លូកា 6:17-49

លូកា 6:17-49 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​បាន​យាង​ចុះ​មក​វិញ​ជា​មួយ​ពួក​គេ ហើយ​ឈរ​នៅ​កន្លែង​មួយ​រាប​ស្មើ។ នៅ​ទីនោះ មាន​សិស្ស​របស់​ព្រះ‌អង្គ​ជា​ច្រើន និង​មហា‌ជន​ជា​ច្រើន​មក​ពី​គ្រប់​កន្លែង​នៅ​ស្រុក​យូដា ពី​ក្រុង​យេរូ‌សាឡិម ពី​ស្រុក​ទីរ៉ុស និង​ស្រុក​ស៊ីដូន។ គេ​នាំ​គ្នា​ស្តាប់​ព្រះ‌អង្គ ហើយ​ដើម្បី​ឲ្យ​បាន​ជា​ពី​ជំងឺ​ផ្សេងៗ​របស់​គេ ឯ​អស់​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ធ្វើ​ទុក្ខ​ក៏​បាន​ជា​ដែរ។ មនុស្ស​ទាំង​អស់​ប្រជ្រៀត​គ្នា​ចង់​ពាល់​ព្រះ‌អង្គ ដ្បិត​មាន​ព្រះ‌ចេស្តា​ចេញ​ពី​ព្រះ‌អង្គ មក​ប្រោស​គេ​ឲ្យ​ជា​ទាំង​អស់​គ្នា។ ព្រះ‌អង្គ​ងើប​ព្រះ‌នេត្រ​ឡើង ទត​ទៅ​ពួក​សិស្ស ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​ក្រ​ក្សត់ ដ្បិត​ព្រះរាជ្យ​របស់​ព្រះ​ជា​របស់​អ្នក​រាល់​គ្នា។ មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​ឃ្លាន​នៅ​ពេល​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត។ មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​យំ​នៅ​ពេល​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​សើច។ អ្នក​រាល់​គ្នា​មាន​ពរ ពេល​មនុស្ស​ស្អប់​អ្នក​រាល់​គ្នា ពេល​គេ​កាត់‌កាល់ ត្មះ‌តិះ‌ដៀល ហើយ​មើល​ងាយ​អ្នក​រាល់​គ្នា ដោយ​ព្រោះ​កូន​មនុស្ស។ ចូរ​អរ​សប្បាយ​នៅ​ថ្ងៃ​នោះ ហើយ​លោត​ដោយ​អំណរ​ចុះ ដ្បិត​មើល៍ អ្នក​រាល់​គ្នា​មាន​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន‌សួគ៌ ព្រោះ​បុព្វ‌បុរស​របស់​គេ ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​ហោរា​ពី​ដើម​យ៉ាង​ដូច្នោះ​ដែរ។ ប៉ុន្ដែ វេទនា​ដល់​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​មាន ដ្បិត​អ្នក​រាល់​គ្នា​បាន​ទទួល ការ​កម្សាន្ត​ចិត្ត​រួច​ស្រេច​ហើយ។ វេទនា​ដល់​អ្នក​រាល់​គ្នា​ដែល​ឆ្អែត​នៅ​ពេល​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ឃ្លាន​វិញ។ វេទនា​ដល់​អ្នក​រាល់​គ្នា​ដែល​កំពុង​សើច​នៅ​ពេល​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​កាន់​ទុក្ខ ហើយ​យំ​សោក​វិញ។ វេទនា​ដល់​អ្នក​រាល់​គ្នា កាល​ណា​មនុស្ស​ទាំង​អស់​និយាយ​ល្អ​ពី​អ្នក​រាល់​គ្នា ដ្បិត​ពី​ដើម បុព្វ‌បុរស​របស់​គេ​ក៏​បាន​ប្រព្រឹត្ត ចំពោះ​ពួក​ហោរា​ក្លែង‌ក្លាយ​យ៉ាង​ដូច្នោះ​ដែរ»។ «ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ដែល​កំពុង​ស្តាប់​ថា ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន ចូរ​ធ្វើ​ល្អ​ចំពោះ​អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា ចូរ​ឲ្យ​ពរ​អស់​អ្នក​ដែល​ប្រទេច​ផ្តាសា​អ្នក​រាល់​គ្នា ហើយ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា។ ប្រសិន‌បើ​មាន​អ្នក​ណា​ទះ​កំផ្លៀង​អ្នក​ម្ខាង ចូរ​បែរ​ម្ខាង​ឲ្យ​គេ​ទៀត​ចុះ ហើយ​ប្រសិន‌បើ​អ្នក​ណា​យក​អាវ​វែង​របស់​អ្នក