លូកា 7:12-16
លូកា 7:12-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះអង្គចូលទៅជិតដល់ទ្វារក្រុង នោះមើល៍ មានគេសែងសពមនុស្សម្នាក់ចេញមក ជាសពកូនប្រុសតែមួយគត់របស់ម្តាយ ដែលជាស្រ្ដីមេម៉ាយ ហើយមានមនុស្សជាច្រើនពីក្រុងនោះហែមកជាមួយគាត់។ កាលព្រះអម្ចាស់បានឃើញ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់គាត់ ហើយមានព្រះបន្ទូលទៅគាត់ថា៖ «កុំយំអី!»។ ពេលនោះ ព្រះអង្គយាងចូលទៅពាល់ក្តារមឈូស ឯពួកអ្នកសែងក៏ឈរស្ងៀម។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកកំលោះអើយ! ខ្ញុំបង្គាប់អ្នកថា ចូរក្រោកឡើង!» អ្នកដែលស្លាប់នោះក៏ក្រោកអង្គុយ ហើយចាប់ផ្ដើមនិយាយ។ ព្រះអង្គប្រគល់អ្នកកំលោះនោះដល់ម្តាយវិញ។ មនុស្សទាំងអស់គ្នាកើតមានសេចក្តីស្ញែងខ្លាច ក៏សរសើរតម្កើងដល់ព្រះ ដោយពាក្យថា៖ «មានហោរាមួយធំបានលេចឡើងក្នុងចំណោមយើង» ហើយថា «ព្រះបានយាងមករកប្រជារាស្ត្ររបស់ព្រះអង្គហើយ!»។
លូកា 7:12-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលព្រះអង្គយាងមកជិតដល់ទ្វារកំពែងក្រុង មានគេដង្ហែសពយកទៅបញ្ចុះ។ បុគ្គលដែលស្លាប់នោះជាកូនប្រុសតែមួយរបស់ស្ត្រីមេម៉ាយម្នាក់។ អ្នកស្រុកជាច្រើនបានមកជួយដង្ហែសពជាមួយគាត់។ កាលព្រះអម្ចាស់ឃើញស្ត្រីមេម៉ាយនោះ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគាត់យ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សូមកុំយំអី!»។ ព្រះអង្គយាងចូលទៅជិត ព្រះអង្គពាល់មឈូស ពួកអ្នកសែងក៏នាំគ្នាឈប់។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកកំលោះអើយ! ចូរក្រោកឡើង»។ រំពេចនោះ បុគ្គលដែលស្លាប់ក៏ក្រោកអង្គុយ ហើយចាប់ផ្ដើមនិយាយស្ដី។ ព្រះយេស៊ូប្រគល់អ្នកកំលោះទៅម្ដាយវិញ។ គេស្ញែងខ្លាចទាំងអស់គ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយពោលថា៖ «មានព្យាការីដ៏ប្រសើរឧត្ដមមួយរូបបានមកនៅក្នុងចំណោមយើងហើយ ព្រះជាម្ចាស់យាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ»។
លូកា 7:12-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលចូលទៅជិតដល់ទ្វារកំផែងក្រុង នោះឃើញគេសែងខ្មោចចេញមក ជាខ្មោចកូនតែ១ ដែលម្តាយនៅមេម៉ាយ ហើយមានមនុស្សក្រុងនោះជាច្រើនហែមកជាមួយនឹងគាត់ កាលព្រះអម្ចាស់បានឃើញ នោះទ្រង់មានព្រះហឫទ័យក្តួលអាណិតអាសូរដល់គាត់ណាស់ ក៏មានបន្ទូលថា កុំយំអី រួចទ្រង់យាងចូលទៅពាល់ក្តារមឈូស ឯពួកអ្នកសែងក៏ឈប់ ហើយទ្រង់មានបន្ទូលថា អ្នកកំឡោះអើយ ខ្ញុំបង្គាប់អ្នកថា ចូរក្រោកឡើង អ្នកដែលស្លាប់នោះ ក៏ក្រោកឡើងអង្គុយ ហើយចាប់តាំងនិយាយ រួចទ្រង់ប្រគល់ដល់ម្តាយវិញ មនុស្សទាំងអស់គ្នាកើតមានសេចក្ដីស្ញែងខ្លាច ក៏សរសើរដំកើងដល់ព្រះ ដោយពាក្យថា មានហោរា១ធំបានកើតឡើងក្នុងពួកយើង ហើយថា ព្រះបានប្រោសរាស្ត្រទ្រង់ហើយ