លូកា 6:1-10
លូកា 6:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានថ្ងៃមួយ ជាថ្ងៃសប្ប័ទ ព្រះយេស៊ូវយាងកាត់ស្រែ ហើយពួកសិស្សបានបូតគួរស្រូវបរិភោគ ដោយញីនឹងដៃ។ ប៉ុន្ដែ មានពួកផារិស៊ីខ្លះនិយាយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការដែលច្បាប់ហាមមិនឲ្យធ្វើ នៅថ្ងៃសប្ប័ទដូច្នេះ?» ព្រះយេស៊ូវឆ្លើយទៅគេថា៖ «តើអ្នករាល់គ្នាមិនបានអានពីការដែលព្រះបាទដាវីឌ និងពួកអ្នកនៅជាមួយបានធ្វើ នៅពេលឃ្លានទេឬ? ស្ដេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះ យកនំបុ័ងតាំងថ្វាយព្រះទៅសោយ ទាំងចែកឲ្យពួកអ្នកនៅជាមួយទៀតផង ដែលច្បាប់ហាមមិនឲ្យអ្នកណាបរិភាគសោះ គឺសម្រាប់តែពួកសង្ឃប៉ុណ្ណោះ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «កូនមនុស្សជាម្ចាស់នៃថ្ងៃសប្ប័ទ»។ នៅថ្ងៃសប្ប័ទមួយទៀត ព្រះអង្គបានយាងចូលទៅបង្រៀនក្នុងសាលាប្រជុំ ហើយនៅទីនោះមានបុរសម្នាក់ដែលស្វិតដៃខាងស្តាំ។ ពួកអាចារ្យ និងពួកផារិស៊ីតាមមើលព្រះអង្គ ក្រែងព្រះអង្គប្រោសឲ្យគាត់ជានៅថ្ងៃសប្ប័ទ គឺដើម្បីឲ្យគេបានហេតុនឹងចោទប្រកាន់ព្រះអង្គ។ ប៉ុន្តែ ព្រះអង្គជ្រាបគំនិតរបស់គេ ហើយព្រះអង្គមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង ហើយមកឈរទីនេះ!»។ គាត់ក៏ក្រោកឈរឡើង។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសួរអ្នករាល់គ្នាថា នៅថ្ងៃសប្ប័ទ តើមានច្បាប់នឹងធ្វើការល្អ ឬធ្វើការអាក្រក់? តើឲ្យសង្គ្រោះជីវិត ឬឲ្យបំផ្លាញ?» ក្រោយពីទតមើលមនុស្សទាំងអស់ដែលនៅជុំវិញហើយ ព្រះអង្គមានព្រះបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃរបស់អ្នកទៅ!»។ គាត់ក៏លាតដៃ ហើយដៃរបស់គាត់បានជាឡើងវិញ។
លូកា 6:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះយេស៊ូយាងកាត់វាលស្រែ សិស្ស*របស់ព្រះអង្គនាំគ្នាបូតកួរស្រូវសាលី មកឈ្លីបរិភោគ។ មានពួកខាងគណៈផារីស៊ី*ខ្លះនិយាយទៅសិស្សទាំងនោះថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការ ដែលបញ្ញត្តិហាមមិនឲ្យធ្វើនៅថ្ងៃសប្ប័ទ*ដូច្នេះ?»។ ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរ មានអត្ថបទមួយស្ដីអំពីការដែលព្រះបាទដាវីឌ និងបរិពារ បានប្រព្រឹត្តនៅពេលឃ្លាន គឺស្ដេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យកនំប៉័ងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយ ព្រមទាំងចែកឲ្យពួកបរិពារបរិភោគទៀតផង។ តាមវិន័យ* មានតែពួកបូជាចារ្យ*ប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំប៉័ងនោះ។ តើអ្នករាល់គ្នាធ្លាប់អានអត្ថបទនោះឬទេ?»