លូកា 6:6-11
លូកា 6:6-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃសប្ប័ទមួយទៀត ព្រះអង្គបានយាងចូលទៅបង្រៀនក្នុងសាលាប្រជុំ ហើយនៅទីនោះមានបុរសម្នាក់ដែលស្វិតដៃខាងស្តាំ។ ពួកអាចារ្យ និងពួកផារិស៊ីតាមមើលព្រះអង្គ ក្រែងព្រះអង្គប្រោសឲ្យគាត់ជានៅថ្ងៃសប្ប័ទ គឺដើម្បីឲ្យគេបានហេតុនឹងចោទប្រកាន់ព្រះអង្គ។ ប៉ុន្តែ ព្រះអង្គជ្រាបគំនិតរបស់គេ ហើយព្រះអង្គមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង ហើយមកឈរទីនេះ!»។ គាត់ក៏ក្រោកឈរឡើង។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសួរអ្នករាល់គ្នាថា នៅថ្ងៃសប្ប័ទ តើមានច្បាប់នឹងធ្វើការល្អ ឬធ្វើការអាក្រក់? តើឲ្យសង្គ្រោះជីវិត ឬឲ្យបំផ្លាញ?» ក្រោយពីទតមើលមនុស្សទាំងអស់ដែលនៅជុំវិញហើយ ព្រះអង្គមានព្រះបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃរបស់អ្នកទៅ!»។ គាត់ក៏លាតដៃ ហើយដៃរបស់គាត់បានជាឡើងវិញ។ ប៉ុន្តែ គេមានចិត្តក្ដៅក្រហាយជាខ្លាំង ហើយពិគ្រោះគ្នាពីការដែលគេអាចធ្វើយ៉ាងណាចំពោះព្រះយេស៊ូវ។
លូកា 6:6-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃសប្ប័ទ*មួយទៀត ព្រះយេស៊ូយាងចូលក្នុងសាលាប្រជុំ* ហើយព្រះអង្គបង្រៀនគេ។ នៅទីនោះមានបុរសម្នាក់ស្វិតដៃស្ដាំ។ ពួកអាចារ្យ* និងពួកខាងគណៈផារីស៊ី*តាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រោសអ្នកជំងឺនៅថ្ងៃសប្ប័ទ ព្រោះគេចង់រកលេសចោទប្រកាន់ព្រះអង្គ។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់ពួកគេ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្ដាលគេឯណេះ!»។ បុរសនោះក៏ក្រោកឈរឡើង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំសួរអ្នករាល់គ្នាថា នៅថ្ងៃសប្ប័ទ តើមនុស្សមានសិទ្ធិធ្វើអំពើល្អ ឬធ្វើអំពើអាក្រក់? តើត្រូវសង្គ្រោះជីវិតមនុស្ស ឬធ្វើឲ្យវិនាសអន្តរាយ?»។ ព្រះអង្គបែរព្រះភ័ក្ត្រទតមើលមនុស្សទាំងអស់ដែលនៅជុំវិញ រួចមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ គាត់ក៏លាតដៃ ហើយដៃគាត់បានជាដូចដើមវិញ។ ពួកគេក្ដៅក្រហាយយ៉ាងខ្លាំង ហើយពិគ្រោះគ្នា គិតធ្វើយ៉ាងណា ដើម្បីប្រឆាំងនឹងព្រះយេស៊ូ។
លូកា 6:6-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃឈប់សំរាក១ទៀត ទ្រង់ចូលទៅបង្រៀនក្នុងសាលាប្រជុំ ហើយនៅទីនោះមានមនុស្សម្នាក់ ដែលស្វិតដៃខាងស្តាំ ឯពួកអាចារ្យ នឹងពួកផារិស៊ី ក៏សំឡឹងមើល ក្រែងទ្រង់ប្រោសឲ្យគាត់ជានៅថ្ងៃឈប់សំរាកដែរ គឺដើម្បីនឹងរករឿងចោទប្រកាន់ទ្រង់ តែទ្រង់ស្គាល់គំនិតគេ ក៏មានបន្ទូលទៅមនុស្សស្វិតដៃថា ចូរក្រោកឡើងឈរនៅកណ្តាលនុ៎ះទៅ កាលគាត់ក្រោកឈរឡើង នោះព្រះយេស៊ូវមានបន្ទូលទៅគេថា ខ្ញុំចង់សួរអ្នករាល់គ្នាថា នៅថ្ងៃឈប់សំរាក តើមានច្បាប់នឹងធ្វើការល្អឬអាក្រក់ នឹងសង្គ្រោះជីវិត ឬបំផ្លាញ ទ្រង់ក៏ងាកជុំវិញ ទតមើលគេទាំងអស់គ្នា រួចមានបន្ទូលទៅមនុស្សនោះថា ចូរអ្នកលាតដៃទៅ អ្នកនោះក៏លាត ហើយដៃគាត់បានជាដូចម្ខាង គេមានសេចក្ដីឃោរឃៅពោរពេញ ក៏ពិគ្រោះគ្នាពីការអ្វីដែលត្រូវធ្វើដល់ព្រះយេស៊ូវ។