ក៏​កុំ​ឃាត់​មិន​ឲ្យ​គេ​យក​អាវ​តូច​របស់​អ្នក​ឡើយ។ ចូរ​ឲ្យ​ដល់​អ្នក​ណា​ដែល​សុំ​ពី​អ្នក ហើយ​បើ​អ្នក​ណា​យក​របស់​អ្វី​ពី​អ្នក កុំ​ឲ្យ​ទារ​ពី​គេ​វិញ​ឡើយ។ អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​យ៉ាង​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​យ៉ាង​នោះ​ដែរ»។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា នោះ​តើ​មាន​គុណ​បំណាច់​អ្វី​ចំពោះ​អ្នក? ដ្បិត​សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ស្រឡាញ់​អស់​អ្នក​ដែល​ស្រឡាញ់​គេ​ដែរ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ធ្វើ​ល្អ​ចំពោះ​តែ​អស់​អ្នក​ដែល​ធ្វើ​ល្អ​ចំពោះ​អ្នក​រាល់​គ្នា នោះ​តើ​មាន​គុណ​បំណាច់​អ្វី​ចំពោះ​អ្នក? ដ្បិត​សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ធ្វើ​ដូច្នេះ​ដែរ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ឲ្យ​គេ​ខ្ចី ដោយ​សង្ឃឹម​ថា​នឹង​បាន​វិញ នោះ​តើ​មាន​គុណ​បំណាច់​អ្វី​ចំពោះ​អ្នក? ដ្បិត​សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ឲ្យ​មនុស្ស​បាប​ខ្ចី​ដែរ ដើម្បី​ឲ្យ​បាន​ទទួល​ដូច​ដើម​វិញ។ ប៉ុន្ដែ ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​ល្អ ហើយ​ឲ្យ​គេ​ខ្ចី ដោយ​កុំ​សង្ឃឹម​ចង់​បាន​អ្វី​មក​វិញ​ឡើយ។ អ្នក​រាល់​គ្នា​នឹង​បាន​រង្វាន់​យ៉ាង​ធំ ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​កូន​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ចំពោះ​មនុស្ស​អកត្តញ្ញូ និង​មនុស្ស​អាក្រក់​ដែរ។ ចូរ​មាន​ចិត្ត​មេត្តា‌ករុណា ដូច​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ដែរ។ «កុំ​ថ្កោល​ទោស​គេ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​មាន​គេ​ថ្កោល​ទោស​អ្នក​វិញ កុំ​និន្ទា​គេ​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​គេ​និន្ទា​អ្នក​វិញ​ដែរ ចូរ​លើក​លែង​ឲ្យ​គេ នោះ​គេ​នឹង​លើក​លែង​ឲ្យ​អ្នក​វិញ។ ចូរ​ឲ្យ​ទៅ​គេ នោះ​គេ​នឹងឲ្យ​មក​អ្នក​ដែរ គេ​នឹង​វាល់​ឲ្យ​អ្នក​យ៉ាង​ល្អ ទាំង​ញាត់ ទាំង​រលាក់ ហើយ​ដាក់​ឲ្យ​ហៀរ និង​យក​មក​ដាក់​បំពេញ​ចិត្ត​អ្នក​ផង ដ្បិត​គេ​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ណា​ដែល​អ្នក​វាល់​ឲ្យ​គេ»។ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​ទៅ​គេ​ទៀតថា៖ «តើ​មនុស្ស​ខ្វាក់​អាច​នាំ​ផ្លូវ​មនុស្ស​ខ្វាក់​បាន​ឬ? តើ​មិន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ទាំង​ពីរ​នាក់​ទេឬ? សិស្ស​មិន​លើស​ជាង​គ្រូ​ទេ តែ​គ្រប់​គ្នា​ដែល​បាន​ទទួល​ការ​ហ្វឹក​ហាត់​ពេញ​លេញ នោះ​នឹង​បាន​ដូច​គ្រូ​ដែរ។ ហេតុ​អ្វី​បាន​ជា​មើល​ឃើញ​កម្ទេច ដែល​នៅ​ក្នុង​ភ្នែក​បង‌ប្អូន​របស់​អ្នក តែ​មើល​មិន​ឃើញ​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​ដូច្នេះ? ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក ដែល​មើល​ធ្នឹម​ក្នុង​ភ្នែក​របស់​ខ្លួន​មិន​ឃើញ អាច​និយាយ​ទៅ​បង‌ប្អូន​របស់​ខ្លួន​បាន​ថា "ប្អូន​អើយ ទុក​ឲ្យ​ខ្ញុំ​យក​កម្ទេច​ពី​ភ្នែក​អ្នក​ចេញ" បាន? មនុស្ស​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ពី​ភ្នែក​អ្នក​ចេញ​ជា​មុន​សិន នោះ​ទើប​អ្នក​មើល​ឃើញ​ច្បាស់ អាច​នឹង​យក​កម្ទេច​ចេញ​ពី​ភ្នែក​បង‌ប្អូន​របស់​អ្នក​បាន»។ «ដើម​ឈើ​ល្អ​មិន​ដែល​មាន​ផ្លែ​អាក្រក់​ឡើយ ឯ​ដើម​ឈើ​អាក្រក់​ក៏​មិន​ដែល​មាន​ផ្លែ​ល្អ​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​នីមួយៗ ដោយ‌សារ​ផ្លែ​របស់​វា។ គេ​មិន​ដែល​បេះ​ផ្លែ​ល្វា​ពី​គុម្ព​បន្លា​ឡើយ ក៏​មិន​ដែល​បេះ​ផ្លែ​ទំពាំង​បាយ​ជូរ​ពី​អញ្ចាញ​នោះ​ដែរ។ មនុស្ស​ល្អ បង្កើត​ជា​សេចក្តី​ល្អ ចេញ​ពី​កំណប់​ល្អ​ដែល​នៅ​ក្នុង​ចិត្ត​របស់​គេ រីឯ​មនុស្ស​អាក្រក់​វិញ បង្កើត​ជា​សេចក្តី​អាក្រក់ ចេញ​ពី​កំណប់​អាក្រក់​របស់​ខ្លួ​ន ដ្បិត​មាត់​របស់​គេ​ស្រដី​ចេញ​ពី​សេចក្តី​បរិបូរ ដែល​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន»។ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា "ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់!" តែ​មិន​ធ្វើ​តាម​ពាក្យ​ខ្ញុំ​ដូច្នេះ? គ្រប់​គ្នា​ដែល​ចូល​មក​រក​ខ្ញុំ ហើយ​ស្តាប់​ពាក្យ​ខ្ញុំ រួច​ប្រព្រឹត្ត​តាម នោះ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​នោះ​ជា​មនុស្ស​បែប​ណា អ្នក​នោះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ គាត់​បាន​ជីក​យ៉ាង​ជ្រៅ ហើយ​ចាក់​គ្រឹះ​នៅ​លើ​ថ្ម​ដា ពេល​ទឹក​ជន់​ឡើង ហូរ​គំហុក​ប៉ះ​នឹង​ផ្ទះ​នោះ តែ​ផ្ទះ​នោះ​មិន​រង្គើរ​ឡើយ ព្រោះ​បាន​សង់​យ៉ាង​រឹង​មាំ។ ចំណែក​អ្នក​ដែល​ឮ ហើយ​មិន​ប្រព្រឹត្ត​តាម នោះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ​នៅ​លើ​ដី ដោយ​គ្មាន​គ្រឹះ។ លុះ​ទឹក​ហូរ​គំហុក​មក​ប៉ះនឹង​ផ្ទះនោះ ផ្ទះ​នោះ​ក៏​រលំ​ភ្លាម ហើយ​ត្រូវ​ខូច​ខាត​យ៉ាង​ធ្ងន់»។

ចែក​រំលែក
អាន លូកា 6

លូកា 6:17-49 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស*​ទាំង​នោះ មក​ប្រថាប់​នៅ​ត្រង់​កន្លែង​មួយ​រាប​ស្មើ។ នៅ​ទី​នោះ​មាន​សិស្ស​ជា​ច្រើន និង​ប្រជា‌ជន​ពី​ស្រុក​យូដា ពី​ក្រុង​យេរូ‌សាឡឹម ពី​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន​នៅ​តាម​មាត់​សមុទ្រ មក​រង់‌ចាំ​ព្រះអង្គ​យ៉ាង​កក‌កុញ។ គេ​នាំ​គ្នា​មក​ស្ដាប់​ព្រះអង្គ និង​សូម​ព្រះអង្គ​ប្រោស​គេ​ឲ្យ​ជា​ពី​ជំងឺ។ រីឯ​អស់​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​ខ្លួន​ក៏​បាន​ជា​ដែរ។ បណ្ដា‌ជន​ប្រជ្រៀត​គ្នា​ចូល​មក​ពាល់​ព្រះ‌យេស៊ូ ដ្បិត​មាន​ឫទ្ធា‌នុភាព​ចេញ​ពី​ព្រះអង្គ​មក​ប្រោស​គេ​ឲ្យ​ជា​គ្រប់ៗ​គ្នា។ ព្រះ‌យេស៊ូ​ងើប​ព្រះ‌ភ័ក្ត្រ​ទត​មើល​សិស្ស*​របស់​ព្រះអង្គ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ដែល​ជា​ជន​ក្រ‌ខ្សត់​អើយ! អ្នក​មាន​សុភមង្គល*​ហើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌រាជ្យ* របស់​ព្រះ‌ជាម្ចាស់។ អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​ស្រេក​ឃ្លាន​អើយ! អ្នក​មាន​សុភមង្គល​ហើយ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត។ អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​យំ​សោក​អើយ! អ្នក​មាន​សុភមង្គល​ហើយ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ត្រេក​អរ។ ប្រសិន​បើ​មាន​គេ​ស្អប់​លែង​រាប់​រក​អ្នក​រាល់​គ្នា ប្រសិន​បើ​គេ​ត្មះ‌តិះ‌ដៀល​បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​បុត្រ​មនុស្ស* អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ។ នៅ​គ្រា​នោះ ចូរ​មាន​អំណរ​សប្បាយ​ឡើង ដ្បិត​អ្នក​រាល់​គ្នា​ទទួល​រង្វាន់​យ៉ាង​ធំ នៅ​ស្ថាន​បរម‌សុខ*។ កាល​ពី​ជំនាន់​មុន បុព្វបុរស*​របស់​គេ​ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​ព្យាការី​ដូច្នោះ​ដែរ។ ចំណែក​ឯ​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​មាន​អើយ! អ្នក​នឹង​ត្រូវ​វេទនា ព្រោះ​អ្នក​រាល់​គ្នា​បាន ទទួល​ការ​សម្រាល​ទុក្ខ​រួច​ស្រេច​ហើយ។ អ្នក​រាល់​គ្នា​ដែល​ឆ្អែត​នៅ​ពេល​នេះ​អើយ! អ្នក​នឹង​ត្រូវ​វេទនា ដ្បិត​អ្នក​រាល់​គ្នា​នឹង​ស្រេក​ឃ្លាន​ជា​ពុំ‌ខាន។ អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​ត្រេក‌អរ​អើយ! អ្នក​នឹង​ត្រូវ​វេទនា ព្រោះ​អ្នក​រាល់​គ្នា នឹង​កាន់​ទុក្ខ ហើយ​យំ​សោក​ជា​ពុំ‌ខាន។ អ្នក​រាល់​គ្នា​ដែល​មនុស្ស​ទាំង​អស់ កោត​សរសើរ​អើយ! អ្នក​ត្រូវ​វេទនា​ហើយ ព្រោះ​បុព្វបុរស​របស់​គេ​ក៏​បាន​ប្រព្រឹត្ត ចំពោះ​ពួក​ព្យាការី​ក្លែងក្លាយ​ដូច្នោះ​ដែរ!»។ «ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ដែល​កំពុង​ស្ដាប់​ខ្ញុំ​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន និង​ធ្វើ​អំពើ​ល្អ​ដល់​អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា ត្រូវ​ជូន​ពរ​ដល់​អស់​អ្នក​ដែល​ប្រទេច‌ផ្តាសា​អ្នក​រាល់​គ្នា និង​អង្វរ​ព្រះ‌ជាម្ចាស់ សូម​ព្រះអង្គ​ប្រទាន​ពរ​ដល់​អស់​អ្នក​ដែល​បៀត‌បៀន​អ្នក​រាល់​គ្នា។ ប្រសិន​បើ​មាន​គេ​ទះ​កំផ្លៀង​អ្នក​ម្ខាង ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ចុះ។ ប្រសិន​បើ​គេ​យក​អាវ​ធំ​របស់​អ្នក ចូរ​ឲ្យ​គេ​យក​អាវ​ក្នុង​ថែម​ទៀត​ទៅ។ បើ​មាន​អ្នក​ណា​សុំ​អ្វី​ពី​អ្នក ចូរ​ឲ្យ​គេ​ទៅ ហើយ​បើ​គេ​រឹប​អូស​យក​អ្វី​ដែល​ជា​របស់​អ្នក ចូរ​កុំ​ទារ​ពី​គេ​វិញ​ឡើយ។ បើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​បែប​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​បែប​នោះ​ដែរ។ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​មនុស្ស​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ស្រឡាញ់​គ្នា​គេ​ដែរ ហើយ​បើ​អ្នក​រាល់​គ្នា​ធ្វើ​អំពើ​ល្អ​តែ​ជា​មួយ​មនុស្ស​ណា​ដែល​ធ្វើ​អំពើ​ល្អ​ដល់​អ្នក​រាល់​គ្នា តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ធ្វើ​អំពើ​ល្អ​ដល់​គ្នា​គេ​ដែរ។ បើ​អ្នក​រាល់​គ្នា​ឲ្យ​គេ​ខ្ចី ដោយ​សង្ឃឹម​ថា​នឹង​បាន​សំណង​វិញ តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ឲ្យ​គ្នា​គេ​ខ្ចី ដើម្បី​ទទួល​សំណង​ដូច​ដើម​វិញ​ដែរ។ ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​ដល់​គេ ព្រម​ទាំង​ឲ្យ​គេ​ខ្ចី ដោយ​កុំ​នឹក​សង្ឃឹម​ចង់​បាន​អ្វី​វិញ​ឲ្យ​សោះ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ អ្នក​រាល់​គ្នា​នឹង​បាន​ទៅ​ជា​កូន​របស់​ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដ្បិត​ព្រះអង្គ​ក៏​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​ជន​អកតញ្ញូ និង​ជន​កំណាច​ដែរ។ ចូរ​មាន​ចិត្ត​មេត្តា‌ករុណា​ដូច​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ដែល​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា»។ «កុំ​ថ្កោល​ទោស​អ្នក​ដទៃ​ឲ្យ​សោះ នោះ​ព្រះ‌ជាម្ចាស់​ក៏​មិន​ថ្កោល​ទោស​អ្នក​រាល់​គ្នា​ដែរ។ កុំ​ផ្ដន្ទា‌ទោស​អ្នក​ដទៃ​ឲ្យ​សោះ នោះ​ព្រះ‌ជាម្ចាស់​ក៏​មិន​ផ្ដន្ទា‌ទោស​អ្នក​រាល់​គ្នា​ដែរ។ ត្រូវ​លើក‌លែង​ទោស​ឲ្យ​អ្នក​ដទៃ នោះ​ព្រះ‌ជាម្ចាស់​នឹង​លើក‌លែង​ទោស​ឲ្យ​អ្នក​រាល់​គ្នា។ ចូរ​ធ្វើ​អំណោយ​ដល់​អ្នក​ដទៃ នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​អំណោយ​ដល់​អ្នក​រាល់​គ្នា​ដែរ ព្រះអង្គ​នឹង​ប្រទាន​មក​យ៉ាង​បរិបូណ៌​ហូរ‌ហៀរ។ ព្រះ‌ជាម្ចាស់​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​អ្នក​ដទៃ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​ទៅ​គេ​ទៀត​ថា៖ «មនុស្ស​ខ្វាក់​ពុំ​អាច​នាំ​មនុស្ស​ខ្វាក់​ម្នាក់​ទៀត​បាន​ឡើយ។ បើ​ធ្វើ​ដូច្នោះ​មុខ​ជា​ធ្លាក់​រណ្ដៅ​ទាំង​ពីរ​នាក់​មិន​ខាន។ ពុំ​ដែល​មាន​សិស្ស​ណា​ធំ​ជាង​គ្រូ​ឡើយ ប៉ុន្តែ សិស្ស​ដែល​បាន​ទទួល​ចំណេះ​សព្វ​គ្រប់​អាច​ស្មើ​នឹង​គ្រូ​បាន។ ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​ល្អង​ធូលី​នៅ​ក្នុង​ភ្នែក​របស់​បងប្អូន​អ្នក តែ​មើល​មិន​ឃើញ​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក​ផ្ទាល់​ដូច្នេះ? បើ​អ្នក​មើល​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក​មិន​ទាំង​ឃើញ​ផង ម្ដេច​ក៏​ហ៊ាន​និយាយ​ទៅ​បងប្អូន​ថា “ទុក​ឲ្យ​ខ្ញុំ​ផ្ដិត​យក​ល្អង​ធូលី​នេះ​ចេញ​ពី​ភ្នែក​អ្នក?”។ មនុស្ស​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​អ្នក​ជា​មុន​សិន ទើប​អ្នក​មើល​ឃើញ​ច្បាស់ ល្មម​នឹង​ផ្ដិត​យក​ល្អង​ធូលី​ចេញ​ពី​ភ្នែក​របស់​បងប្អូន​អ្នក​បាន»។ «ដើម​ឈើ​ល្អ​មិន​ដែល​ឲ្យ​ផ្លែ​អាក្រក់​ឡើយ ឯ​ដើម​ឈើ​អាក្រក់​វិញ​ក៏​មិន​ដែល​ឲ្យ​ផ្លែ​ល្អ​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​បាន​ដោយ‌សារ​ផ្លែ​វា។ ពុំ​ដែល​មាន​នរណា​បេះ​ផ្លែ​ឧទុម្ពរ* ឬ​ផ្លែ​ទំពាំង‌បាយជូរ​ពី​គុម្ព​បន្លា​ឡើយ។ មនុស្ស​ល្អ​តែង​ប្រព្រឹត្ត​អំពើ​ល្អ ព្រោះ​ចិត្ត​របស់​គេ​ល្អ រីឯ​មនុស្ស​អាក្រក់​តែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ព្រោះ​ចិត្ត​របស់​គេ​អាក្រក់ ដ្បិត​មាត់​របស់​មនុស្ស​តែង​ស្រដី​ចេញ​មក​នូវ​សេចក្ដី​ណា ដែល​មាន​ពេញ​ហូរ‌ហៀរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន»។ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា “ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់!” តែ​មិន​ប្រព្រឹត្ត​តាម​ពាក្យ​ខ្ញុំ​ដូច្នេះ? អ្នក​ដែល​ចូល​មក​រក​ខ្ញុំ ស្ដាប់​ពាក្យ​ខ្ញុំ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​សុំ​បង្ហាញ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា គេ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ប្រភេទ​ណា អ្នក​នោះ​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ។ គាត់​ជីក​ដី​យ៉ាង​ជ្រៅ ហើយ​ចាក់​គ្រឹះ​លើ​ផ្ទាំង​ថ្ម លុះ​ទឹក​ជំនន់​មក​ដល់ ទោះ​បី​ទឹក​ហូរ​មក​ប៉ះ​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​អាច​ធ្វើ​ឲ្យ​ផ្ទះ​នោះ​រង្គើ​បាន​ដែរ ព្រោះ​គាត់​បាន​សង់​យ៉ាង​មាំ។ ចំណែក​ឯ​អ្នក​ដែល​ស្ដាប់​ពាក្យ​ខ្ញុំ តែ​មិន​ប្រព្រឹត្ត​តាម ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ​ដោយ​ពុំ​បាន​ចាក់​គ្រឹះ។ លុះ​ទឹក​ហូរ​មក​បោក​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រលំ​ខូច​ខាត​ភ្លាម គ្មាន​អ្វី​សល់​ឡើយ»។

ចែក​រំលែក
អាន លូកា 6

លូកា 6:17-49 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​យាង​ចុះ​មក​ជា​មួយ​នឹង​អ្នក​ទាំង​នោះ ក៏​ឈប់​នៅ​ត្រង់​កន្លែង​រាប​ស្មើ នោះ​មាន​សិស្ស​ទ្រង់​ជា​ច្រើន នឹង​បណ្តាជន​កក‌កុញ មក​ពី​គ្រប់​កន្លែង​នៅ​ស្រុក​យូដា ក្រុង​យេរូ‌សាឡិម ហើយ​ពី​ស្រុក​ទីរ៉ុស ស្រុក​ស៊ីដូន ដែល​នៅ​ក្បែរ​សមុទ្រ ដើម្បី​នឹង​ស្តាប់​ទ្រង់ ហើយ​ប្រយោជន៍​ឲ្យ​បាន​ជា​ជំងឺ​គេ​ផង ក៏​មាន​មនុស្ស​អារក្ស‌អសោចិ៍​ចូល​បាន​ជា​ដែរ មនុស្ស​ទាំង​អស់​រក​ពាល់​ទ្រង់ ដ្បិត​មាន​ព្រះ‌ចេស្តា​ចេញ​ពី​ទ្រង់ មក​ប្រោស​ឲ្យ​ជា​ទាំង​អស់​គ្នា។ ទ្រង់​ងើប​ព្រះ‌នេត្រ​ឡើង ទត​ទៅ​ពួក​សិស្ស មាន​បន្ទូល​ថា មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​ក្រ​អើយ ដ្បិត​នគរ​ព្រះ​ជា​របស់​ផង​អ្នក​រាល់​គ្នា មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​ឃ្លាន​ឥឡូវ​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​យំ​ឥឡូវ​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​សើច​វិញ មាន​ពរ​ហើយ កាល​ណា​មនុស្ស​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រម​ទាំង​កាត់‌កាល់ ត្មះ‌តិះដៀល ហើយ​ចោល​ឈ្មោះ​អ្នក​រាល់​គ្នា​ចេញ ទុក​ដូច​ជា​អាក្រក់ ដោយ​ព្រោះ​កូន​មនុស្ស ចូរ​អ្នក​រាល់​គ្នា​អរ​សប្បាយ​ឡើង​នៅ​ថ្ងៃ​នោះ ហើយ​លោត‌កញ្ឆេង​ចុះ ដ្បិត​មើល អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​យ៉ាង​ធំ​នៅ​ឯ​ស្ថាន‌សួគ៌ ឯ​ពួក​ឰយុកោ​របស់​គេ ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​ហោរា​ពី​ដើម​យ៉ាង​ដូច្នោះ​ដែរ តែ​វេទនា​ដល់​អ្នក​រាល់​គ្នា ជា​អ្នក​មាន ដ្បិត​អ្នក​រាល់​គ្នា​កំពុង​តែ​មាន​សេចក្ដី​កំសាន្ត​ចិត្ត​ក្នុង​សម័យ​នេះ វេទនា​ដល់​អ្នក​រាល់​គ្នា​ដែល​ឆ្អែត ដ្បិត​នឹង​ត្រូវ​ឃ្លាន​វិញ វេទនា​ដល់​អ្នក​រាល់​គ្នា ដែល​សើច​ក្នុង​ជាន់​ឥឡូវ​នេះ ដ្បិត​នឹង​កើត​ទុក្ខ​ព្រួយ ហើយ​យំ​សោក​វិញ វេទនា​ដល់​អ្នក​រាល់​គ្នា កាល​ណា​មនុស្ស​ទាំង​អស់​និយាយ​ល្អ​ពី​អ្នក​រាល់​គ្នា ពី​ព្រោះ​កាល​ពី​ដើម ពួក​ឰយុកោ​បាន​ប្រព្រឹត្ត​នឹង​ពួក​ហោរា​ក្លែង‌ក្លាយ​យ៉ាង​ដូច្នោះ​ដែរ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា ដែល​កំពុង​ស្តាប់​ថា ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ហើយ​ប្រព្រឹត្ត​ល្អ​នឹង​ពួក​អ្នក ដែល​ស្អប់​អ្នក​រាល់​គ្នា​វិញ ចូរ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​គេ​ប្រទេច​ផ្តាសា​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​អ្នក ឯ​អ្នក​ណា​ដែល​ទះ​កំភ្លៀង​អ្នក​ម្ខាង នោះ​ត្រូវ​បែរ​ម្ខាង​ទៅ​ឲ្យ​គេ​ទៀត ហើយ​បើ​អ្នក​ណា​យក​អាវ​វែង​របស់​អ្នក នោះ​កុំ​ឲ្យ​ឃាត់​មិន​ឲ្យ​គេ​យក​អាវ​តូច​អ្នក​ផង​ឡើយ ចូរ​ឲ្យ​ដល់​អ្នក​ណា​ដែល​សូម​អ្នក ហើយ​បើ​អ្នក​ណា​យក​របស់​អ្វី​ផង​អ្នក នោះ​កុំ​ឲ្យ​ទារ​វិញ​ឡើយ ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​នឹង​ខ្លួន​ជា​យ៉ាង​ណា នោះ​ត្រូវ​តែ​ប្រព្រឹត្ត​នឹង​គេ​យ៉ាង​នោះ​ដែរ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​ពួក​អ្នក​ដែល​ស្រឡាញ់​ដល់​អ្នក នោះ​តើ​មាន​គុណ​បំណាច់​អ្វី ដ្បិត​ទាំង​មនុស្ស​មាន​បាប​ក៏​ស្រឡាញ់​ដល់​ពួក​អ្នក ដែល​ស្រឡាញ់​គេ​ដូច​គ្នា​ដែរ ហើយ​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ល្អ ចំពោះ​តែ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ល្អ​នឹង​ខ្លួន​អ្នក នោះ​តើ​មាន​គុណ​បំណាច់​អ្វី ដ្បិត​ទាំង​មនុស្ស​មាន​បាប​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ បើ​អ្នក​រាល់​គ្នា​ឲ្យ​គេ​ខ្ចី ដែល​សង្ឃឹម​នឹង​បាន​វិញ នោះ​តើ​មាន​គុណ​បំណាច់​អ្វី ដ្បិត​ទាំង​មនុស្ស​មាន​បាប​ក៏​ឲ្យ​មនុស្ស​មាន​បាប​ខ្ចី​ដែរ ដើម្បី​ឲ្យ​បាន​ដូច​ដើម​វិញ ចូរ​ស្រឡាញ់​ដល់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ឲ្យ​ប្រព្រឹត្ត​ល្អ​នឹង​គេ ហើយ​ឲ្យ​គេ​ខ្ចី ដោយ​ឥត​សង្ឃឹម​នឹង​បាន​អ្វី​មក​វិញ​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រង្វាន់​ជា​យ៉ាង​ធំ ហើយ​នឹង​ធ្វើ​ជា​កូន​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ទ្រង់​តែង​ល្អ ដល់​ទាំង​មនុស្ស​អកតញ្ញូ នឹង​មនុស្ស​អាក្រក់​ដែរ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​មាន​ចិត្ត​មេត្តា‌ករុណា ដូច​ជា​ព្រះវរ‌បិតា​នៃ​អ្នក ទ្រង់​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដែរ កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​មាន​គេ​ថ្កោល​ទោស​អ្នក​វិញ កុំ​ឲ្យ​និន្ទា​គេ​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​គេ​និន្ទា​អ្នក​វិញ​ដែរ ចូរ​លើក​លែង​ឲ្យ​គេ នោះ​គេ​នឹង​លើក​លែង​ឲ្យ​អ្នក​វិញ ចូរ​ឲ្យ​ទៅ​គេ នោះ​នឹង​បាន​ឲ្យ​មក​អ្នក​ដែរ គេ​នឹង​វាល់​ឲ្យ​អ្នក​យ៉ាង​ល្អ ទាំង​ញាត់ ទាំង​រលាក់ ហើយ​ដាក់​ឲ្យ​ហៀរ នឹង​យក​មក​ដាក់​បំពេញ​ចិត្ត​អ្នក​ផង ដ្បិត​គេ​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ណា​ដែល​អ្នក​វាល់​ឲ្យ​គេ។ ទ្រង់​ក៏​មាន​បន្ទូល​ពាក្យ​ប្រៀប​ទៅ​គេ​ថា តើ​មនុស្ស​ខ្វាក់​អាច​នឹង​ដឹក​មនុស្ស​ខ្វាក់​បាន​ឬ​ទេ តើ​មិន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ទាំង​២​នាក់​ទេ​ឬ​អី សិស្ស​មិន​មែន​លើស​ជាង​គ្រូ​ទេ តែ​អ្នក​ណា​ដែល​បាន​គ្រប់​លក្ខណ៍ នោះ​នឹង​បាន​ដូច​ជា​គ្រូ​ដែរ ហេតុ​អ្វី​បាន​ជា​មើល​ឃើញ​កំទេច ដែល​នៅ​ក្នុង​ភ្នែក​ប្អូន​អ្នក តែ​មិន​ឃើញ​ធ្នឹម ដែល​នៅ​ក្នុង​ភ្នែក​ខ្លួន​វិញ​សោះ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក ដែល​មើល​ធ្នឹម​ក្នុង​ភ្នែក​ខ្លួន​មិន​ឃើញ អាច​និយាយ​ទៅ​ប្អូន​បាន ថា ប្អូន​អើយ​ឲ្យ​អញ​យក​កំទេច ពី​ភ្នែក​ឯង​ចេញ​ដូច្នេះ ឱ​អ្នក​មាន​ពុត​អើយ ចូរ​យក​ធ្នឹម​ពី​ភ្នែក​អ្នក​ចេញ​ជា​មុន​សិន នោះ​ទើប​នឹង​បាន​ឃើញ​ច្បាស់ អាច​នឹង​យក​កំទេច​ចេញ​ពី​ភ្នែក​ប្អូន​អ្នក​បាន​ដែរ ដ្បិត​គ្មាន​ដើម​ឈើ​ល្អ​ណា ដែល​មាន​ផល​ផ្លែ​អាក្រក់​ទេ ក៏​គ្មាន​ដើម​អាក្រក់​ណា ដែល​មាន​ផល​ផ្លែ​ល្អ​ដែរ ពី​ព្រោះ​គេ​ស្គាល់​ដើម​ឈើ​និមួយៗ ដោយ‌សារ​តែ​ផ្លែ​ទេ គេ​មិន​ដែល​បេះ​ផ្លែ​ល្វា​ពី​គុម្ព​បន្លា ឬ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ពី​អញ្ចាញ​ឡើយ ឯ​មនុស្ស​ល្អ គេ​ក៏​យក​សេចក្ដី​ល្អ ពី​កំណប់​ល្អ ដែល​កប់​ទុក​ក្នុង​ចិត្ត​គេ ហើយ​មនុស្ស​អាក្រក់​ក៏​យក​សេចក្ដី​អាក្រក់ ចេញ​ពី​កំណប់​អាក្រក់​ក្នុង​ចិត្ត​ខ្លួន​ដែរ ដ្បិត​មាត់​គេ​ពោល​បញ្ចេញ​សេចក្ដី​បរិបូរ ដែល​នៅ​ក្នុង​ចិត្ត​ជានិច្ច ហេតុ​អ្វី​បាន​ជា​ហៅ​ខ្ញុំ​ថា ឱ​ព្រះ‌អម្ចាស់ៗ​អើយ តែ​មិន​ធ្វើ​តាម​ពាក្យ​ខ្ញុំ​វិញ​ដូច្នេះ ឯ​អស់​អ្នក​ដែល​មក​ស្តាប់​ពាក្យ​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម នោះ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​នោះ​ធៀប​ដូច​ជា​អ្វី គឺ​ធៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ គាត់​បាន​ជីក​យ៉ាង​ជ្រៅ ដាក់​ជើង​សសរ​នៅ​លើ​ថ្ម កាល​មាន​ទឹក​ជន់​ឡើង ហូរ​គំហុក​មក​ប៉ះ​នឹង​ផ្ទះ​នោះ នោះ​ធ្វើ​ឲ្យ​រញ្ជួយ​មិន​បាន​ឡើយ ពី​ព្រោះ​បាន​សង់​នៅ​លើ​ថ្ម តែ​អ្នក​ដែល​ឮ ហើយ​មិន​ប្រព្រឹត្ត​តាម នោះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ​នៅ​លើ​ដី ឥត​ដាំ​ជើង​សសរ​សោះ លុះ​ទឹក​ហូរ​គំហុក​មក​ប៉ះ​ត្រូវ ផ្ទះ​នោះ​ក៏​រលំ​ទៅ​ភ្លាម ហើយ​ត្រូវ​ខូច​ខាត​ជា​ច្រើន​ផង។

ចែក​រំលែក
អាន លូកា 6