។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ បុត្រមនុស្ស*ជាម្ចាស់លើថ្ងៃសប្ប័ទ*។ នៅថ្ងៃសប្ប័ទ*មួយទៀត ព្រះយេស៊ូយាងចូលក្នុងសាលាប្រជុំ* ហើយព្រះអង្គបង្រៀនគេ។ នៅទីនោះមានបុរសម្នាក់ស្វិតដៃស្ដាំ។ ពួកអាចារ្យ* និងពួកខាងគណៈផារីស៊ី*តាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រោសអ្នកជំងឺនៅថ្ងៃសប្ប័ទ ព្រោះគេចង់រកលេសចោទប្រកាន់ព្រះអង្គ។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់ពួកគេ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្ដាលគេឯណេះ!»។ បុរសនោះក៏ក្រោកឈរឡើង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំសួរអ្នករាល់គ្នាថា នៅថ្ងៃសប្ប័ទ តើមនុស្សមានសិទ្ធិធ្វើអំពើល្អ ឬធ្វើអំពើអាក្រក់? តើត្រូវសង្គ្រោះជីវិតមនុស្ស ឬធ្វើឲ្យវិនាសអន្តរាយ?»។ ព្រះអង្គបែរព្រះភ័ក្ត្រទតមើលមនុស្សទាំងអស់ដែលនៅជុំវិញ រួចមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ គាត់ក៏លាតដៃ ហើយដៃគាត់បានជាដូចដើមវិញ។
លូកា 6:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានកាល១ថ្ងៃ ជាថ្ងៃឈប់សំរាក ទ្រង់យាងកាត់ស្រែ ហើយពួកសិស្សបានបូតគួរស្រូវបរិភោគ ដោយញីនឹងដៃ មានពួកផារិស៊ីខ្លះស្តីថា ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការដែលគ្មានច្បាប់ធ្វើនៅថ្ងៃឈប់សំរាកដូច្នេះ តែព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា តើអ្នករាល់គ្នាមិនបានមើលរឿងនេះផងទេឬអី គឺពីការដែលហ្លួងដាវីឌទ្រង់ធ្វើ ក្នុងកាលដែលទ្រង់ នឹងពួកអ្នកនៅជាមួយបានឃ្លាន ដែលទ្រង់យាងចូលទៅក្នុងដំណាក់ព្រះ យកនំបុ័ងតាំងទុកទៅសោយ ទាំងចែកឲ្យពួកអ្នកនៅជាមួយនឹងទ្រង់ផង ដែលគ្មានច្បាប់ឲ្យបរិភោគសោះ ជារបស់ទុកសំរាប់តែពួកសង្ឃប៉ុណ្ណោះ រួចទ្រង់មានបន្ទូលទៅគេថា កូនមនុស្សក៏ជាម្ចាស់នៃថ្ងៃឈប់សំរាកដែរ។ នៅថ្ងៃឈប់សំរាក១ទៀត ទ្រង់ចូលទៅបង្រៀនក្នុងសាលាប្រជុំ ហើយនៅទីនោះមានមនុស្សម្នាក់ ដែលស្វិតដៃខាងស្តាំ ឯពួកអាចារ្យ នឹងពួកផារិស៊ី ក៏សំឡឹងមើល ក្រែងទ្រង់ប្រោសឲ្យគាត់ជានៅថ្ងៃឈប់សំរាកដែរ គឺដើម្បីនឹងរករឿងចោទប្រកាន់ទ្រង់ តែទ្រង់ស្គាល់គំនិតគេ ក៏មានបន្ទូលទៅមនុស្សស្វិតដៃថា ចូរក្រោកឡើងឈរនៅកណ្តាលនុ៎ះទៅ កាលគាត់ក្រោកឈរឡើង នោះព្រះយេស៊ូវមានបន្ទូលទៅគេថា ខ្ញុំចង់សួរអ្នករាល់គ្នាថា នៅថ្ងៃឈប់សំរាក តើមានច្បាប់នឹងធ្វើការល្អឬអាក្រក់ នឹងសង្គ្រោះជីវិត ឬបំផ្លាញ ទ្រង់ក៏ងាកជុំវិញ ទតមើលគេទាំងអស់គ្នា រួចមានបន្ទូលទៅមនុស្សនោះថា ចូរអ្នកលាតដៃទៅ អ្នកនោះក៏លាត ហើយដៃគាត់បានជាដូចម្ខាង