លូកា 4:20-27
លូកា 4:20-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះអង្គបានបិទគម្ពីរ ប្រគល់ទៅអ្នកថែរក្សាវិញហើយ ព្រះអង្គក៏គង់ចុះ។ ភ្នែករបស់មនុស្សទាំងអស់នៅក្នុងសាលាប្រជុំ បានសម្លឹងមើលព្រះអង្គ។ ពេលនោះ ព្រះអង្គចាប់ផ្ដើមមានព្រះបន្ទូលទៅគេថា៖ «នៅថ្ងៃនេះ បទគម្ពីរនេះបានសម្រេចនៅត្រចៀកអ្នករាល់គ្នាហើយ»។ គ្រប់គ្នាស្ងើចសរសើរព្រះអង្គ ហើយមានសេចក្ដីអស្ចារ្យក្នុងចិត្តនឹងព្រះបន្ទូលប្រកបដោយព្រះគុណ ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ ហើយគេនិយាយថា៖ «តើអ្នកនេះមិនមែនជាកូនយ៉ូសែបទេឬ?» ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ពិតប្រាកដជាអ្នករាល់គ្នានឹងនិយាយសុភាសិតនេះដាក់ខ្ញុំថា៖ "គ្រូពេទ្យអើយ ចូរមើលខ្លួនឯងឲ្យជាសិនទៅ!" អ្វីដែលយើងបានឮថា អ្នកធ្វើនៅក្រុងកាពើណិម ចូរធ្វើនៅទីនេះ ក្នុងស្រុករបស់ខ្លួនផងទៅ!»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានហោរាណាដែលគេរាប់អាននៅក្នុងស្រុករបស់ខ្លួននោះទេ។ ប៉ុន្ដែ ខ្ញុំប្រាប់សេចក្ដីពិតដល់អ្នករាល់គ្នាថា មានស្ត្រីមេម៉ាយជាច្រើននៅស្រុកអ៊ីស្រាអែលក្នុងជំនាន់លោកអេលីយ៉ា កាលរាំងបីឆ្នាំប្រាំមួយខែ ក៏មានអំណត់ជាខ្លាំងកើតឡើងពេញក្នុងស្រុក តែព្រះមិនបានចាត់លោកអេលីយ៉ា ឲ្យទៅរកស្រីមេម៉ាយណាម្នាក់ក្នុងពួកគេឡើយ គឺទ្រង់បានចាត់លោកទៅរកស្រីមេម៉ាយម្នាក់ នៅក្រុងសារិបតា ក្នុងស្រុកស៊ីដូនវិញ ។ នៅជំនាន់ហោរាអេលីសេ ក៏មានមនុស្សឃ្លង់ជាច្រើន ក្នុងស្រុកអ៊ីស្រាអែលដែរ តែគ្មានអ្នកណាម្នាក់បានជាស្អាតសោះ មានតែលោកណាម៉ាន ជាសាសន៍ស៊ីរីម្នាក់ប៉ុណ្ណោះ»។
លូកា 4:20-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះអានចប់ហើយ ព្រះយេស៊ូបិទគម្ពីរ ប្រគល់ទៅអ្នកថែរក្សា រួចព្រះអង្គគង់ចុះវិញ។ មនុស្សគ្រប់ៗរូបនៅក្នុងសាលាប្រជុំសម្លឹងមើលព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុការណ៍ដែលមានចែងទុកក្នុងគម្ពីរ ដូចអ្នករាល់គ្នាទើបនឹងស្ដាប់អម្បាញ់មិញ បានសម្រេចជារូបរាងនៅថ្ងៃនេះហើយ»។ ឮដូច្នេះ គេស្ងើចសរសើរព្រះយេស៊ូគ្រប់ៗគ្នា ទាំងនឹកឆ្ងល់អំពីព្រះបន្ទូល ប្រកបដោយព្រះហឫទ័យប្រណីសន្ដោស ដែលហូរចេញពីព្រះឱស្ឋរបស់ព្រះអង្គ។ គេពោលថា៖ «អ្នកនេះមិនមែនជាកូនរបស់ជាងយ៉ូសែបទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាប្រហែលជាចង់យកសុភាសិតដែលចែងថា “គ្រូពេទ្យអើយ ចូរមើលជំងឺរបស់ខ្លួនឲ្យជាសិនទៅ” មកផ្ចាញ់ផ្ចាលខ្ញុំទេដឹង! ឬមួយអ្នករាល់គ្នាចង់និយាយមកខ្ញុំទៀតថា “យើងឮគេនិយាយអំពីកិច្ចការទាំងអស់ ដែលអ្នកធ្វើនៅក្រុងកាពើណិម ចូរធ្វើការដដែលនៅទីនេះ ជាស្រុកកំណើតរបស់អ្នក ឲ្យយើងឃើញផង!”»