថ្ម កាលពន្លកដុះឡើង នោះក៏ក្រៀមស្វិតទៅ ព្រោះគ្មានសំណើម។ មានពូជខ្លះទៀតធ្លាក់ទៅក្នុងគុម្ពបន្លា ហើយបន្លាក៏ដុះឡើងជាមួយពូជនោះ ខ្ទប់ពូជនោះជិត។ មានពូជខ្លះទៀតធ្លាក់ទៅលើដីល្អ ហើយពេលពូជនោះដុះឡើង បង្កើតផលផ្លែបានមួយជាមួយរយ»។ កាលព្រះអង្គមានព្រះបន្ទូលសេចក្តីទាំងនោះហើយ ព្រះអង្គបន្លឺព្រះសូរសៀងថា៖ «អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!»។
លូកា 8:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មកទៀត ព្រះយេស៊ូយាងទៅតាមក្រុង តាមភូមិនានា ទាំងប្រកាស និងផ្សព្វផ្សាយដំណឹងល្អ*អំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់។ សាវ័ក*ទាំងដប់ពីររូបទៅជាមួយព្រះអង្គ ហើយមានស្ត្រីខ្លះទៀតដែលព្រះអង្គបានប្រោសឲ្យជាពីជំងឺ និងបណ្ដេញវិញ្ញាណអាក្រក់ចេញ ក៏តាមទៅជាមួយដែរ គឺមាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា ដែលព្រះអង្គបានដេញអារក្សប្រាំពីរចេញពីនាង នាងយ៉ូអាន់ ភរិយារបស់ឃូសា ជាមហាតលិករបស់ព្រះបាទហេរ៉ូដ នាងស៊ូសាន ព្រមទាំងស្ត្រីឯទៀតៗជាច្រើន ដែលបានចំណាយធនធានរបស់ខ្លួន ដើម្បីទំនុកបម្រុងព្រះយេស៊ូ និងសិស្ស*របស់ព្រះអង្គ។ មានបណ្ដាជនច្រើនកុះករចេញពីទីក្រុងនានាមករកព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាដូចតទៅ៖ «មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ត្រូវគេដើរជាន់ ហើយសត្វមកចឹកស៊ីអស់ទៅ។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានថ្ម កាលពន្លកដុះឡើង ក៏ក្រៀមស្វិតទៅវិញ ព្រោះខ្វះទឹក។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា។ បន្លាដុះឡើងជាមួយគ្រាប់ពូជ ហើយរួបរឹតគ្រាប់ពូជនោះមិនឲ្យដុះឡើង។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជដុះឡើង ឲ្យផលមួយជាមួយរយ»។ ព្រះយេស៊ូបន្លឺព្រះសូរសៀងថែមទៀតថា៖ «អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
លូកា 8:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយនោះមកទៀត ទ្រង់យាងទៅប្រដៅក្នុងគ្រប់ក្រុងគ្រប់ភូមិជាមួយនឹងពួក១២នាក់ ព្រមទាំងប្រាប់ដំណឹងល្អពីនគរព្រះ ក៏មានស្ត្រីខ្លះដែលបានជាពីអារក្សអសោចិ៍ ហើយពីជំងឺផ្សេងៗបានទៅជាមួយដែរ គឺមានម៉ារា ហៅថាអ្នកស្រុកម៉ាក់ដាឡា ដែលមានអារក្ស៧ចេញពីនាង១ នឹងយ៉ូអាន់ ជាប្រពន្ធឃូសា មហាតលិកស្តេចហេរ៉ូឌ១ ស៊ូសាន១ ហើយស្ត្រីឯទៀតៗជាច្រើនដែរ ដែលយកទ្រព្យខ្លួនមកជួយទ្រង់។ កាលមានមនុស្សមកពីគ្រប់ស្រុក ប្រជុំគ្នាឯទ្រង់ជាណែនណាន់តាន់តាប់ហើយ នោះទ្រង់មានបន្ទូលដោយពាក្យប្រៀបប្រដូចថា មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ កំពុងដែលគាត់ព្រោះ នោះមានខ្លះធ្លាក់ចុះតាមផ្លូវ ត្រូវគេដើរជាន់ ហើយសត្វហើរលើអាកាសក៏មកចឹកស៊ី ខ្លះទៀតធ្លាក់ទៅលើថ្ម កាលពន្លកឡើង នោះក៏ក្រៀមស្វិតទៅ ពីព្រោះគ្មានធាតុសើមសោះ មានខ្លះទៀតធ្លាក់ទៅកណ្តាលបន្លា បន្លាក៏ដុះឡើងជាមួយ ហើយរួបខ្ទប់វា មានខ្លះទៀតធ្លាក់ទៅក្នុងដីល្អ ក៏ពន្លកដុះឡើង បង្កើតផលផ្លែបាន១ជា១រយភាគ កាលទ្រង់មានបន្ទូលសេចក្ដីទាំងនោះស្រេចហើយ នោះក៏បន្លឺវាចាថា អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។