លូកា 6:37-49
លូកា 6:37-49 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«កុំថ្កោលទោសគេឲ្យសោះ ដើម្បីកុំឲ្យមានគេថ្កោលទោសអ្នកវិញ កុំនិន្ទាគេឡើយ ដើម្បីកុំឲ្យមានគេនិន្ទាអ្នកវិញដែរ ចូរលើកលែងឲ្យគេ នោះគេនឹងលើកលែងឲ្យអ្នកវិញ។ ចូរឲ្យទៅគេ នោះគេនឹងឲ្យមកអ្នកដែរ គេនឹងវាល់ឲ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យហៀរ និងយកមកដាក់បំពេញចិត្តអ្នកផង ដ្បិតគេនឹងវាល់ឲ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឲ្យគេ»។ ព្រះអង្គក៏មានព្រះបន្ទូលជារឿងប្រៀបធៀបទៅគេទៀតថា៖ «តើមនុស្សខ្វាក់អាចនាំផ្លូវមនុស្សខ្វាក់បានឬ? តើមិនធ្លាក់ទៅក្នុងរណ្តៅទាំងពីរនាក់ទេឬ? សិស្សមិនលើសជាងគ្រូទេ តែគ្រប់គ្នាដែលបានទទួលការហ្វឹកហាត់ពេញលេញ នោះនឹងបានដូចគ្រូដែរ។ ហេតុអ្វីបានជាមើលឃើញកម្ទេច ដែលនៅក្នុងភ្នែកបងប្អូនរបស់អ្នក តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់ខ្លួនដូច្នេះ? ធ្វើដូចម្តេចឲ្យអ្នក ដែលមើលធ្នឹមក្នុងភ្នែករបស់ខ្លួនមិនឃើញ អាចនិយាយទៅបងប្អូនរបស់ខ្លួនបានថា "ប្អូនអើយ ទុកឲ្យខ្ញុំយកកម្ទេចពីភ្នែកអ្នកចេញ" បាន? មនុស្សមានពុតអើយ! ចូរយកធ្នឹមពីភ្នែកអ្នកចេញជាមុនសិន នោះទើបអ្នកមើលឃើញច្បាស់ អាចនឹងយកកម្ទេចចេញពីភ្នែកបងប្អូនរបស់អ្នកបាន»។ «ដើមឈើល្អមិនដែលមានផ្លែអាក្រក់ឡើយ ឯដើមឈើអាក្រក់ក៏មិនដែលមានផ្លែល្អដែរ ដ្បិតគេស្គាល់ដើមឈើនីមួយៗ ដោយសារផ្លែរបស់វា។ គេមិនដែលបេះផ្លែល្វាពីគុម្ពបន្លាឡើយ ក៏មិនដែលបេះផ្លែទំពាំងបាយជូរពីអញ្ចាញនោះដែរ។ មនុស្សល្អ បង្កើតជាសេចក្តីល្អ ចេញពីកំណប់ល្អដែលនៅក្នុងចិត្តរបស់គេ រីឯមនុស្សអាក្រក់វិញ បង្កើតជាសេចក្តីអាក្រក់ ចេញពីកំណប់អាក្រក់របស់ខ្លួន ដ្បិតមាត់របស់គេស្រដីចេញពីសេចក្តីបរិបូរ ដែលនៅក្នុងចិត្តរបស់ខ្លួន»។ «ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា "ព្រះអម្ចាស់! ព្រះអម្ចាស់!" តែមិនធ្វើតាមពាក្យខ្ញុំដូច្នេះ? គ្រប់គ្នាដែលចូលមករកខ្ញុំ ហើយស្តាប់ពាក្យខ្ញុំ រួចប្រព្រឹត្តតាម នោះខ្ញុំនឹងបង្ហាញឲ្យអ្នករាល់គ្នាដឹងថា អ្នកនោះជាមនុស្សបែបណា អ្នកនោះប្រៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះ គាត់បានជីកយ៉ាងជ្រៅ ហើយចាក់គ្រឹះនៅលើថ្មដា ពេលទឹកជន់ឡើង ហូរគំហុកប៉ះនឹងផ្ទះនោះ តែផ្ទះនោះមិនរង្គើរឡើយ ព្រោះបានសង់យ៉ាងរឹងមាំ។ ចំណែកអ្នកដែលឮ ហើយមិនប្រព្រឹត្តតាម នោះប្រៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះនៅលើដី ដោយគ្មានគ្រឹះ។ លុះទឹកហូរគំហុកមកប៉ះនឹងផ្ទះនោះ ផ្ទះនោះក៏រលំភ្លាម ហើយត្រូវខូចខាតយ៉ាងធ្ងន់»។
