លូកា 7:36-50
លូកា 7:36-50 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានម្នាក់ក្នុងពួកផារិស៊ី បានយាងព្រះអង្គទៅសោយអាហារជាមួយគាត់ ព្រះអង្គក៏យាងចូលទៅក្នុងផ្ទះរបស់ផារិស៊ីនោះ ហើយគង់រួមតុជាមួយគាត់។ មើល៍! នៅក្រុងនោះ មានស្ត្រីម្នាក់ជាមនុស្សបាប។ ពេលនាងដឹងថា ព្រះអង្គគង់នៅតុក្នុងផ្ទះរបស់អ្នកផារិស៊ីនោះ នាងក៏យកដបថ្មកែវដាក់ប្រេងក្រអូបចូលមក រួចឈរពីខាងក្រោយ ទៀបព្រះបាទព្រះអង្គទាំងយំ ហើយចាប់ផ្ដើមសម្រក់ទឹកភ្នែកជោកព្រះបាទព្រះអង្គ រួចយកសក់ក្បាលនាងជូត ក៏ថើបព្រះបាទព្រះអង្គ ហើយចាក់ប្រេងក្រអូបលាបទៀតផង។ កាលផារិស៊ីដែលបានអញ្ជើញព្រះអង្គនោះឃើញដូច្នោះ គាត់គិតក្នុងចិត្តថា៖ «បើលោកនេះជាហោរាមែន លោកមុខជាដឹងថា ស្ត្រីដែលពាល់លោកជាអ្នកណា ហើយជាមនុស្សប្រភេទណាពុំខាន ដ្បិតនាងជាមនុស្សបាប»។ ព្រះយេស៊ូវក៏មានព្រះបន្ទូលទៅគាត់ថា៖ «ស៊ីម៉ូន ខ្ញុំចង់និយាយរឿងមួយប្រាប់លោក»។ គាត់ឆ្លើយថា៖ «សូមលោកគ្រូមានប្រសាសន៍មកចុះ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «មានកូនបំណុលពីរនាក់ ជំពាក់អ្នកចងការប្រាក់ម្នាក់ ម្នាក់ជំពាក់ប្រាំរយដេណារី ម្នាក់ទៀតហាសិបដេណារី ។ កាលគេគ្មានអ្វីនឹងសង គាត់ក៏លុបបំណុលអ្នកទាំងពីរនោះទៅ។ ឥឡូវនេះ ក្នុងចំណោមអ្នកទាំងពីរ តើអ្នកណាស្រឡាញ់គាត់ជាង?» ស៊ីម៉ូនទូលឆ្លើយថា៖ «ខ្ញុំគិតថា គឺអ្នកដែលជំពាក់ច្រើនជាង»។ ព្រះអង្គក៏មានព្រះបន្ទូលទៅគាត់ថា៖ «លោកពិចារណាបានត្រឹមត្រូវមែន»។ បន្ទាប់មក ព្រះអង្គបែរទៅរកស្ត្រីនោះ តែមានព្រះបន្ទូលទៅស៊ីម៉ូនថា៖ «លោកឃើញស្ត្រីនេះឬទេ? ខ្ញុំបានចូលមកក្នុងផ្ទះលោក តែលោកមិនបានឲ្យទឹកខ្ញុំលាងជើងទេ តែនាងបានសម្រក់ទឹកភ្នែកជោកជើងខ្ញុំ ហើយយកសក់នាងជូតជើងខ្ញុំទៀតផង។ លោកមិនបានថើបខ្ញុំទេ តែតាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំរហូតមិនឈប់សោះ។ លោកមិនបានយកប្រេងមកលាបក្បាលខ្ញុំទេ តែនាងចាក់ប្រេងក្រអូបលាបជើងខ្ញុំ។ ហេតុនេះខ្ញុំសូមជម្រាបលោកថា នាងបានទទួលការអត់ទោសឲ្យរួចពីបាបជាច្រើនរបស់នាងហើយ ដ្បិតនាងមានសេចក្តីស្រឡាញ់ច្រើន។ ប៉ុន្តែ អ្នកណាដែលទទួលការអត់ទោសឲ្យតិច នោះក៏ស្រឡាញ់តិចដែរ»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «នាងបានទទួលការអត់ទោសឲ្យរួចពីបាបហើយ»។ ពេលនោះ អស់អ្នកដែលអង្គុយរួមតុជាមួយព្រះអង្គ ចាប់ផ្ដើមគិតក្នុងចិត្តថា៖ «តើលោកនេះជានរណា ដែលសូម្បីតែបាបក៏អត់ទោសឲ្យបានដូច្នេះ»? ព្រះអង្គមានព្រះបន្ទូលទៅស្ត្រីនោះថា៖ «ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅដោយសុខសាន្តចុះ»។
