លូកា 5:27-39

លូកា 5:27-39 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ហេតុ‌ការណ៍​ទាំង​នេះ ព្រះ‌អង្គ​ក៏​យាង​ចេញ​ទៅ ហើយ​ឃើញ​អ្នក​ទារ​ពន្ធ​ម្នាក់ ឈ្មោះ​លេវី កំពុង​អង្គុយ​នៅ​កន្លែង​យក​ពន្ធ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ»។ គាត់​ក៏​ក្រោក​ឡើង ទុក​អ្វីៗ​ទាំង​អស់​ចោល ហើយ​ដើរ​តាម​ព្រះ‌អង្គ​ទៅ។ បន្ទាប់​មក លេវី​បាន​រៀប​ជប់លៀង​យ៉ាង​ធំ​ថ្វាយ​ព្រះ‌អង្គ​នៅ​ផ្ទះ​របស់​គាត់ ហើយ​មាន​អ្នក​ទារពន្ធ​ច្រើន​កុះករ ព្រម​ទាំង​មនុស្ស​ឯ​ទៀត​អង្គុយ​រួម​តុ​ជា​មួយ​ពួកគេ។ ពួក​អាចារ្យ និង​ពួក​ផារិស៊ី​រអ៊ូរទាំ​ប្រាប់​សិស្ស​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​បរិ‌ភោគ​ជា​មួយ​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ដូច្នេះ?» ព្រះ‌យេស៊ូវ​តប​ទៅ​គេ​ថា៖ «អស់​អ្នក​ដែល​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ‌ពេទ្យ​ទេ មាន​តែ​អ្នក​ដែល​ឈឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។ ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​មនុស្ស​បាប​ឲ្យ​ប្រែ​ចិត្ត​វិញ»។ បន្ទាប់​មក គេ​ទូល​ព្រះ‌អង្គ​ថា៖ «ពួក​សិស្ស​របស់​លោក​យ៉ូហាន​តម​អាហារ ហើយ​អធិស្ឋាន​ជា​ញឹក‌ញាប់ ដូច​ជា​សិស្ស​របស់​ពួក​ផារិស៊ី​ដែរ តែ​សិស្ស​របស់​លោក បែរ​ជា​ស៊ី​ផឹក​ទៅ​វិញ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពេល​កូន​កំលោះ​កំពុង​នៅ​ជា​មួយ តើ​អាច​ឲ្យ​ពួក​ភ្ញៀវ​តម​អាហារ​បាន​ដែរ​ឬ? ប៉ុន្តែ នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​កូន​កំលោះ នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ ហើយ​ពេល​នោះ គេ​នឹង​តម​អាហារ​វិញ»។ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ធៀប​ថា៖ «គ្មាន​អ្នក​ណា​ហែក​យក​ក្រណាត់​ថ្មី មក​ប៉ះ​អាវ​ចាស់​ទេ ធ្វើ​ដូច្នេះ​ក្រណាត់​ថ្មី​នឹង​ត្រូវ​រហែក ហើយ​បំណាស់​ដែល​យក​ពី​ក្រណាត់​ថ្មី ក៏​មិន​សម​នឹង​អាវ​ចាស់​ដែរ។ គ្មាន​អ្នក​ណា​ដាក់​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ បើ​ធ្វើ​ដូច្នេះ ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ផ្ទុះ រួច​ធ្លាយ​ស្រា​ចេញ​មក ហើយ​ថង់​ស្បែក​នឹង​ត្រូវ​ខូច​ខាត​មិន​ខាន។ ប៉ុន្ដែ ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ត្រូវ​ដាក់​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី​វិញ។ កាល​បាន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ចាស់​ហើយ គ្មាន​អ្នក​ណា​ចង់​ផឹក​ស្រា​ថ្មី​ទេ ដ្បិត​គេ​ពោល​ថា "ស្រា​ចាស់​ឆ្ងាញ់​ជាង"» ។