លូកា 6:37-49 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«កុំថ្កោលទោសអ្នកដទៃឲ្យសោះ នោះព្រះជាម្ចាស់ក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ កុំផ្ដន្ទាទោសអ្នកដទៃឲ្យសោះ នោះព្រះជាម្ចាស់ក៏មិនផ្ដន្ទាទោសអ្នករាល់គ្នាដែរ។ ត្រូវលើកលែងទោសឲ្យអ្នកដទៃ នោះព្រះជាម្ចាស់នឹងលើកលែងទោសឲ្យអ្នករាល់គ្នា។ ចូរធ្វើអំណោយដល់អ្នកដទៃ នោះព្រះជាម្ចាស់នឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរ ព្រះអង្គនឹងប្រទានមកយ៉ាងបរិបូណ៌ហូរហៀរ។ ព្រះជាម្ចាស់នឹងវាល់ឲ្យអ្នក តាមរង្វាល់ដែលអ្នកវាល់ឲ្យអ្នកដទៃ»។ ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេទៀតថា៖ «មនុស្សខ្វាក់ពុំអាចនាំមនុស្សខ្វាក់ម្នាក់ទៀតបានឡើយ។ បើធ្វើដូច្នោះមុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន។ ពុំដែលមានសិស្សណាធំជាងគ្រូឡើយ ប៉ុន្តែ សិស្សដែលបានទទួលចំណេះសព្វគ្រប់អាចស្មើនឹងគ្រូបាន។ ហេតុអ្វីបានជាអ្នកមើលឃើញល្អងធូលីនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកផ្ទាល់ដូច្នេះ? បើអ្នកមើលធ្នឹមនៅក្នុងភ្នែករបស់អ្នកមិនទាំងឃើញផង ម្ដេចក៏ហ៊ាននិយាយទៅបងប្អូនថា “ទុកឲ្យខ្ញុំផ្ដិតយកល្អងធូលីនេះចេញពីភ្នែកអ្នក?”។ មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកមើលឃើញច្បាស់ ល្មមនឹងផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន»។ «ដើមឈើល្អមិនដែលឲ្យផ្លែអាក្រក់ឡើយ ឯដើមឈើអាក្រក់វិញក៏មិនដែលឲ្យផ្លែល្អដែរ ដ្បិតគេស្គាល់ដើមឈើបានដោយសារផ្លែវា។ ពុំដែលមាននរណាបេះផ្លែឧទុម្ពរ* ឬផ្លែទំពាំងបាយជូរពីគុម្ពបន្លាឡើយ។ មនុស្សល្អតែងប្រព្រឹត្តអំពើល្អ ព្រោះចិត្តរបស់គេល្អ រីឯមនុស្សអាក្រក់តែងប្រព្រឹត្តអំពើអាក្រក់ ព្រោះចិត្តរបស់គេអាក្រក់ ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមកនូវសេចក្ដីណា ដែលមានពេញហូរហៀរនៅក្នុងដួងចិត្តរបស់ខ្លួន»។ «ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា “ព្រះអម្ចាស់! ព្រះអម្ចាស់!” តែមិនប្រព្រឹត្តតាមពាក្យខ្ញុំដូច្នេះ? អ្នកដែលចូលមករកខ្ញុំ ស្ដាប់ពាក្យខ្ញុំ ហើយប្រព្រឹត្តតាម ខ្ញុំសុំបង្ហាញប្រាប់ឲ្យអ្នករាល់គ្នាដឹងថា គេប្រៀបបានទៅនឹងមនុស្សប្រភេទណា អ្នកនោះប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះ។ គាត់ជីកដីយ៉ាងជ្រៅ ហើយចាក់គ្រឹះលើផ្ទាំងថ្ម លុះទឹកជំនន់មកដល់ ទោះបីទឹកហូរមកប៉ះយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឲ្យផ្ទះនោះរង្គើបានដែរ ព្រោះគាត់បានសង់យ៉ាងមាំ។ ចំណែកឯអ្នកដែលស្ដាប់ពាក្យខ្ញុំ តែមិនប្រព្រឹត្តតាម ប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះដោយពុំបានចាក់គ្រឹះ។ លុះទឹកហូរមកបោកផ្ទះនោះ ផ្ទះនោះក៏រលំខូចខាតភ្លាម គ្មានអ្វីសល់ឡើយ»។
