លូកា 8:1-15
លូកា 8:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយមកភ្លាម ព្រះអង្គយាងទៅតាមក្រុង និងតាមភូមិនានា ទាំងប្រកាសប្រាប់ដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះ។ អ្នកទាំងដប់ពីរនៅជាមួយព្រះអង្គ ហើយស្ត្រីខ្លះដែលបានជាពីវិញ្ញាណអាក្រក់ និងពីជំងឺផ្សេងៗក៏នៅជាមួយដែរ គឺមាននាងម៉ារា ហៅថាអ្នកស្រុកម៉ាក់ដាឡា ដែលមានអារក្សប្រាំពីរចេញពីនាង នាងយ៉ូអាន់ ប្រពន្ធរបស់ឃូសា ជាមហាតលិករបស់ព្រះបាទហេរ៉ូឌ នាងស៊ូសាន និងស្ត្រីឯទៀតៗជាច្រើន ដែលផ្គត់ផ្គង់ព្រះអង្គ និងពួកសិស្សដោយធនធានរបស់ខ្លួន។ កាលមហាជនច្រើនកុះករ និងមនុស្សមកពីក្រុងផ្សេងៗ បាននាំគ្នាមកជួបព្រះអង្គហើយ ព្រះអង្គក៏មានព្រះបន្ទូលជារឿងប្រៀបធៀបថា៖ «មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះពូជរបស់ខ្លួន។ ពេលគាត់ព្រោះ ពូជខ្លះធ្លាក់លើផ្លូវ ត្រូវគេដើរជាន់ ហើយសត្វហើរលើអាកាសក៏មកចឹកស៊ី។ មានពូជខ្លះទៀតធ្លាក់ទៅលើថ្ម កាលពន្លកដុះឡើង នោះក៏ក្រៀមស្វិតទៅ ព្រោះគ្មានសំណើម។ មានពូជខ្លះទៀតធ្លាក់ទៅក្នុងគុម្ពបន្លា ហើយបន្លាក៏ដុះឡើងជាមួយពូជនោះ ខ្ទប់ពូជនោះជិត។ មានពូជខ្លះទៀតធ្លាក់ទៅលើដីល្អ ហើយពេលពូជនោះដុះឡើង បង្កើតផលផ្លែបានមួយជាមួយរយ»។ កាលព្រះអង្គមានព្រះបន្ទូលសេចក្តីទាំងនោះហើយ ព្រះអង្គបន្លឺព្រះសូរសៀងថា៖ «អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!»។ កាលពួកសិស្សទូលសួរព្រះអង្គអំពីរឿងប្រៀបធៀបនេះមានន័យដូចម្តេច ព្រះអង្គមានព្រះបន្ទូលថា៖ «សម្រាប់អ្នករាល់គ្នា ព្រះបានប្រទានឲ្យស្គាល់អាថ៌កំបាំងនៃព្រះរាជ្យរបស់ព្រះអង្គ តែចំពោះអ្នកដទៃ គឺជារឿងប្រៀបធៀបវិញ ដើម្បី "កាលណាគេមើល តែមិនឃើញ ហើយកាលណាគេស្ដាប់ តែមិនយល់" »។ «រីឯរឿងប្រៀបធៀបនេះ គឺស្រាយយ៉ាងនេះថា ពូជជាព្រះបន្ទូលរបស់ព្រះ។ ពូជដែលធ្លាក់តាមផ្លូវ គឺអស់អ្នកដែលបានឮ រួចអារក្សក៏មកឆក់យកព្រះបន្ទូលចេញពីចិត្តគេទៅ ដើម្បីកុំឲ្យគេជឿ ហើយបានសង្គ្រោះ។ ពូជដែលធ្លាក់លើថ្ម គឺអស់អ្នកដែលនៅពេលឮព្រះបន្ទូល នោះក៏ទទួលដោយអំណរ តែមិនចាក់ឫសសោះ គេជឿតែមួយភ្លែត ហើយនៅពេលមានការល្បងល គេក៏រសាយចិត្តទៅវិញ។ រីឯពូជដែលធ្លាក់ទៅក្នុងបន្លា គឺអស់អ្នកដែលបានឮ តែពេលគេចេញទៅ នោះសេចក្តីខ្វល់ខ្វាយនឹងទ្រព្យសម្បត្តិ និងចិត្តស្រើបស្រាលនៃជីវិតនេះ ក៏ចូលមកខ្ទប់ជិត មិនឲ្យបង្កើតផលផ្លែពេញលេញបានឡើយ។ រីឯពូជនៅក្នុងដីល្អ គេជាពួកអ្នកដែលបានឮព្រះបន្ទូលហើយ ក៏រក្សាទុកជាប់ដោយចិត្តល្អទៀងត្រង់ ហើយបង្កើតផលដោយអត់ធ្មត់»។