ចែក​រំលែក
អាន លូកា 5

លូកា 5:27-39 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ ព្រះអង្គ​ទត​ឃើញ​អ្នក​ទារ​ពន្ធ*​ម្នាក់​ឈ្មោះ លេវី អង្គុយ​នៅ​កន្លែង​យក​ពន្ធ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ លោក​លេវី​ក្រោក​ឡើង ទុក​កិច្ចការ​ទាំង​អស់​ចោល ហើយ​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។ លោក​លេវី​បាន​រៀបចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ​ថ្វាយ​ព្រះអង្គ នៅ​ផ្ទះ​របស់​លោក។ មាន​អ្នក​ទារ​ពន្ធ* ព្រម​ទាំង​មនុស្ស​ឯ​ទៀតៗ​ជា​ច្រើន​ចូល​រួម​ជា​មួយ​ដែរ។ ពួក​ខាង​គណៈ‌ផារីស៊ី* និង​ពួក​អាចារ្យ*​ពី​គណៈ‌ផារីស៊ី ទាស់​ចិត្ត​យ៉ាង​ខ្លាំង គេ​និយាយ​ទៅ​កាន់​ក្រុម​សិស្ស*​របស់​ព្រះអង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ដូច្នេះ?»។ ព្រះ‌យេស៊ូ​តប​ទៅ​គេ​ថា៖ «មនុស្ស​មាន​សុខ‌ភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ឡើយ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។ ខ្ញុំ​មិន​មែន​មក​រក​មនុស្ស​សុចរិត​ទេ គឺ​មក​រក​មនុស្ស​បាប ដើម្បី​ឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត»។ មាន​គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «ពួក​សិស្ស​របស់​លោក​យ៉ូហាន និង​ពួក​សិស្ស​ខាង​គណៈ‌ផារីស៊ី* តែងតែ​តម​អាហារ និង​សូត្រ​ធម៌​ជា​ញឹក‌ញាប់ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​របស់​លោក​បែរ​ជា​នាំ​គ្នា​បរិភោគ​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​ពិធី​មង្គល​ការ ពេល​កូន​កំលោះ​នៅ​ជា​មួយ តើ​ភ្ញៀវ​អាច​តម​អាហារ​កើត​ឬ? ទេ! គេ​មិន​អាច​តម​បាន​ឡើយ។ ថ្ងៃ​ក្រោយ ពេល​គេ​ចាប់​ស្វាមី​យក​ទៅ ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​ថា៖ «ពុំ​ដែល​មាន​នរណា​ហែក​សម្លៀក‌បំពាក់​ថ្មី យក​ទៅ​ប៉ះ​សម្លៀក‌បំពាក់​ចាស់​នោះ​ឡើយ ធ្វើ​ដូច្នេះ សម្លៀក‌បំពាក់​ថ្មី​នឹង​ត្រូវ​រហែក ហើយ​ក្រណាត់​ចាស់ និង​ក្រណាត់​ថ្មី ក៏​មិន​សម​គ្នា​ដែរ។ ពុំ​ដែល​មាន​នរណា​ច្រក​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ បើ​ធ្វើ​ដូច្នេះ ស្រា​ថ្មី​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ចាស់​នោះ​ធ្លុះ បណ្ដាល​ឲ្យ​ស្រា​ហូរ​ចេញ ហើយ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ខាត​មិន​ខាន ត្រូវ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី។ កាល​បើ​បាន​ពិសា​ស្រា​ទំពាំង‌បាយជូរ​ចាស់​ហើយ មិន​ដែល​មាន​នរណា​ចង់​ពិសា​ស្រា​ថ្មី​ទេ ព្រោះ​គេ​ថា “ស្រា​ចាស់​ឆ្ងាញ់​ជាង​ស្រា​ថ្មី”»។

ចែក​រំលែក
អាន លូកា 5

លូកា 5:27-39 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​ការ​ទាំង​នោះ ទ្រង់​យាង​ចេញ​ទៅ ឃើញ​អ្នក​យក​ពន្ធ​ម្នាក់ ឈ្មោះ​លេវី កំពុង​អង្គុយ​នៅ​ទី​យក​ពន្ធ ទ្រង់​មាន​បន្ទូល​ហៅ​គាត់​ថា ចូរ​មក​តាម​ខ្ញុំ​ឯ​ណេះ គាត់​ក៏​ទុក​របស់​ទាំង​អស់​ចោល ក្រោក​តាម​ទ្រង់​ទៅ លេវី​បាន​រៀប​ជប់‌លៀង​ជា​ធំ​ថ្វាយ​ទ្រង់​នៅ​ផ្ទះ​គាត់ ហើយ​មាន​អ្នក​យក​ពន្ធ​ទាំង​ហ្វូង នឹង​មនុស្ស​ឯ​ទៀត​មក​អង្គុយ​នៅ​តុ​ជា​មួយ​គ្នា​ដែរ ពួក​អាចារ្យ​នឹង​ពួក​ផារិស៊ី គេ​ឌុក‌ដាន់​ពួក​សិស្ស​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​បរិភោគ​ជា​មួយ​នឹង​ពួក​អ្នក​យក​ពន្ធ នឹង​មនុស្ស​មាន​បាប​ដូច្នេះ តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា ពួក​អ្នក​ជា​មិន​ត្រូវ​ការ​នឹង​គ្រូ‌ពេទ្យ​ទេ ត្រូវ​ការ​តែ​ពួក​អ្នក​ដែល​ឈឺ​ប៉ុណ្ណោះ ខ្ញុំ​មិន​បាន​មក​ហៅ​ពួក​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​តែ​មនុស្ស​មាន​បាប ឲ្យ​គេ​ប្រែ​ចិត្ត​វិញ​ទេ​តើ។ គេ​ទូល​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​លោក​យ៉ូហាន​តម ហើយ​អធិស្ឋាន​ជា​ញយៗ ដូច​ជា​សិស្ស​របស់​ពួក​ផារិស៊ី​ដែរ តែ​សិស្ស​លោក​តែង‌តែ​បរិភោគ​ដូច្នេះ​វិញ ទ្រង់​មាន​បន្ទូល​តប​ថា កំពុង​ដែល​ប្ដី​ថ្មោង‌ថ្មី​នៅ​ជា​មួយ​គ្នា តើ​អាច​នឹង​ឲ្យ​ពួក​សំឡាញ់​គាត់​តម​អាហារ​បាន​ឬ​ទេ តែ​នឹង​មាន​ថ្ងៃ​មក​ដល់ កាល​ណោះ ប្ដី​នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ​នៅ​គ្រា​នោះ គេ​នឹង​តម​វិញ ទ្រង់​ក៏​មាន​បន្ទូល​ទៅ​គេ​ជា​ពាក្យ​ប្រៀប​ប្រដូច​ថា គ្មាន​អ្នក​ណា​ដែល​យក​កំណាត់​ថ្មី មក​ប៉ះ​អាវ​ចាស់​ទេ បើ​ធ្វើ​ដូច្នោះ នឹង​នាំ​ឲ្យ​រហែក​ដល់​ទាំង​កំណាត់​ថ្មី​ដែរ ហើយ​កំណាត់​ដែល​យក​ពី​អាវ​ថ្មី ក៏​មិន​សម​នឹង​អាវ​ចាស់​ផង ក៏​គ្មាន​អ្នក​ណា​ដែល​យក​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ដាក់​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នោះ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី នឹង​ទំលាយ​ថង់​ស្បែក​ហូរ​ចេញ​មក ហើយ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ខាត​ផង តោង​តែ​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី​ក្នុង​ថង់​ស្បែក​ថ្មី​វិញ នោះ​ទាំង​២​យ៉ាង​នឹង​បាន​គង់​នៅ លុះ​កាល​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ចាស់​ហើយ គ្មាន​អ្នក​ណា​ចង់​បាន​ថ្មី​ទេ ដ្បិត​គេ​ថា​ចាស់​ឆ្ងាញ់​ជាង។

ចែក​រំលែក
អាន លូកា 5