លូកា 4:1-7

លូកា 4:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ​បាន​វិល​ពី​ទន្លេ​យ័រដាន់​វិញ ទាំង​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ព្រះ‌វិញ្ញាណ​នាំ​ព្រះ‌អង្គ​ទៅ​ទី​រហោ‌ស្ថាន ព្រះ‌អង្គ​ត្រូវ​អារក្ស​ល្បួង​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ។ ក្នុង​ថ្ងៃ​ទាំង​នោះ ព្រះ‌អង្គ​មិន​បាន​សោយ​អ្វី​សោះ។ លុះ​ផុត​ថ្ងៃ​ទាំង​នោះ​ទៅ ទ្រង់​ក៏​ឃ្លាន។ អារក្ស​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​អ្នក​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​មែន សូម​បង្គាប់​ឲ្យ​ថ្ម​នេះ​ត្រឡប់​ជា​នំបុ័ង​មើល៍»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វា​ថា៖ «មាន​សេចក្តី​ចែង​ទុក​មក​ថា "មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ" »។ បន្ទាប់មក អារក្ស​បាន​នាំ​ព្រះ‌អង្គ​ឡើង​ទៅ​កន្លែង​មួយ​ខ្ពស់ ហើយ​បង្ហាញ​នគរ​ទាំង​អស់​របស់​លោកីយ៍​ឲ្យ​ព្រះ‌អង្គ​ឃើញ ក្នុង​រយៈ​ពេល​មួយ​ដ៏​ខ្លី ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​នឹង​ឲ្យ​អំណាច និង​សិរី​ល្អ​នៃ​នគរ​ទាំង​នេះ​ដល់​អ្នក ដ្បិត​បាន​ប្រគល់​មក​ខ្ញុំ​ហើយ ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​ណា​ស្រេច​តែ​នឹង​ចិត្ត​ខ្ញុំ។ ដូច្នេះ ប្រសិន‌បើ​អ្នក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ នោះ​ទាំង​អស់​នឹង​បាន​ជា​របស់​អ្នក»។

ចែក​រំលែក
អាន លូកា 4

លូកា 4:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ព្រះអង្គ​យាង​ត្រឡប់​ពី​ទន្លេ​យ័រដាន់​មក​វិញ ហើយ​ព្រះ‌វិញ្ញាណ​នាំ​ព្រះអង្គ​ទៅ​វាល​រហោ‌ស្ថាន។ នៅ​ទី​នោះ ព្រះអង្គ​ត្រូវ​មារ*​សាតាំង​ល្បួង​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ។ ក្នុង​អំឡុង​ពេល​នោះ ព្រះអង្គ​ពុំ​សោយ​អ្វី​ឡើយ។ លុះ​ផុត​ពី​ពេល​នោះ​ទៅ ទើប​ព្រះអង្គ​ឃ្លាន។ មារ*​ទូល​ព្រះអង្គ​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន សូម​ធ្វើ​ឲ្យ​ដុំ​ថ្ម​នេះ​ទៅ​ជា​នំប៉័ង​មើល៍»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​អាហារ ប៉ុណ្ណោះ​ទេ »។ មារ​នាំ​ព្រះអង្គ​ទៅ​កន្លែង​មួយ​ដ៏​ខ្ពស់ ហើយ​ចង្អុល​បង្ហាញ​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ឲ្យ​ព្រះអង្គ​ឃើញ ក្នុង​មួយ​រយៈ​ពេល​ដ៏​ខ្លី។ មារ​សាតាំង​ទូល​ព្រះអង្គ​ថា៖ «ខ្ញុំ​នឹង​ប្រគល់​អំណាច ព្រម​ទាំង​ភោគ‌ទ្រព្យ​របស់​នគរ​ទាំង​នោះ​ឲ្យ​លោក ដ្បិត​អ្វីៗ​ទាំង​អស់​ជា​សម្បត្តិ​របស់​ខ្ញុំ ខ្ញុំ​អាច​ប្រគល់​ឲ្យ​អ្នក​ណា​ក៏​បាន ស្រេច​តែ​នឹង​ចិត្ត​ខ្ញុំ។ ដូច្នេះ ប្រសិន​បើ​លោក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ សម្បត្តិ​ទាំង​នោះ​នឹង​បាន​ជា​របស់​លោក​ហើយ»។

ចែក​រំលែក
អាន លូកា 4

លូកា 4:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ព្រះ‌យេស៊ូវ​ទ្រង់​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ក៏​វិល​ពី​ទន្លេ​យ័រដាន់​មក​វិញ នោះ​ព្រះ‌វិញ្ញាណ​នាំ​ទៅ​នៅ​ទី​រហោ‌ស្ថាន ទ្រង់​ត្រូវ​អារក្ស​ល្បួង​ក្នុង​រវាង​៤០​ថ្ងៃ មិន​បាន​សោយ​អ្វី​សោះ​នៅ​វេលា​នោះ លុះ​ផុត​ថ្ងៃ​ទាំង​នោះ​មក ទ្រង់​ក៏​ឃ្លាន ហើយ​អារក្ស​ទូល​ទ្រង់​ថា បើ​អ្នក​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន ចូរ​បង្គាប់​ឲ្យ​ថ្ម​នេះ​ត្រឡប់​ជា​នំបុ័ង​ទៅ តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា មាន​សេចក្ដី​ចែង​ទុក​មក​ថា «មនុស្ស​មិន​មែន​រស់ ដោយ‌សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ‌សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ​វិញ»។ អារក្ស​ក៏​នាំ​ទ្រង់​ទៅ​លើ​កំពូល​ភ្នំ​យ៉ាង​ខ្ពស់ បង្ហាញ​នគរ​នៅ​លោកីយ​ទាំង​អស់​ក្នុង​១​ភ្លែត​នោះ ហើយ​ទូល​ថា ខ្ញុំ​នឹង​ឲ្យ​អំណាច នឹង​សិរី​លំអ​នៃ​នគរ​ទាំង​នេះ​ដល់​អ្នក ដ្បិត​បាន​ប្រគល់​មក​ខ្ញុំ​ហើយ ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក​ណា​ស្រេច​នឹង​ចិត្ត​ខ្ញុំ ដូច្នេះ បើ​អ្នក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ នោះ​ទាំង​អស់​នឹង​បាន​ជា​របស់​អ្នក

ចែក​រំលែក
អាន លូកា 4