លូកា 5:12-16
លូកា 5:12-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលមួយ កាលព្រះយេស៊ូវគង់នៅក្នុងក្រុងមួយ មានមនុស្សម្នាក់កើតឃ្លង់ពេញខ្លួនបានចូលមក។ ពេលគាត់ឃើញព្រះអង្គ គាត់ក្រាបចុះមុខដល់ដី ទូលអង្វរថា៖ «ព្រះអម្ចាស់អើយ ប្រសិនបើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន»។ ព្រះយេស៊ូវក៏លូកព្រះហស្តទៅពាល់គាត់ ដោយមានព្រះបន្ទូលថា៖ «ខ្ញុំចង់ ចូរឲ្យបានជាស្អាតចុះ»។ រំពេចនោះ ឃ្លង់ចេញពីគាត់ភ្លាម។ ព្រះអង្គហាមគាត់មិនឲ្យប្រាប់អ្នកណាឡើយ តែព្រះអង្គមានព្រះបន្ទូលថា៖ «ចូរទៅបង្ហាញខ្លួនដល់សង្ឃវិញ ហើយថ្វាយតង្វាយដោយព្រោះអ្នកបានជាស្អាត ដូចលោកម៉ូសេបានបង្គាប់មក ទុកជាទីបន្ទាល់ដល់ពួកលោក»។ ប៉ុន្តែ ដំណឹងអំពីព្រះអង្គឮសុសសាយកាន់តែខ្លាំងឡើង ហើយមហាជនជាច្រើនមកប្រជុំគ្នាស្តាប់ព្រះអង្គ និងដើម្បីឲ្យបានជាពីជំងឺផ្សេងៗរបស់គេ។ ប៉ុន្តែ ព្រះអង្គបានយាងចេញទៅកន្លែងស្ងាត់ ហើយអធិស្ឋានវិញ។
លូកា 5:12-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូគង់នៅក្នុងក្រុងមួយ មានមនុស្សឃ្លង់ម្នាក់ឃើញព្រះអង្គ គាត់ចូលមករក ហើយក្រាបថ្វាយបង្គំ ឱនមុខដល់ដី ទូលព្រះអង្គថា៖ «លោកម្ចាស់ ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទឲ្យជាស្អាតបរិសុទ្ធ*ផង»។ ព្រះយេស៊ូលូកព្រះហស្ដទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យជាស្អាតបរិសុទ្ធចុះ»។ រំពេចនោះ មនុស្សឃ្លង់ក៏ជាស្អាតបរិសុទ្ធភ្លាម។ ព្រះយេស៊ូមានព្រះបន្ទូលហាមគាត់ថា៖ «កុំនិយាយប្រាប់នរណាឲ្យដឹងឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់លោកបូជាចារ្យ* ហើយថ្វាយតង្វាយដូចលោកម៉ូសេ*បានបង្គាប់ទុក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកជាស្អាតបរិសុទ្ធមែន»។ ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីសុសសាយកាន់តែខ្លាំងឡើងៗ។ មហាជនជាច្រើនមកជុំគ្នាស្ដាប់ព្រះអង្គ ព្រមទាំងសូមព្រះអង្គប្រោសឲ្យខ្លួនជាពីជំងឺផ្សេងៗផង។ រីឯព្រះយេស៊ូវិញ ព្រះអង្គយាងទៅទីស្ងាត់ ដើម្បីអធិស្ឋាន*។
លូកា 5:12-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលព្រះយេស៊ូវគង់នៅក្នុងទីក្រុង១ នោះមានមនុស្សម្នាក់កើតឃ្លង់ពេញទាំងខ្លួន គាត់ឃើញទ្រង់ ក៏ទំលាក់ខ្លួនផ្កាប់មុខទូលអង្វរថា ព្រះអម្ចាស់អើយ បើទ្រង់សព្វព្រះហឫទ័យ នោះទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន ទ្រង់ក៏លូកព្រះហស្តទៅពាល់គាត់ ដោយបន្ទូលថា ខ្ញុំចង់ដែរ ឲ្យជាស្អាតចុះ ស្រាប់តែឃ្លង់ចេញពីគាត់ជា១រំពេចទៅ រួចទ្រង់ហាមមិនឲ្យគាត់ប្រាប់ដល់អ្នកណាឡើយ តែត្រូវទៅបង្ហាញខ្លួនឲ្យសង្ឃពិនិត្យមើល ហើយថ្វាយដង្វាយដោយព្រោះបានជាស្អាតវិញ ដូចជាលោកម៉ូសេបានបង្គាប់មក ទុកជាទីបន្ទាល់ដល់ពួកលោក ប៉ុន្តែ ចេះតែឮនិយាយពីទ្រង់កាន់តែខ្លាំងឡើង ក៏មានមនុស្សកកកុញមកស្តាប់ផង ហើយឲ្យទ្រង់បានប្រោសជំងឺគេឲ្យជាផង តែទ្រង់ថយចេញទៅឯទីស្ងាត់ ដើម្បីអធិស្ឋានវិញ។