លូកា 8:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មកទៀត ព្រះយេស៊ូយាងទៅតាមក្រុង តាមភូមិនានា ទាំងប្រកាស និងផ្សព្វផ្សាយដំណឹងល្អ*អំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់។ សាវ័ក*ទាំងដប់ពីររូបទៅជាមួយព្រះអង្គ ហើយមានស្ត្រីខ្លះទៀតដែលព្រះអង្គបានប្រោសឲ្យជាពីជំងឺ និងបណ្ដេញវិញ្ញាណអាក្រក់ចេញ ក៏តាមទៅជាមួយដែរ គឺមាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា ដែលព្រះអង្គបានដេញអារក្សប្រាំពីរចេញពីនាង នាងយ៉ូអាន់ ភរិយារបស់ឃូសា ជាមហាតលិករបស់ព្រះបាទហេរ៉ូដ នាងស៊ូសាន ព្រមទាំងស្ត្រីឯទៀតៗជាច្រើន ដែលបានចំណាយធនធានរបស់ខ្លួន ដើម្បីទំនុកបម្រុងព្រះយេស៊ូ និងសិស្ស*របស់ព្រះអង្គ។ មានបណ្ដាជនច្រើនកុះករចេញពីទីក្រុងនានាមករកព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាដូចតទៅ៖ «មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ត្រូវគេដើរជាន់ ហើយសត្វមកចឹកស៊ីអស់ទៅ។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានថ្ម កាលពន្លកដុះឡើង ក៏ក្រៀមស្វិតទៅវិញ ព្រោះខ្វះទឹក។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា។ បន្លាដុះឡើងជាមួយគ្រាប់ពូជ ហើយរួបរឹតគ្រាប់ពូជនោះមិនឲ្យដុះឡើង។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជដុះឡើង ឲ្យផលមួយជាមួយរយ»។ ព្រះយេស៊ូបន្លឺព្រះសូរសៀងថែមទៀតថា៖ «អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ សិស្ស*របស់ព្រះយេស៊ូទូលសួរព្រះអង្គថា៖ «តើពាក្យប្រស្នានោះមានន័យដូចម្ដេច?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានប្រោសប្រទានឲ្យអ្នករាល់គ្នា យល់គម្រោងការដ៏លាក់កំបាំងនៃព្រះរាជ្យ*របស់ព្រះអង្គ។ ចំពោះអ្នកដទៃ ព្រះអង្គប្រើជាពាក្យប្រស្នាវិញ។ ដូច្នេះ ទោះបីគេមើលក៏ពុំឃើញ ទោះបីគេស្ដាប់ក៏ពុំយល់ដែរ ។ រីឯប្រស្នានោះមានន័យដូចតទៅ: គ្រាប់ពូជជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សខ្លះប្រៀបបីដូចជាផ្លូវដែលគ្រាប់ពូជធ្លាក់ គេបានស្ដាប់ព្រះបន្ទូល តែមារសាតាំង*មកឆក់យកពីចិត្តគេ ដើម្បីកុំឲ្យគេជឿ និងកុំឲ្យគេរួចជីវិត។ មនុស្សខ្លះទៀតប្រៀបបីដូចជាដីមានថ្ម កាលបានស្ដាប់ព្រះបន្ទូលហើយ គេទទួលយកដោយអំណរ។ ប៉ុន្តែ គេជឿតែមួយភ្លែត ពុំទុកឲ្យព្រះបន្ទូលចាក់ឫសឡើយ គេបោះបង់ចោលជំនឿនៅពេលណាមានការល្បួង។ គ្រាប់ពូជដែលធ្លាក់ទៅលើដីមានបន្លា ប្រៀបបីដូចជាអស់អ្នកដែលបានស្ដាប់ព្រះបន្ទូល តែចិត្តខ្វល់ខ្វាយ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្តស្រើបស្រាល មករួបរឹតផលផ្លែមិនឲ្យទុំឡើយ។ រីឯគ្រាប់ពូជធ្លាក់ទៅលើដីមានជីជាតិល្អ ប្រៀបបីដូចជាអស់អ្នកដែលស្ដាប់ព្រះបន្ទូល ហើយចងចាំទុកយ៉ាងស្មោះអស់ពីចិត្ត រហូតដល់បានបង្កើតផលផ្លែជាច្រើន ដោយចិត្តស៊ូទ្រាំ»។
