លូកា 4:16-22
លូកា 4:16-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះអង្គយាងទៅណាសារ៉ែត ជាស្រុកដែលព្រះអង្គគង់នៅពីកុមារ ព្រះអង្គយាងចូលទៅក្នុងសាលាប្រជុំនៅថ្ងៃសប្ប័ទ តាមទម្លាប់របស់ព្រះអង្គ។ ព្រះអង្គក្រោកឈរឡើង ដើម្បីអានគម្ពីរ គេក៏យកគម្ពីរហោរាអេសាយមកថ្វាយព្រះអង្គ។ ព្រះអង្គបានបើកគម្ពីរ ហើយរកឃើញកន្លែងដែលមានចែងទុកមកថា៖ «ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ព្រោះព្រះអង្គបានចាក់ប្រេងតាំងខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រកាសពីការដោះលែងដល់ពួកឈ្លើយ និងសេចក្តីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយរំដោះមនុស្សដែលត្រូវគេសង្កត់សង្កិតឲ្យរួច ព្រមទាំងប្រកាសពីឆ្នាំដែលព្រះអម្ចាស់ គាប់ព្រះហឫទ័យ» ។ កាលព្រះអង្គបានបិទគម្ពីរ ប្រគល់ទៅអ្នកថែរក្សាវិញហើយ ព្រះអង្គក៏គង់ចុះ។ ភ្នែករបស់មនុស្សទាំងអស់នៅក្នុងសាលាប្រជុំ បានសម្លឹងមើលព្រះអង្គ។ ពេលនោះ ព្រះអង្គចាប់ផ្ដើមមានព្រះបន្ទូលទៅគេថា៖ «នៅថ្ងៃនេះ បទគម្ពីរនេះបានសម្រេចនៅត្រចៀកអ្នករាល់គ្នាហើយ»។ គ្រប់គ្នាស្ងើចសរសើរព្រះអង្គ ហើយមានសេចក្ដីអស្ចារ្យក្នុងចិត្តនឹងព្រះបន្ទូលប្រកបដោយព្រះគុណ ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ ហើយគេនិយាយថា៖ «តើអ្នកនេះមិនមែនជាកូនយ៉ូសែបទេឬ?»
លូកា 4:16-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូយាងទៅភូមិណាសារ៉ែត ជាភូមិដែលព្រះអង្គគង់នៅកាលពីកុមារ។ នៅថ្ងៃសប្ប័ទ* ព្រះអង្គយាងទៅសាលាប្រជុំ*តាមទម្លាប់របស់ព្រះអង្គ។ ព្រះអង្គក្រោកឈរឡើង ដើម្បីអានគម្ពីរ។ គេបានយកគម្ពីររបស់ព្យាការី*អេសាយមកថ្វាយព្រះអង្គ ព្រះអង្គបើកគម្ពីរត្រង់អត្ថបទមួយ ដែលមានចែងថា៖ «ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ។ ព្រះអង្គបានចាក់ប្រេងអភិសេកខ្ញុំ ឲ្យនាំដំណឹងល្អ*ទៅប្រាប់ជនក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមកប្រកាសប្រាប់ ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព ហើយប្រាប់មនុស្សខ្វាក់ថា គេនឹងមើលឃើញវិញ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមករំដោះ អស់អ្នកដែលត្រូវគេសង្កត់សង្កិន ព្រមទាំងប្រកាសអំពីឆ្នាំដែលព្រះអម្ចាស់ សម្តែងព្រះហឫទ័យមេត្តាករុណា »។ លុះអានចប់ហើយ ព្រះយេស៊ូបិទគម្ពីរ ប្រគល់ទៅអ្នកថែរក្សា រួចព្រះអង្គគង់ចុះវិញ។ មនុស្សគ្រប់ៗរូបនៅក្នុងសាលាប្រជុំសម្លឹងមើលព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុការណ៍ដែលមានចែងទុកក្នុងគម្ពីរ ដូចអ្នករាល់គ្នាទើបនឹងស្ដាប់អម្បាញ់មិញ បានសម្រេចជារូបរាងនៅថ្ងៃនេះហើយ»។ ឮដូច្នេះ គេស្ងើចសរសើរព្រះយេស៊ូគ្រប់ៗគ្នា ទាំងនឹកឆ្ងល់អំពីព្រះបន្ទូល ប្រកបដោយព្រះហឫទ័យប្រណីសន្ដោស ដែលហូរចេញពីព្រះឱស្ឋរបស់ព្រះអង្គ។ គេពោលថា៖ «អ្នកនេះមិនមែនជាកូនរបស់ជាងយ៉ូសែបទេឬ?»។
លូកា 4:16-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចទ្រង់យាងមកដល់ណាសារ៉ែត ជាស្រុកដែលទ្រង់គង់នៅពីកុមារ ក៏ចូលទៅក្នុងសាលាប្រជុំ នៅថ្ងៃឈប់សំរាក តាមទំលាប់ទ្រង់ ហើយឈរឡើង ដើម្បីអានមើលគម្ពីរ គេក៏យកគម្ពីរហោរាអេសាយមកថ្វាយទ្រង់ កាលទ្រង់បានបើកគម្ពីរហើយ នោះទ្រង់រកឃើញត្រង់កន្លែងដែលមានសេចក្ដីចែងទុកមកថា «ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ពីព្រោះទ្រង់បានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង ហើយប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ នឹងសេចក្ដីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយឲ្យដោះមនុស្ស ដែលត្រូវគេជិះជាន់ឲ្យរួច ព្រមទាំងប្រកាសប្រាប់ពីឆ្នាំដែលព្រះអម្ចាស់កំណត់ទុក» កាលទ្រង់បានបិទគម្ពីរ ប្រគល់ដល់អ្នករក្សាសាលាវិញហើយ នោះទ្រង់ក៏គង់ចុះ ឯពួកអ្នកដែលនៅក្នុងសាលា គេក៏សំឡឹងមើលទ្រង់ ទ្រង់ចាប់តាំងមានបន្ទូលទៅគេថា នៅថ្ងៃនេះ បទគម្ពីរនេះបានសំរេចនៅត្រចៀកអ្នករាល់គ្នាហើយ គ្រប់គ្នាជាសាក្សីពីទ្រង់ ក៏អស្ចារ្យក្នុងចិត្តពីព្រះបន្ទូលដ៏ផ្អែមពីរោះ ដែលចេញពីព្រះឱស្ឋទ្រង់មក ហើយគេនិយាយថា តើអ្នកនេះមិនមែនជាកូនយ៉ូសែបទេឬអី