លូកា 4:17-21
លូកា 4:17-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេក៏យកគម្ពីរហោរាអេសាយមកថ្វាយព្រះអង្គ។ ព្រះអង្គបានបើកគម្ពីរ ហើយរកឃើញកន្លែងដែលមានចែងទុកមកថា៖ «ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ព្រោះព្រះអង្គបានចាក់ប្រេងតាំងខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រកាសពីការដោះលែងដល់ពួកឈ្លើយ និងសេចក្តីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយរំដោះមនុស្សដែលត្រូវគេសង្កត់សង្កិតឲ្យរួច ព្រមទាំងប្រកាសពីឆ្នាំដែលព្រះអម្ចាស់ គាប់ព្រះហឫទ័យ» ។ កាលព្រះអង្គបានបិទគម្ពីរ ប្រគល់ទៅអ្នកថែរក្សាវិញហើយ ព្រះអង្គក៏គង់ចុះ។ ភ្នែករបស់មនុស្សទាំងអស់នៅក្នុងសាលាប្រជុំ បានសម្លឹងមើលព្រះអង្គ។ ពេលនោះ ព្រះអង្គចាប់ផ្ដើមមានព្រះបន្ទូលទៅគេថា៖ «នៅថ្ងៃនេះ បទគម្ពីរនេះបានសម្រេចនៅត្រចៀកអ្នករាល់គ្នាហើយ»។
លូកា 4:17-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេបានយកគម្ពីររបស់ព្យាការី*អេសាយមកថ្វាយព្រះអង្គ ព្រះអង្គបើកគម្ពីរត្រង់អត្ថបទមួយ ដែលមានចែងថា៖ «ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ។ ព្រះអង្គបានចាក់ប្រេងអភិសេកខ្ញុំ ឲ្យនាំដំណឹងល្អ*ទៅប្រាប់ជនក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមកប្រកាសប្រាប់ ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព ហើយប្រាប់មនុស្សខ្វាក់ថា គេនឹងមើលឃើញវិញ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមករំដោះ អស់អ្នកដែលត្រូវគេសង្កត់សង្កិន ព្រមទាំងប្រកាសអំពីឆ្នាំដែលព្រះអម្ចាស់ សម្តែងព្រះហឫទ័យមេត្តាករុណា »។ លុះអានចប់ហើយ ព្រះយេស៊ូបិទគម្ពីរ ប្រគល់ទៅអ្នកថែរក្សា រួចព្រះអង្គគង់ចុះវិញ។ មនុស្សគ្រប់ៗរូបនៅក្នុងសាលាប្រជុំសម្លឹងមើលព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុការណ៍ដែលមានចែងទុកក្នុងគម្ពីរ ដូចអ្នករាល់គ្នាទើបនឹងស្ដាប់អម្បាញ់មិញ បានសម្រេចជារូបរាងនៅថ្ងៃនេះហើយ»។
លូកា 4:17-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេក៏យកគម្ពីរហោរាអេសាយមកថ្វាយទ្រង់ កាលទ្រង់បានបើកគម្ពីរហើយ នោះទ្រង់រកឃើញត្រង់កន្លែងដែលមានសេចក្ដីចែងទុកមកថា «ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ពីព្រោះទ្រង់បានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង ហើយប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ នឹងសេចក្ដីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយឲ្យដោះមនុស្ស ដែលត្រូវគេជិះជាន់ឲ្យរួច ព្រមទាំងប្រកាសប្រាប់ពីឆ្នាំដែលព្រះអម្ចាស់កំណត់ទុក» កាលទ្រង់បានបិទគម្ពីរ ប្រគល់ដល់អ្នករក្សាសាលាវិញហើយ នោះទ្រង់ក៏គង់ចុះ ឯពួកអ្នកដែលនៅក្នុងសាលា គេក៏សំឡឹងមើលទ្រង់ ទ្រង់ចាប់តាំងមានបន្ទូលទៅគេថា នៅថ្ងៃនេះ បទគម្ពីរនេះបានសំរេចនៅត្រចៀកអ្នករាល់គ្នាហើយ