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនដែលមានព្យាការី*ណាម្នាក់ត្រូវគេគោរព នៅក្នុងស្រុកកំណើតរបស់ខ្លួនឡើយ។ ខ្ញុំសុំបញ្ជាក់ថា នៅជំនាន់លោកអេលីយ៉ា មេឃរាំងអស់រយៈពេលបីឆ្នាំកន្លះ បណ្ដាលឲ្យមានទុរ្ភិក្សយ៉ាងខ្លាំងពេញទាំងស្រុក។ នៅស្រុកអ៊ីស្រាអែល មានស្ត្រីមេម៉ាយជាច្រើន។ ក៏ប៉ុន្តែ ព្រះជាម្ចាស់ពុំបានចាត់ព្យាការីអេលីយ៉ាឲ្យទៅជួយស្ត្រីមេម៉ាយណាម្នាក់ នៅស្រុកអ៊ីស្រាអែលឡើយ គឺព្រះអង្គបានចាត់លោកឲ្យទៅជួយស្ត្រីមេម៉ាយម្នាក់ ដែលរស់នៅភូមិសារិបតា ក្នុងក្រុងស៊ីដូនវិញ។ នៅជំនាន់ព្យាការីអេលីសេ មានមនុស្សឃ្លង់ជាច្រើនក្នុងស្រុកអ៊ីស្រាអែល ប៉ុន្តែ គ្មានអ្នកណាម្នាក់បានជាសោះឡើយ គឺមានតែលោកណាម៉ាន់ជាជនជាតិស៊ីរីម្នាក់ប៉ុណ្ណោះ»។
លូកា 4:20-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលទ្រង់បានបិទគម្ពីរ ប្រគល់ដល់អ្នករក្សាសាលាវិញហើយ នោះទ្រង់ក៏គង់ចុះ ឯពួកអ្នកដែលនៅក្នុងសាលា គេក៏សំឡឹងមើលទ្រង់ ទ្រង់ចាប់តាំងមានបន្ទូលទៅគេថា នៅថ្ងៃនេះ បទគម្ពីរនេះបានសំរេចនៅត្រចៀកអ្នករាល់គ្នាហើយ គ្រប់គ្នាជាសាក្សីពីទ្រង់ ក៏អស្ចារ្យក្នុងចិត្តពីព្រះបន្ទូលដ៏ផ្អែមពីរោះ ដែលចេញពីព្រះឱស្ឋទ្រង់មក ហើយគេនិយាយថា តើអ្នកនេះមិនមែនជាកូនយ៉ូសែបទេឬអី តែទ្រង់មានបន្ទូលទៅគេថា ពិតប្រាកដជាអ្នករាល់គ្នានឹងនិយាយពាក្យប្រៀបនេះដាក់ខ្ញុំថា គ្រូពេទ្យអើយ ចូរមើលខ្លួនអ្នកឲ្យជាសិនចុះ ការអ្វីដែលយើងបានឮថា អ្នកធ្វើនៅក្រុងកាពើណិម នោះចូរធ្វើនៅស្រុករបស់ខ្លួននេះដែរ ទ្រង់ក៏មានបន្ទូលទៀតថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានហោរាណាដែលគេរាប់អាននៅក្នុងស្រុករបស់ខ្លួននោះទេ ខ្ញុំក៏និយាយប្រាកដនឹងអ្នករាល់គ្នាថា នៅជាន់លោកអេលីយ៉ា កាលរាំង៣ឆ្នាំ៦ខែ ហើយមានអំណត់អត់ជាខ្លាំង នៅពេញក្នុងស្រុក នោះមានមេម៉ាយជាច្រើន នៅស្រុកអ៊ីស្រាអែលដែរ តែព្រះទ្រង់មិនបានចាត់លោកអេលីយ៉ា ឲ្យទៅឯមេម៉ាយណាមួយនោះសោះ គឺបានចាត់លោកទៅឯស្រីមេម៉ាយម្នាក់ នៅក្រុងសារិបតា ក្នុងស្រុកស៊ីដូនវិញ ហើយនៅជាន់ហោរាអេលីសេ ក៏មានមនុស្សឃ្លង់ជាច្រើន ក្នុងស្រុកអ៊ីស្រាអែលដែរ តែគ្មានអ្នកណាមួយបានជាស្អាតសោះ បានជាតែលោកណាម៉ាន ជាសាសន៍ស៊ីរី១ប៉ុណ្ណោះ