លូកា 6:37-49 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កុំឲ្យថ្កោលទោសគេឲ្យសោះ ដើម្បីកុំឲ្យមានគេថ្កោលទោសអ្នកវិញ កុំឲ្យនិន្ទាគេឡើយ ដើម្បីកុំឲ្យមានគេនិន្ទាអ្នកវិញដែរ ចូរលើកលែងឲ្យគេ នោះគេនឹងលើកលែងឲ្យអ្នកវិញ ចូរឲ្យទៅគេ នោះនឹងបានឲ្យមកអ្នកដែរ គេនឹងវាល់ឲ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យហៀរ នឹងយកមកដាក់បំពេញចិត្តអ្នកផង ដ្បិតគេនឹងវាល់ឲ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឲ្យគេ។ ទ្រង់ក៏មានបន្ទូលពាក្យប្រៀបទៅគេថា តើមនុស្សខ្វាក់អាចនឹងដឹកមនុស្សខ្វាក់បានឬទេ តើមិនធ្លាក់ទៅក្នុងរណ្តៅទាំង២នាក់ទេឬអី សិស្សមិនមែនលើសជាងគ្រូទេ តែអ្នកណាដែលបានគ្រប់លក្ខណ៍ នោះនឹងបានដូចជាគ្រូដែរ ហេតុអ្វីបានជាមើលឃើញកំទេច ដែលនៅក្នុងភ្នែកប្អូនអ្នក តែមិនឃើញធ្នឹម ដែលនៅក្នុងភ្នែកខ្លួនវិញសោះ ធ្វើដូចម្តេចឲ្យអ្នក ដែលមើលធ្នឹមក្នុងភ្នែកខ្លួនមិនឃើញ អាចនិយាយទៅប្អូនបាន ថា ប្អូនអើយឲ្យអញយកកំទេច ពីភ្នែកឯងចេញដូច្នេះ ឱអ្នកមានពុតអើយ ចូរយកធ្នឹមពីភ្នែកអ្នកចេញជាមុនសិន នោះទើបនឹងបានឃើញច្បាស់ អាចនឹងយកកំទេចចេញពីភ្នែកប្អូនអ្នកបានដែរ ដ្បិតគ្មានដើមឈើល្អណា ដែលមានផលផ្លែអាក្រក់ទេ ក៏គ្មានដើមអាក្រក់ណា ដែលមានផលផ្លែល្អដែរ ពីព្រោះគេស្គាល់ដើមឈើនិមួយៗ ដោយសារតែផ្លែទេ គេមិនដែលបេះផ្លែល្វាពីគុម្ពបន្លា ឬផ្លែទំពាំងបាយជូរពីអញ្ចាញឡើយ ឯមនុស្សល្អ គេក៏យកសេចក្ដីល្អ ពីកំណប់ល្អ ដែលកប់ទុកក្នុងចិត្តគេ ហើយមនុស្សអាក្រក់ក៏យកសេចក្ដីអាក្រក់ ចេញពីកំណប់អាក្រក់ក្នុងចិត្តខ្លួនដែរ ដ្បិតមាត់គេពោលបញ្ចេញសេចក្ដីបរិបូរ ដែលនៅក្នុងចិត្តជានិច្ច ហេតុអ្វីបានជាហៅខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តែមិនធ្វើតាមពាក្យខ្ញុំវិញដូច្នេះ ឯអស់អ្នកដែលមកស្តាប់ពាក្យខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម នោះខ្ញុំនឹងបង្ហាញឲ្យអ្នករាល់គ្នាដឹងថា អ្នកនោះធៀបដូចជាអ្វី គឺធៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះ គាត់បានជីកយ៉ាងជ្រៅ ដាក់ជើងសសរនៅលើថ្ម កាលមានទឹកជន់ឡើង ហូរគំហុកមកប៉ះនឹងផ្ទះនោះ នោះធ្វើឲ្យរញ្ជួយមិនបានឡើយ ពីព្រោះបានសង់នៅលើថ្ម តែអ្នកដែលឮ ហើយមិនប្រព្រឹត្តតាម នោះប្រៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះនៅលើដី ឥតដាំជើងសសរសោះ លុះទឹកហូរគំហុកមកប៉ះត្រូវ ផ្ទះនោះក៏រលំទៅភ្លាម ហើយត្រូវខូចខាតជាច្រើនផង។