លូកា 5:6-11
លូកា 5:6-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលគេបានធ្វើដូច្នេះ គេក៏ចាប់បានត្រីយ៉ាងច្រើនសន្ធឹក រហូតដល់អួនរបស់គេស្ទើរតែនឹងធ្លាយ។ ដូច្នេះ គេបក់ដៃហៅគូកនដែលនៅក្នុងទូកមួយទៀតឲ្យមកជួយ។ គេក៏មក ហើយចាប់ដាក់បានពេញទូកទាំងពីរ រហូតស្ទើរតែនឹងលិច។ ប៉ុន្ដែ កាលស៊ីម៉ូន-ពេត្រុសបានឃើញដូច្នោះ គាត់ក៏ក្រាបទៀបព្រះជង្ឃព្រះយេស៊ូវ ទូលថា៖ «ព្រះអម្ចាស់អើយ សូមយាងឲ្យឆ្ងាយពីទូលបង្គំទៅ ដ្បិតទូលបង្គំជាមនុស្សមានបាប!»។ ដ្បិតគាត់ និងអស់អ្នកនៅជាមួយ មានសេចក្ដីអស្ចារ្យក្នុងចិត្តនឹងត្រីដែលគេចាប់បាន ហើយយ៉ាកុប និងយ៉ូហាន ជាកូនសេបេដេ ដែលជាដៃគូជាមួយស៊ីម៉ូន ក៏មានចិត្តដូច្នោះដែរ តែព្រះយេស៊ូវមានព្រះបន្ទូលទៅស៊ីម៉ូនថា៖ «កុំខ្លាចអី ពីពេលនេះទៅមុខ អ្នកនឹងនេសាទមនុស្សវិញ»។ កាលគេបានអូសទូកមកដល់មាត់ច្រាំង គេក៏ទុកចោលអ្វីៗទាំងអស់ ហើយដើរតាមព្រះអង្គទៅ។
លូកា 5:6-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេក៏ទម្លាក់អួនទៅក្នុងទឹក ជាប់ត្រីយ៉ាងច្រើនស្ទើរតែធ្លាយអួន។ គេបក់ដៃហៅមិត្តភក្ដិដែលនៅក្នុងទូកមួយទៀតឲ្យមកជួយ។ ពួកនោះមកដល់ ជួយចាប់ត្រីដាក់ពេញទូកទាំងពីរ ស្ទើរតែនឹងលិច។ ពេលលោកស៊ីម៉ូន-ពេត្រុសឃើញដូច្នោះ គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមយាងឲ្យឆ្ងាយពីទូលបង្គំទៅ ព្រោះទូលបង្គំជាមនុស្សបាប»។ លោកស៊ីម៉ូននិយាយដូច្នេះ ព្រោះគាត់ និងអស់អ្នកដែលនៅជាមួយ ភ័យស្ញប់ស្ញែងជាខ្លាំង នៅពេលបានឃើញត្រីច្រើនយ៉ាងនេះ។ រីឯលោកយ៉ាកុប និងលោកយ៉ូហាន ជាកូនលោកសេបេដេ ដែលនេសាទរួមជាមួយលោកស៊ីម៉ូន ក៏មានចិត្តដូច្នោះដែរ។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «កុំខ្លាចអី! ពីពេលនេះទៅមុខ អ្នកនឹងនេសាទមនុស្សវិញ»។ ពេលទូកទៅដល់មាត់ច្រាំងវិញ គេបោះបង់របស់របរទាំងអស់ចោល រួចនាំគ្នាដើរតាមព្រះយេស៊ូទៅ។
លូកា 5:6-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលទំលាក់ទៅ នោះក៏ជាប់បានត្រីសន្ធឹក ដល់ម៉្លេះបានជាអួនចាប់តាំងធ្លាយ នោះគេបោយដៃហៅគូកន ដែលនៅក្នុងទូក១ទៀត ឲ្យមកជួយគ្នា គេក៏មក ហើយចាប់ដាក់បានពេញទូកទាំង២ ទាល់តែពៀបស្ទើរនឹងលិច កាលស៊ីម៉ូន-ពេត្រុសបានឃើញដូច្នោះ នោះគាត់ក្រាបនៅទៀបព្រះជង្ឃព្រះយេស៊ូវ ទូលថា ព្រះអម្ចាស់អើយ សូមថយចេញពីទូលបង្គំ ដ្បិតទូលបង្គំជាមនុស្សមានបាប គាត់ទូលដូច្នោះ ដោយហេតុគាត់ នឹងពួកអ្នកនៅជាមួយ នឹកស្ងើចក្នុងចិត្ត ពីត្រីដែលបានច្រើនដល់ម៉្លោះ ហើយយ៉ាកុប នឹងយ៉ូហាន ជាកូនសេបេដេ ដែលជាពួកហ៊ុននឹងស៊ីម៉ូន ក៏ដូច្នោះដែរ តែព្រះយេស៊ូវមានបន្ទូលទៅស៊ីម៉ូនថា កុំខ្លាចអី ពីនេះទៅមុខ អ្នកនឹងចាប់មនុស្សវិញ រួចកាលទូកបានដល់គោក នោះគេទុករបស់ទាំងអស់ចោល ហើយដើរតាមទ្រង់ទៅ។