លូកា 8:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយនោះមកទៀត ទ្រង់យាងទៅប្រដៅក្នុងគ្រប់ក្រុងគ្រប់ភូមិជាមួយនឹងពួក១២នាក់ ព្រមទាំងប្រាប់ដំណឹងល្អពីនគរព្រះ ក៏មានស្ត្រីខ្លះដែលបានជាពីអារក្សអសោចិ៍ ហើយពីជំងឺផ្សេងៗបានទៅជាមួយដែរ គឺមានម៉ារា ហៅថាអ្នកស្រុកម៉ាក់ដាឡា ដែលមានអារក្ស៧ចេញពីនាង១ នឹងយ៉ូអាន់ ជាប្រពន្ធឃូសា មហាតលិកស្តេចហេរ៉ូឌ១ ស៊ូសាន១ ហើយស្ត្រីឯទៀតៗជាច្រើនដែរ ដែលយកទ្រព្យខ្លួនមកជួយទ្រង់។ កាលមានមនុស្សមកពីគ្រប់ស្រុក ប្រជុំគ្នាឯទ្រង់ជាណែនណាន់តាន់តាប់ហើយ នោះទ្រង់មានបន្ទូលដោយពាក្យប្រៀបប្រដូចថា មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ កំពុងដែលគាត់ព្រោះ នោះមានខ្លះធ្លាក់ចុះតាមផ្លូវ ត្រូវគេដើរជាន់ ហើយសត្វហើរលើអាកាសក៏មកចឹកស៊ី ខ្លះទៀតធ្លាក់ទៅលើថ្ម កាលពន្លកឡើង នោះក៏ក្រៀមស្វិតទៅ ពីព្រោះគ្មានធាតុសើមសោះ មានខ្លះទៀតធ្លាក់ទៅកណ្តាលបន្លា បន្លាក៏ដុះឡើងជាមួយ ហើយរួបខ្ទប់វា មានខ្លះទៀតធ្លាក់ទៅក្នុងដីល្អ ក៏ពន្លកដុះឡើង បង្កើតផលផ្លែបាន១ជា១រយភាគ កាលទ្រង់មានបន្ទូលសេចក្ដីទាំងនោះស្រេចហើយ នោះក៏បន្លឺវាចាថា អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។ ពួកសិស្សទូលសួរទ្រង់ថា ពាក្យប្រៀបនេះមានន័យដូចម្តេច ទ្រង់ឆ្លើយថា ឯអ្នករាល់គ្នា ព្រះបានប្រទានឲ្យស្គាល់អស់ទាំងការអាថ៌កំបាំងរបស់នគរទ្រង់ហើយ តែបានសំដែងដល់អ្នកឯទៀត ដោយពាក្យប្រៀបប្រដូចវិញ ដើម្បីកាលណាគេឃើញ នោះមិនឃើញវិញ ហើយកាលណាគេឮ នោះមិនយល់ឡើយ រីឯពាក្យប្រៀបប្រដូចនេះ គឺស្រាយយ៉ាងនេះថា ពូជនោះ គឺព្រះបន្ទូល ឯពួកអ្នកដែលទទួលតាមផ្លូវ គឺជាអស់អ្នកដែលបានឮ រួចអារក្សមកឆក់យកព្រះបន្ទូលពីចិត្តគេចេញទៅ ក្រែងគេជឿ ហើយបានសង្គ្រោះ ឯពួកអ្នកដែលទទួលនៅលើថ្ម គឺអស់អ្នកដែលកាលណាឮព្រះបន្ទូលហើយ នោះក៏ទទួលដោយអំណរ តែគ្មានចាក់ឫសសោះ គេជឿនៅតែ១ស្របក់ប៉ុណ្ណោះ លុះកើតមានសេចក្ដីល្បួង នោះគេរសាយចិត្តទៅវិញ ឯពូជដែលធ្លាក់ទៅក្នុងបន្លា គឺអស់អ្នកដែលបានឮ រួចចេញទៅ នោះសេចក្ដីខ្វល់ខ្វាយ នឹងទ្រព្យសម្បត្តិ ហើយនឹងសេចក្ដីស្រើបស្រាលនៅជីវិតនេះ ក៏ចូលមកខ្ទប់ជិត មិនឲ្យបង្កើតផលផ្លែដ៏ពេញលេញបានឡើយ តែពូជដែលនៅដីល្អ គឺពួកអ្នកដែលមានចិត្តទៀងត្រង់ល្អ ក៏ឮព្រះបន្ទូល ហើយយកចិត្តទុកដាក់ រួចបង្កើតផលដោយសេចក្ដីអត់ធន់វិញ។