លូកា 6:32-36
លូកា 6:32-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកដែលស្រឡាញ់អ្នករាល់គ្នា នោះតើមានគុណបំណាច់អ្វីចំពោះអ្នក? ដ្បិតសូម្បីតែមនុស្សបាបក៏ចេះស្រឡាញ់អស់អ្នកដែលស្រឡាញ់គេដែរ។ ប្រសិនបើអ្នករាល់គ្នាធ្វើល្អចំពោះតែអស់អ្នកដែលធ្វើល្អចំពោះអ្នករាល់គ្នា នោះតើមានគុណបំណាច់អ្វីចំពោះអ្នក? ដ្បិតសូម្បីតែមនុស្សបាបក៏ចេះធ្វើដូច្នេះដែរ។ ប្រសិនបើអ្នករាល់គ្នាឲ្យគេខ្ចី ដោយសង្ឃឹមថានឹងបានវិញ នោះតើមានគុណបំណាច់អ្វីចំពោះអ្នក? ដ្បិតសូម្បីតែមនុស្សបាបក៏ចេះឲ្យមនុស្សបាបខ្ចីដែរ ដើម្បីឲ្យបានទទួលដូចដើមវិញ។ ប៉ុន្ដែ ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ចូរធ្វើល្អ ហើយឲ្យគេខ្ចី ដោយកុំសង្ឃឹមចង់បានអ្វីមកវិញឡើយ។ អ្នករាល់គ្នានឹងបានរង្វាន់យ៉ាងធំ ហើយអ្នករាល់គ្នានឹងធ្វើជាកូនរបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរសចំពោះមនុស្សអកត្តញ្ញូ និងមនុស្សអាក្រក់ដែរ។ ចូរមានចិត្តមេត្តាករុណា ដូចព្រះវរបិតារបស់អ្នករាល់គ្នា ទ្រង់មានព្រះហឫទ័យមេត្តាករុណាដែរ។
លូកា 6:32-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បើអ្នករាល់គ្នាស្រឡាញ់តែមនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះស្រឡាញ់គ្នាគេដែរ ហើយបើអ្នករាល់គ្នាធ្វើអំពើល្អតែជាមួយមនុស្សណាដែលធ្វើអំពើល្អដល់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះធ្វើអំពើល្អដល់គ្នាគេដែរ។ បើអ្នករាល់គ្នាឲ្យគេខ្ចី ដោយសង្ឃឹមថានឹងបានសំណងវិញ តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ឲ្យគ្នាគេខ្ចី ដើម្បីទទួលសំណងដូចដើមវិញដែរ។ ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ហើយប្រព្រឹត្តអំពើល្អដល់គេ ព្រមទាំងឲ្យគេខ្ចី ដោយកុំនឹកសង្ឃឹមចង់បានអ្វីវិញឲ្យសោះ ពេលនោះ អ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំ អ្នករាល់គ្នានឹងបានទៅជាកូនរបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដ្បិតព្រះអង្គក៏មានព្រះហឫទ័យសប្បុរសចំពោះជនអកតញ្ញូ និងជនកំណាចដែរ។ ចូរមានចិត្តមេត្តាករុណាដូចព្រះបិតារបស់អ្នករាល់គ្នា ដែលមានព្រះហឫទ័យមេត្តាករុណា»។
លូកា 6:32-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើអ្នករាល់គ្នាស្រឡាញ់តែពួកអ្នកដែលស្រឡាញ់ដល់អ្នក នោះតើមានគុណបំណាច់អ្វី ដ្បិតទាំងមនុស្សមានបាបក៏ស្រឡាញ់ដល់ពួកអ្នក ដែលស្រឡាញ់គេដូចគ្នាដែរ ហើយបើអ្នករាល់គ្នាប្រព្រឹត្តល្អ ចំពោះតែពួកអ្នកដែលប្រព្រឹត្តល្អនឹងខ្លួនអ្នក នោះតើមានគុណបំណាច់អ្វី ដ្បិតទាំងមនុស្សមានបាបក៏ប្រព្រឹត្តដូច្នោះដែរ បើអ្នករាល់គ្នាឲ្យគេខ្ចី ដែលសង្ឃឹមនឹងបានវិញ នោះតើមានគុណបំណាច់អ្វី ដ្បិតទាំងមនុស្សមានបាបក៏ឲ្យមនុស្សមានបាបខ្ចីដែរ ដើម្បីឲ្យបានដូចដើមវិញ ចូរស្រឡាញ់ដល់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ឲ្យប្រព្រឹត្តល្អនឹងគេ ហើយឲ្យគេខ្ចី ដោយឥតសង្ឃឹមនឹងបានអ្វីមកវិញចុះ នោះអ្នករាល់គ្នានឹងបានរង្វាន់ជាយ៉ាងធំ ហើយនឹងធ្វើជាកូននៃព្រះដ៏ខ្ពស់បំផុត ដ្បិតទ្រង់តែងល្អ ដល់ទាំងមនុស្សអកតញ្ញូ នឹងមនុស្សអាក្រក់ដែរ ដូច្នេះ ចូរអ្នករាល់គ្នាមានចិត្តមេត្តាករុណា ដូចជាព្រះវរបិតានៃអ្នក ទ្រង់មានព្រះហឫទ័យមេត្តាករុណាដែរ