លូកា 7:36-50 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានបុរសម្នាក់ខាងគណៈផារីស៊ី*បានយាងព្រះយេស៊ូទៅសោយព្រះស្ងោយ ព្រះអង្គក៏យាងទៅផ្ទះបុរសនោះ ហើយគង់រួមតុជាមួយគាត់។ នៅក្រុងនោះ មានស្ត្រីម្នាក់មានកេរ្តិ៍ឈ្មោះមិនល្អ។ ពេលឮថាព្រះយេស៊ូគង់នៅក្នុងផ្ទះអ្នកខាងគណៈផារីស៊ី* នោះនាងយកដបថ្មកែវដាក់ប្រេងក្រអូបចូលមក។ នាងនៅពីក្រោយព្រះយេស៊ូ ក្រាបទៀបព្រះបាទាព្រះអង្គ នាងយំ សម្រក់ទឹកភ្នែកជោកព្រះបាទាព្រះយេស៊ូ ហើយយកសក់មកជូត។ បន្ទាប់មក នាងថើប រួចយកប្រេងក្រអូបមកចាក់ពីលើផង។ ពេលបុរសម្ចាស់ផ្ទះឃើញដូច្នោះ គាត់រិះគិតក្នុងចិត្តថា៖ «បើលោកនេះពិតជាព្យាការី*មែន ច្បាស់ជាលោកជ្រាបថាស្ត្រីដែលពាល់លោកនេះ ជាស្ត្រីប្រភេទណាពុំខាន គឺនាងជាមនុស្សបាប»។ ព្រះយេស៊ូមានព្រះបន្ទូលទៅបុរសខាងគណៈផារីស៊ីនោះថា៖ «លោកស៊ីម៉ូន ខ្ញុំចង់និយាយរឿងមួយជាមួយលោក»។ លោកស៊ីម៉ូនទូលតបទៅព្រះអង្គថា៖ «សូមលោកគ្រូមានប្រសាសន៍មកចុះ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានមនុស្សពីរនាក់ជំពាក់ប្រាក់គេ ម្នាក់ជំពាក់ប្រាំរយ ម្នាក់ទៀតហាសិប។ ដោយអ្នកទាំងពីរគ្មានប្រាក់សង ម្ចាស់ប្រាក់ក៏លុបបំណុលចោល ឈប់ទារពីអ្នកទាំងពីរនោះទៅ។ ក្នុងចំណោមអ្នកទាំងពីរ តើអ្នកណាស្រឡាញ់ម្ចាស់បំណុលជាង?»។ លោកស៊ីម៉ូនទូលឆ្លើយថា៖ «តាមយោបល់ខ្ញុំ គឺអ្នកដែលជំពាក់ប្រាក់ច្រើនជាង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «លោកមានយោបល់ត្រឹមត្រូវមែន»។ បន្ទាប់មក ព្រះអង្គបែរទៅរកស្ត្រីនោះ រួចមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «សូមមើលស្ត្រីនេះចុះ! ខ្ញុំបានចូលមកក្នុងផ្ទះលោក តែលោកពុំបានយកទឹកមកលាងជើងខ្ញុំទេ រីឯនាង នាងបានសម្រក់ទឹកភ្នែកជោកជើងខ្ញុំ ព្រមទាំងយកសក់នាងមកជូតទៀតផង។ លោកមិនបានថើបខ្ញុំទេ រីឯនាងវិញ តាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំ ឥតឈប់ឈរសោះឡើយ។ លោកមិនបានយកប្រេងមកលាបក្បាលខ្ញុំទេ រីឯនាងវិញ នាងបានចាក់ប្រេងក្រអូបលាបជើងខ្ញុំ។ ហេតុនេះហើយ ខ្ញុំសុំប្រាប់ឲ្យលោកដឹងថា នាងសម្តែងសេចក្ដីស្រឡាញ់ជាខ្លាំងយ៉ាងនេះ ព្រោះព្រះជាម្ចាស់បានប្រោសឲ្យនាងរួចពីបាបជាច្រើន។ រីឯអ្នកដែលព្រះជាម្ចាស់លើកលែងទោសឲ្យតិច ក៏សម្តែងសេចក្ដីស្រឡាញ់តិចដែរ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅស្ត្រីនោះថា៖ «ខ្ញុំអត់ទោសឲ្យនាងរួចពីបាបហើយ»។ អស់អ្នកដែលអង្គុយរួមតុជាមួយ រិះគិតក្នុងចិត្តរៀងៗខ្លួនថា៖ «តើលោកនេះមានឋានៈអ្វី បានជាហ៊ានអត់ទោសឲ្យមនុស្សរួចពីបាបដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងទៀតថា៖ «ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅវិញដោយសុខសាន្តចុះ»។
លូកា 7:36-50 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានពួកផារិស៊ីម្នាក់ទូលសូមទ្រង់ ឲ្យសោយជាមួយនឹងគាត់ ទ្រង់ក៏យាងចូលទៅគង់នៅតុ ក្នុងផ្ទះគាត់ ហើយមើល នៅក្រុងនោះមានស្ត្រីម្នាក់ដែលមានបាប នាងបានដឹងថា ទ្រង់គង់នៅតុក្នុងផ្ទះអ្នកផារិស៊ីនោះ ក៏យកដបថ្មកែវដាក់ប្រេងក្រអូបមក នាងឈរពីខាងក្រោយទៀបព្រះបាទទ្រង់ទាំងយំ ចាប់តាំងសំរក់ទឹកភ្នែកទទឹកព្រះបាទទ្រង់ រួចយកសក់ក្បាលនាងជូត ក៏ថើបព្រះបាទ ដោយស្រឡាញ់ ហើយយកប្រេងក្រអូបលាបផង កាលពួកផារិស៊ីម្នាក់ដែលអញ្ជើញទ្រង់មក បានឃើញដូច្នោះ ក៏គិតក្នុងចិត្តថា បើអ្នកនេះជាហោរាមែន នោះនឹងស្គាល់ស្ត្រីដែលពាល់ខ្លួន ហើយដឹងថាជាមនុស្សយ៉ាងណា ព្រោះនាងជាមនុស្សមានបាប ព្រះយេស៊ូវក៏មានបន្ទូលថា ស៊ីម៉ូនអើយ ខ្ញុំចង់និយាយនឹងអ្នកបន្តិច គាត់ក៏ឆ្លើយថា សូមលោកគ្រូមានប្រសាសន៍មកចុះ ទ្រង់មានបន្ទូលថា មាន២នាក់ជំពាក់អ្នកចងការម្នាក់ អ្នក១ ជំពាក់១០០រៀល អ្នក១ទៀត១០រៀល ដោយព្រោះគេគ្មានអ្វីនឹងសង បានជាគាត់លែងទារពីអ្នកទាំង២ទៅ ដូច្នេះក្នុង២នាក់នោះ តើអ្នកណាស្រឡាញ់គាត់ជាជាង ស៊ីម៉ូនទូលឆ្លើយថា ខ្ញុំស្មានថាជាអ្នកមួយដែលជំពាក់ច្រើនជាងនោះឯង ទ្រង់ក៏មានបន្ទូលតបថា អ្នកស្មានត្រូវហើយ រួចទ្រង់បែរទៅឯស្ត្រីនោះ តែមានបន្ទូលនឹងស៊ីម៉ូនថា អ្នកឃើញស្ត្រីនេះឬទេ ខ្ញុំបានចូលមកក្នុងផ្ទះអ្នក អ្នកមិនបានឲ្យទឹកសំរាប់លាងជើងខ្ញុំទេ តែនាងបានសំរក់ទឹកភ្នែកទទឹកជើងខ្ញុំ ហើយយកសក់ជូតផង អ្នកមិនបានថើបខ្ញុំសោះ តែតាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំដោយស្រឡាញ់ អ្នកមិនបានយកប្រេងលាបក្បាលខ្ញុំសោះ តែនាងយកប្រេងក្រអូបមកលាបជើងខ្ញុំវិញ ដោយហេតុនោះបានជាខ្ញុំប្រាប់អ្នកថា បាបនាងដែលមានច្រើនទាំងម៉្លេះ បានអត់ទោសឲ្យនាងហើយ ដ្បិតនាងមានសេចក្ដីស្រឡាញ់ជាច្រើន ប៉ុន្តែអ្នកណាដែលគេអត់ទោសឲ្យតិច នោះក៏ស្រឡាញ់តិច រួចទ្រង់មានបន្ទូលទៅនាងថា បាបនាងបានអត់ទោសឲ្យនាងហើយ ឯពួកអ្នកដែលអង្គុយនៅតុជាមួយ ក៏ចាប់តាំងគិតក្នុងចិត្តថា តើអ្នកនេះជាអ្វីដែលអត់ទោសបាបបានផងដូច្នេះ តែទ្រង់មានបន្ទូលទៅស្ត្រីនោះថា សេចក្ដីជំនឿរបស់នាងបានសង្គ្រោះនាងហើយ អញ្ជើញនាងទៅ ឲ្យបានប្រកបដោយសេចក្ដីសុខចុះ។